លោកម៉ម សូណង់ដូ អតីតអ្នកគាំទ្រគណបក្សប្រឆាំងបើកការវាយប្រហារទៅលើលោកសម រង្ស៊ី និងកឹម សុខា ដោយនិយាយថា លោកទាំងពីរជាអ្នកនយោបាយដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍ជាតិ ខណៈដែលគណបក្សនេះបានធ្វើឲ្យលោកខកចិត្ត នៅពេលដែលមេដឹកនាំគណបក្សនេះសម្រេចចូលធ្វើការនៅក្នុងសភាជាតិជាមួយគណបក្សកាន់អំណាច។
លោកម៉ម សូណង់ដូ ជាប្រធានគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បាននិយាយរិះគន់ពីកម្សោយនៃជំហរនយោបាយរបស់គណបក្សប្រឆាំងមួយនេះ ដែលបានបន្ថយការរិះគន់ដល់គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដ៏មានឥទ្ធិពល។
ការថ្លែងរិះគន់របស់លោកយ៉ាងដូច្នេះកើតមានឡើងនៅឯការរៀបចំពិធីសមាជរបស់គណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
លោកម៉ម សូណង់ដូ ដែលជាម្ចាស់វិទ្យុសម្បុកឃ្មុំផងដែរនោះ បានថ្លែងទៅកាន់អ្នកចូលរួមប្រមាណជាង២០០នាក់ នៅឯទីស្នាក់ការគណបក្សរបស់លោក ដោយបានហៅមេដឹកនាំនៃគណបក្សសង្គ្រោះជាតិថា ជាអ្នកនយោបាយមានចិត្តកម្សាក ដោយការបង្កើនភាពស្និទ្ធស្នាលជាមួយមេដឹកនាំនៃគណបក្សប្រជាជនកម្ពុជា។
«អ្នកនយោបាយសព្វថ្ងៃ ជាពិសេសអ្នកដឹកនាំគណបក្សសង្គ្រោះជាតិហ្នឹង គាត់អត់មានភាពក្លាហាននិយាយការណ៍ពិតជូនប្រជាពលរដ្ឋទេ។ អ្វីដែលគាត់អសមត្ថភាព អត់ហ៊ានសារភាពទេ។ គាត់នៅតែបន្តភរភូតប្រជាពលរដ្ឋតទៅទៀតថា គាត់មានសមត្ថភាព។ ខ្ញុំយកឧទាហរណ៍មួយ។ គាត់ថា បើចង់ចាប់ខ្លា ត្រូវចូលជិតខ្លា។ មានឮទេអាហ្នឹង? ប៉ុន្តែខ្ញុំសូមជម្រាបថា ជាសម្តីភរភូតគ្មានកិត្តិយសអ្វីទាល់តែសោះ។ ចង់ចាប់ខ្លាត្រូវចូលជិតខ្លា។ គ្រាន់តែឃើញអាចម៍ខ្លាមិនទាន់ដឹងថា ខ្លានៅទីណាផង គាត់រាគអាចម៍ដាក់ខោទាំងអស់គ្នា»។
លោកថ្លែងបន្តថា ការបាត់បង់ជំនឿលើមេដឹកនាំនៃគណបក្សសង្គ្រោះជាតិនេះហើយ ដែលបានធ្វើឲ្យលោកសម្រេចចិត្តបង្កើតគណបក្សនយោបាយរបស់លោកសារជាថ្មីម្តងទៀត។
«ទោះជាយើងខំប្រឹងយ៉ាងណាក៏ដោយ គឺជំហរអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោកកឹម សុខា និងសម រង្ស៊ីមិនត្រឹមតែអសមត្ថភាពទេ ការកិច្ចសន្យារបស់គាត់ ហើយនិងគោលដៅរបស់គាត់នៅតែបន្តការភរភូតតទៅទៀត។ មូលហេតុហ្នឹងហើយដែលយើងបង្កើតគណបក្សសម្បុកឃ្មុំប្រជាធិបតយ្យ ហើយមូលហេតុហ្នឹងដែរ ដែលយើងត្រូវតែទល់ខ្នងគ្នា ស្ម័គ្រចិត្តបេ្តជ្ញា បូជាដើម្បីជាតិ ធ្វើយ៉ាងដូចម្តេច គឺកាតព្វកិច្ចរបស់យើងទាំងអស់គ្នាត្រូវតែស្តារជាតិខ្មែរយើងឡើងវិញ កុំឲ្យសាបសូន្យទៅថ្ងៃមុខ»។
ក្រោយការប្រកាសលទ្ធផលឆ្នោតនាឆ្នាំ២០១៣ អ្នកតំណាងរាស្ត្រមួយចំនួនក្នុងចំណោមអ្នកតំណាងរាស្ត្រ៥៥រូបនៃគណបក្សសង្គ្រោះជាតិបានស្រែកខ្លាំងៗទៅអ្នកគាំទ្ររបស់ផងខ្លួននៅឯទីលានប្រជាធិបតេយ្យថា ពួកគេនឹងមិនចូលទៅក្នុងសភាជាតិដើម្បីធ្វើការជាមួយអ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជានោះទេ។ តែក្រោយពីអំពើដ៏ហិង្សាមួយបានកើតឡើងនៅទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ ២០១៤រវាងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងកងសន្តិសុខជួលដោយសាលាខ័ណ្ឌដូនពេញ ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិក៏សម្រេចចិត្តចូលទៅអង្គុយកៅអីក្នុងសភាជាតិវិញ ដោយបានបញ្ចប់ការធ្វើពហិការអស់រយៈពេលជិតមួយឆ្នាំ។ ការដើរចូលក្នុងសភានេះបានធ្វើឲ្យគណបក្សសង្គ្រោះជាតិរងការរិះគន់ពីអ្នកបោះឆ្នោត។
លោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ VOA ថា គណបក្សសង្គ្រោះជាតិមិនមានការបារម្ភចំពោះការរិះគន់របស់លោកម៉ម សូណង់ដូនោះទេ ដោយប្រជាពលរដ្ឋខ្មែរអាចធ្វើការពិចារណាទៅតាមព័ត៌មានដែលពួកគេបានទទួលតាមសារព័ត៌មាន ឬក៏បណ្តាញសង្គម។
«ប្រជាពលរដ្ឋលោកបានជ្រាបហើយ យល់ដឹង ហើយបានទទួលព័ត៌មានតាមរយៈបណ្តាញសង្គមកាន់តែច្រើនឡើងៗ ដូច្នេះលោកយល់ច្បាស់ជាទីបំផុត ពីព្រោះអ្នកសម្រេចវាសនាប្រទេសជាតិគឺប្រជាពលរដ្ឋ មិនមែនថ្នាក់ដឹកនាំមួយរូបពីររូបរបស់គណបក្សណាមួយនោះទេ»។
យ៉ាងណាក៏ដោយ អ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជាបានប៉ាន់ស្មានទុកជាមុនថា គណបក្សតូចៗដែលកើតក្រោយការបោះឆ្នោតឆ្នាំ២០១៣នេះនឹងមិនស្ថិតនៅក្នុងក្រសែភ្នែកនៃអ្នកបោះឆ្នោតឡើយ។ ពួកគេថ្លែងថា គណបក្សធំៗពីរដែលអាចទាញការគាំទ្រពីប្រជាពលរដ្ឋខ្មែរបាននោះ គឺមានតែគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ រីឯអ្នកនាំពាក្យនៃគណបក្សគ្រប់គ្រងប្រទេសគឺគណបក្សប្រជាជនកម្ពុជាតែងតែស្វាគមន៍ការចូលមកប្រកួតរបស់គណបក្សថ្មីៗនៅក្នុងការបោះឆ្នោតក្នុងពេលខាងមុខនេះ ដោយហេតុថា ការប្រកួតប្រជែងជាមួយគណបក្សថ្មីៗកាន់តែច្រើនរឹតតែធ្វើឲ្យគណបក្សប្រជាជនកម្ពុជាពង្រឹងយុទ្ធសាស្ត្រនយោបាយក្នុងការទាក់ទាញអ្នកបោះឆ្នោត។
គណបក្សប្រជាជនកម្ពុជាបានទទួលតែ៦៨កៅអីប៉ុណ្ណោះ នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ រីឯគណបក្សសង្គ្រោះជាតិទទួលបានចំនួន៥៥កៅអីនៅក្នុងសភាជាតិ។ បាតុកម្មជាទ្រង់ទ្រាយធំបានផ្ទុះឡើង ដោយសារអ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំងយល់ថា លទ្ធផលឆ្នោតត្រូវគេគៃបន្លំ តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលស្ថិតក្នុងអំណាចជាង៣០ឆ្នាំ តែងតែថ្លែងថា ពុំមានការលួចសន្លឹកឆ្នោតនោះ។ លោកក៏ធ្លាប់បបួលក្រុមប្រឆាំងទៅស្បថផងដែរថា មិនមានការលួចការបន្លំសន្លឹកឆ្នោតទេ។
លោកម៉ម សូណង់ដូបញ្ជាក់ថា ការធ្វើនយោបាយរបស់លោកមិនមែនដើម្បីអំណាចនោះទេ តែដោយការធុញទ្រាន់នឹងការដឹកនាំដោយលោកហ៊ុន សែនអស់រយៈពេលជាង៣០ឆ្នាំមកនេះ។ លោកនិយាយថា លោកចង់សាកល្បងប្រឡូកក្នុងការបោះឆ្នោតម្តងទៀតដើម្បីយកឈ្នះលោកហ៊ុន សែន។ ប៉ុន្តែគណបក្សនយោបាយរបស់លោកម៉ម សូណង់ដូធ្លាប់ទទួលបរាជ័យម្តងរួចទៅហើយនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ ដោយគណបក្សលោកមិនទទួលបានអាសនៈនៅក្នុងសភាជាតិនោះទេ៕