ទំនិញ​ផលិត​នៅ​វៀតណាម​កើន​ប្រជាប្រិយ​ភាព​នៅ​សហរដ្ឋ​អាមេរិក

រូប​ឯកសារ៖ ហាង​មួយ​នៅ​ក្នុង​ប្រទេស​វៀតណាម​លក់​ទំនិញ​ដែល​មាន​ស្លាក​ថា «ផលិត​ក្នុង​ប្រទេស​វៀតណាម»។

ប្រទេស​វៀតណាម​គឺ​ប្រភព​ស្នូល​នៃ​ការ​នាំ​ចេញ​គ្រឿង​អេឡិចត្រូនិក គ្រឿង​សង្ហារឹម សម្លៀក​បំពាក់ ស្បែកជើង និង​ត្រី ទៅ​កាន់​សហរដ្ឋ​អាមេរិក។ ហើយ​ប្រទេស​នេះ​ក៏​ជា​អ្នក​នាំ​ចេញ​កាហ្វេ អង្ករ និង​ម្ហូប​អាហារ​ផ្សេងទៀត ដ៏​សំខាន់​មួយ​ផងដែរ​នៅ​លើ​ពិភពលោក។

ទូរស័ព្ទ​ដៃ កៅអី​ពូក និង​សម្លៀកបំពាក់ «ផលិត​នៅ​វៀត​ណាម» កាន់តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់​សម្រាប់​ពលរដ្ឋ​អាមេរិកាំង។ កម្រិត​នៃ​ការ​នាំចូល​របស់​សហរដ្ឋ​អាមេរិក​មក​ពីប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​កើន​ឡើង​ខ្លាំង ដែល​ការណ៍​នេះ​បង្ហាញ​ថា​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ប្រសើរ​ឡើង បើ​ទោះបី​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាង​មុន​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​វៀត​ណាម​ក្តី។

សហរដ្ឋ​អាមេរិក​បាន​បង្កើន​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ចំនួន ៣៦ ភាគរយ កាល​ពី​ឆ្នាំ​មុន ដែល​ស្មើ​នឹង ៦៧ ពាន់​លាន​ដុល្លារ ដែល​នេះ​គឺ​ជា​កំណើន​ខ្ពស់​បំផុត​ក្នុង​មួយ​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ ២០០៣ មក។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ជំរឿន​សហរដ្ឋ​អាមេរិក។

លោក Michael Ryan ប្រធាន​ផ្នែក​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​ការ​វិនិយោគ IHS Markit Economics បាន​ឲ្យ​ដឹង​ថា កំណើន​នេះ​បង្ហាញ​ថា ប្រទេស​វៀត​ណាម​កំពុង​វិវឌ្ឍន៍​ទៅ​មុខ​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ជា​មួយ​សហរដ្ឋ​អាមេរិក។

អាជីវកម្ម​ជា​ច្រើន​បាន​ផ្លាស់​ទី​ទៅ​កាន់​ប្រទេស​វៀត​ណាម ដើម្បី​កុំ​ឲ្យ​ពឹង​ផ្អែក​ច្រើន​ពេក​តែ​លើ​ប្រទេស​ចិន ដោយ​សារ​ការ​ធ្វើ​អាជីវកម្ម​ក្នុងប្រទេស​ចិន​កាន់តែ​ត្រូវការ​ចំណាយ​ច្រើន​ជាង ឬ​ក៏​ពិបាក​ធ្វើ​អាជីវកម្ម​ដោយ​សារ​ហេតុ​ផល​មួយ​ចំនួន​ដូចជា​សង្គ្រាម​ពាណិជ្ជកម្ម​ជា​មួយ​សហរដ្ឋ​អាមេរិក ការ​ឆ្លង​រាត​ត្បាត​នៃមេរោគ​កូរ៉ូណា​ថ្មី និង​ការ​ចំណាយ​ថ្លៃ។

លោក Ryan បាន​និយាយ​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​បាន​ក្លាយ​ជា​ក្បាល​ម៉ាស៊ីន​នាំ​ចេញ​ដ៏​សំខាន់​បំផុត​សម្រាប់​វៀតណាម ដែល​ការ​នាំ​ចេញ​នេះ​ស្មើ​នឹង ២ ភាគ ៣ នៃ​ការ​កើន​ឡើង​នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ ២០១៩»។

ប្រទេស​វៀតណាម​គឺ​ប្រភព​ស្នូល​នៃ​ការ​នាំ​ចេញ​គ្រឿង​អេឡិចត្រូនិក គ្រឿង​សង្ហារឹម សម្លៀក​បំពាក់ ស្បែកជើង និង​ត្រី ទៅ​កាន់​សហរដ្ឋ​អាមេរិក។ ហើយ​ប្រទេស​នេះ​ក៏​ជា​អ្នក​នាំ​ចេញ​កាហ្វេ អង្ករ និង​ម្ហូប​អាហារ​ផ្សេងទៀត ដ៏​សំខាន់​មួយ​ផងដែរ​នៅ​លើ​ពិភពលោក។

បន្ទាប់​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ប្រទេស​វៀតណាម​ឲ្យ​ទិញ​ផលិតផល​អាមេរិក​ឲ្យ​បន្ថែម​ទៀត វៀតណាម​បាន​ប្រកាស​កាល​ពី​ខែ​មីនា​ថា ខ្លួន​នឹង​ទិញ​ទំនិញ​កសិកម្ម ដូចជា​សណ្ដែក​សៀង ចំណី​សត្វ និង​ស្រូវ​សាលី ក្នុង​ទឹក​ប្រាក់ ៣ ពាន់​លាន​ដុល្លារ បន្ថែម​ពី​លើ​ការ​ប្រកាស​ទិញ​យន្តហោះ​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​កន្លង​ទៅ។

