ក្រុមអ្នករៀបចំបាតុកម្មដ៏ធំធេងនៅថ្ងៃសៅរ៍ ដែលជាការដើរតវ៉ាដ៏ធំបំផុត ក្នុងប្រទេសម៉ាឡេស៊ី ទិតៀនរដ្ឋាភិបាលជាច្រើនឆ្នាំ កំពុងទាមទារឲ្យរដ្ឋាភិបាល ដោះលែងមនុស្ស៦នាក់ ដែលកំពុងជាប់ឃុំ ហើយឆ្លើយតបទៅនឹងការត្អូញត្អែរររបស់ខ្លួនមួយចំនួន។ ក្រុមអ្នករៀបចំបាតុកម្មមិនរៀបចំធ្វើការតវ៉ានៅតាមផ្លូវទៀតទេ នៅពេលនេះ។
ផលលំបាកចេញពីការប្រមូលផ្ដុំគ្នាតវ៉ាឲ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត ដែលទាក់ទាញមនុស្សរាប់ពាន់ម៉ឺននាក់ ឲ្យមកដើរតវ៉ាតាមផ្លូវនៃរដ្ឋធានីមិនបានអន់ខ្សោយទេ នៅពេលដែលរដ្ឋាភិបាលការពារសកម្មភាពរបស់ខ្លួនដែលប្រើកងកម្លាំងប៉ូលិស រួចបាននិយាយប្រកែកថា ចលនានោះមិនមានការគាំទ្រពីប្រជាពលរដ្ឋទេ។
មេធាវី Ambiga Sreenevasan ជាប្រធានក្រុមចម្រុះដើម្បីឲ្យមានការបោះឆ្នោតត្រឹមត្រូវនិងយុត្ដិធម៌ដែលជាអ្នករៀចំការដើរតវ៉ា និងជួបជុំគ្នានៅ Bersih និយាយថា គេឈប់ធ្វើការប្រមូលផ្ដុំគ្នាទៀត លុះត្រាតែអាជ្ញាធរដោះស្រាយការទាមទាររបស់ខ្លួនឲ្យប្រព័ន្ធបោះឆ្នោតមានតម្លាភាពប្រសើរឡើង។
«ទីមួយគឺបោសសម្អាតតួនាទីទាក់ទងនឹងការបោះឆ្នោត។ យើងបានទទួលសេចក្ដីរាយការណ៍ជាច្រើននិយាយអំពីអ្នកបោះឆ្នោតខ្មោច។យើងក៏ស្នើសុំឲ្យប្រើទឹកខ្មៅដែលមិនជ្រះ។ យើងក៏បានស្នើឲ្យគណបក្សទាំងអស់មានសេរីភាពផ្សព្វផ្សាយតាមបណ្តាញព័ត៌មាន។ យើងបានស្នើឲ្យមានការបង្រ្កាបបទល្មើស គឺថា ស្ថាប័នរបស់យើងមិនមានអំពើពុករលួយ ហើយចាត់វិធានការប្រឆាំងអំពើពុករលួយក្នុងការបោះឆ្នោត។
រដ្ឋាភិបាលប្រកែកថា ការបោះឆ្នោតបច្ចុប្បន្ន ជាយន្ដការសេរី និងយុត្ដិធម៌តែក្រុមអ្នករៀបចំការប្រមូលផ្ដុំគ្នានៅBersih និយាយថា គេចង់ឲ្យមាន ការវាយតម្លៃដោយឯករាជ្យអំពីដំណើរការបោះឆ្នោតទាំងស្រុង។
Sreennevasan និយាយថា ក្រុមស៊ើបអង្កេតមួយ គេស្គាល់ឈ្មោះនៅទីនោះថា គណៈកម្មការឯករាជ្យ នឹងមានការលំបាកក្នុងការកាត់បន្ថយការបន្លំសន្លឹកឆ្នោត ទោះជាអាណត្ដិរបស់ក្រុមនោះបានត្រូវកំណត់ដោយនាយករដ្ឋមន្ដ្រីបច្ចុប្បន្ន លោក Najib Razak ដែលគណបក្ស United Malays National Organization របស់លោកបានកាន់អំណាចគ្រប់គ្រងប្រទេសជាង៥៤ឆ្នាំមកហើយនោះ។
អាជ្ញាធរម៉ាឡេស៊ីបានប្រកាសថា ការប្រមូលផ្ដុំនៅថ្ងៃសៅរ៍នោះ មិនស្របច្បាប់តាំងតែពីមុនការដើរតវ៉ាម៉្លេះ ដោយនិយាយថា វាជាការគំរាមដល់សន្ដិសុខជាតិ ហើយមានគោលដៅរំលំរដ្ឋាភិបាល។ មន្ដ្រីនៃអង្គការការពារសិទ្ធិមនុស្ស អ.ស.ប.ក្រោយមក និយាយថា មិនមានភ័ស្ដុតាងគួរឲ្យជឿដើម្បីគាំទ្រការប្រកាសរបស់រដ្ឋាភិបាល នោះទេ។
អង្គការសហប្រជាជាតិ អង្គការ Amnesty Internationalនិងអង្គការ Human Right Watch ទាំងអស់សុទ្ធតែបានស្ដីបន្ទោសថា ប្រទេសម៉ាឡេស៊ីប្រើកលល្បិចប៉ូលិសដ៏ធ្ងន់ដៃប្រឆាំងក្រុមបាតុករ។ ក្រុមអ្នករៀបចំការប្រមូលផ្ដុំនៅ Bersih ចង់ឃើញគណៈកម្មការការពារសិទ្ធិមនុស្សម៉ាឡេស៊ីធ្វើការស៊ើបអង្កេតវិធានការរបស់ប៉ូលិសដែលក្រុមនេះនិយាយថា មានការប្រើប្រាស់ដំបងឆក់ និងការវាយដំ និង បាញ់គ្រាប់ផ្សែងឧស្ម័នចេញទឹកភ្នែកមកលើក្រុមបាតុករ។
រដ្ឋាភិបាលម៉ាឡេស៊ី និយាយថា ការបង្ហាញរូបភាពនៃអំពើឃោរឃៅក្នុងបាតុកម្មនេះគឺបង្ហាញភាពលំអៀងរបស់បណ្ដាញសារព័ត៌មានអន្ដរជាតិ ទៅរកបាតុករ។ វាមិនបង្ហាញ សកម្មភាពពិតប្រាកដរបស់ប៉ូលិសទេ។ អាជ្ញាធរគាំទ្រវិធានការរបស់កម្លាំង សន្ដិសុខ ដោយនិយាយថា ប៉ូលិសរៀបចំឲ្យមានសន្ដិសុខ។
ប្រែសម្រួលដោយ អ៊ូ ធួក