លោក Cheng «Charlie» Saephan បានញញឹមប្រិមប្រិយនិងពាក់ខ្សែឆៀងពណ៌ខៀវដ៏ចែងចាំងដែលលម្អដោយអក្សរ «Iu-Mien USA» នៅពេលលោកលើកផ្ទាំងមូលប្បទានបត្រធនាគារដ៏ធំមួយដែលមានទឹកប្រាក់ ១,៣ ពាន់លានដុល្លារនៅពីលើក្បាលរបស់លោក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
សំណាងរបស់ជនអន្តោប្រវេសន៍វ័យ ៤៦ ឆ្នាំរូបនេះនៅក្នុងការឈ្នះរង្វាន់ធំរបស់ឆ្នោត Powerball នៅក្នុងរដ្ឋ Oregon កាលពីដើមខែមេសាបានផ្លាស់ប្ដូរជីវិតរបស់លោក។ លោកបានសម្រេចយករង្វាន់ជាសាច់ប្រាក់សុទ្ធសរុបតែម្ដងក្នុងចំនួន ៤២២ លានដុល្លារបន្ទាប់ពីបង់ពន្ធរួច ដែលលោកនិងភរិយារបស់លោកនឹងចែកជាមួយនឹងមិត្តភក្តិម្នាក់។
ការឈ្នះរង្វាន់ធំរបស់ឆ្នោត Powerball នេះក៏បានធ្វើឱ្យមនុស្សទូទៅស្គាល់អំពីជាតិសាសន៍ Iu Mien ផងដែរ។ ជាតិសាសន៍នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះមានប្រភពមកពីប្រទេសចិន ដែលពួកគេភាគច្រើនបានចាកចេញពីប្រទេសឡាវទៅកាន់ប្រទេសថៃនិងបន្ទាប់មកបានទៅតាំងទីលំនៅនៅក្នុងសហរដ្ឋអាមេរិកនៅក្រោយសង្គ្រាមវៀតណាម។
លោក Saephan បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ២៩ ខែមេសានៅឯទីស្នាក់ការកណ្ដាលឆ្នោត Powerball ក្នុងរដ្ឋ Oregon ថា៖ «ខ្ញុំកើតនៅក្នុងប្រទេសឡាវ ប៉ុន្តែខ្ញុំមិនមែនជាជនជាតិឡាវទេ ខ្ញុំជាជាតិសាសន៍ Iu Mien»។ នៅឯទីស្នាក់ការកណ្ដាលឆ្នោត Powerball នោះ អត្តសញ្ញាណរបស់លោកក្នុងនាមជាអ្នកឈ្នះមួយរូបនូវរង្វាន់ធំរបស់ឆ្នោតនេះត្រូវបានប្រកាសជាសាធារណៈ។
ក្នុងអំឡុងសង្គ្រាមវៀតណាម ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) របស់សហរដ្ឋអាមេរិកនិងយោធាសហរដ្ឋអាមេរិកបានជ្រើសរើសជាតិសាសន៍ Iu Mien នៅប្រទេសឡាវ ដែលពួកគេភាគច្រើនគឺជាកសិករធ្វើស្រែចម្ការសម្រាប់តែចិញ្ចឹមក្រុមគ្រួសាររបស់ខ្លួន ឱ្យចូលប្រឡូកនៅក្នុងសង្គ្រាមទ័ពព្រៃនិងឱ្យផ្ដល់ព័ត៌មានសម្ងាត់និងឈ្លបយកការណ៍ដើម្បីបង្អាក់ផ្លូវលំហូជីមិញដែលវៀតណាមខាងជើងបានប្រើដើម្បីបញ្ជូនទ័ពនិងអាវុធកាត់តាមប្រទេសឡាវនិងកម្ពុជាចូលទៅកាន់វៀតណាមខាងត្បូង។
នៅក្រោយសង្គ្រាមវៀតណាមក៏ដូចជាសង្គ្រាមស៊ីវិលនៅឡាវ ដែលនៅពេលនោះរដ្ឋាភិបាលឡាវដែលគាំទ្រដោយសហរដ្ឋអាមេរិកបានដួលរលំនៅក្នុងឆ្នាំ ១៩៧៥ ជាតិសាសន៍ Iu Mien រាប់ពាន់នាក់បានរត់ភៀសខ្លួនគេចចេញពីការសងសឹករបស់រដ្ឋាភិបាលកុម្មុយនីស្តថ្មីរបស់ឡាវ។ ពួកគេបានភៀសខ្លួនដោយថ្មើរជើងកាត់តាមព្រៃនិងបន្ទាប់មកបានឆ្លងទន្លេមេគង្គចូលទៅក្នុងប្រទេសថៃ។ នេះបើយោងតាមប្រវតិ្តដែលបង្ហោះនៅលើវេបសាយរបស់អង្គការសេវាសហគមន៍ជាតិសាសន៍ Iu Mien នៅក្នុងទីក្រុង Sacramento រដ្ឋ California។
