ពាក្យ​ស្លោក​រំឭក និង​អប់រំ​យុវជន​អំពី​សម័យ​ខ្មែរក្រហម

ពាក្យស្លោក​ដែល​បាន​ដាក់​នៅ​ក្នុង​វិទ្យាល័យ​ទួលទំពូង ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​លើក​ទឹកចិត្ត​សិស្សា​នុសិស្ស ឲ្យ​និយាយ​ជាមួយ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម «និយាយ​​ពី​ការរស់នៅ​ក្នុង​សម័យ​ខ្មែរក្រហម​ គឺ​និយាយ​ពី​ការផ្សះផ្សារ អប់រំ​កូន​ចៅ​ឲ្យ​អត់ឱន អធ្យាស្រ័យ​គ្នា»។ (ស៊ូ ពិសែន/VOA Khmer)

ពាក្យ​ស្លោក​ជាង​២០​ត្រូវ​បាន​ដាក់​នៅ​ក្នុង​វិទ្យាល័យ​ទូទាំង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១០ ​ក្នុង​គោល​បំណង​ដើម្បី​អប់រំ​ក្មេងៗ​ជំនាន់​ក្រោយ​ឱ្យ​យល់​ដឹង​អំពី​សម័យ​ខ្មែរក្រហម​ អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍ និងទប់ស្កាត់​កុំ​ឱ្យ​មាន​អំពើ​បែប​នេះ​កើត​ឡើង​ម្តង​ទៀត។

លោក​ឌី ខាំបូលី​ នាយក​សាលា​ផ្នែក​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពើ​អំពើ​ប្រល័យ​ពូជ​សាសន៍​ អំពី​ជម្លោះ​ និង​សិទ្ធិ​មនុស្ស​នៅវិទ្យាស្ថាន​ស្លឹករឹត​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វីអូអេ​នៅ​ក្នុង​សប្តាហ៍​នេះ​ថា​ គម្រោង​នេះគឺ​នាំ​យក​ប្រវត្តិ​សាស្ត្រ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​មក​បង្រៀន​ឱ្យ​សិស្សានុសិស្ស​ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី១២​បានយល់​ដឹង​ ដោយសារ​ពួក​គេ​នឹង​ក្លាយ​ជា​អ្នក​ចូលរួម​ចំណែក​នៅ​ក្នុង​សង្គម​ និង​ដើម្បី​ទប់ស្កាត់​ការ​កើត​ឡើង​ម្តង​ទៀត​នូវ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ពេល​អនាគត។

លោក​និយាយ​ថា៖​ «ការ​យល់​ដឹងអំពី​ប្រវត្តិ​សាស្ត្រ​របស់​យើងនឹង​ធ្វើ​ឱ្យ​យើង​រក​ដំណោះ​ស្រាយ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​លើ​ផ្លូវ​ត្រូវ​ និង​ដើម្បី​ឱ្យ​យើង​យល់​ច្បាស់អំពី​អតីត​កាល»។​

លោក​បាន​បន្ត​ថា​ តាម​គម្រោង ​ពាក្យ​ស្លោក​ទាំង​នេះ​នឹង​ត្រូវ​បន្តដាក់​នៅ​តំបន់​ព្រំដែន​ប្រទេស​កម្ពុជា​ និង​ថៃ​ ដែល​ជា​តំបន់​អតីត​ទាហាន​ខ្មែរក្រហម​រស់​នៅ។

លោក​ពន្យល់​ថា៖​ «គម្រោង​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ការ​ផ្សះផ្សា និង​ការ​អប់រំ​កូន​ចៅ​ឱ្យ​ចេះ​អត់​ឱន​ និង​អធ្យាស្រ័យ​គ្នា»។​

ពាក្យ​ស្លោក​មានលក្ខណៈ​ជា​សិលា​ចារិក​ ដែល​រំឭក​អំពី​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​នេះ ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​វិទ្យាល័យ​ទួល​ទំពូង​ក្នុង​ចំណោម​វិទ្យាល័យ​ដទៃ​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញដើម្បី​លើក​ទឹកចិត្តឱ្យ​សិស្ស​និយាយ​ជាមួយ​ជន​រងគ្រោះ​នៅ​ក្នុង​សម័យ​នោះ។​

លោក​កុយ សេដា នាយក​វិទ្យាល័យ​ទួល​ទំពូង​ បាន​ឱ្យ​ដឹង​ថា ​គម្រោង​នេះ​ជួយ​ឲ្យ​សិស្សសិក្សា​អំពី​អតីត​កាល​ ដូច្នេះ​ពួក​គេ​អាចចៀងវាង​កំហុសបែបនេះ។

លោកបន្ត​ថា៖​ «វា​នឹង​ធ្វើ​ឱ្យ​ក្មេង​ជំនាន់​ក្រោយដឹង​អំពី​ស្ថានភាព​របស់​ឪពុក​ម្តាយ​ និង​ជីដូន​ជីតា​របស់​ពួក​គេ​ កាលពី​អតីត​កាល។ ​ដូច្នេះ​ពួក​គេ​នឹង​រៀន​ពី​វិធី​ដោះស្រាយ​ជម្លោះ​ក្នុង​ផ្លូវ​វិជ្ជមាន​ និង​អត់​ឱន​ឱ្យ​គ្នា»។​

ពាក្យ​ស្លោក​រំឭក​ការ​ចងចាំអំពី​សម័យ​ខ្មែរក្រហម​នេះ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​វិទ្យាល័យ​ទួល​ទំពូង​តាំង​ពី​ឆ្នាំ​២០១១។

សិស្សានុសិស្ស​នៅ​ឯ​វិទ្យាល័យ​ទួលទំពូង​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វីអូអេថា​ ពួកគេ​យល់​ពី​សារៈ​សំខាន់​នៃ​ប្រវត្តិ​សាស្ត្រ​ខ្មែរក្រហម​ ដែល​វា​នឹង​ជួយ​ដល់​អនាគត​ប្រទេស​កម្ពុជា។

ពាក្យ​ស្លោក​រំឭក​ការ​ចងចាំអំពី​សម័យ​ខ្មែរក្រហម នៅ​ក្នុង​វិទ្យាល័យ​ទួលទំពូង ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៥។ (ស៊ូ ពិសែន/VOA Khmer)

ជា​សិស្ស​វិទ្យាល័យ​ទួលទំពូង​ម្នាក់ឈ្មោះ​ឃុទ សាវុទ្ធ អាយុ​១៩​ឆ្នាំ ​បាន​ឱ្យ​ដឹង​ថា៖​

«​វា​ជា​រឿង​ល្អ​សម្រាប់​សិស្ស​ដែល​មាន​អាយុ​ប្រហែល​ខ្ញុំ​ ដើម្បី​សិក្សា​អំពី​ជីវភាព​ប្រជាជន​នៅ​ក្នុង​សម័យ​វាលពិឃាត​ និង​ដើម្បី​ផ្សព្វផ្សាយ​ការ​ផ្សះផ្សា ​និង​ដើម្បី​អប់រំ​សិស្ស​ឱ្យ​ចេះ​អត់ឱន​ និង​អធ្យាស្រ័យ​គ្នា»។​

ដូចគ្នា​ដែរ​ អ្នកស្រី​ ចាន់ សុភាព​ ដែល​ជា​ដើម​បណ្តឹងរដ្ឋប្បវេណីក្នុង​សំណុំ​រឿង​០០២​ នៅ​សាលាក្តី​ខ្មែរក្រហម ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វីអូអេថា ​អ្នក​ស្រីចង់​ឱ្យ​អ្នក​ជំនាន់​ក្រោយ​យល់​ដឹង​អំពី​របប​ប្រល័យ​ពូជសាសន៍​នេះ។​

អ្នកស្រី​និយាយថា៖​

«នៅ​ពេល​ដែល​សិស្ស​យល់​ ពួក​គេ​នឹង​ចងចាំ​វា​ ហើយ​នឹង​ចែក​រំលែក​វា​ទៅ​អ្នក​ជំនាន់​ក្រោយ​ទៀត»។​

មិន​មែន​សិស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ចាប់​អារម្មណ៍​ទាំងអស់​គ្នា​នោះ​ទេ។​

លោក​មួង សុផាត អនុ​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី​សិក្សា​សង្គម ​នៅ​ក្រសួង​អប់រំ​ ​យុវជន និងកីឡា​ បាន​និយាយ​ថា​ សិស្ស​មួយ​ចំនួន​គិតតែ​សប្បាយ​នឹង​ទំនើប​កម្ម​នៅ​ក្នុងប្រទេសកម្ពុជា​បច្ចុប្បន្ន​ ដោយ​មិន​គិត​ពី​ប្រវត្តិ​សាស្រ្ត​របស់​ជាតិ​ខ្លួន​ទេ។ ​

លោក​និយាយថា៖ «បើ​ទោះ​ជា​លោកគ្រូ​ អ្នកគ្រូ​បាន​ពន្យល់​នៅ​ក្នុង​ថ្នាក់​រៀន​ក៏​ដោយ​ ក៏​ពួក​គេ​មិន​ខ្វល់​ដែរ។​ ពួក​គេ​គិត​ថា ​វា​មិន​សំខាន់​សម្រាប់​ពួក​គេទេ​ ប៉ុន្តែ​ការណ៍​ពិត​វា​សំខាន់»។​

លោក​កុយ សេដា​បាន​បន្ថែម​ថា ​គ្រូ​បង្រៀន​បាន​ពន្យល់​អំពី​បញ្ហា​នេះ​ទៅ​សិស្សានុសិស្ស​ជា ​រឿយៗ។ ​ លោក​ក៏​បាន​ពន្យល់​សិស្ស​នៅ​ពេល​គោរព​ទង់ជាតិ​ពេល​ព្រឹក​ មុនពេល​សិស្សចាប់​ផ្តើម​ចូល​រៀន។​ ប៉ុន្តែ​សិស្ស​មួយ​ចំនួនមិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​លោកទេ​ ពួកគេ​គិត​តែ​ពី​«ភាព​សប្បាយ​រីករាយ​របស់​ពួក​គេ»៕