តំណាងរាស្រ្តម៉ាឡេស៊ីម្នាក់ អះអាងថា ខ្លួនគ្រោងស្នើឱ្យមានការសួរដេញដោលមួយអំពីការចាប់ខ្លួនពលករខ្មែរម្នាក់ដែលរិះគន់លោក ហ៊ុន សែន ហើយត្រូវបានបញ្ជូនមកកម្ពុជា តាមសំណើរបស់រដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមសារព័ត៌មានម៉ាឡេស៊ីមួយឈ្មោះថា FMT(Free Malaysia Today) ដែលបានដកស្រង់សម្តីរបស់តំណាងរាស្រ្តម្នាក់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
ការចាប់បញ្ជូនខ្លួនកញ្ញា នួន តឿន ដែលជាពលការិនីខ្មែរធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ត្រូវបានអ្នកតាមដានមើលឃើញថា ម៉ាឡេស៊ីលែងជាកន្លែងដែលមានសុវត្ថិភាពសម្រាប់អ្នករិះគន់ និងជាការរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលម៉ាឡេស៊ី។
កញ្ញា នួន តឿន ត្រូវបានគេឃើញថាជាអ្នករិះគន់រដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា តាមបណ្តាញសង្គមហ្វេសប៊ុក និងTikTok។
លោក Wong Chen សមាជិកសភាមកពីគណបក្ស PKR ថ្លែងថា ការបញ្ជូនពលករខ្មែរជាប្រញាប់ជារឿងគួរឱ្យព្រួយបារម្ភ។ លោកបន្ថែមថា រាល់មន្រ្តីដែលពាក់ព័ន្ធនឹងការបញ្ជូនកញ្ញា នួន តឿន គួរត្រូវបានកោះហៅ ដើម្បីពន្យល់ពីមូលហេតុនៃការបញ្ជូនពលករមកកម្ពុជា។ នេះបើតាមសារព័ត៌មាន FMT។
Your browser doesn’t support HTML5
សមាជិកសភារូបនោះបន្ថែមថា លោកនឹងទាក់ទងសមាជិកសភាផ្សេងទៀត ក្នុងនោះក៏មានប្រធាននៃគណៈកម្មាធិការទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ការបោះឆ្នោត និងកំណែទម្រង់ស្ថាប័នផងដែរ ដើម្បីស្នើឱ្យមានការសួរដេញដោលនៅក្នុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ។
បើតាមសារព័ត៌មាន លោក Wong Chen ដែលជាប្រធាននៃគណៈកម្មាធិការសភាទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិ និងពាណិជ្ជកម្ម និយាយថា លោកបារម្ភអំពីការបណ្តេញចេញយ៉ាងប្រញាប់ ក្រោយពលកររូបនោះត្រូវបានឃុំខ្លួនក្នុងប្រទេសម៉ាឡេស៊ីរយៈពេល២ថ្ងៃ។
លោកត្រូវបានដកស្រង់សម្តីតាមសារព័ត៌មាន FMTថា៖ «អ្នកស្រីត្រូវបានឃុំខ្លួននៅថ្ងៃសៅរ៍ហើយត្រូវបានបណ្តេញចេញនៅថ្ងៃចន្ទ។ វាច្បាស់ណាស់ថា អ្នកស្រីមិនទទួលបានមេធាវីការពារណាមួយឡើយ។ វាមានកង្វះខាតដំណើរការយុត្តិធម៌ក្នុងករណីនេះ»។
លោកបញ្ជាក់ថា ការបញ្ជូនលឿននេះប៉ះពាល់ការប្តេជ្ញារបស់ម៉ាឡេស៊ីទៅលើបញ្ហាសិទ្ធិមនុស្ស។