លោក Trump បាន​គំរាម​យក​ពន្ធ​គយ ដោយ​បាន​និយាយ​កាល​ពី​ខែ​មិថុនា​ថា ប្រទេស​វៀតណាម​បាន​រំលោភ​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម ប៉ុន្តែ​លោក​មិន​បាន​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ​នោះ​ទេ។ លោក​បាន​និយាយ​ថា លោក​ចង់​កាត់​បន្ថយ​គម្លាត​នៃ​ការ​នាំ​ចេញ​របស់​សហរដ្ឋ​អាមេរិក​ទៅ​វៀតណាម ជាមួយ​នឹង​ចំនួន​ដ៏​ច្រើន​នៃអ្វី​ដែល​សហរដ្ឋ​អាមេរិក​នាំ​ចូល​ពី​ប្រទស​វៀត​ណាម។

ផ្ទុយ​ទៅ​វិញ គម្លាត​នេះ​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ចាប់​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៩។ នេះ​បើ​យោង​តាម​ការិយាល័យ​ជំរឿន​របស់​សហរដ្ឋ​អាមេរិក។ ទោះបីជា​សេដ្ឋវិទូ​មួយ​ចំនួន​បាន​និយាយ​ថា តុល្យភាព​ពាណិជ្ជកម្ម មិន​មែន​ជា​វិធី​សំខាន់​សម្រាប់​វាស់​ស្ទង់​ភាព​ជោគជ័យ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក៏​ដោយ ក៏​វៀត​ណាម​នាំ​ចេញ​ច្រើន​បន្ថែម​ទៀត​ដោយារតែ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហដ្ឋ​អាមេរិក និង​ចិន។

លោក​សាស្ត្រាចារ្យ Jing Wu ដែល​មក​ពី​មហាវិទ្យាល័យ​ពាណិជ្ជកម្ម​នៃ​សាកល​វិទ្យាល័យ Chinese University of Hong Kong បាន​និយាយ​ថា សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក Trump មិន​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ទាំងឡាយ​ផ្លាស់ទី​ទៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​ទាំង​នោះ​បាន​ផ្លាស់ទី​ទៅ​កាន់​ប្រទេស​ផ្សេង​ដូច​ជា​ប្រទេស​វៀតណាម​ជា​ដើម។

លោក Jing Wu បញ្ជាក់​ដូច្នេះ​ថា៖ «ផ្ទុយ​ទៅ​នឹង​សម្មតិកម្ម​ដែល​ថា ក្រុមហ៊ុន​ទាំង​នោះ​ផ្លាស់​ទីតាំង​ផលិត​ទៅ​សហរដ្ឋ​អាមេរិក​វិញ​ដោយ​សារ​មាន​សុវត្ថិភាព​ជាង​នោះ យើង​រក​ឃើញ​ថា កំណើន​នៃ​ភាព​មិន​ច្បាស់​លាស់​នៃ​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ឲ្យ​រអាក់រអួល​ដល់​ដំណើរ​ការ​ផលិតកម្ម​របស់​ក្រុមហ៊ុន​អាមេរិក​នៅ​បរទេស​ទៅ​វិញ»។

លោក Jing Wu និង​សហការី​របស់​លោក បាន​សិក្សា​ពី​ទំនាក់​ទំនង​រវាង​ភាព​មិន​ប្រាកដប្រជា នៃ​ពាណិជ្ជកម្ម និង​ការ​ប្ដូរ​ទីតាំង​នៃ​ក្រុមហ៊ុន​អាជីវកម្ម ហើយ​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​អាជីវកម្ម​មាន​និន្នាការ​បំបែក​ទៅ​ប្រទេស​ផ្សេងៗ​ក្នុង​ពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​កើត​ឡើង​នេះ។ ពួកគេ​បាន​លើក​ឧទាហរណ៍​ដូច​ជា​ក្រុមហ៊ុន Apple ក្រុមហ៊ុន Chevron និង​ក្រុមហ៊ុន L Brands ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Victoria's Secret ជា​ដើម ដែល​ភាគ​ច្រើន​បាន​ផ្លាស់​ទីតាំង​ទៅ​កាន់​ប្រទេស​វៀតណាម។

ការ​សិក្សា​របស់​ពួកគេ​នេះ​បាន​ធ្វើ​ឡើង​មុន​ពេល​មាន​ការ​ផ្ទុះ​ឡើង និង​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19 ដែល​ជំងឺ​នេះ​បាន​បង្អាក់​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ និង​ការ​នាំ​ចេញ​ជុំវិញ​ពិភពលោក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អាជីវកម្ម​នានា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នៅ​បន្ត​សកម្មភាព និង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​វៀតណាម នៅ​ក្រោយ​ពេល​ដែល​វិបត្តិ​នេះ​បញ្ចប់​ទៅ។ ជា​ឧទាហរណ៍ ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក​អាស៊ាន បាន​បន្ត​ផែនការ​បញ្ជូន​គណៈប្រតិភូ​ពាណិជ្ជកម្ម​ទៅ​កាន់​ប្រទេស​វៀតណាម​កាល​ពី​ខែ​មីនា​នៅ​ពេល​កំពុង​មាន​វិបត្តិ​ជំងឺ​នេះ។

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា