បណ្តា​ប្រទេស​តាម​ទន្លេ​មេគង្គ​ទាមទារ​ឱ្យ​ឡាវ​សិក្សា​ផលប៉ះពាល់​ទំនប់​ដនសាហុង

ក្រុម​អ្នកបច្ចេកទេស​កម្ពុជា​មិនទាន់​វិលត្រឡប់​ពី​ប្រទេស​ឡាវ​នៅឡើយ​ទេ។ ជាមួយគ្នា​នេះ​លោក​ស៊ីន នី​នី ​អនុប្រធាន​នៃ​គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​មានប្រសាសន៍ថា​រដ្ឋាភិបាល​កម្ពុជា​នៅតែ​រក្សា​ជំហរ​ឲ្យ​ប្រទេស​ឡាវ​ផ្អាក​ការសង់​សង់​ទំនប់​វារី​អគ្គិសនី​នេះ។

គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង​របស់​ប្រទេស​ឡាវ​នៅ​មិនទាន់​ចាប់ផ្តើម​សាងសង់​នៅឡើយ​ខណៈពេល​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ វៀតណាម​ និង​ថៃ​ទាមទារ​ឲ្យ​ប្រទេស​ឡាវ​ផ្អាក​គម្រោង​សាងសង់​ទំនប់​ដែល​មាន​តម្លៃ​៣.៨០០ ​លាន​ដុល្លារ​នេះ​ជា​បណ្តោះ​អាសន្ន​សិន។

នេះ​បើ​យោង​តាម​លោក ​តឹក ​វណ្ណា​រ៉ា ​នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា​ (NGO Forum)។

លោក​ តឹក​ វណ្ណា​រ៉ា ​បាន​ចូលរួម​ក្នុង​ការ​ប្រជុំ​ថ្នាក់​តំបន់​មួយ​នៅក្នុង​ប្រទេស​ឡាវ​កាលពី​ម្សិលមិញ​ស្តីពី​ទំនប់​វារី​អគ្គិសនី​ដន​សា​ហុង​នេះ ​តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​ប្រទេស​ឡាវ។ កិច្ចប្រជុំ​នោះ​មាន​ការចូលរួម​ពី​តំណាង​ប្រទេស​ភាគី​ជំទាស់​ផងដែរ។​

ថ្លែង​ក្នុង​ស​ន្និសីទ​កាសែត​នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្បតិ៍​នេះ​លោក​ តឹក ​វណ្ណារ៉ា ​បញ្ជាក់​ថា​រដ្ឋាភិបាល​ប្រទេស​ឡាវ​បាន​ដឹកនាំ​គណៈប្រតិភូ​ទាំងបី​ប្រទេស​ទៅ​ទស្សនា​តំបន់​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដ៏​ចម្រូងចម្រាស់​នេះ​និង​ទីតាំង​ចំនួន​ពីរ​ដែល​រដ្ឋាភិបាល​ឡាវ​អះអាងថា​ជា​ផ្លូវទឹក​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​ជីវិត​ធនធាន​ក្នុង​ទឹកជា​ពិសេស​សត្វ​ត្រី។

«មិនទាន់​ចាប់ផ្តើម​នៅឡើយ​ទេ។ គេ​នឹង​ដាក់​គម្រោង​ស្នើ​ហ្នឹង​ទៅធ្វើ​សេចក្តី​សម្រេចចិត្ត​នៅ​ដើម​ខែ ៤​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ដែល​គេ​ប្រជុំ​នៅ​ប្រទេស​វៀតណាម»។

នាយក​អង្គការ​NGO​ Forum ​ដដែល​បញ្ជាក់​ថា​រដ្ឋ​ភាគី​ពាក់​ព័ន្ធ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​វៀង​ច័ន្ទ​ធ្វើការ​ស្រាវជ្រាវ​លម្អិត​អំពី​ផលប៉ះពាល់​ និង​របៀប​ដែល​អាច​បញ្ជៀ​ស​ផលវិបាក​បង្កឡើង​ដោយ​ទំនប់​ដន​សា​ហុង​នេះ។ ទំនប់​វា​រី​អគ្គិសនី​កម្រិត ​២៦០​ម៉េ​ហ្គា​វ៉ា​ត់​នេះ​ស្ថិតនៅ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​ប្រទេស​កម្ពុជា។ វា​គឺជា​ទំនប់​វារី​អគ្គិសនី​ដែល​កៀក​នឹង​ប្រទេស​កម្ពុជា​បំផុត។

ជាមួយគ្នា​នោះ​លោក​ តឹក​ វណ្ណា​រ៉ា​សង្កេត​ឃើញ​ថា​ផ្លូវទឹក​ដែល​ប្រទេស​ឡាវ​គ្រោង​នឹង​បង្កើត​ជា​ផ្លូវ​ចរាចរណ៍​របស់​ពពួក​សត្វ​ត្រី​សម្រាប់​បញ្ជៀ​ស​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​មិនអាច​អនុវត្ត​បាន​នោះទេ។

«ហើយ​ប្រសិនបើ​ច្រក​ទាំងពីរ​ហ្នឹង​មិនអាច​ឲ្យ​ត្រី​មួយចំនួន​អាច​ឆ្លងកាត់​នៅពេល​ពេល​គេ​សង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​ គឺ​ពេលដែល​ទប់​ច្រក​ដន​សា​ហុង។​ អីចឹ​ង​ត្រី​នឹង​បាត់​បង់ហើយ»។

កន្លងមក​អង្គការ​ក្រៅរដ្ឋាភិបាល​ធ្វើការ​លើ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា​ក៏​ធ្លាប់​បានចេញ​របាយការណ៍​ច្រើន​មក​ហើយ​ស្តីអំពី​ផល​ប៉ៈ​ពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី ​ដន​សា​ហុន (Don Sahong)​ដល់​ធនធាន​ត្រី​និង​ធ្វើ​ឲ្យ​មាន​វិនាសកម្ម​ដល់​ជីវចម្រុះ​ និង​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​សត្វ​ផ្សោត​ដ៏​កម្រ​នៅ​កម្ពុជា​ផង​ដែរ។ ដោយ​ថា​ទំនប់​មួយ​នេះ​នឹងធ្វើ​ឲ្យ​មាន​ផល​ប៉​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៦លាន​នាក់​ដែល​រស់នៅ​ជុំវិញ​អាង​ទន្លេមេគង្គ ​និង​ទន្លេសាប។

ក្រុម​អ្នកបច្ចេកទេស​កម្ពុជា​មិនទាន់​វិលត្រឡប់​ពី​ប្រទេស​ឡាវ​នៅឡើយ​ទេ។ ជាមួយគ្នា​នេះ​លោក​ស៊ីន នី​នី ​អនុប្រធាន​នៃ​គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​មានប្រសាសន៍ថា​រដ្ឋាភិបាល​កម្ពុជា​នៅតែ​រក្សា​ជំហរ​ឲ្យ​ប្រទេស​ឡាវ​ផ្អាក​ការសង់​សង់​ទំនប់​វារី​អគ្គិសនី​នេះ។

«យើង​ទាមទារ​ឲ្យ​ឡាវ​ហ្នឹង​ធ្វើការ​សិក្សា​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទៅតាម​សំណូមពរ​របស់​ប្រទេស​ដទៃ​ទៀត​នៅតាម​ដង​ទន្លេមេគង្គ​ហ្នឹង»។

សារព័ត៌​មាន​ស៊ីន​ហួរ ​(Xinhau)​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​បាន​ដកស្រង់​សម្តី​របស់លោក​ វី​រា​ផុ​ញ វី​រា​វុង​ (​Viraphonh ​Viravong)​ អនុ​រដ្ឋមន្ត្រី​រ៉ែ ​និង​ថាមពល​ប្រទេស​ឡាវ​ដែល​ថា រ​ដ្ឋាភិបាល​ប្រទេស​ឡាវ​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល ​គម្រោង​សាងសង់​ទំនប់​សិក្សាស្រាវជ្រាវ​លម្អិត​មួយ​អំពី​ផល​ប៉ៈ​ពាល់​ផ្នែក​បរិស្ថាន​និង​សង្គម​ដែល​អាច​កើត​មាន​ឡើង។​ ហើយ​ថា​ការ​សិក្សា​នោះ​នឹង​ធ្វើឡើង​ដោយ​មាន​ស្តង់ដារ​និង​មាន​ការ​ទទួល​ស្គាល់​ដោយ​អ្នក​អ​ង្កេ​ត​ការណ៍​អន្តរជាតិ៕