ការបញ្ជូនខ្លួនពលករខ្មែរមកកម្ពុជាក៏មានការរិះគន់ពីក្រុមសិទ្ធិមនុស្សទៅលើរដ្ឋាភិបាលរបស់ម៉ាឡេស៊ីផងដែរ ដែលបង្ហាញថា ម៉ាឡេស៊ីចូលដៃនៅក្នុងការគាបសង្កត់ឆ្លងដែន។
លោក Wong និយាយបន្ថែមថា លោកនឹងពិចារណាស្នើឱ្យពិនិត្យមើលការកែប្រែនីតិវិធីនៃដំណើរការ ពាក់ព័ន្ធនឹងសំណើសុំបញ្ជូនខ្លួនបែបនេះ។ លោកបន្ថែមថា អ្នកជាប់ឃុំគួរទទួលបានពេលវេលាក្នុងការប្រឹក្សាផ្នែកច្បាប់ ការពារខ្លួន មុនពេលពួកគេត្រូវបានបញ្ជូនមកប្រទេសរបស់ពួកគេវិញ ដែលពួកគេអាចប្រឈមនឹងការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញ និងបាត់បង់ជីវិតក៏មាន។ នេះបើតាមសារព័ត៌មានFMT។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ ថ្លែងថា នេះជាករណីទីមួយហើយដែលរដ្ឋាភិបាលម៉ាឡេស៊ីបញ្ជូនពលករស្របច្បាប់ដែលរិះគន់រដ្ឋាភិបាលកម្ពុជាមកផ្តន្ទាទោសក្នុងប្រទេស។ លោកបន្ថែមថា ការសម្រេចរបស់រដ្ឋាភិបាលម៉ាឡេស៊ីធ្វើឱ្យអង្គការនិងសហគមន៍អន្តរជាតិរិះគន់ថា ម៉ាឡេស៊ីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងលែងជាទីសុវត្ថិភាពសម្រាប់ជនភៀសខ្លួនដែលព្យាយាមស្វែងរកសិទ្ធិជ្រកកោន។
លោកប្រាប់វីអូអេថា៖ «ការដែលចាប់បញ្ជូនពលករត្រឡប់មកវិញនេះ ម៉ាឡេស៊ីត្រូវបានទទួលការរិះគន់ច្រើនពីអង្គការអន្តរជាតិផ្នែកសិទ្ធិមនុស្ស ហើយនឹងសហគមន៍អន្តរជាតិថា ជារឿងរំលោភលើបញ្ហាសិទ្ធិមនុស្ស ដោយសារពលករដែលធ្វើការនៅម៉ាឡេស៊ី គឺជាការធ្វើការដោយស្របច្បាប់ មិនមែនទៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ទេ។ អ៊ីចឹងគឺថា មិនមានហេតុផលអ្វី ដែលម៉ាឡេស៊ីត្រូវចាប់បញ្ជូនពលរដ្ឋហ្នឹងត្រឡប់មកខ្មែរវិញទេ។ នេះជាការរំលោភបំពានទៅលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។
លោកបន្ថែមថា៖ «ហើយម្យ៉ាងវិញទៀត យើងឃើញថា ករណីនេះក៏បង្ហាញថា ប្រទេសម៉ាឡេស៊ីក៏មិនមែនជាកន្លែងសុវត្ថិភាពសម្រាប់សកម្មជនដែលស្វែងរកសិទ្ធិជ្រកកោន ឬក៏អ្នកដែលជាជនភៀសខ្លួនទៅរកសិទ្ធិជ្រកកោនទៀតដែរ ពីព្រោះនៅតែមានការកិច្ចសហការក្នុងការចាប់បញ្ជូនមកកម្ពុជាវិញដូចកញ្ញា នួន តឿន ដែលមានជាគំរូស្រាប់»។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ការសួរដេញដោលលើការចាប់បញ្ជូនខ្លួនពលករខ្មែរមកកម្ពុជាវិញជាកិច្ចការផ្ទៃក្នុងរបស់ម៉ាឡេស៊ី។
