កម្លាំងសន្ដិសុខចម្រុះនៃតុលាការបានរារាំងមិនអនុញ្ញាតឱ្យក្រុមសកម្មជនមាតាធម្មជាតិ និងអ្នកសារព័ត៌មានចូលទៅខាងមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ ជាទីដែលសកម្មជនមាតាធម្មជាតិគ្រោងនឹងធ្វើពិធីហៅព្រលឹងបុព្វបុរសធ្វើជាសាក្សីសវនាការ។ នេះបើតាមសកម្មជនមាតាធម្មជាតិ។
នៅព្រឹកថ្ងៃពុធនេះ តុលាការបើកសវនាការជំនុំជម្រះលើកទីពីរ គេឃើញមានវត្តមានមេធាវីការពារក្តី និងសកម្មជនចលនាមាតាធម្មជាតិ រួមមានលោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី ក្នុងសម្លៀកបំពាក់ដូចនឹងសវនាការលើកមុន ស្លៀកពាក់ស ហើយដៃកាន់ផ្កាឈូក ជាមួយក្រុមអ្នកគាំទ្រជួយកាន់ឆ័ត្របាំងកម្ដៅថ្ងៃអង្គុយនៅមុខច្រកចូលដែលកម្លាំងសន្តិសុខដាក់ឃាំង។
លោក យីម លាងហ៊ី សកម្មជនមាតាធម្មជាតិបានឱ្យដឹងថា បើតាមគម្រោងរបស់ក្រុមមាតាធម្មជាតិ ពួកលោកគ្រាន់តែចង់ធ្វើពិធីអុជធូបហៅព្រលឹងដូងតាដើម្បីមកធ្វើជាសាក្សីជួយថែរក្សាក្រុមរបស់លោក មុននឹងក្រុមមាតាធម្មជាតិឡើងសវនាការលើកទីពីរនេះ។ សកម្មជនមាតាធម្មជាតិរូបនេះបង្ហាញការសោកស្ដាយនៅពេលដែលកងកម្លាំងសន្តិសុខរបស់តុលាការរារាំងមិនអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មានចូលទៅខាងមុខតុលាការជាមួយក្រុមសកម្មជនមាតាធម្មជាតិ។ លោកបន្តថា ការដែលតុលាការមិនអនុញ្ញាតឱ្យក្រុមអ្នកគាំទ្រ និងអ្នកសារព័ត៌មានចូលទៅខាងក្នុងគឺជារូបភាពមិនប្រក្រតី។
លោក យីម លាងហ៊ី ថ្លែងថា៖ «បើសិនជាកាលណាអត់ឱ្យអ្នកសារព័ត៌មាននិងអ្នកគាំទ្រចូលទៅខាងក្នុង យើងយល់ថាសវនាការរបស់យើងហាក់ដូចជាមិនមានភាពបើកជាសារធារណៈ ឬក៏ហៅថាមានការរឹតត្បិត។ ចុះបើសិនជាយើងចូលទៅថាតើមានបញ្ហាអីមួយកើតឡើងឬក៏យ៉ាងណា ខាងសារព័ត៌មាននៅខាងក្រៅអ្នកគាំទ្រយើងនៅខាងក្រៅទាំងអស់ ចឹងវាបង្ហាញភាពមិនប្រក្រតីសម្រាប់សវនាការរបស់យើងដែរ។
សកម្មជនរូបនេះបញ្ជាក់ថា បើទោះបីជារូបលោកនិងសកម្មជនផ្សេងទៀតដឹងមុនហើយថាលទ្ធផលដែលពួកគេអាចនឹងទទួលបានយុត្តិធម៌មានឱកាសតិចតួច យ៉ាងណាមិញពួកលោកនឹងចូលសវនាការនេះដើម្បីជំនុំជម្រះប្រសិនបើសវនាការបើកជាសារធារណៈ។
ចំណែកសកម្មជនម្នាក់ទៀត លោក លី ចាន់ដារ៉ាវុត បានឱ្យដឹងថាតុលាបានដាក់របាំងមិនអនុញ្ញាតឱ្យអ្នកគាំទ្រ និងអ្នកសារព័ត៌មានចូលទៅក្នុងបន្ទប់សវនាការរបស់ក្រុមមាតាធម្មជាតិដោយលើកហេតុផលថាសាលពេញ។ លោកបន្ថែមថាសកម្មភាពនេះអាចបញ្ជាក់បានថាតុលាមិនគោរពតាមនីតិវិធីរបស់ច្បាប់ក្នុងការធ្វើសវនាការដោយមិនឱ្យអ្នកគាំទ្រនិងអ្នកសារព័ត៌មានចូលរួមសវនាការ។