ជាតិសាសន៍ Iu Mien ជាង ៧០% នៅក្នុងប្រទេសឡាវបានចាកចេញ ហើយពួកគេជាច្រើនបានទៅដល់ជំរំជនភៀសខ្លួននៅក្នុងប្រទេសថៃ។
ជនភៀសខ្លួនរាប់ពាន់នាក់ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក ដោយក្រុមដំបូងបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកនៅចុងទសវត្សរ៍ ១៩៧០ ហើយភាគច្រើនបានតាំងទីរស់នៅតាមបណ្ដារដ្ឋជាប់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងលិចសហរដ្ឋអាមេរិក។
ជាតិសាសន៍ Iu Mien មានប្រពៃណីវប្បធម៌ជ្រាលជ្រៅផ្នែកនិទានរឿង តម្បាញ ដេរប៉ាក់ និងការធ្វើគ្រឿងអលង្ការ ប៉ុន្តែពួកគេភាគច្រើនដំបូងឡើយមានការលំបាកក្នុងការសម្របខ្លួនទៅក្នុងការរស់នៅបែបបស្ចិមប្រទេសដោយសារតែភាពខុសគ្នាផ្នែកវប្បធម៌និងភាសាក៏ដូចជាកង្វះការអប់រំផ្លូវការ។
ឥឡូវនេះគេឃើញមានជាតិសាសន៍ Iu Mien រាប់ម៉ឺននាក់រស់នៅក្នុងសហរដ្ឋអាមេរិក ដោយភាគច្រើនបានចូលសិក្សានៅសាកលវិទ្យាល័យឬក៏ចាប់ផ្ដើមអាជីវកម្ម។ ពួកគេភាគច្រើនបានប្ដូរជំនឿពីវិញ្ញាណនិយមទៅសាសនាគ្រិស្ត។
គេឃើញមានសហគមន៍ Iu Mien ធំគួរសមនៅក្នុងទីក្រុង Portland និងតំបន់ជាយក្រុងនេះក្នុងរដ្ឋ Oregon ដោយមានវត្តព្រះពុទ្ធសាសនានិងវិហារគ្រិស្តសាសនា អង្គការសកម្មនានាផ្នែកកិច្ចការសង្គម និងហាងអាជីវកម្មនិងភោជនីយដ្ឋានផ្សេងៗ។
លោក Cayle Tern ប្រធានសមាគម Iu Mien នៃរដ្ឋ Oregon បានមកដល់ទីក្រុង Portland ជាមួយនឹងក្រុមគ្រួសាររបស់លោកកាលពីឆ្នាំ ១៩៨០ ដែលនៅពេលនោះលោកមានអាយុ ៣ ឆ្នាំ។ ឥឡូវនេះលោកកំពុងឈរឈ្មោះសម្រាប់ក្រុមប្រឹក្សាក្រុង។ ឪពុករបស់លោកនិងពូរបស់លោកបានជួយកងទ័ពអាមេរិកាំងនៅក្នុងប្រទេសឡាវក្នុងសម័យសង្គ្រាមវៀតណាម ហើយលោកបានកើតនៅពេលម្ដាយរបស់លោករត់ភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លួននៅក្នុងប្រទេសថៃ។
លោក Tern បាននិយាយថា ជាតិសាសន៍ Iu Mien ភាគច្រើននៅក្នុងសហរដ្ឋអាមេរិកមានប្រវត្តិស្រដៀងនេះ ហើយការឈ្នះឆ្នោត Powerball របស់លោក Saephan នេះបានបំភ្លឺផ្លូវនៃជីវិតថ្មីដែលពួកគេបានចាប់យកនៅក្នុងរដ្ឋ Oregon និងកន្លែងផ្សេងទៀតនៅក្រោយរឿងរ៉ាវតក់ស្លុតដូចនេះ។ លោក Tern ថាលោកស្គាល់អ្នកឈ្នះឆ្នោត Powerball ទាំង ៣ នាក់នេះ។
លោក Tern បាននិយាយនៅពេលអង្គុយនៅក្នុងភោជនីយដ្ឋានរបស់ពូរបស់លោកនៅក្នុងក្រុង Troutdale ជាយក្រុង Portland ថា៖ «ខ្ញុំគិតថាសម្រាប់ខ្ញុំ វាគឺលើសពីលុយទៅទៀត។ ...យើងបានមកទីនេះតាំងពីចុងទសវត្សរ៍ ១៩៧០ ម្ល៉េះ ប៉ុន្តែគេមិនសូវស្គាល់ពួកយើងទេ»។
