ជំនាញថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិកស្ទើរតែពាក់កណ្ដាលរកប្រាក់មិនបានច្រើនទេ ហើយមិនរួចថ្លៃសោហ៊ុយចំណាយលើការសិក្សាយកសញ្ញាបត្រថ្នាក់អនុបណ្ឌិតនេះទេ។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយរបស់មូលនិធិសម្រាប់ការស្រាវជ្រាវទៅលើឱកាសស្មើគ្នា ដែលជាអង្គការស្រាវជ្រាវទៅលើសេដ្ឋកិច្ច។
ការសិក្សានេះបង្ហាញថា កម្មវិធីថ្នាក់ក្រោយឧត្តមសិក្សាជាច្រើនមិនបង្កើនចំណូលមួយជីវិតឱ្យគ្រប់គ្រាន់ដើម្បីរៀនវានោះទេ។
ខណៈពេលដែល ២៣ ភាគរយនៃកម្មវិធីបរិញ្ញាបត្រមិនផ្តល់ផលចំណេញផ្នែកហិរញ្ញវត្ថុ ឬផ្តល់ផលអវិជ្ជមានមកវិញ សម្រាប់សញ្ញាបត្រសិក្សារយៈពេលពីរឆ្នាំនិង និងថ្នាក់អនុបណ្ឌិតវិញចំនួនអវិជ្ជមាននេះមានរហូតដល់៤៣ភាគរយនៃការមិនអាចផ្តល់ប្រាក់ចំណេញមកវិញនោះ។ នេះបើយោងតាមការសិក្សាមួយដោយលោក Preston Cooper ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅ FREOPP ។
លោក Cooper បានវាយតម្លៃទៅលើផលចំណេញមកវិញពីការសិក្សាយកសញ្ញាបត្រនិងកម្មវិធីវិញ្ញាបនបត្រចំនួន ៥៣.០០០ ដើម្បីកំណត់ថា តើប្រាក់ចំណូលពេញមួយជីវិតរបស់សិស្សមានលើសពីតម្លៃកម្មវិធី និងហានិភ័យនៃការមិនបញ្ចប់ការសិក្សារបស់ពួកគេដែរឬទេ។
លទ្ធផលនៃការស្រាវជ្រាវរបស់លោករកឃើញថា ជំនាញសិក្សារបស់និស្សិតម្នាក់គឺជាសូចនាករចម្បងនៃចំណូលបានមកវិញនៅថ្នាក់ឧត្តមនិងថ្នាក់ក្រោយឧត្តមសិក្សា។
ជំនាញបរិញ្ញាបត្រខាងវិស្វកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ និងគិលានុបដ្ឋាករកចំណូលមកវិញបានច្រើន ខណៈកម្មវិធីក្នុងវិស័យអប់រំ វិចិត្រសិល្បៈ ចិត្តសាស្ត្រ និងភាសាអង់គ្លេសរកចំណូលបានមកវិញតិច។
ថ្នាក់ក្រោយឧត្តមសិក្សាក្នុងវិស័យវេជ្ជសាស្ត្រនិងច្បាប់ច្រើនតែរកចំណូលមកវិញបានច្រើន។ ប៉ុន្តែបើយោងតាមលោក Cooper កម្មវិធីថ្នាក់អនុបណ្ឌិតជាច្រើនរួមបញ្ចូលទាំងថ្នាក់គ្រប់គ្រងអាជីវកម្ម MBA ផងនោះ ជារឿយៗរកចំណូលមកវិញបានទាប។
ថ្វីត្បិតតែបុគ្គលិកដែលមានសញ្ញាបត្រថ្នាក់អនុបណ្ឌិតរកចំណូលបាន ១៦ភាគរយច្រើនជាងអ្នកដែលមានត្រឹមសញ្ញាបត្រថ្នាក់បរិញ្ញាបត្រក៏ដោយ ក៏លោក Cooper និយាយថា តួលេខនេះមិនបានរាប់បញ្ចូលនិស្សិតដែលមាន«សក្ដានុពលប្រាក់ចំណូលខ្ពស់ជាងពីមុនស្រាប់»នោះ ទេ។
លោក Cooper សរសេរថា៖ «និស្សិត MBA ដែលមានសក្ដានុពលប្រាក់ចំណូលខ្ពស់ជាង ជារឿយៗជ្រើសរើសយកមុខវិជ្ជាថ្នាក់បរិញ្ញាបត្រដែលអាចរកចំណូលបានខ្ពស់ដូចជាជំនាញហិរញ្ញវត្ថុនិងសេដ្ឋកិច្ច។ ដូច្នេះជំនាញថ្នាក់អនុបណ្ឌិត MBA បន្ថែមតម្លៃតិចតួចប៉ុណ្ណោះបន្ថែមពីលើនោះ»។
ការសិក្សានេះក៏បានចង្អុលបង្ហាញថា ប្រាក់ខែចាប់ផ្ដើមខ្ពស់គឺជាសូចនាករនៃប្រាក់ចំណូលមកវិញខ្ពស់។ សញ្ញាបត្រដែលមានប្រាក់ខែចាប់ផ្ដើមដំបូងពី ៥៧.០០០ ដុល្លារ ឬច្រើនជាងនេះក្នុងមួយឆ្នាំ ផ្ដល់ប្រាក់ចំណូលសរុបពេញមួយជីវិតខ្ពស់បំផុត។
ប៉ុន្តែប្រាក់ចំណូលបានមកវិញពីសញ្ញាបត្រមួយមានទំហំខុសៗគ្នាអាស្រ័យទៅលើគ្រឹះស្ថានអប់រំផងដែរ។
