រដ្ឋ​មន្រ្តី​ក្រសួង​ដឹក​ជញ្ជូន​ម៉ាឡេស៊ី​ទៅ​អ៊ុយក្រែន​ដើម្បី​ស៊ើប​អង្កេត​យន្តហោះ​ធ្លាក់

  • Steve Herman

ទី​កន្លែងធ្លាក់យន្តហោះរបស់​ក្រុម​ហ៊ុន​​​ម៉ាឡេស៊ី​នៅ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន ថ្ងៃ​ទី​១៧ ​ខែ​កក្កដា ​ឆ្នាំ២០១៤។

កូឡាឡាំពួរ- រដ្ឋ​មន្រ្តី​ក្រសួង​ដឹក​ជញ្ជូន​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសអ៊ុយក្រែន ​កាល​ពីល្ងាច​ថ្ងៃ​សៅរ៍​ម៉ោង​នៅ​អាស៊ី​ដើម្បី​ចូល​រួម​ជាមួយ​ពួក​មន្រ្តី​រដ្ឋាភិបាលរបស់​លោកដែល​បាន​ស្ថិត​នៅ​ទីនោះ​រួចហើយដើម្បី​រៀប​ចំ​ផែនការជួយ​ស៊ើប​អង្កេត​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជើង​ហោះ​ហើ​រលេខ​ MH 17។​

ម៉ាឡេស៊ី​កំពុ​ង​សម្តែងនូវ​ការ​ភ្ញាក់​ផ្អើល ព្រោះ​ទីកន្លែង​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​មាន​ដាក់​ទង់​ជាតិ​របស់ខ្លួន​ដែល​ទំនងជា​ត្រូវ​គេ​បាញ់​ទម្លាក់​ដោយ​កាំជ្រួច​មីស៊ីល​នោះ​ ​មិន​ត្រូវ​បាន​ការពារ ​ហើយ​សព​ និង​ភស្តុតាង​សំ​ខាន់ៗ​អាច​ត្រូវ​បំផ្លាញ។​

ថ្លែង​មុន​ពេល​លោក​ចាកចេញ​ទៅ​កាន់រដ្ឋ​ធានី​គាវ ​លោក ​Liow ​Tiong ​Lai​ រដ្ឋ​មន្រ្តី​ក្រសួង​ដឹក​ជញ្ជូន ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា​ រដ្ឋាភិបាល​របស់​លោក​មាន​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​អំពី​ស្ថានភាពក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ទឹក​ដី​ដែល​ពួក​ឧទ្ទាម​កាន់​កាប់។​

«ចំណាត់​ការណាមួយ​ ដែល​រារាំង​យើង​មិនឲ្យ​បាន​ដឹង​ការណ៍​ពិតអំពី​អ្វី​ដែល​បាន​កើត​មាន​ឡើង​ដល់​យន្ត​ហោះ​លេខ ​MH 17​ នេះ​ ​មិន​អាច​អត់​ឱន​បាន​ឡើយ។ ការ​ខក​ខានមិន​បញ្ឈប់​ការ​ជ្រៀត​ជ្រែក​បែប​នេះ​នឹង​ក្លាយ​ជា​ការ​ក្បត់ដល់​ជីវិត​ដែល​បាន​បាត់​បង់»។​

លោក ​Liow ​និយាយ​ថា ​ប្រសិន​បើ​ពួក​ឧទ្ទាមមិន​អនុញ្ញាត​ឲ្យ​ម៉ាឡេស៊ី​ចូល​កន្លែងធ្លាក់​យន្ត​ហោះ ​នោះការសម្រេច​នេះ​គឺ​ជា​អំពើ​អមនុស្សធម៌។

