ក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិចំនួន ១៦៣ ស្ថាប័ន ជំរុញឱ្យប្រធានធនាគារពិភពលោក (Wolrd Bank) លោក Ajay Banga ថ្កោលទោសចំពោះការវាយប្រហាររបស់រដ្ឋាភិបាលកម្ពុជាលើក្រុមសិទ្ធិមនុស្ស រួមទាំងការសងសឹកចំពោះភាគីពាក់ព័ន្ធក្នុងគម្រោងរបស់ធនាគារពិភពលោកផងដែរ។
បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២១ ខែតុលា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមានការកើនឡើងគួរឲ្យបារម្ភចំពោះការគាបសង្កត់របស់រដ្ឋាភិបាលកម្ពុជាលើសំឡេងរិះគន់ តួយ៉ាងដូចជាការវាយប្រហារទៅលើក្រុមសិទ្ធិមនុស្សល្បីឈ្មោះចំនួនពីរគឺមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និងអង្គការសមធម៌កម្ពុជា។
ក្នុងករណីទាំងពីរនេះ ការសងសឹកត្រូវបានផ្សារភ្ជាប់ទៅនឹងសកម្មភាពសិទ្ធិមនុស្សស្របច្បាប់របស់ក្រុមអ្នករិះគន់ ជាពិសេសទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីធានាបាននូវការការពារសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងគម្រោងដែលគាំទ្រដោយធនាគារពិភពលោក។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។
សេចក្តីថ្លែងការណ៍បន្ថែមថា៖ «យើងអំពាវនាវឱ្យថ្នាក់ដឹកនាំធនាគារពិភពលោកទាមទារឱ្យបញ្ឈប់ការវាយប្រហារទាំងនេះ និងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ស្របតាមជំហររបស់ខ្លួនស្តីពីការសងសឹកប្រឆាំងនឹងសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធគម្រោង ដើម្បីធានាថា អ្នកការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសអាចបន្តការងាររបស់ពួកគេ ដោយមិនប្រឈមមុខនឹងការសងសឹកបន្ថែមទៀត»។
អង្គការដែលចូលរួមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នោះ មានដូចជា អង្គការ World Organization Against Torture របស់ប្រទេសស្វីស អង្គការ Urgewald របស់ប្រទេសអាល្លឺម៉ង់ និងអង្គការ Worker-Driven Social Responsibility Network របស់សហរដ្ឋអាមេរិកជាដើម។
ដោយឡែក អង្គការ The Observatory ដែលជាស្ថាប័នការពារសិទ្ធិមនុស្សអន្តរជាតិសំខាន់មួយក៏បានរំលេចផងដែរក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែករបស់ខ្លួន អំពីការវាយប្រហារលើអង្គការសង់ត្រាល់ (CENTRAL) និងអង្គការសមធម៌។
អង្គការនេះបានសង្កត់ធ្ងន់ថា៖ «ការវាយប្រហារទាំងនេះគឺជាផ្នែកមួយនៃការបង្ក្រាបយ៉ាងទូលំទូលាយលើសង្គមស៊ីវិលដែលត្រូវតែបញ្ចប់ នៅមុនលម្ហប្រជាធិបតេយ្យសេសសល់ចុងក្រោយត្រូវបានបិទ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយតាមសារអីមែលពីធនាគារពិភពលោកប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកបាននៅឡើយទេ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា ប្រាប់វីអូអេថា រដ្ឋាភិបាលកម្ពុជាមិនមានការបង្ក្រាបសំឡេងប្រឆាំងទេ តែលោកថា មានតែចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងបុគ្គលដែលសង្ស័យថា បានប្រព្រឹត្តបទល្មើស។
លោកបានបន្ថែមថា ការអនុត្តច្បាប់នេះទៀតសោតមិនមែនជាការធ្វើទុក្ខបុកម្នេញដូចការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលនោះទេ។
លោកថ្លែងថា៖ «អ៊ីចឹងទាំងអស់គ្នាសូមរួមគ្នាដើម្បីធ្វើម៉េចឱ្យរាល់សកម្មភាពទាំងឡាយដែលធ្វើ អ្នកណាក៏ដោយ ធ្វើដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន នៅក្នុងក្របខណ្ឌច្បាប់ ហើយនឹងការគោរពសិទ្ធិគ្នាទៅវិញទៅមក។ នេះគឺជាតម្លៃដែលយើងត្រូវរួមគ្នាកសាង មិនមែនជំរុញលើកទឹកចិត្តឱ្យមនុស្សប្រព្រឹត្តខុសច្បាប់ ហើយយើងការពារទេ។សូមជម្រាបជូន»។
អ្នកនាំពាក្យរូបនេះស្នើឱ្យក្រុមអង្គការសង្គមស៊ីវិលដែលបង្កើតឡើងគឺ ត្រូវធ្វើការដើម្បីប្រយោជន៍ប្រទេសជាតិ ជាជាងបង្កើតឡើងដើម្បីការពារក្រុមគ្នាឯងដែលប្រព្រឹត្តខុស។ ជាងនេះទៀត លោកថា ការមានមោទនភាពជាតិ និងអធិបតេយ្យភាពជាតិ មានសារៈសំខាន់ ដែលបានធ្វើឲ្យគំនិតនៃការពឹងពាក់បរទេសឱ្យធ្វើអ្វីមួយមកលើជាតិសាសន៍ខ្លួនឯងនោះក្លាយជា«គំនិតហួសសម័យ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា ប្រាប់វីអូអេថា លោកមានការបារម្ភពាក់ព័ន្ធនឹងការលើកឡើងនានារបស់អង្គការជាតិ និងអន្តរជាតិលើបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលលោកថា ការណ៍នេះអាចធ្វើឱ្យដៃគូអភិវឌ្ឍន៍នានាពិចារណានៅក្នុងការចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា។
លោកថ្លែងថា៖ «អ៊ីចឹងទេអានេះជាចំណុចមួយដែលយើងទាំងអស់គ្នាមានការបារម្ភចំពោះស្ថានភាពនៃការបន្តលើកឡើងរបស់អង្គការជាតិ ពិសេសេអង្គការអន្តរជាតិ សហគមន៍អន្តរជាតិនេះ ពីព្រោះថា ប្រសិនបើសហគមន៍អន្តរជាតិនៅតែបន្តលើកឡើងអំពីបញ្ហាស្ថានភាពមិនល្អពីសេរីភាពនៅក្នុងប្រទេសយើង ការអនុវត្តសិទ្ធិនៅក្នុងប្រទេសយើងបែបនេះ ខ្ញុំគិតថា ចង់មិនចង់ដៃគូអភិវឌ្ឍន៍អន្តរជាតិដទៃៗទៀតគេនឹងមានការពិចារណាហើយនៅក្នុងការថា តើគួរឱ្យមានការចូលមកអភិវឌ្ឍ រកស៊ីជាមួយនឹងកម្ពុជាដែរឬអត់?»
បើតាមលោក នី សុខា ការច្រានចោលរបស់រដ្ឋាភិបាលលើការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ មិនចំណេញអ្វីដល់រដ្ឋាភិបាលឡើយ៕