រដ្ឋាភិបាលម៉ាឡេស៊ីបានហាមឃាត់ជនជាតិកូរ៉េខាងជើងទាំងអស់ ដែលក្នុងនោះមានទាំងអ្នកការទូត និងបុគ្គលិកស្ថានទូតផងដែរ មិនឲ្យចាកចេញពីប្រទេសម៉ាឡេស៊ី។ ចំណែកឯរដ្ឋាភិបាលកូរ៉េខាងជើងក៏បានហាមឃាត់ជនជាតិម៉ាឡេស៊ីទាំងអស់មិនឲ្យចាកចេញពីប្រទេសរបស់ខ្លួនដែរ។
ការសម្រេចចិត្តបែបនេះ បានធ្វើឡើងពេលដែលប្រទេសទាំងពីរបន្តនូវសង្គ្រាមការទូតជាមួយគ្នាទៅវិញទៅមក ដែលសង្គ្រាមការទូតនេះបានកើតឡើងដំបូងដោយសារការស្លាប់លោក Kim Jong Nam បងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un កាលពីខែមុន នៅឯព្រលានយន្តហោះកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការសម្រេចចិត្តរបស់ប្រទេសទាំងពីរដូចនេះ នៅថ្ងៃអង្គារនេះ ធ្វើឡើង បន្ទាប់ពីមានវិធានការពីមុនក្នុងការបណ្ដេញអគ្គរដ្ឋទូតរបស់ប្រទេសទាំងពីរចេញពីប្រទេសរបស់ខ្លួនទៅវិញទៅមក។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak បាននិយាយថា កូរ៉េខាងជើងកំពុងចាប់ប្រជាពលរដ្ឋម៉ាឡេស៊ីធ្វើជាចំណាប់ខ្មាំង ហើយលោកសង្ឃឹមថា កូរ៉េខាងជើងនឹងផ្លាស់ប្ដូរការសម្រេចចិត្តរបស់ខ្លួនភ្លាមៗ ដើម្បីរារាំងមិនឲ្យភាពតានតឹងរីករាលដាលបន្ថែមទៀត។
ការសម្រេចចិត្តរបស់កូរ៉េខាងជើងដូចនេះ ត្រូវបានប្រកាសតាមកញ្ចក់ទូរទស្សន៍ជាតិរបស់ខ្លួន ដោយក្នុងនោះ រដ្ឋាភិបាលកូរ៉េខាងជើងថា ខ្លួននៅតែធ្វើដូចនេះ រហូតទាល់តែរដ្ឋាភិបាលម៉ាឡេស៊ីធានាថា ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីមានសុវត្ថិភាព៕