សង្គម​ស៊ីវិល​បារម្ភ​ការ​រឹត​ត្បិត​សេរីភាព ក្រោយ​អ្នក​យក​ព័ត៌មាន​ម្នាក់​ត្រូវ​ហាម​ឃាត់​​ថត​​វីដេអូ​ទាក់​ទង​នឹង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​បណ្តែត​ទឹក

ផ្ទះបែត្រីរបស់ប្រជាពលរដ្ឋវៀតណាមនៅមុខវត្តគ្រួស ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

ក្រោយ​មាន​ការ​ហាម​ឃាត់​អ្នក​សារ​ព័ត៌មាន​ម្នាក់​មិន​ឲ្យ​ថត​ផ្ទះ​បណ្តែត​ទឹក​ដែល​ប្រជា​ពលរដ្ឋ​រង​ការ​បណ្តេញ​ចេញ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​បន្ថែម​ទៀតអំពី​ការ​បន្ត​រឹត​ត្បិតការ​ងារ​របស់​អ្នក​សារព័ត៌មាន។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ដាក់​ចេញ​ចំណាត់​ការ​ឲ្យ​ប្រជា​នេសាទ​ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ រុះរើ​ចេញ​ឲ្យ​អស់ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា។

មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​(CCIM)និង​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(ខេម​បូចា)​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ដោយ​លើក​ឡើង​ថាអ្នក​សារព័ត៌មាន​របស់​VOD​បាន​ចុះ​ផ្តិត​យក​រូបភាព​និង​វីដេអូ​នៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ កាល​ពី​សប្តាហ៍​មុន ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​និង​ព្រមាន​មិន​ឲ្យ​ផ្សព្វផ្សាយ​វីដេអូ​ទាំង​អស់​នោះ។

អង្គការ​ទាំង​នេះ​បាន​ចាត់​ទុក​ការ​រារាំង​និង​ការ​ព្រមាន​របស់​អាជ្ញាធរ «គឺ​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តី​ពី​របប​សារ​ព័ត៌មាន​ ដែល​បាន​ធានា​ដល់​សិទ្ធិ​សេរី​ភាព និង​វិជ្ជា​ជីវៈ​សារព័ត៌មាន»។

លោក ហេង វិចិត្រ ជា​អ្នក​សារព័ត៌មានវិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ដែល​បាន​ប្រឈមផ្ទាល់ក្នុងហេតុ​ការណ៍​ខាង​លើ បាន​ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​សួរ​នាំ​រូប​លោក មុន​ពេល​ហាម​ឃាត់​មិន​ឲ្យ​លោក​ថត​រូប​ផ្ទះ​បណ្តែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី​ក្នុង​ភូមិសាស្រ្ត​ខណ្ឌ​ព្រែក​ព្នៅ។

បន្ថែម​ពី​នេះ លោក​ថា​អាជ្ញាធរ​ក៏​បាន​គំរាមរូប​លោក​ឲ្យ​លុប​ចោល​រូប​ដែល​ថត​បាននិង​«ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​» ប្រសិន​បើ​យក​រូប​ថត ឬ​វីដេអូទាំង​នោះ​ទៅ​ផ្សព្វផ្សាយ​ជា​ព័ត៌មាន។

បើ​តាម​អ្នក​សារព័ត៌មាន​រូប​នោះ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ ទី​១៨ ខែ​មិថុនា ហើយ​នៅ​ពេល​នោះ លោក​បាន​ចុះ​ទៅ​ផ្តិត​រូប​ថត​និង​វីដេអូ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា​វា​រំលោភ​លើ​សិទ្ធិ​អ្នក​សារព័ត៌មាន​ ពីព្រោះ​ពួក​ខ្ញុំ​មាន​ស្ថាប័ន​ត្រឹម​ត្រូវ​ ហើយ​ពួក​គាត់​ថា​បើ​សិន​ជា​ចេញ​អញ្ចឹង គាត់​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់។ ខ្ញុំ​សួរ​គាត់​វិញ​ថា តើ​ខ្ញុំ​ខុសអី? ហើយ​ខ្ញុំ​ថត​នៅ​ទី​សាធារណៈ ហើយ​ខ្ញុំ​មិន​បាន​ថត​នៅ​ក្នុង​ស្ថាប័ន​នៅ​ក្នុង​ខណ្ឌ​ហ្នឹង​អី បាន​មក​ហាម​ឃាត់​ខ្ញុំ? សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​គាត់​រំលោភ​មក​លើ​សិទ្ធិ​របស់​ពួក​ខ្ញុំ​ជា​អ្នក​សារព័ត៌មាន​បាទ»។

កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មិថុនា មន្ទីរ​ព័ត៌មាន​រាជ​ធានី​ភ្នំពេញ​ បានចេញ​លិខិត​បំភ្លឺ​មួយ ​ដោយ​លើក​ឡើង​ថា​សេចក្តី​ថ្លែង​ការណ៍​របស់មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​សមាគម​សម្ព័ន្ធ​អ្នកសារ​ព័ត៌មាន​កម្ពុជា«មិន​មាន​មូល​ដ្ឋាន​ច្បាស់​លាស់»។

មន្ទីរ​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថាមន្ទីរ​បាន​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ លោក សុខ សម្បត្តិ ហើយ​លោក​បាន​និយាយ​ថា​លោក​បាន​សំណូមពរ​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ប្រមាណ​២០​នាក់​ ដែល​ចុះ​យក​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​បែ​ត្រី​ និង​សំណង់​មិន​រៀប​រយ​ក្នុង​ទន្លេ។ ប៉ុន្តែ​អ្នក​សារព័ត៌មាន​ មិន​បាន​ស្តាប់​សំណូម​ពរ​របស់​លោក និង​បាន​សម្រុកឡើង​លើ​ទូក​ជាមួយ​អាជ្ញាធរ។ ដោយ​សារ​សង្កេត​ឃើញ​ភាព​រញ៉េ​រញៃ និង​ព្រួយ​បារម្ភ​ពី​គ្រោះ​លិច​ទូក លោក​បាន​បញ្ជា​ឲ្យ​ផ្អាក​ការ​ចុះ​អនុវត្ត​ការងារ​របស់​អាជ្ញាធរ។

មន្ទីរ​ព័ត៌មាន​បញ្ជាក់​ថា​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ មិន​បាន​ហាម​ឃាត់ឬគំរាម​កំហែង​អ្នក​សារព័ត៌មាន​នោះ​ទេ។

VOA​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

យ៉ាងណាក្តី លោក អ៊ិត សូធឿត នាយក​ផ្នែក​ផ្សព្វ​ផ្សាយ​ប្រចាំ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ(CCIM) មាន​ប្រសាសន៍​ថា​សេចក្តីថ្លែង​ការណ៍​របស់​អង្គការ​ដែល​ធ្វើ​ការ​លើសិទ្ធិ​សេរី​ភាព​សារព័ត៌មាន ផ្តោត​ទៅ​លើ​ករណី​របស់​អ្នក​សារ​ព័ត៌មាន​VODតែ​ម្នាក់​ប៉ុណ្ណោះ ​ដែល​លោក​ថាបាន​ប្រឈម​នឹងអាជ្ញាធរ​មូលដ្ឋាន​នៅ​ខណ្ឌ​ព្រែកព្នៅ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ហើយ​មិន​មែន​សំដៅ​ទៅ​លើ​ករណី​ដូច​លើក​ឡើង​នៅ​ក្នុង​លិខិត​បំភ្លឺ​របស់​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ​នោះ​ទេ។

លោក​ អ៊ិត សូធឿត បាន​ចាត់​ទុក​សកម្មភាព​អាជ្ញាធរ​មក​លើ​អ្នក​សារព័ត៌មាន​VOD​ថា​ជា​«ការ​រឹត​ត្បិត និង​ការ​បំពាន​សិទ្ធិសេរី​ភាព​សារ​ព័ត៌មាន» ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ និង​«ជា​រូប​ភាព​មួយ​គំរាម​កំហែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ដទៃ​ទៀត» នៅ​ពេល​ពួកគេ​ចុះ​យក​ព័ត៌មាន​នៅ​តាម​ទី​សាធារណៈ។

លោកថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ជំហាន​បន្ទាប់​ ដែល​សំខាន់​បំផុត​ហ្នឹង​គឺ​អាជ្ញាធរ​ថ្នាក់​លើ​ ហើយ​ជា​ពិសេស​ខ្ញុំ​គិត​ថា​ដូចជា​ក្រសួង​ព័ត៌មាន​ដែល​ថា​ជា អាច​ថា​ជា​អាណា​ព្យាបាល​ ឬ​អ្នក​មើល​ការ​ខុស​ត្រូវ​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ទាំង​មូល​ហ្នឹង​ គឺ​គាត់​ប្រហែល​អាច​ជួយ​នាំ​សារ​ទៅ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ថា​អ្នក​សារព័ត៌មាន​មិន​មែន​ជា​សត្រូវ​របស់​នរណា​ម្នាក់​ រួម​ទាំង​អាជ្ញាធរ​និង​រដ្ឋាភិបាល​ផង​ ព្រោះ​ថា​អ្នក​សារព័ត៌មាន​គាត់​គ្រាន់​តែ​ដើរ​តួនាទី​ក្នុង​ការ​រាយ​ការណ៍​នូវ​ហេតុ​ការណ៍​ ឬ​ក៏​ព្រឹត្តិការណ៍​ និយាយ​ទៅ​ជាពិសេស​ឈរ​លើ​គោល​ការណ៍​ការណ៍​ពិត​ហ្នឹង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ពី​បញ្ហា​ដែល​កំពុង​កើត​ឡើង»។

លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​ថា​អ្នកសារព័ត៌មាន​ត្រូវ​គោរព​តាម​ច្បាប់ និង​សីល​ធម៌​វិជ្ជាជីវៈ ហើយត្រូវ​យល់​ដឹង​ពី​ដែន​សមត្ថកិច្ច​របស់​មន្រ្តី​អនុវត្ត​ច្បាប់។ លោក​បន្ថែម​ថា​នៅ​ពេល​អាជ្ញាធរ​កំពុង​អនុវត្ត​ការ​ងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន អ្នក​សារព័ត៌មាន​មិន​មាន​សិទ្ធិ​ចូល​ជ្រៀត​ជ្រែក​ក្នុង​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​នោះ​ទេ។ ក្នុង​ករណី​ដែល​អ្នក​សារព័ត៌មាន​មិន​គោរព​តាម​ ​លោក​ថា​អាជ្ញាធរ​មាន​សិទ្ធិ​ផ្អាក និង​ហាម​ឃាត់​សកម្ម​ភាព​របស់​អ្នក​សារព័ត៌មាន។ ​

លោក​ថ្លែង​ថា៖ «ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ គឺ​ទីមួយ ​អ្នក​សារព័ត៌មាន​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់ និង​ក្រម​សីលធម៌​វិជ្ជា​ជីវៈ។ ទី​ពីរ​អ្នក​សារព័ត៌មាន​ត្រូវ​ចូលរួម​ក្នុង​ការ​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​ដោយ​គោរព​ទៅ​តាម​សិទ្ធិ​និង​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ក៏​ដូចជា​ស្ថាប័ន​ផ្សេងៗ​ដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​សារព័ត៌មាន​ និង​អាជ្ញាធរ​ដែល​អនុវត្ត​តួនាទី​ភារ​កិច្ច​របស់​ខ្លួន​អាច​បំពេញ​ការងារ​របស់​ខ្លួន​រៀងៗ​ខ្លួន​ ទៅ​តាម​ជំនាញ​ ទៅ​តាម​សមត្ថកិច្ច​និង​ទៅ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​រៀងៗ​ខ្លួន។ វា​មិន​មែន​ជា​ពេល​ដែល​អ្នកសារព័ត៌មាន​ត្រូវ​តែ​ទៅ​ យើង​និយាយ​ថា​តតាំង​ជាមួយ​នឹង​អាជ្ញាធរ​នោះ​ទេ»។

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​គាំពារ​សិទ្ធិ​សេរីភាព​សារព័ត៌មាន កន្លង​មក ក៏​មាន​ការ​ហាម​ឃាត់​និង​គំរាម​ដក​ហូត​សម្ភារៈ​ពី​សំណាក់​អាជ្ញាធរ​មក​លើអ្នក​សារព័ត៌មានVOD ​នៅ​ពេល​ពួក​គេ​ទៅ​រាយការណ៍​ពី​ការ​ដាក់​ញត្តិ​របស់​ភរិយា​អតីត​សកម្ម​ជន​គណ​បក្ស​សង្រ្គោះ​ជាតិ​ទៅ​កាន់​តំណាង​សហគមន៍​អឺរ៉ុប នា​ពេល​ថ្មី​ៗ​នេះ និង​ពី​សកម្មភាព​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង​ដែលតវ៉ា​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ពាក់​ព័ន្ធ​នឹង​ការ​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដី​ធ្លី​របស់​ពួក​គេ។

គួរ​បញ្ជាក់​ថា ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​(Reporters Without Borders)​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​១៤៤​ក្នុង​ចំណោម​ប្រទេស​១៨០​សម្រាប់​សេរីភាព​សារព័ត៌មាន​និង​ការ​បញ្ចេញ​មតិ​ក្នុង​ឆ្នាំ​២០២១​នេះ។ ចំណាត់​ថ្នាក់​នេះ​មិន​ខុស​ពី​ការ​កត់ត្រា​របស់​អង្គ​ការ​អ្នក​កាសែត​គ្មាន​ព្រំដែន កាល​ពី​ឆ្នាំ​២០​២០ ដែល​មាន​ន័យ​ថា​សេរី​ភាព​សារព័ត៌មាន​របស់​កម្ពុជា​ ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ដដែល៕