ការរៀបការភេទដូចគ្នាដោយស្របច្បាប់នៅសហរដ្ឋអាមេរិកបានក្លាយជាប្រធានបទសម្រាប់ពិភាក្សាក្នុងបណ្តាញទំនាក់ទំនងសង្គមគ្រប់ទីកន្លែង រួមទាំងប្រទេសកម្ពុជាផងដែរ ព្រោះវាផ្តល់ក្តីសង្ឃឹមសម្រាប់ប្រទេសដែលមានក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា។ ប៉ុន្តែវាក៏មានភាពចម្រូងចម្រាសនៅប្រទេសមួយចំនួនដែរ ដោយសារតែកត្តាវប្បធម៌។
អ៊ាន វិចិត្រ ដែលមានចរិតដូចជាមនុស្សស្រី បានឱ្យដឹងថា៖
«ខ្ញុំគាំទ្រនូវបដិវត្តន៍នេះ។ ខ្ញុំសង្ឃឹមថា កម្ពុជានឹងមានច្បាប់នេះដែរ ដូច្នេះមិនមានការរើសអើសអ្នកស្រឡាញ់ភេទដូចគ្នាទៀតនោះទេ»។
ចំពោះប្រទេសកម្ពុជា ប្រហែលជានៅយូរឆ្នាំទៀតសិទ្ធិនេះអាចមានចែងជាច្បាប់សម្រាប់អនុវត្ត។
វិចិត្របន្តថា៖ «សង្គមយើងមិនទាន់បើកចំហគ្រប់គ្រាន់ក្នុងការទទួលយកនិន្នាការនេះនៅឡើយទេ»។
វិចិត្រមានអាកប្បកិរិយាជាស្រីតាំងពីគាត់នៅក្មេង។ វិចិត្របានទទួលការរើសអើង ដោយសារទំនៀមទម្លាប់ ប្រពៃណីនៅក្នុងសង្គម។ គាត់ត្រូវបានគេហៅគាត់ថា «ហ្គេយ៍» និងអ្នកខ្លះហៅថា «ខ្ទើយ» ដោយសារតែវិចិត្រមានទំនោរផ្លូវភេទទៅមនុស្សប្រុស មិនមែនមនុស្សស្រី។
គាត់បន្ថែមថា គាត់នឹងមិនរៀបការនោះទេ។
វិចិត្រ ក៏ដូចជាមនុស្សដទៃទៀត ដែលមានអត្តចរិតស្រដៀងគាត់ដែរ ត្រូវបានសង្គមកម្ពុជា ដែលនៅតែមានវប្បធម៌រឹតបន្តឹងនៅឡើយ ផ្តល់ឱកាសតិចបំផុតក្នុងការបញ្ចេញនូវអ្វីដែលពួកគាត់ចង់បង្ហាញឲ្យដឹង។
កឹម កុលវាសនា និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងសុខាភិបាល បាននិយាយថា កម្ពុជាមិនគួរមានច្បាប់រៀបការភេទដូចគ្នាទេ។ វាសនាបន្ថែមថា៖ «ខ្ញុំមិនគិតថា វាល្អសម្រាប់កម្ពុជាទេ បើមានច្បាប់នេះដូចសហរដ្ឋអាមេរិកនោះ។ ដោយសារតែ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះការដែលមានច្បាប់ស្រឡាញ់ភេទដូចគ្នានឹងធ្វើឱ្យមានបញ្ហាធនធានមនុស្សនៅពេលអនាគត»។
លោកផង់ ចន្ថនៈជាសកម្មជនធ្វើការឱ្យអ្នកស្រឡាញ់ភេទដូចគ្នា។ គាត់បាននិយាយថា វាជារឿងល្អ។
«ខ្ញុំជឿជាក់ថា ពួកគេគួរតែមានសិទ្ធិរៀបការ ដូចជាគូស្នេហ៍ដែលស្រឡាញ់ភេទផ្ទុយគ្នាដែរ»។
ហួន សុគន្ធារី ជានិស្សិតមហាវិទ្យាល័យ បានឱ្យដឹងថា នេះជាដំណោះស្រាយល្អ ដែលផ្តល់ឱកាសឱ្យមនុស្សបញ្ចេញនូវអ្វីដែលពួកគេចង់បានដោយសេរី និងស្របច្បាប់។
ហួន សុគន្ធារីនិយាយថា៖ «ការផ្តល់សិទ្ធិឱ្យអ្នកស្រឡាញ់ភេទដូចគ្នាដោយស្របច្បាប់គឺមានន័យថា គោរពនូវជម្រើសរបស់ពួកគេ និងសិទ្ធិរបស់ពួកគេ»។
នាងបន្តថា ច្បាប់នេះនឹងអនុញ្ញាតឱ្យប្រជាជនបង្ហាញនូវអ្វីដែលជាធាតុពិតរបស់ពួកគេ។ ពេលខ្លះពួកគេលាក់បាំងវា ដោយសារតែប្រជាជនភាគច្រើន មិនពេញចិត្តនូវអ្វីដែលពួកគេកំពុងធ្វើ៕