ថ្នាក់ដឹកនាំគណបក្សនយោបាយមិនជាប់ឆ្នោតចំនួន២៨រូប មកពីគណបក្ស១៤ ដែលស្ម័គ្រចូលក្នុង «ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ត្រូវបានតែងតាំងឲ្យមានងារជាឯកឧត្ដម និងលោកជំទាវ ដែលក្នុងនោះ១៤នាក់ មានឋានៈស្មើទេសរដ្ឋមន្ត្រី និង១៤នាក់ទៀត មានឋានៈស្មើរដ្ឋមន្ត្រី។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ទ្រង់ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចំនួន៣០រូប មានឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីកាលពីថ្ងៃទី៦ ខែកញ្ញា ដោយយោងតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សមាសភាពឧត្តមក្រុមប្រឹក្សាទាំង៣០រូបនោះ ពីររូបមកពីគណបក្សប្រជាជនកម្ពុជា និង២៨រូបផ្សេងទៀតមកពីគណបក្សនយោបាយចំនួន១៤ ដែលមិនជាប់ឆ្នោត។
គណបក្សនយោបាយទាំង១៤មាន គណបក្សខ្មែររួបរួមជាតិ គណបក្សពន្លឺថ្មី គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរក្រោក គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សរស្មីខេមរា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សយុវជនកម្ពុជា គណបក្សធម្មាធិបតេយ្យ គណបក្សឆន្ទៈខ្មែរ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សខ្មែរតែមួយ។
ព្រះរាជក្រិត្យត្រាស់បង្គាប់តែងតាំងរបស់ព្រះមហាក្សត្រ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តើមគំនិតបង្កើតឧត្តមក្រុមប្រឹក្សានេះ ដើម្បីឲ្យគណបក្សនយោបាយដែលមិនទទួលបានអាសនៈសភា ចូលរួមប្រជុំជាមួយលោករៀងរាល់៦ខែម្តង ក្នុងការផ្តល់យោបល់ពីភាពអសកម្មរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី។
ក្នុងជំនួបដំបូងជាមួយលោក ហ៊ុន សែន នៅក្នុងវិមានសន្តិភាពកាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ ក្រៅពីតំណាងគណបក្សនយោបាយទាំង១៤នេះ ក៏មានការចួលរួមពីគណបក្សខ្មែរសាធារណរដ្ឋ ដែលដឹកនាំដោយលោក លន់ ឬទ្ធិ កូនប្រុសរបស់លោកសេនាប្រមុខលន់ នល់ ផងដែរ។ ប៉ុន្តែក្នុងព្រះរាជក្រិត្យតែងតាំងសមាសភាពឧត្តមក្រុមប្រឹក្សានេះ មិនឃើញមានឈ្មោះតំណាងមកពីគណបក្សខ្មែរសាធារណរដ្ឋនោះទេ។
ក្រៅពីគណបក្សទាំងនេះ គេឃើញថា គណបក្សចំនួន៤ បានប្រកាសមិនចូលរួមការប្រជុំជាមួយលោកនាយករដ្ឋមន្រ្តីនាពេលនោះ ដែលរួមមាន គណបក្សមាតុភូមិយើង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យប្រាប់ VOA ថា ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ជាការខ្ជខ្ជាយថវិកាជាតិ និងថាសមាសភាពឧត្តមក្រុមប្រឹក្សាដែលមានសមាសភាពមកពីគណបក្សមិនជាប់ឆ្នោតទាំងនេះ នឹងមិនអាចជួយឲ្យការដឹកនាំរដ្ឋាភិបាលបានប្រសើរឡើងនោះទេ។
លោកបញ្ជាក់ថា៖
«យើងឃើញពីមុនមកគណបក្សប្រឆាំងអាចមានសំឡេងនិយាយផងនៅតែពិបាក ទម្រាំក្រុមនេះជាក្រុមដែលចាត់តាំងដោយរដ្ឋាភិបាល អីចឹងខ្ញុំគិតថា ពួកគាត់នឹងគ្មានឥទ្ធិពលណាមួយសម្រាប់ជួយកែប្រែរដ្ឋាភិបាលទេ។ អីចឹងទៅគឺថាយើងនឹងបន្តចំណាយថវិកាជាតិទៅរកកន្លែងមួយដែលមិនចាំបាច់»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានទេ។
រដ្ឋាភិបាលថ្មីក្នុងអាណត្តិទី៦ ដែលបន្តដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដដែលនោះ បានចាប់ផ្តើមប្រកាសរដ្ឋាភិបាលថ្មីជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ក្រោយរដ្ឋសភាអាណត្តិថ្មីដែលមានសមាជិកទាំង១២៥ មកពីគណបក្សកាន់អំណាចទាំងអស់ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យដឹកនាំប្រទេសជាបន្ត។
គេឃើញថា សមាសភាពគណៈរដ្ឋមន្រ្តីថ្មី ដែលរួមមានរដ្ឋមន្រ្តីនៃក្រសួងចំនួន២៩ មិនត្រូវបានផ្លាស់ប្តូរនោះទេ៕