អ្នកបោះឆ្នោតក្នុងរដ្ឋ Kansas ភាគកណ្តាលរបស់សហរដ្ឋអាមេរិក បានជ្រើសរើសតំណាងរាស្ត្រលោក Roger Marshall ពីបញ្ជីឈ្មោះបេក្ខជន១១រូបនៃគណបក្សសាធារណរដ្ឋ ដែលរួមមានរដ្ឋលេខាធិការរបស់រដ្ឋនេះផងដែរ គឺលោក Kris Kobach ដើម្បីក្លាយជាបេក្ខជនសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកក្នុងការបោះឆ្នោតក្នុងខែវិច្ឆិកាខាងមុខនេះ។
លោក Marshall ពេលនេះ នឹងធ្វើការប្រកួតប្រជែងជាមួយលោកស្រី Barbara Bollier ក្នុងការប្រកួតប្រជែងដណ្តើមអាសនៈព្រឹទ្ធសភារបស់លោក Pat Roberts នៃគណបក្សសាធារណរដ្ឋ ដែលត្រូវចូលនិវត្តន៍។
លោក Roberts បានគាំទ្រលោក Marshall នៅក្នុងការប្រគួតប្រជែងក៏ដូចជាអ្នកដឹកនាំគណបក្សសាធារណរដ្ឋជាច្រើននាក់ផងដែរ ព្រោះពួកគេបារម្ភថា អ្នកបោះឆ្នោតអាចមិនគាំទ្រលោក Kobach ដែលមានប្រវត្តិជំរុញឲ្យមានការបែកបាក់គ្នាខ្លាំង។
ក្នុងការបោះឆ្នោតបឋមសម្រាប់សភាតំណាងរាស្រ្ត ប្រចាំរដ្ឋ Kansas សមាជិកសភាតំណាងរាស្ត្រក្នុងអាណត្តិទី១លោក Steve Watkins នឹងបាត់បង់អាសនៈរបស់លោក ក្រោយពីចាញ់រដ្ឋលេខាធិការរតនាគាររបស់រដ្ឋ Kansasនេះ គឺលោក Jake LaTurner។
ចំណែកក្នុងរដ្ឋ Arizona ភាគនិរតីសហរដ្ឋអាមេរិកវិញ ការប្រគួតប្រជែងដណ្តើមកៅអីព្រឹទ្ធសភារវាងបេក្ខជននៃគណបក្សទាំងពីរត្រូវបានរៀបចំរួចហើយ រវាងសមាជិកព្រឹទ្ធសភាពេលបច្ចុប្បន្នរបស់គណបក្សសាធារណរដ្ឋលោកស្រី Martha McSally និងអតីតអវកាសយានិកនិងបេក្ខជនគណបក្សប្រជាធិបតេយ្យលោក Mark Kelly។
ក្រៅពីរដ្ឋ Kansas និងរដ្ឋ Arizona ក៏មានការបោះឆ្នោតបឋមនៅក្នុងរដ្ឋ Missouri រដ្ឋ Michigan និងរដ្ឋ Washington ភាគខាងលិចសហរដ្ឋអាមេរិកផងដែរ៕