លោក Cooper សរសេរថា៖ «និស្សិតដែលចាប់អារម្មណ៍ជំនាញសិក្សាដែលអាចរកចំណូលមធ្យមបានទាប នៅតែអាចរកសាលាមួយចំនួនដែលអាចប្ដូរជំនាញសិក្សាទាំងនោះទៅជាការងារដែលរកចំណូលបានខ្ពស់បានដែរ»។
គុណភាពនៃគ្រឹះស្ថានអប់រំមួយក៏សំខាន់ណាស់ដែរ។ នេះបើយោងតាមការលើកឡើងរបស់លោក William Tierney សាស្ត្រាចារ្យកិត្តិយសនៃថ្នាក់ការអប់រំជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern California។
លោក Tierney ថ្លែងប្រាប់ VOA ថា៖ «មុខជំនាញMBA ពីសាកលវិទ្យាល័យ Harvard គឺទំនងជាអាចរកការងារល្អមួយបាន។ ចំណែកឯជំនាញ MBA ដូចគ្នាពីសាកលវិទ្យាល័យ Phoenix ដែលមានលំដាប់ទាបជាងសាកលវិទ្យាល័យ Harvard ប្រហែលជាមានលទ្ធភាពរកការងារល្អបានតិចជាងនេះ»។
ប៉ុន្តែនិស្សិតរៀនថ្នាក់ក្រោយឧត្តមសិក្សាគឺមិនមែនដោយសារហេតុផលប្រាក់ចំណូលរកបានមកវិញតែមួយមុខនោះទេ។
លោក Robert Kelchen ប្រធានថ្នាក់ដឹកនាំផ្នែកអប់រំនៃសាកលវិទ្យាល័យ Tennessee ក្នុងទីក្រុង Knoxville ថ្លែងប្រាប់ VOA ថា៖ «ជំនាញមួយចំនួនអាចនាំឱ្យរកបានការងារដែលនិស្សិតចូលចិត្ត ដូចជាការសម្ដែងសិល្បៈជាដើម»។
លោក Kelchen បានថ្លែងបន្ថែមទៀតថា៖ «ជំនាញខ្លះអាចជួយឱ្យនិស្សិតចូលក្នុងបណ្ដាញសង្គម ឬជួយនិស្សិតឱ្យរៀនអំពីប្រធានបទមួយដែលពួកគេចូលចិត្ត»។
លោក Cooper បានថ្លែងថា VOA ថា វាអាចសមហេតុផលសម្រាប់និស្សិតក្នុងកម្មវិធីសិក្សាដែលអាចរកចំណូលមកវិញបានទាបក្នុងការប្ដូរជំនាញសិក្សាប្រសិនបើពួកគេនៅតែអាចបញ្ចប់ការសិក្សាទាន់ពេលវេលា។
លោកបានរកឃើញថា លទ្ធផលចុងក្រោយខាងចំណាយអាក្រក់បំផុតសម្រាប់និស្សិតគឺ កាបោះបង់ចោលការសិក្សា«ដោយសារតែពួកគេត្រូវបង់ថ្លៃសិក្សាមួយឆ្នាំឬច្រើនជាងនេះហើយមិនធ្វើការងារមួយរយៈ»។
អ្នកតំណាងរាស្ត្រដែលផ្ដល់ថវិកាដល់ការអប់រំថ្នាក់ឧត្តមសិក្សាមានការទទួលខុសត្រូវក្នុងការធានាថា «ថ្នាក់ឧត្តមសិក្សាផ្ដល់នូវប្រាក់ចំណូលនិងការបង្កើនជីវភាពសេដ្ឋកិច្ចមកវិញ»។
ជិតមួយភាគបីនៃថវិការបស់រដ្ឋាភិបាលសហព័ន្ធ ដោយរួមមានទាំងកញ្ចប់ថវិកា Pell និងប្រាក់កម្ចីនិស្សិតផងដែរ បង់ថ្លៃសិក្សាសម្រាប់កម្មវិធីថ្នាក់ឧត្តមសិក្សាដែលមិនបានផ្ដល់ដល់និស្សិតនូវប្រាក់ចំណូលគ្រប់គ្រាន់ទេ។ នេះបើយោងតាមការសិក្សាដដែលនេះ។
ទស្សនៈរបស់លោក Cooper គឺថា «សាលារៀនមួយចំនួនគួរតែបិទកម្មវិធីសិក្សាដែលផ្ដល់ប្រាក់ចំណូលមកវិញទាប និងបែងចែកធនធានដល់កម្មវិធីសិក្សាដែលប្រាក់ចំណូលមកវិញបានច្រើនជាង»។
លោក Cooper បានថ្លែងប្រាប់ VOA ថា៖ «ពិតជាមានការលើកឡើងថា ថ្នាក់ឧត្តមសិក្សាគឺតែងតែផ្ដល់ចំណូលមកវិញខ្ពស់ ហើយអ្នកគួរតែព្យាយាមសិក្សាយកជំនាញបន្ថែមដោយសារវាជួយឱ្យអ្នករកចំណូលបានខ្ពស់។ ការលើកឡើងនេះត្រូវបានសង្កត់ធ្ងន់ដោយសាកលវិទ្យាល័យនានាដែលបានបំប៉ោងសន្យាទាក់ទិននឹងសមិទ្ធផលនៃកម្មវិធីថ្នាក់ក្រោយឧត្តមសិក្សារបស់ខ្លួន ដែលជារឿយៗមិនមានលទ្ធផលដូចការសន្យានោះទេ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា