ការ​លា​ចេញ​ពី​ដំណែង​របស់​លោក​ Flynn ​បង្កើន​ការ​ព្រួយ​កង្វល់​អំពី​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​នៅ​សេតវិមាន

លោក Mike Flynn បាន​មក​ដល់​កន្លែង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន​ កាល​ពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ។

ការលា​លែង​ចេញ​ពី​ដំណែង​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រ​ធា​នា​ធិបតី​ត្រាំ ​អាច​ធ្វើ​ឲ្យ​មានភាព​ស្មុគ្រ​ស្មាញ​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ទៅ​ហួស​ពី​នោះ​ទៀត។

នៅ​ពេល​ដែល​ថ្ងៃ​ថ្មី​បាន​ចាប់​មាន​ពន្លឺ​នៅ​សេតវិមាន ​លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​ចេញសារ​តាម​ Twitter ​ការពារ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក។ លោក​ប្រធា នាធិបតី​ ត្រាំ បាន​សរសេរ​តាម Twitter ថា៖ «តើ​ហេតុ​អ្វី​បាន​ជាមាន​ការ​លេច​ចេញ​ព័ត៌មាន​ខុស​ច្បាប់​ដ៏​ច្រើន​នៅវ៉ាស៊ីនតោន?‍»។

ក្រោយ​មក ​លោក ​Sean Spicer​ អ្នកនាំ​ពាក្យ​សេតវិមាន ​បាន​បញ្ជាក់​សារ​របស់​ប្រធានា​ធិបតី​ត្រាំ​ឡើង​វិញ។ អ្នក​នាំពាក្យ​សេតវិមាន ​Spicer ​និយាយ​ថា៖ «នេះ​ជា​ការ​ព្រួយ​កង្វល់​ពិត​ប្រាកដ​សម្រាប់​លោកប្រធានា​ធិបតី។​ យើង​ត្រូវ​តែ​ឆ្ងល់​ថា​តើ​មនុស្ស​ដែល​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាលយើង​ដែល​ត្រូវ​បាន​ទុក​ចិត្ត​ឲ្យ​ការពារ​ព័ត៌មាន​និង​ឯកសារ​សម្ងាត់​ កំពុង​ធ្វើ​ឲ្យ​លេច​ធ្លាយ​ព័ត៌មាន​នោះ‍​ឬ​ទេ?»។

ពួក​អតីត​មន្រ្តី​និង​មនុស្ស​ផ្សេង​ទៀត​យល់​ស្រប​ថា ​ការ​លេច​ធ្លាយ​មិន​មែន​ជា​ការ​ល្អទេ ក៏ប៉ុន្តែ ​បាន​ហៅ​ការ​លា​ចេញ​ពី​ដំណែង​របស់​លោក​ Mike Flynn ​ជា​ការ​អាម៉ាស​និង​ព្រួយ​បារម្ភ​ខ្លាច​មាន​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង។

លោក ​John McCain ជា​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​យោ​ធា​របស់​ព្រឹទ្ធសភា ​បាន​ចាត់​ទុក​ការ​លា​ចេញ​ ពី​ដំណែង​របស់​លោក​ Flynn ​ថា​ជា​ការបង្ហាញ​នូវ​ការ​រំខាន​នៃ​ការ​មិន​មាន​ដំណើរ​ការ​របស់​បណ្តាញ​សន្តិសុខ​ជាតិ​នៅ​ពេល​បច្ចុប្បន្ន​នេះ។

លោក ​John McCainមាន​ប្រសាសន៍​ទៀត​ថា៖ «ការណ៍​នេះ ​បង្កើននូវ​សំណួរ​បន្ថែម​ទៀត​អំពី​គោល​បំណង​របស់​រដ្ឋ​បាល​លោក ត្រាំ ចំពោះ​ប្រធានា​ធិបតី​រុស្ស៊ី​ Vladimir Putin។

ពួក​តំណាងរាស្រ្ត​រុស្ស៊ី​បាន​រិះ​គន់​តបត​វិញ។ លោក ​Leonid Slutsky​ ប្រធាន​គណៈកម្មាធិការ​ទំនាក់​ទំនង​ការ​បរទេសក្នុង​សភា​ Duma​រុស្ស៊ី​និយាយ​ថា៖ «ការណ៍​នេះ​ក្លាយ​ជា​ការ​វាយ​ប្រហារ​ប្រឆាំង​យើង​ដែលមាន​ចេតនា​ថា ​យើង​បាន​ពិភាក្សាបញ្ហា​មិន​ត្រឹម​ត្រូវ​ជាមួយ​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ‍សហរដ្ឋ​អាមេរិក»។

លោក ​Barry Posen​ នៃ​មជ្ឈមណ្ឌល ​KLUGE​ នៅ​បណ្ណាល័យ​សភា​បាន​និយាយ​ថា ការលា​ចេញ​ពី​តំណែង​របស់​លោក​ Mike Flynn ​កើត​មាន​ឡើង​ចំពេល​មិន​ល្អ។ លោក​និយាយ​ថា៖ «លោក​ទើបតែ​បាន​ចាប់​ផ្តើម​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​និង​គោល​នយោបាយ​សន្តិសុខ​ជាតិ​ដែល​មិន​ធ្លាប់​មានកាល​ពី​ពេល​មុន។ ឥឡូវ​ លោក​បាន​ចាក​ចេញ​បាត់​ហើយ‍»។

នេះ​ជា​រឿង​សំខាន់​សម្រាប់​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ដែលព្យាយាម​កំពុង​ស្វែង​យល់​លទ្ធិគោល​នយោបាយការ​បរទេស​របស់​ប្រធានា​ធិបតីត្រាំ។ លោក ​Tom Keaney នៃ​សាលា​ការ​សិក្សា​អន្ត​រជាតិ​ជឿន​លឿន​នៃ​សា​កល​វិទ្យាល័យ ​Johns Hopkins ​បាន​និយាយ​ថា៖ «ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ ​ជាតួនាទី​ដ៏​សំខាន់​មួយ ​ប្រហែល​មាន​សារៈ​សំខាន់​ដូចជា​ខាង​ការទូត​ដែល​ចេញ​ពីក្រសួង​ការបរទេស​ហើយ​ឯកអគ្គរដ្ឋទូត ​និង​ ក្រសួង​ការពារ​ប្រទេស»។

អតីត​មន្រ្តី​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​និយា​យថា ​នៅមាន​ពេល​វេលា​នៅ​ឡើយ​សម្រាប់​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដើម្បី​ឲ្យ​បាន​សម្រេច​ជោគ​ជ័យ ​ហើយ​ថា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​អាច​ជួយ ​ទោះ​ជា​វា​អាច​មិន​គ្រប់គ្រាន់​ក៏ដោយ។លោក​ Luke Hartig​ នៃ​មូល​និធិ New American​ និយាយ​ថា៖ «ការណ៍​ដែល​មាន​លោក​បញ្ចេញ​ព័ត៌មាន​ បញ្ចេញ​សេចក្តី​ថ្លែងការណ៍​ដែលប្រ​ហែល​មិន​បាន​ទទួលការ​អនុម័ត​ពី​សេតវិមាន​នោះ ​ខ្ញុំ​គិត​ថា ​អាច​ជា​បញ្ហា​មួយ​ហើយ​ខ្ញុំ​គិត​ថា ការណ៍​នេះ​នឹង​ត្រឡប់​មក​បន្លាច​លោក​វិញ​តាម​វិធី​ដែល​យើង​មិន​អាច​ឃើញ​នៅពេល​នេះ»។

នេះ​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​អ្នកណា​ដែល​នឹង​ឡើង​កាន់តួនាទី​ដ៏​សំខាន់​នេះ៕

ប្រែសម្រួល​ដោយ ជឹង ប៉ូជីន