បទ​សម្ភាសន៍​ជា​មួយ​អ្នក​និពន្ធ​សៀវភៅ៖ «ពេល​ដែល​ពពក​ធ្លាក់​ពី​លើ​មេឃ»

  • នៅ វណ្ណារិន

សៀវភៅ​«នៅ​ពេល​មេឃ​បាក់‍» និពន្ធ​ដោយ​អ្នក​កាសែត លោក រ៉ូប៊ឺត ខាម៉ៃខល​ (Robert Carmichael) (រូប​ផ្តល់​ឲ្យ)

កំណត់​និពន្ធ៖ ថ្មីៗ​សៀវភៅ​ថ្មី​មួយ​ទាក់ទិន​និង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ ដែល​មាន​ចំណង​ជើង​ថា​ “When​ Clouds​ Fell​ from​ the​ Sky”​ ឬ​ «ពេល​ដែល​ពពក​ធ្លាក់​ពី​លើ​មេឃ»​ បាន​ចេញ​ផ្សាយ។​ សៀវភៅ​នេះ​និយាយ​អំពី​ផលវិបាក​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ការបាត់បង់​របស់​ជន​ជាតិ​បារាំង​ដែល​មាន​ស្វាមី​និង​ឪពុក​ជា​ជន​ជាតិ​ខ្មែរ។​ លោក​ នៅ​ វណ្ណារិន​នៃ​វីអូអេ​ខេមរ​ភាសា​បាន​ជួប​សន្ទនា​ផ្ទាល់​ជា​មួយ​នឹង​អ្នក​និពន្ធ​សៀវភៅ​នេះ​គឺ​ លោក​ Robert​ Carmichael​ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​ វីអូអេ​ នៅ​រាជ​ធានី​ភ្នំពេញ។​

Your browser doesn’t support HTML5

បទសម្ភាសន៍​របស់​VOA ជាមួយ​អ្នក​និពន្ធ​សៀវភៅ “When Clouds Fell from the Sky” ឬ «ពេល​ដែល​ពពក​ធ្លាក់​ពី​លើ​មេឃ» ភាគ១

Your browser doesn’t support HTML5

បទសម្ភាសន៍​របស់​VOA ជាមួយ​អ្នក​និពន្ធ​សៀវភៅ “When Clouds Fell from the Sky” ឬ «ពេល​ដែល​ពពក​ធ្លាក់​ពី​លើ​មេឃ» ភាគ២

Your browser doesn’t support HTML5

បទសម្ភាសន៍​របស់​VOA ជាមួយ​អ្នក​និពន្ធ​សៀវភៅ “When Clouds Fell from the Sky” ឬ «ពេល​ដែល​ពពក​ធ្លាក់​ពី​លើ​មេឃ» ភាគ៣

Your browser doesn’t support HTML5

បទសម្ភាសន៍​របស់​VOA ជាមួយ​អ្នក​និពន្ធ​សៀវភៅ “When Clouds Fell from the Sky” ឬ «ពេល​ដែល​ពពក​ធ្លាក់​ពី​លើ​មេឃ» ភាគ៤

Your browser doesn’t support HTML5

បទសម្ភាសន៍​របស់​VOA ជាមួយ​អ្នក​និពន្ធ​សៀវភៅ “When Clouds Fell from the Sky” ឬ «ពេល​ដែល​ពពក​ធ្លាក់​ពី​លើ​មេឃ» ភាគ៥ (ភាគបញ្ចប់)

VOA៖​ ក្នុង​ខែ​មេសា​នេះ​គឺ​ជា​ខួប​ទី​៤០​ឆ្នាំ​នៃ​ការ​ចូល​កាន់​អំណាច​របស់​ពួក​ខ្មែរក្រហម។​ នៅ​ក្នុង​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​១៩៧៥​ ពួក​ខ្មែរក្រហម​បាន​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​ និង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​រាជធានី និង​ទីក្រុង​នានា។​ នេះ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​សម្លាប់​មនុស្ស​ដ៏​សាហាវ​ដែល​បាន​កត់ត្រា​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ ដែល​បាន​ផ្តាច់​ផ្តិល​ជីវិត​ប្រជា​ពលរដ្ឋ​យ៉ាង​ហោច​ណាស់​១​លាន​៧សែន​នាក់។​ ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ រ៉ប៊ឺត ខា​ម៉ៃខល​ (Robert​ Carmichael)​ បាន​ចងក្រង​ និង​ចេញ​ផ្សាយ​សៀវភៅ​មួយ​ ជា​ភាសា​អង់គ្លេស​ អំពី​របប​នេះ​ដើម្បី​បង្ហាញ​ផល​វិបាក​នៅ​ក្រោយ​របប​ឧក្រិដ្ឋ​កម្ម​នេះ​ និង​ការ​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរក្រហម។​ សៀវភៅ​នេះ​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា​ “When​ Clouds​ Fell​ from​ the​ Sky”​ ឬ​ដែល​ខ្ញុំ​សុំ​បកប្រែ​ក្រៅ​ផ្លូវ​ការ​ជា​ភាសា​ខ្មែរ​ថា​ «ពេល​ដែល​ពពក​ធ្លាក់​ពី​លើ​មេឃ» ។​ លោក​ រ៉ប៊ឺត​ ខាម៉ៃខល​ ជា​អ្នក​សារព័ត៌មាន​យ៉ាង​សកម្ម​មួយ​រូប​ ដែល​បាន​តាម​ដាន​ប្រវត្តិ​រឿង​ និង​ការ​កាត់ទោស​ខ្មែរ​ក្រហម។​ លោក​ក៏​ជា​អ្នក​រាយការណ៍​ព័ត៌មាន​ឲ្យ​វីអូអេ​ជា​ភាសា​អង់គ្លេស​ផង​ដែរ។​ នៅ​ពេល​នេះ​លោក​ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ​ដើម្បី​រៀបរាប់​អំពី​សៀវភៅ​ថ្មី​របស់​លោក​ និង​បទ​ពិសោធន៍​ដែល​លោក​បាន​ជួប​ប្រទះ។​ បាទ!​ សុំ​ជំរាប​សួរ​លោក!​

លោក Robert Carmichael៖ សួស្តី​ អរុណសួស្តី!​ សូម​អរគុណ​ ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​មក​ទី​នេះ។​

VOA៖​ សូម​អរគុណ​លោក​ចំពោះ​ការ​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​លោក​ដើម្បី​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​វីអូអេ​ខេមរ​ភាសា​ បាទ។​ ជា​បឋម​តើ​លោក​អាច​រៀបរាប់​ប្រាប់​មិត្ត​អ្នក​ស្តាប់​អំពី​សៀវភៅ​របស់​លោក​បាន​ទេ ​ថា​តើ​សៀវភៅ​នេះ​សរសេរ​ដើម្បី​គោល​បំណង​អ្វី​ដែរ​ បាទ?​

សៀវភៅ​«នៅ​ពេល​មេឃ​បាក់‍» និពន្ធ​ដោយ​អ្នក​កាសែត លោក រ៉ូប៊ឺត ខាម៉ៃខល​ (Robert Carmichael) (រូប​ផ្តល់​ឲ្យ)

លោក Robert Carmichael៖ ដូច​អ្វី​ ដែល​លោក​បាន​និយាយ​ខាង​ដើម​ គឺ​ថា​ ខែ​នេះ​ជា​ខួប​ឆ្នាំ​ទី​៤០​នៃ​ការ​ដួល​រលំ​ក្រុង​ភ្នំពេញ​ ហើយ​សៀវភៅ​របស់​ខ្ញុំ​ទើប​នឹង​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ។​ សៀវភៅ​នេះ​នឹង​សំឡឹង​មើល​ទៅ​លើ​កត្តា​នៅ​ពី​ក្រោយ​ការ​ឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរក្រហម​ និង​ផលវិបាក​នៃ​ការ​ឡើង​កាន់​អំណាច​នោះ។​ ពិត​ណាស់​ គឺ​មាន​សភាព​អាក្រក់​ដូច​អ្វី​ដែល​អ្នក​ស្តាប់​វិទ្យុ​វីអូអេ​បាន​ដឹង​ហើយ។​ អ្វី​ដែល​ខ្ញុំ​បាន​ចងក្រង​នៅ​ក្នុង​សៀវភៅ​នោះ​ គឺ​ជា​ជីវិត​ពិត​របស់​មនុស្ស​ប្រាំ​នាក់​ និង​រៀបរាប់​ពី​ជីវិត​របស់​ពួក​គេ​ឆ្លង​កាត់​រយៈ​កាល​ដ៏​លំបាក​នោះ។​ ដូច្នេះ​ យើង​អាច​ដឹង​ពី​ជីវិត​អ្នក​ទាំង​ប្រាំ​នោះ​ នៅ​ក្នុង​សម័យ​កាល​ចុង​សតវត្ស​ទី​២០​ ដ៏​ច្របូក​ច្របល់​របស់​ប្រទេស​កម្ពុជា​ និង​ផលវិបាក​ដែល​របប​នោះ​បន្សល់​ទុក​សម្រាប់​ពួក​គេ​ទាំង​នោះ។​ នេះ​គឺ​គ្រាន់​តែ​ជា​រចនា​សម្ព័ន្ធ​មូលដ្ឋាន​នៃ​សៀវភៅ​នេះ​ប៉ុណ្ណោះ​ ដែល​រួម​មាន​កត្តា​បង្ក​ និង​ផលវិបាក​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម​ និង​ឥទ្ធិពល​ដែល​របប​នោះ​មាន​ទៅ​លើ​មនុស្ស​ប្រាំ​នាក់។​

