រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah នៅថ្ងៃចន្ទនេះបានអំពាវនាវឱ្យសមាគមអាស៊ាន (ASEAN) ចាត់វិធានការបន្ថែមជាបន្ទាន់នៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីផ្ដល់ជំនួយមនុស្សធម៌និងជំរុញទៅមុខនូវដំណើរការសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយរបបយោធា។
អាស៊ានបានជំរុញថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាឱ្យអនុវត្តតាមការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ានកាលពីឆ្នាំមុន ដោយប្រទេសជាសមាជិកអាស៊ានខ្លះបានបង្ហាញការខកចិត្តទាក់ទិននឹងកង្វះការវិវឌ្ឍទៅមុខនៃផែនការសន្តិភាពនេះ។
ប្រទេសមីយ៉ាន់ម៉ាបានជាប់គាំងនៅក្នុងវដ្ដនៃអំពើហិង្សាតាំងពីពេលដែលយោធាបានទម្លាក់រដ្ឋាភិបាលដែលជ្រើសរើសតាមរយៈការបោះឆ្នោតកាលពីឆ្នាំមុន និងបានធ្វើការបង្ក្រាបដ៏បង្ហូរឈាមលើការតវ៉ានិងអ្នកប្រឆាំងមក។
លោក Saifuddin បាននិយាយថា លោកបានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់អគ្គលេខាធិការអាស៊ានកាលពីថ្ងៃសៅរ៍ដើម្បីស្នើសុំនូវព័ត៌មានថ្មីបំផុតទាក់ទិននឹងស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែលោកមិនទាន់បានទទួលរបាយការណ៍ណាមួយពីថ្នាក់ដឹកនាំអាស៊ានតាំងពីពេលដែលអាស៊ានបានជួបប្រជុំគ្នានៅក្នុងប្រទេសកម្ពុជាកាលពីខែមុនមក។
លោក Saifuddin បានប្រាប់ក្រុមអ្នកកាសែតនៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីថា៖ «លេខាធិការដ្ឋានអាស៊ានត្រូវតែយល់ឃើញថានេះជាស្ថានការណ៍បន្ទាន់ ដើម្បីពិនិត្យមើលលើអ្វីដែលពិតជាកំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។ លោកបានបន្ថែមថា អាស៊ានមិនត្រូវរង់ចាំរហូតទាល់តែដល់ពេលកិច្ចប្រជុំកំពូលរបស់ខ្លួននៅខែវិច្ឆិកានោះទេ។
លោក Saifuddin ក៏បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេសជាសមាជិកអាស៊ានសម្រេចថាតើពួកគេនឹងបន្តធ្វើការជាមួយនឹងរបបយោធាមីយ៉ាន់ម៉ានៅក្នុងការផ្ដល់ជំនួយមនុស្សធម៌ដែរឬក៏អត់ ដោយលោកបាននិយាយថា ទីភ្នាក់ងារផ្ដល់ជំនួយជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ាគ្មានឆន្ទៈធ្វើការជាមួយនឹងយោធាឬក៏អង្គការណាដែលមានទំនាក់ទំនងជាមួយនឹងយោធានោះទេ៕
ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី —