ថ្ងៃចន្ទនេះគឺជាថ្ងៃបើក «ច្រកធ្វើដំណើរពិសេស» រវាងប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ ដែលអនុញ្ញាតឲ្យពលរដ្ឋអូស្ត្រាលីអាចទៅទស្សនាប្រទេសនូវែលសេឡង់បាន ដោយមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័កបង្ការជំងឺកូវីដ១៩។
នាយករដ្ឋមន្ត្រីនូវែលសេឡង់អ្នកស្រី Jacinda Ardern បានហៅការធ្វើដំណើរថ្ងៃដំបូងដែលមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័ករវាងប្រទេសទាំងពីរថាជា «ដំណាក់កាលដ៏សំខាន់មួយ» ដែលអាចបង្កើនសេដ្ឋកិច្ចនូវែលសេឡង់រហូតដល់ ១ ពាន់លានដុល្លារ។
ពលរដ្ឋអូស្ត្រាលីប្រហែល ១ លាន ៥ សែននាក់ បានទៅទស្សនាប្រទេសនូវែលសេឡង់នៅឆ្នាំ ២០១៩ ដែលមានចំនួនស្មើនឹងប្រហែល ៤០% នៃអ្នកធ្វើដំណើរអន្តរជាតិទាំងអស់ទៅកាន់ប្រទេសនេះ។
កន្លងមក អូស្ត្រាលីនិងនូវែលសេឡង់បានទទួលជោគជ័យភាគច្រើននៅក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមរយៈការបិទព្រំដែនរបស់ខ្លួន នៅពេលដែលជំងឺនេះបានចាប់ផ្តើម និងបានដាក់លក្ខខណ្ឌតឹងតែងដោយតម្រូវឲ្យអ្នកធ្វើដំណើរមកពីប្រទេសផ្សេងត្រូវធ្វើចត្តាឡីស័ក។
ប្រទេសអូស្ត្រាលីមានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ២៩.៥៣៣ ករណី ដែលក្នុងនោះមានករណីស្លាប់ចំនួន ៩១០ ករណី។ រីឯប្រទេសនូវែលសេឡង់វិញ មានករណីឆ្លងចំនួន ២.៥៩៦ ករណី ដែលក្នុងនោះករណីស្លាប់មានចំនួន ២៦ ករណី។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
ទាំងអ្នកស្រី Ardern និងទាំងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison សុទ្ធតែបានរំឮកអ្នកធ្វើដំណើរថា ច្រកធ្វើដំណើរពិសេសនេះអាចបញ្ចប់ ប្រសិនបើករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ផ្ទុះឡើង៕