VOA៖បើ​តាម​អ្វី​ដែល​ខ្ញុំ​បាន​អាន​នៅ​ក្នុង​សៀវភៅ​លោក​ គឺ​មាន​និយាយ​អំពី​ជីវិត​នៃ​បុគ្គល​មួយ​រូប​ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ នា​ដើម​ឆ្នាំ​១៩៥០​ផង​ដែរ។​ ហើយ​លោក​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ទៅ​ស្រុក​ខ្មែរ​វិញ​នា​ឆ្នាំ​១៩៧៧ ​ពេល​ដែល​ខ្មែរ​ក្រហម​កាន់​អំណាច។​ ហើយ​នេះ​វា​ដូច​គ្នា​ទៅ​នឹង​ជីវិត​បញ្ញវ័ន្ត​ខ្មែរ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ ដែល​បាន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ ហើយ​ត្រូវ​ពួក​ខ្មែរ​ក្រហម​កោះ​ហៅ​ឲ្យ​មក​ស្រុក​កំណើត​វិញ​ នា​ពេល​នោះ​ដែរ។​ តើ​លោក​អាច​រៀប​រាប់​រឿង​នេះ​បាន​ដែរ​ទេ?​

លោក Robert Carmichael៖​ បុរស​ដែល​លោក​និយាយ​នេះ​មាន​ឈ្មោះ​ថា​ អ៊ុក​ កេត​ (Ouk​ Ket)។​ លោក​មាន​ស្រុក​កំណើត​នៅ​ក្រុង​ភ្នំពេញ។​ លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រុង​ប៉ារីស​ ដូច​ជន​វ័យ​ក្មេង​កម្ពុជា​ជា​ច្រើន​ផ្សេង​ទៀត ​ដែល​មាន​សមត្ថភាព​ទទួល​បាន​នៅ​ក្នុង​ទសវត្សរ៍​១៩៥០​ និង​១៩៦០។​ រដ្ឋាភិបាល​បារាំង​បាន​ផ្តល់​អាហារូបករណ៍​ដល់​រូប​លោក។​ លោក​បាន​ទៅ​ទីក្រុង​ប៉ារីស​ នៅ​ក្នុង​ឆ្នាំ​ ១៩៦៨​ ដើម្បី​សិក្សា​ផ្នែក​វិស្វកម្ម​ស្ថិតិ។​ ហើយ​នៅ​ពេល​ដែល​លោក​ស្នាក់​នៅ​ក្រុង​ប៉ារីស​ដើម្បី​បំពេញ​ការ​សិក្សា​នោះ​ លោក​បាន​ជួប​ជាមួយ​នឹង​ស្រ្តី​ជនជាតិ​បារាំង​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ម៉ាទីន​ (Martine)។​ នាង​ក៏​ជា​ផ្នែក​មួយ​នៃ​សៀវភៅ​នេះ​ដែរ។​ ពួកគេ​ទាំង​ពីរ​នាក់​បាន​ស្រឡាញ់​គ្នា​ ហើយ​បាន​រៀបការ​នឹង​គ្នា។​ បន្ទាប់​មក​លោក​កេត​ត្រូវ​ចាត់តាំង​ឲ្យ​ធ្វើការ​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​សេណេហ្គាល់។​ ដូចនេះ​ លោក​កេត​ និង​ម៉ាទីន​បាន​រើ​ទៅ​នៅ​ប្រទេស​សេណេហ្គាល់។​ ពួកគេ​មាន​កូន​ពីរ​នាក់​នៅ​ប្រទេស​នេះ។​

ហើយ​បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ​១៩៧៧​ លោក​នៅ​តែ​បំពេញ​ការងារ​នៅ​ស្ថានទូត​នៅ​ប្រទេស​សេណេហ្គាល់​ ហើយ​ក្រសួង​ការ​បរទេស​នៅ​ភ្នំពេញ​បាន​កោះហៅ​ឲ្យ​លោក​វិល​ត្រឡប់​មក​វិញ​ ដោយ​និយាយ​ថា​ លោក​ត្រូវ​វិល​មក​កម្ពុជា​វិញ​ដើម្បី​អាច​បំពេញ​តួនាទី​របស់​លោក​ឲ្យ​កាន់​តែ​ប្រសើរ។​ ដូចនេះ​ហើយ​ទើប​លោក​បាន​ចាកចេញ​ពី​ប្រទេស​សេណេហ្កាល់​ ហើយ​ទុក​ឲ្យ​ភរិយា​វ័យ​ក្មេង​ និង​កូន​តូចៗ​ពីរ​នាក់​នៅ​ទីក្រុង​ប៉ារីស​ ហើយ​បាន​ឡើង​យន្តហោះ​មក​មាតុភូមិ​វិញ។​ ដំបូង​ឡើយ​ យន្តហោះ​របស់​លោក​បាន​ចុះចត​នៅ​ទីក្រុង​ ការ៉ាជី​ (Karachi)​ ប្រទេស​ប៉ាគីស្ថាន។​ លោក​បាន​ផ្ញើ​ កាត​ប្រៃសនីយ៍ពី​ទី​នោះ​ទៅ​ឲ្យ​គ្រួសារ។​ បន្ទាប់​មក​ លោក​បាន​បន្ត​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។​ លោក​ក៏​បាន​ផ្ញើ​កាត​ប្រៃសនីយ៍ពី​ទី​នោះ​ទៀត​ ទៅ​គ្រួសារ​នៅ​ទី​ក្រុង​ប៉ារីស​ ដោយ​និយាយ​ថា​ លោក​នឹង​ទាក់ទង​នឹង​ពួក​គេ​ នៅ​ពេល​ដែល​លោក​បាន​ដឹង​ពី​អ្វី​ដែល​រដ្ឋាភិបាល​ចង់​ឲ្យ​លោក​ធ្វើ​ ដែល​នៅ​គ្រា​នោះ​គឺ​ជា​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​ខ្មែរ​ក្រហម។​ លោក​បាន​ឡើង​យន្តហោះ​ពី​ក្រុង​ប៉េកាំង​ ហើយ​ធ្វើ​ដំណើរ​មក​ក្រុង​ភ្នំពេញ។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ ក្រុម​គ្រួសារ​លោក​ក៏​លែង​ទទួល​បាន​ដំណឹង​ពី​រូប​លោក​ត​ទៅ​ទៀត។​ ភរិយា​របស់​លោក​បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​ព្យាយាម​ស្វែង​យល់​ថា ​តើ​មាន​រឿង​អ្វី​កើត​ចំពោះ​រួប​លោក​កេត។​ ពេល​វេលា​បាន​អូស​បន្លាយ​រាប់​ទសវត្សរ៍​ ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​អ្វី​ដែល​បាន​កើត​ទៅ​លើ​រួប​លោក។​ ពិត​ណាស់​ នេះ​ជា​អ្វី​ដែល​កូនស្រី​របស់​លោក​ឈ្មោះ​ នារី​ (Neari)​ បាន​ព្យាយាម​ធ្វើ។​ ហើយ​នាង​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ឬ​ក៏​ដូច​ជា​ចំណុច​សំខាន់​នៃ​រឿងរ៉ាវ​ក្នុង​សៀវភៅ​ខ្ញុំ​ដែរ។​

VOA៖ តើ​លោក​អាច​ប្រាប់​ប្រិយមិត្ត​អ្នក​ស្តាប់​បាន​ទេ​ ថា​តើ​លោក​ជួប​ជាមួយ​នឹង​មនុស្ស​នៅ​ក្នុង​សៀវភៅ​របស់​លោក​យ៉ាង​ដូច​ម្តេច?​

លោក Robert Carmichael៖​ ពិត​ណាស់​ ខ្ញុំ​បាន​ជួប​ពួកគេ​នៅ​ពេល​ដែល​ខ្ញុំ... ខ្ញុំ​គួរ​តែ​និយាយ​ថា​ ខ្ញុំ​បាន​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​២០០១​រហូត​ដល់​ឆ្នាំ​២០០៣​ ហើយ​នៅ​គ្រា​នោះ​ ខ្ញុំ​ជា​នាយក​គ្រប់គ្រង​នៃ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ភ្នំពេញ។​ បន្ទាប់​មក​ ខ្ញុំ​បាន​ចេញ​ពី​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០០៣​ ហើយ​បាន​វិល​ត្រឡប់​មក​វិញ​នៅ​ក្នុ្ងង​ឆ្នាំ​២០០៩​ ពី​ព្រោះ​ខ្ញុំ​ចង់​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​ពី​ការ​កាត់ទោស​សមមិត្ត​ឌុច​ ដែល​ជា​បុរស​មួយ​រូប​ដែល​ធ្លាប់​បាន​គ្រប់គ្រង​មន្ទីរ​សន្តិសុខ​ស-២១​ ដែល​ពេល​ឥឡូវ​នេះ​បាន​ក្លាយ​ជា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ ស្លែង។​ ទំនាក់​ទំនង​រវាង​ឌុច​ និង​សៀវភៅ​នេះ​ គឺ​អ្នក​ការទូត​វ័យ​ក្មេង​ឈ្មោះ​លោក​អ៊ុក​ កេត​ នៅ​ពេល​ដែល​លោក​បាន​វិល​មក​មាតុភូមិ​វិញ​នៅ​ឆ្នាំ១៩៧៧។​ ហើយ​យើង​ទើប​តែ​បាន​ដឹង​នា​ពេល​បច្ចុប្បន្ន​ថា​ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ ស-២១​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ពេល​លោក​មក​ដល់​ប្រទេស​វិញ។​

ទេសចរ​មួយ​រូប​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥​ ខណៈ​ដែល​សាលាក្តី​ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​កំពុង​ដំណើរការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ពីរ​រូប។ (រូបថត៖ REUTERS/Samrang Pring)

