ការកាត់ទោស​លូបាងហ្គា​លើក​ស្ទួយ​តម្លៃ​របស់​​តុលាការ​ឧក្រិដ្ឋកម្ម​​អន្តរជាតិ​តែ​ចំណុច​ខ្សោយ​នៅ​មាន​ដដែល

  • Henry Ridgwell

លោក ថំម៉ាស លូបាងហ្គា​(Thomas Lubanga)

ការកាត់​ទោស​លោក ថំម៉ាស លូបាងហ្គា​(Thomas Lubanga)កាល​ពីថ្ងៃ​ពុធ នៅឯ​តុលាការឧក្រិដ្ឋ​កម្ម​អន្តរជាតិ (ICC) ស្តីពី​បទ​ចោទ​ប្រកាន់​ចំពោះ​ការកេណ្ឌទាហាន​កុមារ នៅ​សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ (DRC) គឺជាពេលវេលាប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ស្ថាប័ន​នេះ។ នេះ​ ជា​ការកាត់ទោស​ប្រកប​ដោយ​ភាពជោគជ័យ​លើក​ដំបូង​បង្អស់ នៅក្នុង​ប្រវត្តិសាស្រ្ត​រយៈពេល​១០​ឆ្នាំ​របស់​តុលាការនេះ។ ប៉ុន្តែ ក្រុម​អ្នក​វិភាគ​និយាយ​ថា តុលាការ ICC នៅតែ​មានចំណុចខ្វះខាតយ៉ាង​ច្រើន ដើម្បី​ក្លាយ​ទៅជា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ពិតប្រាកដ​មួយ។

ក្នុងនាម​ជាអគ្គ​រដ្ឋអាជ្ញា លោក ល្វីស ម៉ូរេណូ អូកាំប៉ូ (Luis Moreno-Ocampo) បាន​ក្លាយ​ជាមុខមាត់នៅលើសកល​លោក​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ នៅ​ទីក្រុង ឡាអេ (Hague)។ ការកាត់​សេចក្តីលោក ថំម៉ាស លូបាងហ្គា ដែល​ជាការ​កាត់ទោស​លើក​ទីមួយ​នៅក្នុង​ប្រវត្តិសាស្រ្ត​របស់​តុលាការ​នេះ ​បាន​ក្លាយ​ជាពេលវេលាដ៏​អស្ចារ្យមួយ សម្រាប់​មេធាវីជាតិ អាហ្សង់ទីន (Argentine) រូបនេះ។

លោក ល្វីស ម៉ូរេណូ អូកាំប៉ូ (Luis Moreno-Ocampo) អគ្គ​រដ្ឋអាជ្ញារបស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ

«តុលាការ​អន្តរជាតិនេះ បានស៊ើប​អង្កេត​ទៅលើ​ការឈឺចាប់​របស់​សមាជិក​នៃ​មនុស្ស​ជាតិ​មួយ​ចំនួន ដែល​ងាយ​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​បំផុត មាន​ដូចជា​កុមារ​នៅក្នុង​តំបន់​សង្រ្គាម។ តុលាការ​បាន​ផ្តល់​នូវ​ការកាត់​សេច​ក្តីប្រកប​ដោយ​យុត្តិធម៌សម្រាប់​ជនសង្ស័យ ហើយ​បាន​កាត់ទោសលោក។ ការ​កាត់​សេចក្តី​នេះ​ គឺ​ជា​ជោគជ័យ​មួយ​សម្រាប់​មនុស្ស​ជាតិ»។

បទ​ចោទប្រកាន់​នៅក្នុង​ការកាត់​សេចក្តី​ លូបាងហ្គា ផ្អែក​ទាំងស្រុង​ទៅលើ​ការប្រើប្រាស់​ទាហាន​កុមារ។

លោក ហ្វីល ក្លាក (Phil Clark) អ្នកវិភាគ​ស្តី​ពី​តុលាការ ICC នៃ​សាកល​វិទ្យាល័យ ឡុងដុង (London University) និយាយ​ថា វិសាលភាព​និង​ដែន​ឥទ្ធិពល​របស់​តុលាការ​នេះ នៅមាន​កម្រិត​នៅឡើយ។

«ខ្ញុំ​គិតថា មាន​ភាពមន្ទិល​សង្ស័យ​កាន់តែខ្លាំង​ឡើងស្តីពីថាតើតុលាការ ICC អាច​ផ្លាស់ប្តូរឥទ្ធិពលនៃ​ជម្លោះ​នៅនឹង​កន្លែងដែរឬ​ទេ។ ខ្ញុំ​គិតថា មាន​អារម្មណ៍ថា តុលាការ​នេះ​ ជា​ស្ថាប័ន​ដែល​ស្ថិត​នៅ​ដាច់ឆ្ងាយ​។ តុលាការ​នេះ មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង ឡាអេ ហើយ​គ្មាន​ទំនាក់​ទំនង​ជាមួយនឹងជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ​នៅនឹង​កន្លែងទេ។»

ក្រៅពីសំណុំ​រឿងក្តី​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ រដ្ឋអាជ្ញា​របស់​តុលាការ ICC បាន​បើក​ការស៊ើប​អង្កេត​ទៅលើហេតុការណ៍​ចំនួន​៧កន្លែងផ្សេង​ទៀត នៅទ្វីប​អាហ្វ្រិក។

