អ្នកវិភាគសង្គម និងជាអ្នកស្រាវជ្រាវអំពីបង្គោលព្រំដែនអះអាងថា បញ្ហាបង្គោលព្រំដែនកម្ពុជាវៀតណាម ដែលឡើងកម្តៅកន្លងមកនេះ គឺជាចេតនាកេងចំណេញនយោបាយរបស់អ្នកនយោបាយនៅប្រទេសកម្ពុជា។
លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវអំពីបង្គោលព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងនៅក្នុងសន្និសីទព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍នេះថា ការសិក្សាស្រាវជ្រាវរបស់ស្ថាប័នលោកមានបំណងស្វែងរកសុក្រិតភាពនៃបង្គោលព្រំដែនរវាងប្រទេសកម្ពុជា~វៀតណាម។ លោកថា ការណ៍នេះគឺដើម្បីចៀសវាងការកេងចំណេញរបស់អ្នកនយោបាយ។
នៅក្នុងសន្និសីទសារព័ត៌មាននោះ ដែលមានឈ្មោះថា«ដំណើរការទូទៅនៃការស្រាវជ្រាវព្រំដែនកម្ពុជា~វៀតណាម» នាព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺនៅបន្ទាប់ពីរយៈពេល៧ខែនៃការសិក្សាអំពីបង្គោលព្រំដែនកម្ពុជា~វៀតណាម។
លោក សុខ ទូច បានថ្លែងថា៖«ពីព្រោះយើងមិនចង់ទៅជាឧបករណ៍របស់អ្នកនយោបាយ។ យកបញ្ហាប្រទេសជាតិធ្វើជាបញ្ហាចំណេញក្នុងនយោបាយរបស់ខ្លួនទេ។ បើសិនជាយើងលាតត្រដាង អ្នកណាក៏មើលឃើញ អ្នកនយោបាយភូតលែងចេញ។ ប៉ុន្តែបើបង្គោលព្រំដែននៅតែជាបង្គោលអាថ៌កំបាំង អ្នកណានិយាយក៏គេជឿដែរ។ បង្គោលនេះ យួនបង្ខិត បង្គោលនេះខ្មែរបង្ខិត»។
លោក សុខ ទូច លើកឡើងដោយចំពោះថា គណបក្សជំទាស់មានចេតនាគាស់កកាយបញ្ហាព្រំដែននេះឡើង។
លោកលើកជាឧទាហរណ៍យ៉ាងដូច្នេះថា៖«ប្រាប់ថាផែនទីត្រឹមត្រូវណាស់ អស្ចារ្យណាស់បងប្អូនអើយទៅយកមកបានតែ២៤ផ្ទាំង។ អាហ្នឹង កូរ ឬមិនកូរ។ ថ្ងៃមុន អ៊ុំ សំអាន [តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ] ទៅលើកផែនទីនៅអាមេរិកថា ផែនទីនេះត្រឹមត្រូវល្អណាស់ ប្រើបានតែ១០ផ្ទាំងទេ គាត់មិនទាំងដឹងថាអាហ្នឹងមកពីណាផង»។
លោក សុខ ទូច និងក្រុមស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលគេយល់ថា មានភាពស្និទ្ធស្នាលនឹងគណបក្សកាន់អំណាច បានចាប់ផ្តើមធ្វើការកំណត់បង្គោលព្រំដែនកម្ពុជា~វៀតណាម ក្រោយពីការបញ្ជាក់ពីមន្ទិលសង្ស័យរបស់សមាជិកសភានៃគណបក្សជំទាស់នាដើមឆ្នាំ២០១៥កន្លងមក ដែលពេលនោះប្រទេសវៀតណាមបានជីកស្រះតាមបណ្តោយព្រំដែនកម្ពុជានៅខេត្តរតនគីរី និងជីកលេណដ្ឋាននៅខេត្តកណ្តាលផងដែរ ដែលជាចំណុចមិនទាន់មានការឯកភាពគ្នានោះ។