លោក​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​ទី​នោះ​អស់​រយៈពេល​ជិត​ប្រាំ​មួយ​ខែ។​ យើង​បាន​សន្និដ្ឋាន​ថា​ លោក​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​ សួរ​ចម្លើយ​ ហើយ​បន្ទាប់​មក​យក​ទៅ​សម្លាប់។​ ដូច​នេះ​ នៅ​ពេល​ដែល​ខ្ញុំ​បាន​វិល​ត្រឡប់​មក​វិញ​នៅ​ក្នុង​ឆ្នាំ​២០០៩​ ខ្ញុំ​បាន​ជួប​ម៉ាទីន​ និង​នារី​ ដោយ​ចៃដន្យ។​ ពួកគេ​បាន​ស្ថិត​នៅ​សាលាក្តី​ ព្រោះ​ពួកគេ​ជា​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ ដោយ​សារ​តែ​សា្វមី​អ្នកស្រី​ម៉ាទីន​ ដែល​ជា​ឪពុក​របស់​នាង​នារី​ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​មន្ទីរ​ស-២១​នោះ។​ ដូច្នេះ​ ពួកគេ​បាន​មក​សាលាក្តី​ដើម្បី​ស្តាប់​សវនាការ​កាត់​ទោស​ឌុច។​ បន្ទាប់​មក​ នៅ​អំឡុង​ឆ្នាំ​២០០៩​ ពួក​គេ​បាន​វិល​ត្រឡប់​មក​វិញ​ជា​ច្រើន​លើក​ ដើម្បី​ផ្តល់​សក្ខីកម្ម​ប្រឆាំង​ឌុច​ ពាក់ព័ន្ធ​នឹង​ផលវិបាក​នៃ​ការ​បាត់​ខ្លួន​របស់​លោក​កេត​ និង​ជោគ​វាសនា​ដែល​ពួកគេ​បាន​ប្រឈម។​ នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​ការ​កាត់​ទោស​នោះ​ គឺ​នៅឆ្នាំ​បន្ទាប់ ឆ្នាំ​២០១០​ ពួក​គេ​ក៏​បាន​វិល​ត្រឡប់​មក​ស្តាប់​សាលក្រម​ផង​ដែរ។​ ពួក​គេ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង​មក​ប្រទេស​កម្ពុជាជា​ច្រើន​លើក​ច្រើន​សារ។​ ហើយ​នេះ​ ជា​ហេតុ​ផល​ ដែល​ពួកគេ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​សៀវភៅ​របស់​ខ្ញុំ។​

VOA៖ បាទ​ ​សុំ​អរគុណ!​ ​ លោក​ Robert​ Carmichael​ គឺ​ជា​អ្នក​សរសេរ​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «ពេល​ដែល​ពពក​ធ្លាក់​ពី​លើ​មេឃ»​ ឬ​ជា​ភាសា​អង់គ្លេស​ថា​ “When​ Clouds​ Fell​ from​ the​ Sky”​ ដែល​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ។​ តើ​ហេតុអ្វី​បាន​ជា​លោក​ចាប់​អារម្មណ៍​សរសេរ​សៀវភៅ​ អំពី​ខ្មែរ​ក្រហម​ និង​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នេះ?

លោក Robert Carmichael៖​ ​ខ្ញុំ​គិត​ថា​ ពាក់ព័ន្ធ​នឹង​បរិបទ​ធំ​ ខ្ញុំ​បាន​ព្យាយាម​សរសេរ​សៀវភៅ​មួយ​ក្បាល​ ដែល​នឹង​ធ្វើ​ការ​ទាក់ទាញ​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​រស់​នៅ​ក្រៅ​ប្រទេស​មាន​ការ​ចាប់​អារម្មណ៍អំពី​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ប្រទេស​កម្ពុជា​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​មានរយៈ​ពេល​មិនដល់បួន​ឆ្នាំ​នោះ។​ របប​ខ្មែរ​ក្រហម​មិន​ត្រឹមតែ​ត្រូវ​ឲ្យ​គេ​ដឹង​យ៉ាង​ទូលំ​ទូលាយ​នៅ​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ទេ​ តែ​គួរ​តែ​ឲ្យ​គេ​យល់​ឲ្យ​បាន​ច្បាស់​ជាង​នេះ​ទៀត​ ព្រោះ​ថា​ ​អ្វី​ដែល​បាន​កើត​ឡើង​នោះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ ជាពិសេស​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់។​ រឿង​នេះ​មិនមែន​កើតឡើង​តែ​នៅ​កម្ពុជា​ទេ​ តែ​យើង​បាន​ឃើញ​បញ្ហា​ដូច​គ្នា​នេះ​នៅ​ប្រទេស​ចិន ​នៅ​ប្រទេស​រ៉ូវ៉ាន់ដា​ (Rwanda)​ ហើយ​យើង​បាន​ឃើញ​មាន​នៅ​ផ្នែក​ដទៃ​ទៀត​ក្នុង​ពិភពលោក។​ ក៏​ប៉ុន្តែ​អ្វី​ដែល​ប្រជាជន​កម្ពុជា​បាន​ឆ្លង​កាត់​នោះ​ មិន​ត្រូវ​បាន​គេយល់​ច្បាស់ ដូច​អ្វី​ដែល​បាន​កើត​ឡើង​ពិតៗ​នោះ​ទេ។​ ដូច្នេះ​ហើយ​ តាមរយៈ​មតិ​ដ៏​ទូលំទូលាយ​នេះ​ ខ្ញុំ​ចង់​សរសេរ​សៀវភៅ​មួយ​ដើម្បី​ព្យាយាម​ពន្យល់​ឲ្យ​បាន​ច្បាស់​អំពី​បញ្ហា​ដែល​កើត​មាន​ឡើង។​ ខ្ញុំ​និយាយ​ជា​មួយ​ម៉ាទីន​ និង​នារី​ អំពី​ការ​បាត់​ខ្លួន​របស់​មនុស្ស​ដែល​ជាទី​ស្រឡាញ់​ និង​ការ​បាត់បង់​របស់​ពួកគាត់​ទាំង​ពីរ​ ដែល​ជា​ជនជាតិ​បារាំង។​ ពួក​គាត់​មិន​ដែល​មក​រស់​នៅ​ប្រទេស​កម្ពុជា​នេះ​ទេ​ ក៏​ប៉ុន្តែ​រឿងរ៉ាវ​នៃ​ការ​បាត់​ខ្លួន​ និង​ការ​បំផ្លិច​បំផ្លាញ​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​របប​នោះ​ បាន​ធ្លាក់​ទៅ​លើ​ជីវិត​របស់​ពួក​គាត់​ដែរ។​ វា​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​ប្រជាជន​កម្ពុជា​រាប់​ម៉ឺននាក់​ ​ឬរាប់​លាន​នាក់​ផ្សេង​ទៀត​ដែរ។​ នៅ​ពេល​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគាត់​បាន​បាត់​ខ្លួន​ទៅ​ ពួកគាត់​បាន​ត្រឹមតែ​គិតស្មាន​ថា​ អ្នក​ទាំង​នោះ​អាច​ត្រូវ​បាន​គេ​សម្លាប់​ ពី​ព្រោះ​គ្មាន​សាកសព​ ឬ​គ្មាន​អ្វី​ជា​ការ​សំអាង​នោះ​ទេ។​ គេ​មាន​លទ្ធភាព​ត្រឹមតែ​ស្មានៗ​ប៉ុណ្ណោះ​ថា​ នោះ​ជា​អ្វី​ដែល​អាច​កើត​ឡើង​ទៅលើ​ពួក​អ្នក​បាត់ខ្លួន​ទាំង​នោះ។​

លោក រ៉ូប៊ឺត ខាម៉ៃខល​ (Robert Carmichael) អ្នក​កាសែត​និង​ជា​អ្នក​និពន្ធ​សៀវភៅ​«នៅ​ពេល​មេឃ​បាក់‍»។ (រូប​ផ្តល់​ឲ្យ/Anna Clare Spelman)