លោកបានបន្ថែមថា៖ «ចំណាប់អារម្មណ៍ដែលយើងបានទទួលនេះ គឺថាមនុស្សចាប់អារម្មណ៍លើសហគមន៍របស់ពួកយើង និងចង់ដឹងថាពួកយើងជានរណានិងមកពីណា គឺវាពិសេសអស្ចារ្យដូចគ្នា»។
លោក Saephan បាននិយាយថា លោកបានកើតនៅក្នុងប្រទេសឡាវនិងបានផ្លាស់ទៅប្រទេសថៃនៅក្នុងឆ្នាំ ១៩៨៧ មុនពេលធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ១៩៩៤។ លោកបានបញ្ចប់ការសិក្សាពីវិទ្យាល័យនៅក្នុងឆ្នាំ ១៩៩៦ និងបានរស់នៅក្នុងទីក្រុង Portland អស់រយៈពេល ៣០ ឆ្នាំមកហើយ។ លោកធ្វើការជាយន្តការីនៅក្រុមហ៊ុនដែនអវកាសមួយ។
លោកបានបញ្ជាក់កាលពីថ្ងៃទី ២៩ ខែមេសាថា លោកមានជំងឺមហារីករយៈពេល ៨ ឆ្នាំមកហើយនិងទើបតែបានព្យាបាលដោយចាក់គីមីមួយលើកទៀតកាលពីសប្ដាហ៍មុនហ្នឹងតែប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «ខ្ញុំនឹងអាចផ្គត់ផ្គង់ក្រុមគ្រួសារខ្ញុំនិងសុខភាពរបស់ខ្ញុំ»។ លោកបានបន្ថែមថា លោកនឹង «ស្វែងរកវេជ្ជបណ្ឌិតល្អ» សម្រាប់ខ្លួនលោកផ្ទាល់។
លោក Saephan បានទិញសន្លឹកឆ្នោត Powerball ដែលឈ្នះរង្វាន់ធំនេះកាលពីដើមខែមេសានៅហាងទំនិញ Plaid Pantry ក្នុងទីក្រុង Portland។ រង្វាន់របស់ឆ្នោត Powerball នេះបានកើនដល់ចំនួន ១,៣ ពាន់លានដុល្លារនេះបន្ទាប់ពីមិនមានអ្នកឈ្នះអស់រយៈពេលជាង ៣ ខែ។
ក្រុមហ៊ុនឆ្នោតផ្សងសំណាងរដ្ឋ Oregon ថ្លែងថាខ្លួនបានឆ្លងកាត់ដំណើរការសន្តិសុខមុននឹងប្រកាសអត្តសញ្ញាណអ្នកដែលត្រូវចេញមកទទួលរង្វាន់ធំនេះ។
នៅក្រោមច្បាប់រដ្ឋ Oregon ដោយមានករណីលើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ អ្នកឈ្នះឆ្នោតមិនអាចសុំមិនបញ្ចេញឈ្មោះបានទេ។ អ្នកឈ្នះឆ្នោតមានរយៈពេលមួយឆ្នាំក្នុងការប្រកាសថាខ្លួនជាអ្នកឈ្នះ។
ឆ្នោតរង្វាន់ធំនេះមានតម្លៃជាសាច់ប្រាក់ចំនួន ៦២១ លានដុល្លារមុនពេលកាត់ពន្ធ ប្រសិនបើអ្នកឈ្នះសម្រេចជ្រើសយកចំនួនសរុបតែម្ដងជាជាងការទទួលបានប្រាក់ជាប្រចាំសម្រាប់រយៈពេល ៣០ ឆ្នាំ។ ប្រាក់រង្វាន់នេះត្រូវតម្រូវឱ្យបង់ពន្ធថ្នាក់ជាតិនិងថ្នាក់រដ្ឋនៅក្នុងរដ្ឋ Oregon។
ប្រាក់រង្វាន់ចំនួន ១,៣ ពាន់លានដុល្លារនេះគឺជាប្រាក់រង្វាន់ធំបំផុតទី ៤ របស់ឆ្នោត Powerball នៅក្នុងប្រវត្តិសាស្ត្រ និងជាប្រាក់រង្វាន់ធំបំផុតទី ៨ ក្នុងចំណោមឆ្នោតផ្សងសំណាងធំៗនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមក្រុមហ៊ុនឆ្នោតផ្សងសំណាងរដ្ឋ Oregon (Oregon Lottery)។
ប្រាក់រង្វាន់ធំបំផុតរបស់ឆ្នោតផ្សងសំណាងនៅសហរដ្ឋអាមេរិកដែលធ្លាប់ត្រូវបានឈ្នះគឺចំនួន ២,០៤ ពាន់លានដុល្លារនៅក្នុងរដ្ឋ California កាលពីឆ្នាំ ២០២២៕
ប្រែសម្រួលដោយលោក ភី សុភាដា