ការសិក្សាដ៏ធំនិងយូរជាងគេមួយមកទល់សព្វថ្ងៃនេះ អំពីប្រសិទ្ធភាព នៃការថតឆ្លុះមើលដោះហៅmammogram បង្ហាញថាមានការកាត់បន្ថយមួយ ភាគបី នៅក្នុងចំនួននៃការស្លាប់ដោយជំងឺមហារីកដោះក្នុងចំណោមស្ត្រីដែលបានថតឆ្លុះទៀងទាត់ ជាមួយការពិគ្រោះពិនិត្យដោយការប្រើកាំរស្មីអ៊ិច ឬ x-ray។
លទ្ធផលចេញពីការសិក្សាមួយនៃប្រទេសស៊ុយអែដអស់រយៈ២៩ឆ្នាំ ដែលចូលរួមដោយស្ត្រីចំនួន១៣ម៉ឺន៣ពាន់នាក់ មានអាយុរវាងពី៤០ទៅ៧៤ឆ្នាំផ្តល់នូវអ្វីដែលក្រុមអ្នកស្រាវជ្រាវនិយាយថាជាភស្តុតាងប្រាកដប្រជា ដែលថាស្ត្រីដែលថតឆ្លុះដោះដោយទៀងទាត់ ទំនងជាកាត់បន្ថយការសា្លប់ដោយជំងឺមហារីកដោះយ៉ាងច្រើន។
ការសិក្សាបានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រៀបធៀបលទ្ធផលរបស់ស្ត្រីនៅក្នុងស្រុកពីរនៅប្រទេសស៊ុយអែដ ដែលត្រូវបានអញ្ជើញឲ្យថតឆ្លុះសុដន់ដោយទៀងទាត់ ទៅនឹងលទ្ធផលនៃស្ត្រីដែលមិនបានណែនាំណាមួយ រួមមានទាំងថាតើពួកគេ គួរបានពិនិត្យសុដន់ឬត្រូវពិនិត្យញឹកញាប់ប៉ុណ្ណា ឬថាតើត្រូវពិនិត្យដោះដោយខ្លួនឯងដូចម្តេចខ្លះ។
លោក Stephen Duffy សាស្ត្រាចារ្យខាងការពិនិត្យរោគមហារីកនៅសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ជាអ្នកនិពន្ធនាំមុខគេនៃការសិក្សាដែលបានបញ្ចប់នៅក្នុងឆ្នាំ២០០៦។ លោក Duffy មានប្រសាសន៍ថា៖
«លទ្ធផលសំខាន់បំផុតនោះ គឺការកាត់បន្ថយ៣០ភាគរយមួយ នៅក្នុងការស្លាប់ដោយជំងឺមហារីកដោះ នៅក្នុងចំណោមស្ត្រីដែលត្រូវបានអញ្ជើញឲ្យទៅពិគ្រោះពិនិត្យជំងឺមហារីកដោះ។ ការកាត់បន្ថយ៣០ភាគរយនោះត្រូវបានពិនិត្យដោយជាប់លាប់លើរយៈពេលដ៏យូរមួយ រហូតដល់ទៅការវិភាគថ្មីៗបំផុតនៃរយៈពេល២៩ឆ្នាំ»។
ប៉ុន្តែលោក Duffy និយាយថាផលប្រយោជន៍ទាំងស្រុងនៃការពិនិត្យសុដន់ បើនិយាយអំពីចំនួនពិតប្រាកដនៃជីវិតដែលបានសង្គ្រោះនោះ បានកើនឡើងតាំងពីពេលកន្លងមក។
«នៅពេលណាលោកអ្នកពិនិត្យជំងឺមហារីកដោះ នៅពេលណាលោកអ្នកពិនិត្យជំងឺមហារីកណាមួយ លោកអ្នកមិនមែនទប់ស្កាត់ការស្លាប់ដែលនឹងអាចកើតមាននៅថ្ងៃស្អែកឬនៅឆ្នាំក្រោយទេ។ លោកអ្នកកំពុងទប់ស្កាត់ការស្លាប់ដែលអាចនឹងមកដល់នៅពេលច្រើនឆ្នាំទៅខាងមុខទៀត»។
ដប់ឆ្នាំក្រោយពីការសិក្សាបានចាប់ផ្តើមធ្វើ លោក Duffy មានប្រសាសន៍ថា ការស្លាប់ចំនួន៧១នាក់ ត្រូវបានទប់ស្កាត់ដោយការពិនិត្យថតឆ្លុះសុដន់ហៅmammogram។ នៅឆ្នាំទី២៩ លោកនិយាយថាការពិនិត្យmammogram បានសង្គ្រោះជីវិតមនុស្ស១៥០នាក់។
ដូច្នេះតើស្ត្រីគួរបន្តការពិនិត្យដោះដោយធ្វើ mammogram យូរប៉ុណ្ណាទៅ ដើម្បីការពារទល់នឹងជំងឺមហារីកដោះ? លោក Duffy មានប្រសាសន៍ថា ពិបាកនិយាយណាស់។
«ស្ត្រីខ្លះដែលមានអាយុលើសពី៧០ឆ្នាំ មានបញ្ហាសុខភាពច្រើន ហើយជំងឺមហារីកដោះ ជាបញ្ហាតូចជាងគេ។ ស្ត្រីខ្លះ មានអាយុលើសពី ៧០ឆ្នាំមានសុខភាពល្អហើយសកម្ម ចំពោះអ្នកទាំងនោះ ការពិនិត្យដោះដោយធ្វើ mammogram ប្រហែលជានៅតែមានប្រយោជន៍ដដែល ប៉ុន្តែខ្ញុំគិតថា ម្នាក់ៗខុសគ្នា»។
ការសិក្សានេះនិយាយពិស្តារយ៉ាងលំអិតមួយអំពីផលប្រយោជន៍នៃការពិនិត្យដោះដោយធ្វើ mammogram បានរកឃើញនៅក្នុងការសិក្សានៅស្រុកពីរនៃប្រទេសស៊ុយអែដ មានបោះពុម្ភផ្សាយនៅក្នុងទស្សនាវដ្តីឈ្មោះ Breast Imaging ស្តីពីការឆ្លុះសុដន់។
ប្រែសម្រួលដោយ នុច សារីតា