រឿង​នេះ​ពិត​ជា​ប៉ះពាល់យ៉ាង​ខ្លាំង​ដល់​ផ្លូវ​អារម្មណ៍​របស់អ្នក​នៅ​រស់ទាំង​នោះ។​ អ្នក​ចិត្តសាស្រ្ត​ហៅ​បញ្ហា​នេះ​ថា​ជា​ «ការ​បាត់បង់​ដែល​មាន​ភាព​មិន​ច្បាស់​លាស់»​ (Ambiguous​ Loss)​ ព្រោះ​នៅ​ក្នុង​អារម្មណ៍ ពួក​គេ​នៅ​តែ​យល់​ថា​ មនុស្ស​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​អាច​មាន​ឱកាស​នៅ​រស់រាន​មាន​ជីវិត​ ហើយ​មិន​ទាន់​ស្លាប់​នោះ​ទេ​ ហើយ​ប្រហែល​ថ្ងៃ​ណា​មួយ​ពួកគេ​នឹង​អាច​វិល​ត្រឡប់​មក​វិញ​ជា​មិន​ខាន។​ ក៏ប៉ុន្តែ​ ពួក​អ្នក​ដែល​បាត់​ខ្លួន​ទាំង​នោះ​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ទេ។​ ខ្ញុំ​ចង់​និយាយ​ថា​ មាន​ឱកាស​តិច​តួច​ណាស់​ ដែល​ពួកគេ​នឹង​អាច​វិល​ត្រឡប់​មក​វិញ។​ ដូច​ក្នុង​ករណី​របស់​លោក​អ៊ុក​ កេតស្វាមី​អ្នកស្រី​ម៉ាទីន​ អញ្ចឹង​ដែរ។​ យើង​ទើប​បាន​ដឹង​នា​ពេល​ឥឡូវ​នេះ​ថា​ លោក​ត្រូវ​បាន​គេ​សម្លាប់​ ហើយ​វា​គ្មាន​ផ្លូវ​ណា​ដែល​លោក​អាច​វិល​ត្រឡប់​មក​វិញ​បាន​ឡើយ។​ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​ បន្ទាប់​ពី​លោក​បាន​បាត់ខ្លួន​ នៅ​ពេល​ដែល​មក​ដល់​ស្រុក​ក្នុង​ឆ្នាំ​១៩៧៧​នោះ​ ម៉ាកទីន​ និង​នារី​ តែងតែ​សង្ឃឹម​ហើយ​សង្ឃឹម​ទៀត​ថា​ អ្វី​ដែល​ពួកគាត់​បាន​ដឹង​ ឮ​ពី​ប្រទេស​កម្ពុជា​នា​គ្រា​នោះ​ គឺមិន​ពិត​ទេ​ រហូត​មក​ដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពេល​ដែល​ពួកគាត់​បាន​ទទួល​ភស្តុតាង​ដែល​ពួកគេ​ត្រូវ​ការ​ ហើយ​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដ៏​ពិត​ប្រាកដ​ទៅ​លើ​រូប​លោក​កេត។​ ដូច្នេះ​ហើយ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ជនជាតិ​បារាំង​ទាំង​ពីរ​រូប​នេះ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ខ្លាំង​ទៅ​នឹង​អ្វី​ដែល​ប្រទេស​កម្ពុជា​បាន​ជួប​ប្រទះ​ ហើយ​អាច​ជា​ការ​បង្ហាញ​មួយ​ឲ្យ​អ្នក ​ដែល​រស់​នៅ​បស្ចឹម​ប្រទេស​ដូច​ជា​ សហ​រដ្ឋ​អាមេរិក​ កាណាដា​ ចក្រភព​អង់គ្លេស​ និង​អូស្រ្តាលី​ ​បាន​ដឹង​ច្រើន​ទៀត​អំពី​ប្រទេស​កម្ពុជា។​ ពួកគេ​ទាំងនោះ​ស្គាល់​ប្រទេស​បារាំង​ច្រើន​ជាងប្រទេស​កម្ពុជា។​ ហើយ​វា​ជា​មធ្យោបាយ​មួយ​ ដែល​យើង​អាច​ប្រាប់​អ្នក​ទាំង​នោះ​អំពី​អ្វី​ដែល​ទាក់​ទិន​នឹង​សោកនាដកម្ម​នៅ​កម្ពុជា។​ បន្ទាប់​មក​ សមាជិក​ដទៃ​ទៀត​នៃ​គ្រួសារ​លោក​កេត​ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សៀវភៅ​នេះ​ដែរ​ ដើម្បី​ពណ៌នា​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​ទៅ​លើ​ជន​សាមញ្ញ​នៅ​កម្ពុជា​ក្នុង​អំឡុង​ពេល​នោះ។

VOA៖ បាទ! ​វា​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​ណាស់​សម្រាប់​សង្គម​ខ្មែរ។​ ខ្ញុំ​យល់​ថា ​គ្រួសារ​ជនជាតិ​ខ្មែរ​ភាគ​ច្រើន​មាន​អារម្មណ៍​បែប​នេះ​ដែរ​ ដែល​សង្ឃឹម​ថា​ មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​នឹង​អាច​វិល​មក​រក​ពួក​គេ​វិញ​នា​ថ្ងៃ​ណា​មួយ។​ គ្រួសារ​របស់​ខ្ញុំ​ក៏​បាន​ជួប​ប្រទះ​ការ​បាត់​បង់​ដូចគ្នា​នេះ​ដែរ។​ ឳពុក​មា​របស់​ខ្ញុំ​ដែល​ជា​គ្រូបង្រៀន​គណិតវិទ្យា​នៅ​វិទ្យាល័យ​នា​ទី​រួម​ខេត្ត​កំពង់​ឆ្នាំង​ និង​ក្រុម​គ្រួសារ​ក៏​បាន​បាត់​ដំណឹង​សូន្យ​ឈឹង​ចាប់​តាំងពី​ពេល​ដែល​ខ្មែរ​ក្រហម​ចូល​កាន់​អំណាច។​ លោក​យាយ​ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ តែង​តែ​សង្ឃឹម​ថា ​ពួក​គាត់​នឹង​អាច​វិល​ត្រឡប់​មក​រក​យើង​វិញ​នា​ថ្ងៃ​ណា​មួយ​មិន​ខាន។

លោក Robert Carmichael៖ រឿង​រ៉ាវនេះ​គឺ​ស្រដៀង​ទៅ​នឹង​ស្ថានភាព​ដទៃ​ទៀត​នៅ​ជុំវិញ​ពិភពលោក​ គឺ​ទី​កន្លែង​ដែល​រឿងរ៉ាវ​ដូច្នេះ​កើត​មាន​ឡើង​ មិន​ថា ​នៅ​អាមេរិក​ខាង​ត្បូង​ ឬ​អឺរ៉ុប​ទេ។​ វា​ជា​ការ​ធម្មតា​សម្រាប់​មនុស្ស​ជាតិ។​ ក្តី​សង្ឃឹម​ថា ​មនុស្ស ​ដែល​យើង​គិត​ថា​ស្លាប់ នឹង​វិល​មក​វិញ​នៅ​ថ្ងៃ​ណា​មួយនោះ វា​ពិត​ជា​មាន​ការ​ប៉ះពាល់​ខ្លាំង​ណាស់។​ វា​ពិត​ជា​ប៉ះពាល់​ទៅ​លើ​ផ្លូវចិត្ត​ ពីព្រោះ​តាម​ពិត​ទៅ​ អ្នក​ដឹង​ហើយ​ថា​ ពួក​គេ​ទាំង​នោះ​មិន​អាច​វិល​ត្រឡប់​មក​វិញ​ឡើយ។​ ក៏ប៉ុន្តែ​អ្នក​នៅ​តែ​សង្ឃឹម​ថា​ ពួកគេ​នឹង​វិល​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។​ ហើយ​សេចក្តី​សង្ឃឹម​នេះ​គឺ​គ្មាន​ទី​បញ្ចប់​ទេ។​ គ្មាន​ផ្លូវ​ណា​មួយ​ ដែល​អ្នក​សុខ​ចិត្ត​ទទួល​ស្គាល់​ថា​ មនុស្ស​រូប​នោះ​ពិតជា​បាន​ស្លាប់​ពិត​ប្រាកដ​មែន​នោះ​ទេ។​ ហើយ​មនុស្ស​នោះ​ពិត​ជា​មិន​អាចវិល​ត្រឡប់​មក​វិញ​ទេ។​ តែ​សេចក្តី​រំពឹង​ទុក​នៅ​តែ​មាន​ជា​និរន្តរ៍។​

VOA៖​ បាទ​ អរគុណ​ លោក​ រ៉ូប៊ើត! ​លោក​ Robert​ Carmichael​ គឺ​ជា​អ្នកនិពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ "When​ the​ Clouds​ Fell​ from​ the​ Sky”​ ដែល​និយាយ​អំពី​ដំណើរ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ដែល​រស់នៅ​ក្នុង​របប​ខ្មែរ​ក្រហម ​និង​ផលវិបាក​ដែល​ពួកគាត់​ជួប​ប្រទះ​ បន្ទាប់​ពី​របប​នេះ។​ ដូច​អ្វី​ដែល​លោក​មាន​ប្រសាសន៍​ហើយ​ថា​ ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​អាច​មាន​ជំងឺ​ផ្លូវចិត្ត​ដោយ​ការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន។​ លើស​នេះ​ទៀត ​ពួកគេ​តែងតែ​សង្ឃឹម​ក្នុង​ចិត្ត​ថា​មនុស្ស​ទាំងអស់​នោះ​នឹង​អាច​វិល​មក​រក​ពួក​គេ​វិញ។​ នេះ​ជា​បញ្ហា​ចិត្ត​សាស្ត្រ​ដ៏​ធ្ងន់​ធ្ងរ​មួយ​ ដែល​អ្នក​ចិត្ត​សាស្រ្ត​ហៅ​បញ្ហា​នេះ​ថា​ជា​ «ការ​បាត់បង់​ដែល​មាន​ភាព​មិន​ច្បាស់លាស់​ឬ​ (Ambiguous​ Loss)។​ បាទ​ ដោយសារ​តែ​លោក​ជា​អ្នក​សារព័ត៌មាន​ឲ្យ​វីអូអេ​ភាសា​អង់គ្លេស​ ហើយ​បាន​តាមដាន​សាលា​កាត់​ក្តី​ និង​ការ​កាត់​ទោស​ខ្មែរ​ក្រហម​យ៉ាង​ជិត​ដិត​ផង​នោះ​ តើ​លោក​អាច​និយាយ​អំពី​ការ​វិវត្តថ្មីៗ​នៃ​អ.វ.ត.ក.​បាន​ទេ?​ ដូចជា​សំណុំ​រឿង​០០២​ និង​ការ​ចាប់​ផ្តើម​សំណុំ​រឿង​០០២?​

សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ត្រៀម​រៀបចំ​កាត់​ក្តី​សំណុំ​រឿង​លេខ​០០២​នៅ​ខែ​ក្រោយ​ ប៉ុន្តែ​នៅ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ក្នុង​សំណុំ​រឿង​លេខ​០០៣​និង​០០៤។

លោក Robert Carmichael៖​ ខ្ញុំ​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ​នៅ​ឆ្នាំ​២០០៩​ ដើម្បី​តាម​ដាន​ ជា​ពិសេស​ទៅ​លើ​សវនាការ​ឌុច​ ដែល​ជា​សំណុំ​រឿង​០០១។​ ហើយ​នោះ​ជា​សំណុំ​រឿង​នៃ​អ.វ.ត.ក.​គឺ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​ដែល​ខ្ញុំ​បាន​តាម​ដាន​យ៉ាង​ដិតដល់​ជាង​គេ​ ព្រោះ​ថា​ នៅ​ពេល​ដែល​ឈាន​ដល់​សំណុំ​រឿង​០០២​ ខ្ញុំ​មាន​ពេល​តិចតួច​ពេក​ ដោយ​សារ​តែ​ខ្ញុំ​ជាប់​រវល់​នឹង​ការ​សរសេរ​សៀវភៅ។​ តែ​តាម​ពិត ​ខ្ញុំ​បាន​តាម​ដាន​សំណុំ​រឿង​០០២​ខ្លះ​ដែរ។​ ពិត​ហើយ​ ដូច​ដែល​លោក​បាន​និយាយ​អម្បាញ់​មិញ​អញ្ចឹង​គឺ​ថា ​មាន​ចលនា​ទៅ​មុខ​ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤។​ យើង​ត្រូវ​រង់​ចាំ​មើល​ ថា​តើ​រឿង​ទាំង​នោះ​ក្លាយ​ទៅ​ជា​យ៉ាងណា?​ មាន​ន័យ​ថា​ នៅ​ក្នុង​សំណុំ​រឿង​០០៣​ មាន​ជន​ជាប់​ចោទ​ខ្មែរ​ក្រហម។​ បាទ​ទេ​ មិន​ទាន់​មាន​ជន​ជាប់​ចោទ​នៅ​ឡើយ​ទេ។​ គាត់​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ទេ។​ ក៏​ប៉ុន្តែ​មាន​មនុស្ស​ម្នាក់​ក្នុង​សំណុំ​រឿង​០០៣​ ដែល​នៅ​រស់នៅ​ឡើយ។​ តាម​អ្វី​ ដែល​តុលាការ​កំពុង​ធ្វើ​ជា​លក្ខណៈ​បច្ចេកទេស​ ពួក​គេ​បាន​ចោទ​ប្រកាន់​មនុស្ស​នេះ​រួច​ហើយ។​ នេះ​មាន​ន័យ​ថា​ មេធាវី​ការពារ​របស់​គាត់​អាច​ពិនិត្យ​មើល​លើ​សំណុំឯកសារ​បាន។​ ក៏​ប៉ុន្តែ​ ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​កំពុង​ត្រូវ​រៀបចំ​ឡើង​ជា​បណ្តើរៗ​ហើយ។​ ហើយ​អ្វី​ដែល​កើតឡើង​ចំពោះ​មនុស្ស​បី​នាក់​ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤​គឺ​ថា​ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ដ៏​គួរ​ឲ្យ​រន្ធត់​ ក៏ប៉ុន្តែ​ពួកគេ​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ។​ អ្វី​ដែល​អាច​ធ្វើ​បាន​នោះ​គឺ​ការ​អនុញ្ញាត​ឲ្យ​មេធាវី​ការពារ​ក្តី​ពិនិត្យ​មើល​សំណុំឯកសារ​ច្បាប់​ រួច​ដាក់​ពាក្យ​ការពារ​កូន​ក្តី​របស់​ខ្លួន​ ហើយ​បន្ទាប់​មក​ ចៅក្រម​ស៊ើប​អង្កេត​នឹង​ផ្តល់​អនុសាសន៍​ថា ​តើ​នឹង​មាន​ការ​កាត់​សេចក្តី​ ឬ​ត្រូវ​ទម្លាក់ការ​ចោទ​ប្រកាន់​នោះចោលវិញ។​ នេះ​ជា​អ្វី​ដែល​កំពុងដំណើរការ។​ ក្នុង​សំណុំរឿង​របស់​ឌុច​ សម្រាប់​ខ្ញុំ​ វា​ជា​សំណុំ​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ ហើយ​ខ្ញុំ​គិត​ថា ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក៏​យល់​ឃើញ​ដូច្នោះ​ដែរព្រោះ​ថា​ នេះ​ជា​កម្មាភិបាល​ខ្មែរ​ក្រហម​ទី​មួយ​ ដែល​ត្រូវ​បាន​ចូល​រួម​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី។​ ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដូច​ដែល​លោក​ និង​ខ្ញុំ​បាន​ដឹង​ហើយ​ថា​ ពួក​គេ​ចូល​ចិត្ត​រឿង​ដែល​ធ្វើ​ដំបូង​គេ​ រឿង​ដែល​ធំ​ រឿង​ដែល​តូច​ហើយ​អាក្រក់។​ នោះ​ហើយ​ជា​រឿង​ដែល​អ្នក​សារព័ត៌មាន​ខំ​ស្វែងរក។​ ការ​ចេញ​ទៅ​យក​ព័ត៌មាន​អំពី​ការ​កាត់​ទោស​ឌុច​ ក្នុង​ពេល​ពីរ​បី​ថ្ងៃ​ដំបូង​មាន​អ្នក​យក​ព័ត៌មាន​ជា​ច្រើន​មក​ពី​បរទេស ​ដូចជា​ BBC,​ Al Jazeera,​ CNN​ ហើយ​មាន​អ្នក​មក​យក​ព័ត៌មាន​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ហើយ​ក៏​បាត់​អស់​ទៅ​វិញ​ទៅ។​ ដូច្នេះ​មាន​តែ​អ្នក​កាសែត​ក្នុង​ស្រុក​ ដូច​ជា​លោក​ ដូចជា​ខ្ញុំ​ និង​មនុស្ស​ដែល​រស់​នៅ​ទីនេះ​ប៉ុណ្ណោះ​ទេ​ ដែល​ជា​អ្នក​ប្រមូល​ព័ត៌មាន​ ហើយ​ចុង​ក្រោយ​សរសេរ​អំពី​រឿង​ទាំង​នោះ។​ បើ​ទោះ​ណា​ជា​យើង​កំពុង​តែ​សរសេរ​ព័ត៌មាន​សម្រាប់​ទស្សនិកជន​អន្តរជាតិ​ក៏​ដោយ​ ក៏​ការ​ចាប់​អារម្មណ៍​របស់​ពួក​គេ​មាន​តែ​មួយ​ឆាវ​ ហើយ​បាត់​ទៅ​វិញ​អស់។​ ដូច្នេះ​ ការ​កាត់ទោស​ឌុច​មិន​សូវ​មាន​គេ​ដឹង​ឮ​ច្រើន​ទេ​ នៅ​កម្រិត​អន្តរជាតិ​ ហើយ​នោះ​ជា​ករណី​ ឬ​ស្ថានភាព​ដែល​កើត​មាន​ឡើង​ក្នុង​សំណុំ​រឿង​០០២​ផង​ដែរ​ និង​សំណុំ​រឿង​ផ្សេងៗ​ទៀត​ គឺ​ថា​រឿងរ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ទីនោះ​ មិន​ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​ធ្វើ​សេចក្តី​រាយ​ការណ៍​ទេ។​

រឿង​ទាំង​នោះ​ត្រូវ​បាន​រាយ​ការណ៍​ដោយ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ ដែល​នោះ​គឺ​ជា​រឿង​ដ៏​ល្អ​មួយ។​ តែ​ខ្ញុំ​ស្រងាក​ចិត្ត​ ពី​ព្រោះ​វា​គួរ​ឲ្យ​ខ្មាស់​អៀន​ណាស់​ ដោយ​សារ​គេ​មាន​ការ​ចាប់​អារម្មណ៍​ដ៏​តិចតួច​ចំពោះ​អ្វី​ដែល​ជា​រឿង​ដ៏​មាន​សារៈ​សំខាន់​នៅ​ក្នុង​សតវត្ស​ទី​២០​ ក្នុង​ពិភពលោក​នេះ។​ បើ​យើង​ក្រឡេក​ទៅ​មើល​ការ​រាយ​ការណ៍​ព័ត៌មាន​អំពី​រឿង​ទាំងនេះ​ដោយ​អន្តរជាតិ​វិញ​នោះ​ អ្នក​ហាក់​ដូច​ជា​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​គិត​ថា​ រឿង​ទាំង​នោះ​ជា​រឿង​សំខាន់​ តែ​តាម​ពិត​ទៅ​វា​ជា​រឿង​សំខាន់​មែន។​ ដូច្នេះ​ បើ​យើង​ត្រឡប់​ទៅ​កាន់​សំណួរ​ ថា​តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​សរសេរ​សៀវភៅ​នេះ​ គឺ​ដោយសារ​តែ​ខ្ញុំ​គិត​ថា​ សារ​នេះ​ត្រូវ​តែ​បញ្ចេញ​ឲ្យ​គេ​ដឹង។​ មនុស្ស​គួរ​តែ​បាន​ដឹង​ថា ​មាន​អ្វី​កើត​ឡើង​នៅ​ទីនេះ​ ហើយ​ហេតុ​អ្វី​បាន​ជា​រឿង​បែប​នេះ​កើត​មាន​ឡើង។​ សំណួរ​ដែល​សំខាន់​ជាង​គេ​គឺ​ថា​ ហេតុអ្វី​បាន​ជា​រឿង​ទាំង​នោះ​កើត​មាន​ឡើង?​ ដូច្នេះ​ នៅ​ពេល​ដែល​យើង​ដឹង​អំពី​មូលហេតុ​នៃ​រឿង​ទាំង​នេះ​ ពេល​នោះ​យើង​អាច​ចាត់​វិធានការ​បាន​ សម្រាប់​សង្គម​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ នៅ​ពេល​ដែល​យើង​ឃើញ​ថា​ រឿង​រ៉ាវ​កំពុង​តែ​ដើរ​ខុស​ទិសដៅ​ ដូច​ជា​អ្វី​ដែល​បាន​កើត​ឡើង​ក្រោម​របប​ខ្មែរ​ក្រហម​ ដែល​ជា​របប​ផ្តាច់ការ​មួយ​ មាន​មេដឹកនាំ​ឆ្កួត​ ហើយ​បុគ្គល​ម្នាក់ៗ​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ​ និង​អ្វីៗ​ជា​របស់​សមូហភាព​ អ្វីៗ​ដែល​មាន​ប្រយោជន៍​ចេញ​ពី​មនុស្ស​ម្នាក់ៗ​គឺ​ការ​បំពេញ​ការងារ​ ហើយ​បើ​គេ​គិត​ថា​ យើង​ជា​សត្រូវ​នោះ ​គេ​នឹង​សម្លាប់​យើង​ភ្លាម។​ នេះជា​ការ​ផ្លាស់ប្តូរទាំងស្រុង គឺ​នៅ​ក្នុង​ដំណាក់​កាលងាក​ចេញ​ពី​ការ​ចេះអត់​ឱន​ ឆ្ពោះ​ទៅ​រកការ​មិន​អត់​ឱន។​ ហើយ​សង្គម​ទាំង​អស់​មាន​ដំណាក់​កាល​ និង​ការ​ផ្លាស់ប្តូរ​បែប​នេះ។​ ដូច្នេះ​ហើយ​ យើង​នឹង​អាច​ដឹង​ថា ​សង្គម​នោះកំពុង​ដើរ​ក្នុង​ទិស​ដៅ​ខុស។​ យើង​អាច​រៀន​សូត្រ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​យើង​អាច​ធានា​ដើម្បី​កុំ​ឲ្យ​រឿង​បែប​នេះ​អាច​កើត​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត​បាន។​

VOA៖ បាទ​ ជា​ការណ៍​ពិត​មែន​ នៅ​ពេល​ដែល​តុលាការ​ប្រកាស​សាលក្រម​សំណុំ​រឿង​០០១ ​របស់​ឌុច​ នោះ​ គឺ​មាន​អ្នក​ចូលរួម​ជា​ច្រើន​ រួម​ទាំង​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​ទៀត​ផង។​ ក៏​ប៉ុន្តែ​ពេល​ដែល​មាន​ការ​ប្រកាស​សាលក្រម​សំណុំ​រឿង​០០២​ វគ្គ១​ ពេល​នោះ​ខ្ញុំ​ធ្វើការ​សម្រប​សម្រួល​ឲ្យ​ក្រុម​អ្នក​យក​ព័ត៌មាន​របស់​កាសែត​អាមេរិកាំង​ The​ New​ York​ Times​ នា​ឆ្នាំ​២០១៤​នោះ​គឺ​មាន​អ្នក​ចូលរួម​តិច​ជាង​មុន​ឆ្ងាយ​ណាស់​ ហើយ​ប្រជាជន​ចូល​រួម​ហាក់​ដូច​ជា​មានតិច​ជាង​មុន។​ តើ​សាលាក្តី​អាច​ជួយ​ផ្សះផ្សា​ការ​ខូចខាត​ពី​អតីតកាល ​និង​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​របស់​ប្រជាជន​បាន​កម្រិត​ណា​ដែរ?

លោក Robert Carmichael៖​ ខ្ញុំ​គិត​ថា​ វា​អាស្រ័យ​លើ​បុគ្គល​ម្នាក់ៗ។​ ខ្ញុំ​គិត​ថា​ រឿង​ខ្មែរ​ក្រហម​នេះ​ ទី​មួយ​ខ្ញុំ​គឺ​ជា​ជនជាតិ​អាហ្វ្រិក​ខាង​ត្បូង។​ បាទ​ ជា​ជនជាតិ​អាហ្វ្រិក​ខាង​ត្បូង​ស្បែក​ស។​ យើង​ធ្លាប់​មាន​រដ្ឋាភិបាល​អាផាថេត​ (apartheid​ government)​ ដែល​សង្កត់​សង្កិត​ជន​ស្បែក​ខ្មៅ​ភាគ​ច្រើន​ ហើយ​នៅ​ពេល​ដែល​របប​នោះ​ត្រូវ​បាន​ផ្តួល​រំលំ​កាល​ពី​ប្រហែល​២០​ឆ្នាំ​មុន​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​បង្កើត​ឲ្យ​មាន​អ្វី​ដែល​គេ​ហៅ​ថា​ «គណៈកម្មការ​ស្វែងរក​ការណ៍​ពិត​ និង​ការ​ផ្សះផ្សា»។​ ហើយ​គោល​បំណង​នៃ​ការ​បង្កើត​គណៈ​កម្មការ​នោះ​ គឺ​ដើម្បី​ស្រាវជ្រាវ​អំពី​បទ​ឧក្រិដ្ឋ​ទាំងឡាយ​ ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​នៃ​សម័យកាល​ដែល​មាន​ការ​សង្កត់​សង្កិន​ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ប្រជាជន​យល់​ដឹង​ការណ៍​ពិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង។​ ធ្វើ​ដូច្នេះ​ គឺ​ធ្វើឲ្យ​ក្រុម​ម្ខាង​ទៀត​ អាច​មាន​ការ​ផ្សះផ្សា​ ឲ្យ​ពួក​គេ​អាច​ខិត​ជិត​ចូល​គ្នា​ជាង​មុន​បាន។​ ការងារ​នោះ​វា​ខុសគ្នា​ឆ្ងាយ​ណាស់​ពី​ដំណើរ​ការ​តាម​ផ្លូវ​ច្បាប់។​ ដូច្នេះ​អ្វី​ដែល​យើង​មាន​ចំពោះ​ខ្មែរ​ក្រហម​ នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ គឺ​យើង​មាន​ដំណើរ​ការ​តុលាការ​ ហើយ​ការងារ​របស់​តុលាការ​មិនមែន​អំពី​រឿង​ផ្សះផ្សា​ទេ។​ ខ្ញុំ​គិត​ថា​ មាន​ការ​យល់​ខុស​ខ្លះ​ទាក់ទង​នឹង​អ្វី​ដែល​តុលាការ​ត្រូវ​ធ្វើ។​ ការងារ​របស់​សាលាក្តី​ ការងារ​របស់​ចៅក្រម​គឺ​ស្វែងរក​ភស្តុតាង​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​មួយ​ចំនួន​តូច​ ដើម្បី​សម្រេច​ថា​ តើ​ជន​ជាប់​ចោទ​ទាំង​នោះ​មាន​កំហុស​ឬ​អត់។​ ហើយ​ប្រសិន​បើ​ពួក​គេ​មាន​កំហុស​ តុលាការ​នឹង​កំណត់​ការ​ដាក់​ទោស។​ វា​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ផ្សះផ្សា​ទេ។​ នេះ​មិនមែន​មាន​ន័យ​ថា​ ការ​ផ្សះផ្សា​មិន​អាច​កើត​មាន​ចេញ​ពី​ការ​កាត់​ក្តី​នេះ​ទេ។​ ខ្ញុំ​ចង់​និយាយ​ថា​ ​ឧទាហរណ៍​ ក្នុង​ករណី​ម៉ាទីន​ និង​នាង​នារី​ ក៏​ដូច​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ផ្សេង​ទៀត​ក្នុង​សំណុំ​រឿង​ឌុច​ ជាដើម​ដែរ​ ដែល​នៅ​ចុង​បញ្ចប់ប្រហែល​៩០​ នាក់​នោះ​ វា​មាន​ករណី​ខ្លះ​ដែល​ថា​ មនុស្ស​មួយ​ចំនួន​ហាក់​បី​ដូចជា​ត្រូវ​បាន​គេ​ដកអម្រែក​អតីតកាល​ចេញ​ ឬ​ទម្ងន់​ដ៏​ធ្ងន់​ក្នុង​អំឡុង​ពេល​នោះ​ត្រូវ​បាន​គេ​ដក​ចេញ​ខ្លះ។​ តែ​ខ្ញុំ​គិត​ថា​ វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​ត្រូវ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ ដំណើរការ​របស់​តុលាការ​មិន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ផ្សះផ្សា​ទេ។​

ស្ត្រី​ម្នាក់ឈរ​នៅ​មុខ​ចេត្តិយ​ដែល​ត​ម្កល់​លលាដ៍និង​ឆ្អឹងរបស់​ជន​រង​គ្រោះ​ក្នុង​របបខ្មែរ​ក្រហមនៅ​សារមន្ទីរ​ជើង​ឯក​នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ដឹកនាំ​ពិធី​បុណ្យបែបព្រះ​ពុទ្ធសាសនា​មួយ​ដើម្បី​រំឭក​ខួប​ទី​៤០​នៃ​ការ​ធ្លាក់​របស់​ទី​ក្រុង​ភ្នំពេញ​ចូល​ក្នុង​ការកាន់កាប់​របស់​ទាហាន​ខ្មែរក្រហម។ (AP Photo/Heng Sinith)

ការ​ផ្សះផ្សា​គឺ​ជា​ដំណើរការ​ផ្សេង​គ្នា​ពី​តុលាការ។​ តាម​គំនិត​ខ្ញុំ​ ដំណើរ​ការ​នោះ​មិន​មាន​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​កម្រិត​មួយ​ដែល​វា​គួរ​តែ​ត្រូវ​បាន​ធ្វើ។​ មាន​តែ​អង្គការ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ធ្វើ​រឿង​នេះ។​ តាម​ដែល​ខ្ញុំ​ដឹង​ គ្មាន​លុយ​ចេញ​ពី​រដ្ឋាភិបាល​សោះ​ដែល​ត្រូវ​បាន​ចំណាយ​ទៅ​លើ​រឿង​នេះ សូម្បី​តែ​បន្តិច​ក៏​គ្មាន​ ដែល​ខ្ញុំ​គិត​ថា​ ពិត​ជា​ការ​បាត់​បង់​ឱកាស​ដ៏​ល្អ​មួយ។​ ហើយ​នេះ​ពិត​ជា​គួរ​ឲ្យ​ខក​ចិត្ត​ណាស់​ ព្រោះ​ថា​ រឿង​ផ្សះផ្សា​នេះ​ជា​រឿង​ដែល​ត្រូវ​ការ​ដ៏​ចាំបាច់​ណាស់។​ ដូច​ដែល​ប្រជាជន​កម្ពុជា​បាន​ដឹង​ហើយ​ថា​ ពួក​គេ​នឹង​រស់​នៅ​ជិត​មនុស្ស​ដែល​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​រន្ធត់​ជា​ច្រើន​ ឬ​មនុស្ស ​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ ឬ​មនុស្ស​ដែល​ពួក​គេ​គិត​ថា ​ធ្លាប់​បាន​ប្រព្រឹត្ត​អំពើ​យង់​ឃ្នង​ក្នុង​សម័យ​នោះ។​ ហើយ​មនុស្ស​ទាំង​នោះ​មិន​និយាយ​រក​គ្នា​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។​ ដូច្នេះ​ ការ​ប្រេះឆា​នេះ​នៅ​តែ​មាន​បន្ត​ ហើយ​មាន​អង្គការ​មួយ​ចំនួន​ដូច​ជា​ «ក្តី​ករុណា» ជា​អង្គការ​តែ​មួយ​គត់​ក្នុង​ចំណោម​អង្គការ​ដ៏​តិចតួច​ ដែល​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ​ ដោយ​បាន​ទៅ​ជួប​ពួក​គេ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្សះផ្សា។​ តែ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នៅ​កម្រិត​មូលដ្ឋាន​ ដែល​ការ​ផ្សះផ្សា​មួយ​កម្រិត​គួរ​តែ​កើត​មាន​ឡើង​ក្នុង​កម្រិត​មូលដ្ឋាន​រវាង​មនុស្ស​ក្នុង​ភូមិ​ដូច​គ្នា ​ឬ​ក្នុង​ភូមិ​ជាប់​គ្នា។​ គេ​ត្រូវ​ព្យាយាម​ប្រមូល​ពួក​គេ​មក​ជួបជុំ​គ្នា​ ព្យាយាម​បង្ហាញ​ពួក​គេ​ឲ្យ​ឃើញ​ថា​ បុរស​ម្នាក់​នេះ​បាន​ចាប់​យក​ឪពុក​របស់​អ្នក​ទៅ​សម្លាប់។​ ក៏ប៉ុន្តែ​ អ្នក​រស់​រាន​មាន​ជីវិត​ ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​ យ៉ាង​ហោច​ណាស់​មាន​ឱកាស​ស្តាប់​ជន​ដៃដល់​ ហើយ​ឲ្យ​គាត់​ពន្យល់​មូលហេតុ​ដែល​គាត់​បាន​ធ្វើ​រឿង​ទាំង​នោះ​ គឺ​ថា ​តើ​គាត់​បាន​ចូល​រួម​បែប​ណា?​ តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ដូច​ម្តេច​សព្វ​ថ្ងៃ​នេះ?​ ហើយ​បើ​សិន​ជា​គាត់​មិន​និយាយ​ទេ​ នោះ​គ្មាន​ផ្លូវ​រក​ចម្លើយ​បាន​ទេ។​ ដូច្នេះ​ ខ្ញុំ​គិត​ថា​ ដំណើរ​ការ​ផ្សះផ្សា​ជា​រឿង​ដាច់​ដោយ​ឡែក​មួយ។​ វា​មាន​សារៈសំខាន់​ណាស់​ តែ​ជា​អកុសល​ ជា​ទូទៅ​ការ​ផ្សះផ្សា​មិន​បាន​ប្រព្រឹត្ត​ធ្វើ​ទេ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។​

VOA៖ ចុះ​ចំណែក​បញ្ហា​ផ្លូវ​ចិត្ត​ក្នុង​ប្រទេស​កម្ពុជា​វិញ​ តើ​លោក​មាន​ឃើញ​រដ្ឋាភិបាល​ ឬ​ក៏​ដៃគូ​អង្គការ​ណា​បាន​ជួយ​ធ្វើ​កិច្ច​ការ​នៅ​ក្នុង​បញ្ហា​នេះ​ដែរ​ទេ?​

លោក Robert Carmichael៖​ គ្មាន​ជំនួយ​ទាល់​តែ​សោះ។​ នេះ​ខ្ញុំ​ចង់​និយាយ​សំដៅ​ទៅ​លើ​ថវិកា​សម្រាប់​សុខភាព​ក្នុង​ប្រទេស​កម្ពុជា។​ ទោះបី​ប្រទេស​នេះ​ក្រីក្រ​ក៏​ដោយ​ ក៏​លុយ​យ៉ាង​ច្រើន​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​លួច។​ នេះ​ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ច្រើន​ជាង​គេ​មួយ​លើ​ពិភព​លោក។​ ចំពោះ​ខ្ញុំ​ វា​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ​ដែល​ថា​ ប្រទេស​នេះ​គ្មាន​លុយ​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត។​ ហើយ​សុខភាព​ផ្លូវ​ចិត្ត​នេះ​ជា​សេចក្តី​ត្រូវការ​ចាំបាច់​ណាស់។​ សូម្បី​តែ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ​តាម​ដែល​ខ្ញុំ​នៅ​ចាំ​ ប្រហែល​ជា​ប្រាំ​ឆ្នាំ​មុន​ ខ្ញុំ​ធ្លាប់​បាន​អាន​ខ្ទង់​ថវិកា​សម្រាប់​សុខភាព​ផ្លូវចិត្ត​ ដែល​មាន​តែ​ ៣​ ឬ​៤​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ សម្រាប់​ចំណាយ​ទូទាំង​ប្រទេស​ក្នុង​មួយ​ឆ្នាំ។​ ចំនួន​នេះមិន​អាច​ទទួល​បាន​ទេ។​ ខ្ញុំ​ចង់​និយាយ​ថា ​ មាន​មន្ត្រី​ជាច្រើន​ដែល​ជិះ​ឡាន​ម៉ាក​ Range​ Rover​ មាន​តម្លៃ​១៥​ម៉ឺន​ដុល្លារ។​ នេះ​បញ្ជាក់​ថា​ ពិត​ជា​មាន​លុយ។​ កម្ពុជា​ពិត​ជា​មាន​លុយ។​

ហើយ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ ជា​ការ​គួរ​ឲ្យ​ខឹង​ខ្លាំង​ណាស់​ដែល​កម្មវិធី​សុខភាព​ផ្លូវ​ចិត្ត​នៅ​មាន​តិច​តួច​បំផុត​ក្នុង​ប្រទេស​មួយ​ ដែល​មាន​ការ​ខ្ទេចខ្ទាំ​ផ្លូវ​ចិត្ត​ និង​មាន​ជំងឺ​បាក់​ស្បាត​យ៉ាង​ខ្លាំង។​ មនុស្ស​ច្រើន​ណាស់​ដែល​បាន​ឃើញ​រឿង​រ៉ាវ​ដ៏​សែន​រន្ធត់​ ឬ​បាន​ចូល​រួម​ក្នុង​រឿង​ដ៏​គួរ​ឲ្យ​រន្ធត់​ទាំង​នោះ​ គឺ​អំពើ​ហិង្សា​ទាំង​នោះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ខ្ទេចខ្ទាំ​ដល់​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ គឺ​ជន​ដៃដល់​ ក៏​ដូចជា​ជន​រងគ្រោះ​ដែរ។​ វា​ជា​ការ​មិន​ល្អ​ទាល់​តែ​សោះ​ដែល​ថា​ គ្មាន​ថវិកា​សម្រាប់​បញ្ហា​នេះ។​ សព្វថ្ងៃ​ មាន​ថវិកា​ហូរ​ចូល​ទៅ​ក្នុង​រឿង​នេះ​ច្រើន​ជាង​មុន​ ក៏ប៉ុន្តែ​វា​នៅ​តែ​មាន​ចំនួន​ដ៏​តិចតួច​ណាស់។​ ហើយ​យើង​ដឹង​ថា​ ឥឡូវ​នេះ​បញ្ហា​ជាច្រើន​កំពុង​ត្រូវ​គេ​ទុក​សម្រាប់​អនាគត​ ពីព្រោះ​យើង​បាន​ដឹង​ពី​អ្នក​ចិត្ត​សាស្ត្រ​ថា​ ការ​ខ្ទេចខ្ទាំ​នេះ​នឹង​នៅ​បន្ត​មាន​ជា​ច្រើន​ជំនាន់​ទៅ​ថ្ងៃ​មុខ។​ ដូច្នេះ​ អ្វី​ដែល​ឪពុក​ម្តាយ​ មនុស្ស​ និង​ជីដូន​ ជីតា​ដែល​បាន​ឆ្លង​កាត់​សម័យ​ខ្មែរក្រហម​បាន​ឃើញ​ព្រឹត្តិការណ៍​អាក្រក់​ទាំង​នោះ​ នឹង​បញ្ជូន​បន្ត​ទៅ​កាន់​មនុស្ស​ជំនាន់​ក្រោយ​ ហើយ​ឆ្លង​ទៅ​មនុស្ស​ជំនាន់​ក្រោយ​ ទាក់​ទិន​នឹង​អាកប្បកិរិយា​មនុស្ស​ ទាក់ទិន​នឹង​របៀប​ដែល​ពួក​គេ​ដោះ​ស្រាយ​ស្ថានភាព​ដ៏​គួរ​ឲ្យ​តប់ប្រមល់។​ ដូច្នេះ​ ការ​ដែល​យើង​មិន​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ គឺ​ហាក់​ដូច​ជា​ការ​គរ​ទុក​បញ្ហា​ទាំង​នោះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ដូច្នោះ​ដែរ។​ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែរ​ ដែល​ចង់​ឃើញ​ថវិកា​បន្ថែម​ច្រើន​ទៀត​ដើម្បី​ចំណាយ​ក្នុង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ចំណាយ​ក្នុង​កិច្ច​ការ​ផ្សះផ្សា​ ពីព្រោះ​ថា​ នេះ​គឺ​ជា​វិធី​ដែល​យើង​កសាង​សង្គម​យើង​ឡើង​វិញ​ ហើយ​នឹង​ការ​ធ្វើ​ឲ្យ​មាន​ការ​ជា​សះស្បើយ​មួយ​កម្រិត​ឡើង​វិញ។​ សាលាក្តី​មិន​អាច​ធ្វើ​រឿង​ដូច្នោះ​បាន​ទេ។​ នេះ​មិន​មែន​ជា​តួនាទី​របស់​តុលាការ​ទេ។​