ឆ្លើយតបនឹងមន្ទិលសង្ស័យនេះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានធ្វើការផ្ទៀងផ្ទាត់ផែនទីពីរលើក ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនក្នុងការបោះបង្គោលព្រំដែន។
យោងតាមលោក សុខ ទូច ការស្រាវជ្រាវរបស់ក្រុមលោកធ្វើឡើងជាដំណាក់កាលៗ ដោយផ្អែកតាមផែនទី Bonne ខ្នាត១/១០០.០០០ ជាមូលដ្ឋានគ្រឹះ។ ដំណាក់កាលទាំងនោះរួមមាន ការប្រមូលឯកសារពាក់ព័ន្ធ និងផែនទីពីគ្រប់ស្ថាប័ន ការសិក្សាពីទិន្នន័យជាក់ស្តែង នៅតាមបង្គោលព្រំដែននីមួយៗ និងការផ្ទៀងផ្ទាត់រវាងផែនទី និងផែនដីផ្ទាល់ តាមរយៈប្រព័ន្ធ GPS និងផ្កាយរណប។ លោកថា ការស្រាវជ្រាវនេះធ្វើឡើងនៅក្នុងខេត្តចំនួន៤ ដែលនៅជាប់ព្រំដែនកម្ពុជាវៀតណាម ជាអាទិ៍ខេត្តកណ្តាល កំពត ត្បូងឃ្មុំ និងស្វាយរៀង ជាសរុបមានប្រវែងប្រមាណ៥០០គីឡូម៉ែត។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបដិសេធនូវការលើកឡើងរបស់លោក សុខ ទូច ដោយសំអាងថា ការស្រាវជ្រាវរបស់លោក សុខ ទូច មិនបានគ្រប់ជ្រុងជ្រោយនៅឡើយ។ អ្នកនាំពាក្យរូបនេះ មិនទាន់អាចវាយតម្លៃចំពោះសុក្រិតភាពនៃការសិក្សារបស់លោក សុខ ទូច នោះទេ។
«ក្នុងនាមគណបក្សសង្គ្រោះជាតិ យើងមិនយល់ឃើញដូចគាត់មានប្រសាសន៍នោះទេ។ អ្វីដែលគាត់លើកឡើងនេះ បើគាត់សិក្សាតាំងពីសម័យសង្គមរាស្ត្រនិយម រហូតដល់សម័យ លន់ នល់ រហូតដល់សម័យខ្មែរក្រហម រហូតដល់សម័យក្រោយៗទៀត បូករួមនឹងសៀវភៅប្រវត្តិសាស្ត្រភូមិសាស្ត្រ ប្រហែលជាគាត់មិន»។
យ៉ាងណាក៏ដោយលោក សុខ ទូច ក៏បានទទួលស្គាល់ផងដែរថា ភាគីវៀតណាមមិនបានគោរពកិច្ចព្រមព្រៀងជាមួយកម្ពុជា និងចង់បានដីក្រហមនៅតាមព្រំដែន ដោយបានប្រើល្បិចបាញ់ថ្នាំលើដីស្រែរបស់ពលរដ្ឋខ្មែរនៅលើដីទំហំជាង១៦ហិកតាក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោក សុខ ទូច អះអាងថា ការសិក្សាស្រាវជ្រាវរបស់លោកនេះធ្វើឡើងដើម្បីស្វែងរកសុក្រិតភាព និងឯករាជ្យភាពរវាងព្រំដែននៃប្រទេសទាំង២។ ក៏ប៉ុន្តែលោក សុខ ទូច ពុំទាន់បកស្រាយឲ្យច្បាស់ជុំវិញលទ្ធផលស្រាវជ្រាវរបស់លោកនៅឡើយនោះទេ។ លោកថា លទ្ធផលជាក់ស្តែងនៃការសិក្សាស្រាវជ្រាវនេះនឹងធ្វើឡើងក្រោយបញ្ចប់ការសិក្សាទាំងស្រុងនាឆ្នាំ២០១៧ខាងមុខ៕