លោក លី ចាន់ដារ៉ាវុត ថ្លែងថា៖ «ខ្ញុំយល់ថានេះមិនមែនជាកំហុសរបស់ពួកយើងទេដែលពួកយើងមិនចូលប៉ុន្ដែវាជាកំហុសនិតិ្តវិធីរបស់តុលាការខ្លួនឯង ទៅមើលច្បាប់ស្ដីពីការរៀបចំតុលាការ ទៅមើលច្បាប់ស្ដីពីរដ្ឋធម្មនុញយើងឃើញហើយថារាល់សវនាការគឺត្រូវធ្វើឡើងក្នុងនាមជាប្រជាជាតិខ្មែរហើយត្រូវធ្វើឡើងជាសារធារណៈចឹងសំណួរយើងសួរថាបើមានរបងនៅទីនេះបិទទ្វាតាំងពីមាត់ច្រកចូលផ្ទះគេហើយ ចឹងយើងមានភាពជាសារធារណៈពីណាមក»។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិដែលបានទៅឃ្លាំមើលសកម្មភាពនៅតុលាការលើកឡើងថា ការធ្វើពហិការរបស់ក្រុមមាតាធម្មជាតិធ្វើឡើងក្នុងគោលបំណងចង់ឱ្យតុលាការអនុញ្ញាតឱ្យក្រុមអ្នកគាំទ្រ និងអ្នកសារព័ត៌មានចូលទៅក្នុងបន្ទប់សវនាការឬអាចត្រឹមចូលដល់មុខរបងតុលាការ។
លោក រ៉ុង ឈុន ថ្លែងថា៖ «តាមពិតទៅរឿងសវនាការមិនមានរឿងអីអាថ៌កំបាំងពីព្រោះសវនាការជាសាធារណៈត្រូវតែបើកលំហ បើកសេរីភាពឱ្យអ្នកសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្រចូលរួមគាំទ្របើមិនបានចូលដល់ក្នុងបន្ទប់សវនាការ យ៉ាងហោចក៏បាននៅមុខតុលាការដែរ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ ប្រាប់វីអូអេថា ការធ្វើពិធីហៅព្រលឹងបុព្វបុរសរបស់ក្រុមមាតាធម្មជាតិគឺជាសិទ្ធរបស់ពួកគាត់ក្នុងការជឿលើជំនឿរបស់ពួកគេ ហើយប្រជាពលរដ្ឋមានសិទ្ធក្នុងការចូលរួមការធ្វើសវនាការ។
លោកថ្លែងថា៖ « សាធារណជនមានសិទ្ធក្នុងការចូលរួមមើលសវនាការក៏ប៉ុន្តែប្រសិនជាសាលសវនានឹងវាតូចដាក់មនុស្សមិនបានច្រើនអានឹងប្រសិនជាមានសាធារណជនច្រើននៅខាងមុខហើយចង់ដឹងតុលាការអាចរកមធ្យោបាយផ្សេងដើម្បីឱ្យសាធារណជននឹងគាត់បានមើលហើយនឹងតាមដាននូវសវនាការហ្នឹង»។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទបាននៅឡើយទេ។
ក្រោយការធ្វើពហិការមួយព្រឹករបស់សកម្មជនមាតាធម្មជាតិ នៅរសៀលថ្ងៃពុធក្នុងសវនាការវគ្គបន្ទាប់នៅពេលថ្ងៃ សកម្មជនក្រុមមាតាធម្មជាតិនៅតែមិនទាន់ចូលរួមក្នុងសវនាការនេះ ដោយពួកគេបញ្ជាក់ថា តុលាការនៅតែមិនទាន់អនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មាននិងអ្នកគាំទ្រចូលរួមស្ដាប់សវនាការ។ នេះបើតាមវីដេអូបង្ហោះដោយក្រុមមាតាធម្មជាតិ។
គួរបញ្ជាក់ថា សកម្មជនមាតាធម្មជាតិ រួមមានលោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក យីម លាងហ៊ី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត ត្រូវបានតុលាការចោទពីបទ«រួមគំនិតក្បត់» និង«ប្រមាថព្រះមហាក្សត្រ» ពាក់ព័ន្ធនឹងការថ្លែងរបស់ពួកគេនៅក្នុងវីដេអូមួយនៅក្នុងកិច្ចប្រជុំកាលពីកន្លងទៅ។ នេះជាបទចោទដាច់ដោយឡែកផ្សេងទៀតលើសកម្មជនមាតាធម្មជាតិមួយចំនួន ដែលធ្លាប់ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងញុះញង់ ហើយពួកគេត្រូវបានតុលាការកាត់ទោសរួចមកហើយ៕