សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ប្រកាស​បញ្ចប់​ការ​ស៊ើបសួរ​ក្នុង​សំណុំ​រឿង ០០៣

លោក មាស មុត ជា​អតីត​មេបញ្ជាការ​កងពល​១៦៤​ទទួល​បន្ទុក​ទាហាន​ជើងទឹក​នៅខេត្ត​ព្រះសីហនុ​និង​កំពត​នៅក្នុង​សម័យ​ខ្មែរ​ក្រហម។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ក៏​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ផ្សេង​ទៀត ដែល​កាត់​បន្ថយ​វិសាលភាព​នៃ​ការ​ស៊ើបសួរ​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​ឈ្មោះ​ មាស មុត ដែល​ជា​អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​នៃ​របប​ខ្មែរ​ក្រហម​រូប​នេះ​ដែរ។

សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃអង្គារ​នេះ បាន​ប្រកាស​ថា ការ​ស៊ើបសួរ​ក្នុង​សំណុំរឿង​០០៣ ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ឈ្មោះ​ មាស មុត បាន​បញ្ចប់​ហើយ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០​ខែ​មករា​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ក៏​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ផ្សេង​ទៀត ដែល​កាត់​បន្ថយ​វិសាលភាព​នៃ​ការ​ស៊ើបសួរ​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​ឈ្មោះ​ មាស មុត ដែល​ជា​អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​នៃ​របប​ខ្មែរ​ក្រហម​រូប​នេះ​ដែរ។

ការ​បញ្ចប់​កិច្ច​ស៊ើបសួរ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​០០៣​នេះ ធ្វើឡើង​ក្រោយ​ពី​មាន​ការ​ស៊ើប​អង្កេត​រយៈពេល​៨​ឆ្នាំ លើ​ លោក មាស មុត ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ថា ​បាន​ប្រព្រឹត្ត​នៅ​ចន្លោះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ រហូតដល់​ថ្ងៃ​ទី​០៦​ខែ​មករា ឆ្នាំ​១៩៧៩។ នេះ​បើ​យោង​តាម​សាលា​ក្ដី​ខ្មែរ​ក្រហម​ ដែល​ទទួល​បន្ទុក​ជំនុំជម្រះ​ក្ដី​លើ​អតីត​មេដឹកនាំ​និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​នោះ។

ការ​ស៊ើបអង្កេត​ប្រឆាំង​នឹង​អតីត​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ ស៊ូ ម៉េត ​ក្នុង​សំណុំ​រឿង​០០៣​នេះ​ដែរ ត្រូវបាន​បិទ បន្ទាប់​ពី​អតីត​មេបញ្ជាការ​កងទ័ព​អាកាស​នៃ​របប​ខ្មែរ​ក្រហម​រូប​នេះ បាន​ស្លាប់​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៥៕