លោកបញ្ជាក់ថា៖ «ការសួរដេញដោល អីយ៉ាងណាពីសំណាក់តំណាងរាស្ត្រម៉ាឡេស៊ី ទៅកាន់រដ្ឋាភិបាលរបស់គាត់ គឺជារឿងផ្ទៃក្នុងរបស់ម៉ាឡេស៊ី មិនទាក់ទងកម្ពុជាទេ។ អ្វីដែលយើងចង់និយាយនៅទីនេះ គឺថា ប្រសិនបើយើងប្រព្រឹត្តខុសច្បាប់ គឺយើងទៅទីណាក៏យើងអត់សុវត្ថិភាពដែរ ហើយយើងនៅតែមានអារម្មណ៍ភ័យខ្លាច។ ប៉ុន្តែបើយើងធ្វើឱ្យដូចគេ ដូចឯងទៅ គោរពច្បាប់ទៅ ទៅទីណាក៏យើងអត់មានការព្រួយបារម្ភអីទាំងអស់»។
លោក ប៉ែន បូណា មិនបានបញ្ជាក់មូលហេតុថា តើហេតុអ្វីបានជាកម្ពុជាស្នើឱ្យបញ្ជូនពលការិនី នួន តឿន មកកម្ពុជាឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតម៉ាឡេស៊ីប្រចាំនៅរាជធានីភ្នំពេញតាមសារអ៊ីម៉ែលបាននៅឡើយទេ។
អ្នកស្រី ឆេង ថុល អាយុ៤៤ឆ្នាំ ត្រូវជាម្តាយមីងនិងជាម្តាយចិញ្ចឹមរបស់កញ្ញា នួន តឿន បានទទូចសុំឱ្យអាជ្ញាធរកម្ពុជាដោះលែង កញ្ញា នួន តឿន។
អ្នកស្រីប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំសូមស្នើឱ្យសម្តេចដោះលែងទៅ ព្រោះអីគាត់អត់សូវដឹងអីទេ។ គ្នាអត់ចេះអក្សរទេ ដូចថា និយាយអីគ្នាតែងតែមានលើសលួស ខ្វះខាត កន្លែងណាមួយហើយ ព្រោះអីគ្នាអត់ចេះ»។
បើតាមអ្នកស្រី ឆេង ថុល កញ្ញា នួន តឿន អាយុ៣២ឆ្នាំ បានធ្វើការដោយស្របច្បាប់ក្នុងប្រទេសម៉ាឡេស៊ីជាង១០ឆ្នាំមកហើយ តាមរយៈក្រុមហ៊ុននាំពលករទៅធ្វើការនៅក្រៅប្រទេស។ អ្នកស្រីមិនបានដឹងអំពីមូលហេតុនៃការចាប់ខ្លួននេះឡើយ ដោយសារមន្ត្រីពន្ធនាគារ(ម២)មិនទាន់អនុញ្ញាតឱ្យអ្នកស្រីជួបជាមួយកូនចិញ្ចឹមរបស់អ្នកស្រីនៅឡើយ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បញ្ជាក់ថា កញ្ញា នួន តឿន ត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស(ម២)ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែតុលា ក្រោយពីត្រូវបានបញ្ជូនពីប្រទេសម៉ាឡេស៊ី។
បើតាមលោក នុត សវនា កញ្ញា នួន តឿន ត្រូវបានចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង«ញុះញង់ឱ្យមានការរើសអើង»។
លោកថ្លែងថា៖ «បាទ! ឥឡូវគាត់កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី២»។
នៅលើបណ្តាញសង្គម ដូចជា TikTok កញ្ញា នួន តឿន បានបង្ហោះវីដេអូរិះគន់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ អាជ្ញាធរថៃធ្លាប់បានចាប់បញ្ជូនសកម្មជននយោបាយខ្មែរ៣រូបមកកម្ពុជា ដែលការណ៍នេះនាំឱ្យមានការរិះគន់ពីសំណាក់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ និងក្រុមអង្គការសិទ្ធិមនុស្សមួយចំនួន៕