មន្រ្តី​ម្នាក់​របស់ម៉ាឡេស៊ី​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​កំពុង​សុំ​ឲ្យ​អង្គការ​សហ​ប្រជាជាតិរៀប​ចំ​ការ​ឈប់​បាញ់​គ្នា ហើយ​កំពុង​អំពាវនាវ​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​ចរចា​ជាមួយ​ពួក​ឧទ្ទាម​ដើម្បី​រៀប​ចំ​របៀង​សុវត្ថិភាព​ក្នុង​តំបន់​ដែល​មាន​ជម្លោះ។​

«របៀង​សុវត្ថិភាព​ត្រូវ​តែ​ធ្វើ​ជា​បន្ទាន់។ ​វា​ត្រូវ​ធ្វើឲ្យ​បាន​រហ័ស​ ដើម្បី​ឲ្យយើង​អាច​យក​សាកសព​មនុស្សឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។​

នៅ​ឯ​កសិដ្ឋាន​ដែល​ជើង​ហោះ​ហើយ​លេខ​MH១៧​បាន​ធ្លាក់​នោះ។​

ពួក​មន្រ្តី​អ៊ុយក្រែន​ចោទ​ប្រកាន់​ថា ​សាកសពរាប់​សិប​បាន​ត្រូវ​យក​ទៅ​កាន់​កន្លែង​ដាក់​សពក្នុង​ទីក្រុង​ Donetsk ​ជាទី​ក្រុង​ដែល​ត្រួតត្រាដោយ​ពួក​បះ​បោរ ​ហើយ​ ការ​វះ​សព​ពិនិត្យ​ ​បាន​ត្រូវ​ធ្វើដោយ​ពួក​អ្នក​ឯក​ទេស​ ដែលនិយាយមាន​សំឡេង​ដូច​ជា​រុស្ស៊ី។​

កាល​ពី​ថ្ងៃ​សៅរ៍ ​ពួក​អ្នក​យក​ព័ត៌មាន​ក្នុង​តំបន់​នោះ​ ​និយាយ​ថា ​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​បាន​បាញ់​ព្រមាន​ដើម្បី​រារាំងមិន​ឲ្យ​ពួក​អ្នក​កាសែតទៅ​ដល់​កន្លែង​យន្ត​ហោះ​ធ្លាក់។​

អ៊ុយក្រែននិង​សហរដ្ឋ​អាមេរិកនិយាយ​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ពួក​ឧទ្ទាម​បាន​បាញ់​កាំជ្រួច​មីស៊ីល​ពី​ដី​ទៅ​អាកាស​ ​ត្រូវ​ចំយន្តហោះម៉ាក្ស ​Boeing ​777 ​ហើយ​បាន​សម្លាប់អ្នក​ដំណើរ​ទាំងអស់​២៩៨​នាក់​ដែលជិះ​យន្ត​ហោះ​នោះ។​

យន្តហោះ​នោះ ​បាន​ហោះ​ពី​ទីក្រុង ​Amsterdam ​ទៅ​កាន់​ទីក្រុង ​Kuala Lumpur។​

ចំពោះ​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ​វា​ជា​គ្រោះថ្នាក់​យ៉ាង​ធំនៅ​ឆ្នាំ​នេះ ​ហើយបាន​ចោទ​ជា​សំណួរថា​ តើក្រុម​ហ៊ុន​យន្តហោះ​នោះ​អាច​នៅ​បន្ត​ប្រតិបត្តិការ​ដែរ​ឬ​ទេ។​

គេ​នៅ​មិន​ទាន់​រក​ឃើញ​យន្តហោះ​លេខ ​MH 370 ​ដែល​បាន​បាត់​កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​មិនា ​នៅពេល​ហោះ​ចេញ​ពី​ទីក្រុង ​Kuala Lumpur ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​នោះទេ ​ថ្វី​បើ ​មានការ​រុករក​ពហុជាតិ​ក្នុង​ផ្ទៃ​ទឹក​ប្រទេស​អូស្រ្តាលី បន្ទាប់​ពី​វា​ហោះ​ចេញពី​ផ្លូវ​ហោះ​ហើរ៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន​