ម៉ាឡេស៊ី​បាន​រក​ឃើញ​រណ្តៅ​សាកសព​១៣៩ ​សង្ស័យ​ថា​ជាជន​ចំណាក​ស្រុក

ប៉ូលីស​កោសល្យវិច្ច័យ​កាន់​កញ្ចប់​ដែល​ផ្ទុក​បំណែក​សាកសព​សេសសល់​ ដែល​រក​ឃើញ​នៅ​ឯ​ជំរុំ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ព្រៃ​នៅ​ជិត​ព្រំដែន​ប្រទេស​ថៃ​ ភាគ​ខាង​ជើង​ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៥។

ប្រធាន​ប៉ូលីស​ម៉ាឡេស៊ី​និយាយ​ថា ​រណ្តៅ​សព​ចំនួន​១៣៩​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​ជា​សាកសព​របស់​ជន​ចំណាក​ស្រុក ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ​ហើយ​ថា​រណ្តៅ​សាក​សព​ខ្លះ ​មាន​សាក​សព​លើស​ពី​មនុស្ស​ម្នាក់។

លោក Khalid Abu Bakar ប្រធាន​ប៉ូលីស​ជាតិ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​រណ្តៅ​សាក​សព​ត្រូវ​បាន​រក​ឃើញនៅ​ជំរុំ​ដែល​គេ​សង្ស័យ​ថា​ជា​ជំរុំ​ជួញ​ដូរ​មនុស្ស​ទាំង​២៨ ដែល​ទំនងជា​មាន​មនុស្ស​រស់​នៅ​ពី​២០​ទៅ​៣០០​នាក់​ក្នុង​ជំរុំ​នីមួយៗ។

លោក Bakar និយាយ​បន្ត​ទៀត​ថា ក្រុម​រុករក​កំពុង​ជីក​កកាយ​និង​ធ្វើ​ការ​វះ​ពិនិត្យ​សព​ទាំង​នោះ។

តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​ប្រយុទ្ធ​នឹង​វិបត្តិ​មនុស្ស​ធម៌​ពាក់​ព័ន្ធ​មនុស្ស​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​គេ​ជូញ​ដូរ​មក​ពី​ប្រទេស​ភូមា​និង​បង់​ក្លាដែស​លួច​នាំចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​តាមប្រទេស​ថៃ។

ជនជាតិ​បង់​ក្លា​ដែស​ភាគ​ច្រើន​កំពុង​ស្វះស្វែង​គេច​ចេញ​ពី​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ​ខណៈ​ដែល​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ភាគ​ច្រើន​កំពុង​ស្វះស្វែង​គេច​ចេញ​ពី​ការរើសអើង​ដោយ​ក្រុម​អ្នក​កាន់សាសនា​ព្រះ​ពុទ្ធ​ ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ភូមា។

កាល​ពី​ពេល​មុន​ក្រុម​មន្រ្តី​បាន​បដិសេធ​ថា ​មិន​មាន​រណ្តៅ​សាក​សព​ឬ​ជំរុំ​ទាសករ​បែប​នេះ​នៅ​លើ​ទឹក​ដីម៉ាឡេស៊ី​ទេ។

ជំរុំ​និង​រណ្តៅ​សាកសព​ស្រដៀង​គ្នា​នេះ​ដែរ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ដើម​ខែ​នេះ​នៅ​ជិត​ព្រំដែន​ខាង​ក្នុង​ទឹក​ដី​ថៃ ​ដែល​រួម​មាន​ជនជាតិ​បង់ក្លាដែស​និង​រ៉ូហ៊ីងយ៉ា​ ដែល​រត់​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ក្នុង​ប្រទេស​ភូមា។

នៅ​ដើម​ខែ​នេះ ​ជន​ចំណាក​ស្រុកអាស៊ី​អាគ្នេយ៍​ជាង​៣៥០០​នាក់ ​បាន​ហែល​ទឹក​ទៅ​កាន់​ឆ្នេរ​សមុទ្រ​ ឬ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ពី​ទូក​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី ថៃ ​និង​បង់​ក្លា​ដែស។

កាល​ពី​ថ្ងៃ​អាទិត្យ​ លោកស្រី​នាយករដ្ឋ​មន្រ្តីSheikh Hasinaនៃ​ប្រទេស​បង់ក្លាដែស ​បាន​និយាយ​ថា ​ជន​ចំណាក​ស្រុក​ក្រីក្រដែល​កំពុង​គេច​ចេញ​ពី​ប្រទេស​របស់​លោកស្រី​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្យានុភាព​របស់​ប្រទេស​ខ្លួន​ ហើយថា​ជន​ចំណាក​ស្រុកទាំង​នោះ​មាន​ជំងឺ​សសៃ​ប្រសាទ៕