នៅក្នុង​ចំណោម​ហេតុការណ៍ទាំងនោះ មានការស៊ើបអង្កេត​ទៅលើ កង​ទ័ពតស៊ូ​ព្រះជាម្ចាស់ (Lord’s Resistance Army) ដែល​មាន​ដើម​កំណើត​ចេញពី​ប្រទេស អ៊ុយហ្គាន់ដា (Uganda)។ មេដឹកនាំរបស់​ក្រុមនេះ​ ​ឈ្មោះ​លោក ចូស្សែប កូនី (Joseph Kony) ក៏ត្រូវបាន​ចោទប្រកាន់​ពីបទ​ការ​កេណ្ឌទាហាន​កុមារ​រាប់​ម៉ឺន​នាក់​ដោយ​បង្ខំ​ដែរ។

លោក កូនី ទទួលបាន​ការចាប់អារម្មណ៍​ពី​សារព័ត៌មាន​នៅទូទាំង​ពិភពលោក​ កាលពីប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បន្ទាប់ពី​ខ្សែ​វីដេអូ​មួយ​ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុម​តស៊ូមតិ ​ឈ្មោះ​ថា កុមារ​អាថ៌កំបាំង ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Invisible Children ​ដែល​បាន​គូស​បញ្ជាក់ពី​បទចោទប្រកាន់ប្រឆាំង​ទៅនឹង​រូបលោក ត្រូវបាន​ផ្សព្វផ្សាយ​ពាស​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត។

ប៉ុន្តែ អ្នកវិភាគ ហ្វីល ក្លាក មាន​ប្រសាសន៍ថា តុលាការ​នេះ​ មិន​ស៊ី​សង្វាក់​ជាមួយ​នឹងគោលដៅ​របស់​ខ្លួន​សោះ។

«កាលពី​ពេលថ្មីៗនេះ ឧទាហរណ៍​ដ៏ល្អ​ក្នុង​រឿងនេះ គឺថា​តុលាការ ICC មិនបានជួយអ្វីទាំងអស់ ខណៈដែលរដ្ឋាភិបាល អ៊ុយហ្គាន់ដា បាន​បាញ់រះ​លើ​ជនស៊ីវិល​របស់​ខ្លួន បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ឆ្នាំ​មុន។ នេះ​ជា​ឧទាហរណ៍ស្តីពីប្រទេស​មួយ ​ដែល​តុលាការ ICC បានធ្វើការ​អស់​រយៈពេល​ជាយូរ​មកហើយ ដែលគ្មានការផ្លាស់ប្តូរ​អ្វីសោះ​ នៅ​ក្នុងជម្លោះ​នេះ​ទេ។»

សមាជិក​អចិន្រ្តៃយ៍​ចំនួន​បី​ របស់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មាន​ដូចជា សហរដ្ឋ​អាមេរិក(US) រុស្សី (Russia) និង​ចិន (China) បាន​បដិសេធ​មិនព្រម​ចុះ​ហត្ថលេខា​ជាមួយ​តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ ដោយ​បាន​លើកឡើង​អំពី​ការ​ព្រួយ​បារម្ភពី​ការ​ចោទ​ប្រកាន់​ដោយ​សារបុព្វហេតុ​នយោបាយ។

លោក ក្លាក និយាយ​ថា លោក អូកាំប៉ូ រដ្ឋអាជ្ញា​នៃ​តុលាការ ICC កំពុង​កសាង​ទំនាក់ទំនង​យ៉ាងកក់ក្តៅ​ ​ជាមួយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។

«លោក​មាន​ការសប្បាយ​ចិត្ត​យ៉ាងខ្លាំង ដែល​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឱ្យមាន​ការ​ស៊ើបអង្កេត​ នៅក្នុង​តំបន់ ដាហ្វ័រ (Darfur) ហើយ​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស លីប៊ី (Libya)​ទៀត​ ដែល​បង្ហាញ​ថា ​សហរដ្ឋអាមេរិកប្រហែល​ជា​កំពុង​តែចាប់អារម្មណ៍លើតុលាការ ICC។ ប៉ុន្តែ វាលុះ​ណា​តែ​មហា​អំណាចធំៗ​ទាំងនោះយល់ព្រមចូលរួម ហើយ​មាន​ឆន្ទៈក្នុងការ​ដាក់ឱ្យ​បុគ្គលិក​របស់​ខ្លួន​ទទួល​ការកាត់ទោស​ដែរ​ ​ទើប​យើង​អាចផ្តល់​ទឡ្ហីករណ៍​ថា តុលាការនេះ​បាន​ក្លាយ​ទៅជា​ស្ថាប័ន​សកល​ដ៏​ពិតប្រាកដ​មួយ»។

លោក អូកាំប៉ូ នឹងចេញ​ពី​មុខដំណែងនៅខែ​មិថុនា ដែល​នឹង​ត្រូវ​ជំនួស​ដោយ លោកស្រី ហ្វាទូ បែនស៊ូដា (Fatou Bensouda) នៃ​ប្រទេស ហ្គាមបៀ (Gambia)។ នេះ ជា​លើកទីមួយ​ហើយ ដែលជនជាតិ​អាហ្រ្វិក​មួយរូប​នឹង​កាន់ការងារ​ជា​អគ្គរដ្ឋអាជ្ញា៕

ប្រែសម្រួលដោយ ឌី ​ខាំបូលី