មហា​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​តាម​គម្រោង

លោក សាយ ឈុំ អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង) និង លោក ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងពេលជំនួប​កំពូល​លើក​ទីពីរ​ជា​មួយ​គណបក្សសង្គ្រោះជាតិ ក្រោយ​ការបោះឆ្នោត​ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៣។

ភ្នំពេញ៖ លោក​សម រង្ស៊ី​ប្រកាស​ថា៖ «សូម​អរគុណ​បងប្អូន​ដែល​បាន​អញ្ជើញ​មក​យ៉ាង​ច្រើន​កុះករ។​ សូម​អរគុណ​អ្នក​ឧបត្ថម្ភ​បាតុករ​យើង»។

មហា​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បិទ​បញ្ចប់​ជាស្ថាពរ​ហើយ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ​បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរគឺ​គណបក្ស​ប្រជាជាន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ចរចាគ្នា​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​ ហើយអះអាង​ថា ​ពួកគេ​បាន​ឈាន​កាន់​តែ​ខិត​ជិត​គ្នា​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយរួមមួយ​ចំពោះបញ្ហា​នៃ​ការ​បោះឆ្នោត។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​បាន​ប្រកាស​រំសាយ​មហា​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​របស់​ខ្លួន​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ក្នុង​ក្រុងភ្នំពេញ ​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​១៧ ​ខែ​កញ្ញា​នេះ។​

«អរគុណ​បងប្អូន​ជាអនេកប្បការ​ ជូន​ពរ​ឲ្យ​បាន​សុខសប្បាយ​ត​រៀង​ទៅ!»​

ការ​បិទ​បញ្ចប់​មហា​បាតុកម្ម​នេះ​បាន​ធ្វើ​ឡើង​ ក្រោយ​ពីមាន​ជំនួប​កំពូល​ម្តងទៀត​រវាង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​ដដែល​នេះ។

មន្ត្រីជាន់​ខ្ពស់​នៃ​គណបក្ស​ទាំង​ពីរ​អះអាង​ថា ​ជំនួប​កំពូល​ចុងក្រោយ​នេះ​បាន​នាំ​គណបក្ស​ទាំង​ពីរ​ឲ្យ​ខិត​កាន់តែ​ជិត​គ្នា​ក្នុង​ការ​ស្វែងរក​ដំណោះ​ស្រាយ​រួម​មួយ​ចំពោះ​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​២៨​ ខែ​កក្កដា​កន្លង​ទៅ។​

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោកកឹម សុខា​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​បាតុករ​ថា ​មហា​បាតុកម្ម​នេះ​មិនមែន​ជា​លើក​ចុង​ក្រោយ​ទេ ​ប្រសិន​បើ​នៅ​តែគ្មាន​ដំណោះស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ ដូច​ដែល​គណបក្ស​របស់​លោកបាន​ទាមទារ​នោះ។​

«មិនចូល​ប្រជុំ​សភា។ ​បើគេ​នៅតែ​ប្រជុំ​តែឯង​តទៅ​ទៀត ​គេ​ដំណើរការ​តទៅ​ទៀត​អត់ខ្ចី​អើពើ​ទេ​ យើង​អាច​នឹងមាន​មហា​បាតុកម្មទូទាំង​ប្រទេស​ត​ទៅទៀត»។

Your browser doesn’t support HTML5

មហា​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​តាម​គម្រោង


មហា​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​កន្លង​មក​នេះ​បាន​បញ្ចប់​ទៅ​ ដោយ​បន្សល់ទុក​នូវ​អ្នក​ស្លាប់​ម្នាក់​និង​អ្នក​រង​របួស​ចំនួន​១០​នាក់ ​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​បាតុករ ​និង​កងកម្លាំង​សមត្ថ​កិច្ច​ប្រដាប់​ដោយ​អាវុធ​កាល​ពី​ថ្ងៃ​អាទិត្យ។​

​អ្នក​ស្រី​បៀន ដានី​មក​ពី​ខេត្ត​កំពង់​ចាម​គឺ​ជាបាតុករ​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នេះ​រយៈ​ពេល​បី​ថ្ងៃ​ពេញ។​

បន្ទាប់​ពី​រៀបចំ​ឥវ៉ែឥវ៉ាន់​រួចរាល់ ​ត្រៀមវិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ​អ្នក​ស្រី​និយាយ​ថា ​អ្នក​ស្រី​គ្មាន​ការ​តក់​ស្លុត​នឹង​ការ​បង្រ្កាប​របស់​កង​កម្លាំង​មកលើ​ក្រុម​បាតុករ​នោះ​ទេ​ ហើយ​ថា ​អ្នក​ស្រី​នឹង​មក​ចូលរួម​ក្នុង​មហា​បាតុកម្ម​នេះ​ទៀត ​ប្រសិន​បើ​មាន​ការ​អំពាវនាវ​ហៅ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

«ការ​ទាមទារ​ទាំអស់​នេះ​ អត់ទាន់​បាន​ទេ​ អត់​ព្រម​ទេ ​ហើយ​កម្លាំង​ប្រជា​ពលរដ្ឋ​អត់​សុខចិត្ត​ទេ​ នៅ​បន្ត​ធ្វើ​បាតុកម្ម​បន្ត​ទៅ​ទៀត ​លុះ​ត្រាតែ​ទទួល​សំណូមពរ​ប្រជា​ពលរដ្ឋ​ឲ្យ​ដាក់​គណៈ​កម្មការ​ចម្រុះ​ពិនិត្យ​សន្លឹក​ឆ្នោត​ដែល​បាន​បោះ​ហើយ​នៅថ្ងៃ​ទី​២៨​កក្កដា​ហ្នឹង»។​

លោក​យឹម សុវណ្ណ​គឺ​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ។ ​លោក​ថ្លែង​ថា ​គណបក្ស​របស់​លោក​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា​តាម​ការ​កោះ​អញ្ជើញពី​ព្រះ​មហាក្សត្រ​ដដែល ​ប្រសិន​បើ​គ្មាន​ការ​ស្វែងរក​យុត្តិ​ធម៌​សម្រាប់​ម្ចាស់​ឆ្នោត​ទេ​នោះ។

«ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដូចជា​តំណាង​បាតុករ​សំខាន់ៗ​ យើង​នឹង​ជជែក​គ្នា​តទៅ​ទៀត​ ហើយ​យើង​ចាំមើល​ស្ថានការណ៍​ពី​ពេល​នេះ​ដែល​វិវត្ត​ទៅ​រយៈ​ពេល​៥ថ្ងៃ​ទៅ​មុខ»។

ប៉ុន្តែ​លោក​ប្រាក់​ សុខុន ​រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​តំណាង​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ និយាយ​ថា ​ការ​បង្កើត​គណៈ​កម្មការ​ចម្រុះ​ណាមួយ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។​

លោក​ថ្លែង​ថា ​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​នៃ​គណបក្ស​របស់​លោក​នឹង​ចូល​រួម​ប្រជុំ​សភា​លើក​ដំបូង​ ទោះ​បី​ជា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​ក៏ដោយ។​

«ហើយការ​ចូលរួម​ប្រជុំ​ ឬ​មិន​ចូលរួម​ប្រជុំ​គឺ​អាស្រ័យ​ថា ​តើ​គណបក្ស​គោរព​តាម​ ដង្ហែ​តាម​ព្រះ​មហា​ក្សត្រ​ឬអត់»។​

កាល​ពី​ថ្ងៃ​ច័ន្ទ ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរបាន​ព្រម​ព្រៀង​គ្នា​ធ្វើ​យ៉ាង​ណា​បញ្ជៀស​អំពើ​ហិង្សា​ទាំង​ពី​ខាង​ក្រុម​បាតុករ​និង​កង​កម្លាំង​មាន​សមត្ថកិច្ច ​និង​ការ​កែ​ទម្រង់​ការ​បោះឆ្នោត សម្រាប់​អាណត្តិ​ក្រោយៗ​ទៀត។

គណបក្ស​ទាំង​ពីរ​ក៏​បាន​ឯកភាព​បន្ត​ការ​ចរចាគ្នា​តាម​គ្រប់​កម្រិត​តទៅទៀត ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​រួម​មួយ​ដែល​ភាគី​ទាំង​សង​ខាង​អាច​ទទួល​យក​បាន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាក់​ទង​នឹង​ការ​បោះឆ្នោត​នេះ៕​