ម៉ាឡេស៊ី​បិទ​​មណ្ឌល​ចាក់វ៉ាក់សាំង​កូវីដ​១​​កន្លែង​បន្ទាប់ពី​​​មាន​បុគ្គលិក​ជាង​​២០០​នាក់​ បាន​ឆ្លង​ជំងឺ​នេះ

គិលានុបដ្ឋាយិកា​ម្នាក់​ត្រៀម​ចាក់​វ៉ាក់សាំង​ Pfizer ​សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ ដល់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​នៅ​ក្នុង​ផ្ទះ​ ក្នុង​តំបន់​ជនបទ Sabab Bernam ក្នុង​រដ្ឋ Selangor ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ២០២១។

អាជ្ញាធរម៉ាឡេស៊ីបាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​កូវីដ១៩​មួយ​កន្លែង​នៅ​ក្នុងប្រទេស ត្រូវ​បាន​បិទ​ជា​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បន្ទាប់ពី​បុគ្គលិក​នៅ​ទី​នោះ​ជាង​២០០​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​មាន​ជំងឺ​កូវីដ​១៩វិជ្ជមាន​ស្រប​ពេល​ដែល​ម៉ាឡេស៊ី​ កំពុង​មាន​ការ​កើន​ឡើងនូវ​ករណី​ឆ្លង​ជំងឺ​កូវីដ​ប្រចាំ​ថ្ងៃ​ក្នុង​ចំនួនដ៏​ច្រើន​ដែល​មិន​ធ្លាប់​មាន​កាលពី​ពេលមុន។ នេះ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ម៉ាឡេស៊ី​កំពុង​ប្រយុទ្ធប្រឆាំងនឹង​ការ​ផ្ទុះ​ឆ្លង​រាតត្បាត​ដ៏​ខ្លាំង​នៃ​ជំងឺកូវីដ​១៩​បំប្លែង​ថ្មី​ ហើយ​បាន​បិទ​សកម្មភាព​សង្គម​ដ៏​តឹងតែង​មួយចាប់​តាំងពី​ខែ​មិថុនា​មក។

ម៉ាឡេស៊ី​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំងទ្រង់​ទ្រាយ​ធំ​ដោយ​បាន​បើក​ទីតាំងចាក់​វ៉ាក់សាំង​ជា​ច្រើន​កន្លែង​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ ហើយ​ពលរដ្ឋ​ម៉ាឡេស៊ី​ប្រមាណ​១១%​រហូត​មក​ទល់​ពេល​នេះ​ បាន​ចាក់​វ៉ាក់សាំង​ចំនួន​២ដូស ​ខណៈ​ពលរដ្ឋ​ប្រមាណ២៥%​ទៀត​ ទើប​ទទួលបាន​ចាក់​វ៉ាក់សាំង​ចំនួន​១ដូស​តែ​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋSelangor ដែល​មាន​ការ​ឆ្លង​ខ្លាំង​ត្រូវ​បាន​បង្ខំ បិទ​ទីតាំង​របស់​ខ្លួន​ បន្ទាប់​ពី​បុគ្គលិក​និង​អ្នក​ស្ម័គ្រចិត្ត​ចំនួន​២០៤​នាក់​នៃ​ចំនួន​អ្នក​ធ្វើការ​នៅ​ទី​នោះ​ចំនួន​៤៥៣​នាក់​បាន​ធ្វើ​តេស្តរកឃើញ​ជំងឺកូវីដ​១៩​វិជ្ជមាន។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​លោក​ Khairy Jamaluddin រដ្ឋមន្ត្រី​ទទួល​បន្ទុក​យុទ្ធនាការ​ចាក់​វ៉ាក់សាំងជំងឺ​កូវីដ១៩។

ម៉ាឡេស៊ី​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក Pfizer វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស និង​វ៉ាក់សាំង Sinovac របស់​ចិន។

ម៉ាឡេស៊ី​ មានអ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​កើន​ឡើង​ខ្ពស់​បំផុតដែល​មិន​ធ្លាប់​មាន​ពី​មុន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ គឺ​មាន​អ្នក​ឆ្លងជាង​១១.០០០នាក់ និង​មាន​អ្នក​ស្លាប់​ប្រមាណ​១២៥​នាក់​កាល​ពី​ថ្ងៃ​អង្គារ។

ម៉ាឡេស៊ី​មាន​ប្រជា​ពលរដ្ឋ​សរុប​ទាំង​អស់​ជិត៣៣លាន​នាក់​ដែល​រហូត​មកទល់​ពេល​នេះមាន​សេចក្តី​រាយការណ៍​ថា មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩សរុប​ជាង​៨៥៥.០០០​ករណី និង​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះជិត៦.៤០០​នាក់៕