ចំនួនករណីជំងឺគ្រុនចាញ់នៅកម្ពុជាបានធ្លាក់ចុះ៧០ភាគរយគឺពីចំនួន១៥១៦៥ករណីក្នុងពេល៦ខែដើមឆ្នាំ២០១៩មកនៅត្រឹមចំនួន៤៥៤០ករណីក្នុងពេល៦ខែដើមឆ្នាំ២០២០នេះ។ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១៥ខែកក្កដា បញ្ជាក់បន្ថែមថាមិនមានអ្នកស្លាប់ទេក្នុងករណីជំងឺគ្រុនចាញ់ទាំង៤៥៤០នោះ។ ស្ថានភាពជំងឺគ្រុនចាញ់ឆ្នាំ២០២០នេះមានរាយប៉ាយនៅតំបន់ព្រៃភ្នំ ពិសេសនៅខេត្តកំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ពោធិសាត់ និងស្ទឹងត្រែង។
ការប្រកាសរបស់ក្រសួងសុខាភិបាលនេះធ្វើឡើងពីរថ្ងៃក្រោយពីមានការចេញផ្សាយការសិក្សាថ្មីមួយដែលព្រមានថា ជំងឺកូវីដ១៩អាចមានសក្តានុពលធ្វើឲ្យអាក់ខានដល់សេវាកម្មសុខាភិបាលដែលផ្តោតទៅលើជំងឺអេដស៍ របេងនិងគ្រុនចាញ់ក្នុងប្រទេសមានចំណូលទាបនិងមធ្យមនេះ។
ការសិក្សាដែលបានចុះផ្សាយនៅលើទិន្ទានុប្បវត្តិសុខភាពសកល The Lancet នេះរកឃើញថា ការអាក់ខានការផ្តល់សេវាកម្មសុខាភិបាលទៅលើជំងឺគ្រុនចាញ់ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩អាចបណ្តាលឲ្យមានករណីស្លាប់កើនឡើងក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត។
មជ្ឈមណ្ឌលសហរដ្ឋអាមេរិកគ្រប់គ្រងនិងបង្ការជំងឺនៅតែដាក់កម្ពុជាស្ថិតក្នុងប្រទេសដែលមានហានិភ័យនៃការឆ្លងជំងឺគ្រុនចាញ់នៅឡើយ ជាពិសេសជំងឺគ្រុនចាញ់ប្រភេទសន្ធំ(P. falciparum)។
ក្រសួងសុខាភិបាលកម្ពុជាលើកឡើងថា ជំងឺគ្រុនចាញ់ប្រភេទសន្ធំនេះមានចំនួន៣៨១ករណីគឺថយចុះ៨០ភាគរយបើធៀបនឹងឆ្នាំ២០១៩៕