VOA៖​ នេះ​គឺ​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​មួយ​ដែល​មិន​មាន​អ្នក​ជួយ​ឧបត្ថម្ភ​រឿង​នេះ ​ព្រោះ​វា​ជា​រឿង​សំខាន់​មួយ​ដែល​អាច​ប៉ះ​ពាល់​ដល់​សង្គមជាតិ​ទាំងមូល​ ហើយ​យើង​សង្ឃឹម​ថា​ រដ្ឋាភិបាល​រួម​ទាំង​អង្គការ​នឹង​គិតគូរ​ពី​រឿង​នេះ។​

ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​បាន​ចូលរួម​ក្នុង​ពិធីរំឭក​ថ្ងៃ​នៃ​ការ​ចងចាំ និងរំឭក​វិញ្ញាណកន្ខ​របស់​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​សារៈមន្ទីរ​ប្រល័យ​ពូជសាសន៍​ជើងឯក។ (រូបថត៖​មជ្ឈមណ្ឌល​ឯកសា​កម្ពុជា)

លោក Robert Carmichael៖​ បាទ!​ ខ្ញុំ​ចង់​និយាយ​ថា​ រដ្ឋាភិបាល​គួរ​តែ​ផ្តល់​ថវិកា​ចំពោះ​រឿង​នេះ។​ វា​ជា​រឿង​របស់​ប្រជាជន​កម្ពុជា។​ យើង​បាន​ដឹង​ច្បាស់​ណាស់​ហើយ​ថា​ មាន​លុយ​ច្រើន​ណាស់​ ដែល​ត្រូវ​បាន​គេ​លួច។​ គេ​គួរ​តែ​លួច​យក​លុយ​តិច​ជា​ង​នេះ​ ដើម្បី​ទុក​លុយ​ខ្លះ​សម្រាប់​យក​ទៅ​ចំណាយ​ក្នុង​ការ​ពង្រឹង​វិស័យ​សុខាភិបាល​ សុខភាព​ផ្លូវចិត្ត​ និង​ការ​អប់រំ។​ ប្រទេស​កម្ពុជា​មាន​បញ្ហា​សង្គម​គ្រប់​បែប​យ៉ាង​ ដែល​ត្រូវ​ការ​ថវិកា​ច្រើន​ជាង​សព្វ​ថ្ងៃ​ ហើយ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ រដ្ឋាភិបាល​គិត​ថា​ គឺ​សហគមន៍​អន្តរជាតិ​អាច​ជួយ​នៅ​ក្នុង​រឿង​នេះ។​ ខ្ញុំ​គិត​ថា​ សហគមន៍​អន្តរជាតិ​ហាក់​ដូចជា​ធុញ​ថប់​ខ្លះ​ហើយ​ ដែល​ត្រូវ​ផ្តល់​ជំនួយ​ស្ទើរ​គ្រប់​ផ្នែក​ទៅ​ឲ្យ​ប្រទេស​នេះ។​ ពលរដ្ឋ​ខ្មែរ​ទាំង​នេះ​គឺ​ជា​ប្រជាជន​ផ្ទាល់​របស់​រដ្ឋាភិបាល។​ តាម​គំនិត​របស់​ខ្ញុំ​ រដ្ឋាភិបាល​កម្ពុជា​គួរតែ​ថែ​រក្សា​ប្រជាជន​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​ជាង​ដូច​ដែល​ប្រជាជន​កំពុង​ទទួល​បាន​សព្វ​ថ្ងៃ​នេះ។​

VOA៖ បាទ​ ជា​ចុង​ក្រោយ​ តើ​លោក​នឹង​បោះពុម្ព​សៀវភៅ​មួយ​ផ្សេង​ទៀត​ទេ?​

លោក Robert Carmichael៖​ ខ្ញុំ​នឹង​មិន​សរសេរ​សៀវភៅ​ទី​ពីរ​អំពី​សាលាក្តី​ខ្មែរ​ក្រហម​ទៀត​ទេ។​ និយាយ​ឲ្យ​ស្មោះ​ទៅ​ ការ​សរសេរ​សៀវភៅ​មួយ​ក្បាល​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ខ្សោះ​ក្នុង​អារម្មណ៍​ខ្ញុំ​ខ្លាំង​ណាស់​ ពីព្រោះ​ខ្ញុំ​បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​មនុស្ស​ជា​ច្រើន​នាក់​ ដែល​មាន​រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​រន្ធត់​ចិត្ត​ ដែល​ខ្ញុំ​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​យក​ដោយ​ស្ងប់​ចិត្ត។​ ដូច្នេះ​ ក្នុង​សៀវភៅ​បន្ទាប់​របស់​ខ្ញុំ​ ខ្ញុំ​នឹង​សរសេរ​សៀវភៅ​មួយ​ទៀត​ ជា​រឿង​ប្រលោម​លោក។​ រឿង​ដែល​ខ្ញុំ​បាន​សរសេរ​ហើយ​នេះ​គឺ​ជា​រឿង​ពិត។​ អ្វីៗ​ទាំង​អស់​ជា​ការណ៍​ពិត។​ លើក​ក្រោយ​ជា​រឿង​ប្រឌិត។​ តែ​សៀវភៅ​នោះ​នឹង​មិន​អាច​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។​ ខ្ញុំ​ចង់​និយាយ​ថា​ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ធ្វើការ​ក្នុង​វិស័យ​សារព័ត៌មាន​វិញ។​ ដូច​ដែល​លោក​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​រាយ​ការណ៍​ឲ្យ​វីអូអេ​ផ្នែក​ផ្សាយ​ភាសា​អង់គ្លេស។​ ខ្ញុំ​ផលិត​រឿង​សម្រាប់​វិទ្យុ ​និង​ទូរទស្សន៍​នៅ​ក្រៅ​ប្រទេស​កម្ពុជា។​ ខ្ញុំ​បាន​វិល​មក​ធ្វើ​ការ​ក្នុង​វិស័យ​សារព័ត៌មាន​វិញ​ ដែល​ជា​ការងារ​ខ្ញុំ​បាន​ទុកចោល​មួយ​រយៈ​ ដោយ​សារ​តែ​ជាប់​រវល់​សរសេរ​សៀវភៅ​មួយ​នេះ​ឯង។​ ដូច្នេះ​ ខ្ញុំ​ចំណាយ​ពេល​ដែល​នៅ​សេស​សល់​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​បម្រើ​ការ​ក្នុង​វិស័យ​សារ​ព័ត៌មាន​ ធ្វើ​សេចក្តី​រាយ​ការណ៍​អំពី​បញ្ហា​ជា​ច្រើន​ដែល​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ ដែល​រួម​បញ្ចូល​ទាំង​ការ​ផ្សះផ្សា​ សុខភាព​ សុខភាព​ផ្លូវ​ចិត្ត​ រឿង​នយោបាយ​ រឿង​សេដ្ឋកិច្ច​ និង​រឿង​គ្រប់​យ៉ាង​ដែល​យើង​ទាំង​អស់​គ្នា​តែងតែ​រាយ​ការណ៍​ជា​ប្រចាំ។​

VOA៖ លោក​ រ៉ូប៊ើត ខា​ម៉ៃខល​ បាន​ចងក្រង​ និង​ចេញ​ផ្សាយ​សៀវភៅ​មួយ​ជា​ភាសា​អង់គ្លេស​ អំពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរក្រហម​ រួម​ទាំង​ផល​វិបាក​ក្រោយ​ពី​របប​ឧក្រិដ្ឋនេះ​ និង​ការ​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម។​ សៀវភៅ​នេះ​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ “When​ Clouds​ Fell​ from​ the​ Sky”​ ឬ​ដែល​ខ្ញុំ​សុំ​បកប្រែ​ក្រៅ​ផ្លូវ​ការ​ជា​ភាសា​ខ្មែរ​ថា​ «ពេល​ដែល​ពពក​ធ្លាក់​ពី​លើ​មេឃ»។​ លោក​ រ៉ូប៊ឺត​ ខាម៉ៃខល​ (Robert​ Carmichael) គឺ​ជា​អ្នក​សារព័ត៌មាន​យ៉ាង​សកម្ម​មួយ​រូប​ដែល​បាន​តាមដាន​ប្រវត្តិ​រឿង​រ៉ាវ​ ការ​កាត់ទោស​ពួក​ខ្មែរ​ក្រហម។​ បាទ​ សូម​អរគុណ​លោក​ Robert​ សម្រាប់​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​លោក។​

លោក Robert Carmichael៖​ បាទ!​ សូម​អរគុណ​ ដែល​បាន​អញ្ជើញ​ខ្ញុំ​មក​ទី​នេះ៕