សមាគមការពារសិទ្ធិមនុស្សអាដហុកបានជំរុញក្រសួងយុត្តិធម៌ឱ្យពិនិត្យ និងចាត់វិធានការតឹងរ៉ឹងលើចៅក្រម និងតំណាងអយ្យការ ដែលអនុវត្តការងារមិនបានត្រឹមត្រូវ។ នេះបើយោងតាមរបាយការណ៍នៃការតាមដានសវនាការរបស់តុលាការមួយចំនួន ក្នុងឆ្នាំ ២០២៣។
ការងារដែលអនុវត្តមិនបានត្រឹមត្រូវទាំងនោះ មានដូចជាការរារាំងសាធារណជន និងអ្នកសារព័ត៌មានមិនឱ្យចូលបន្ទប់សវនាការ ឬបណ្តេញចេញពីបន្ទប់សវនាការ ចៅក្រមនិងតំណាងអយ្យការសម្តែងអាកប្បកិរិយាសម្លុត គំរាមជនជាប់ចោទ និងប្រាប់ឱ្យជនជាប់ចោទសុំទោស និងមិនបានពន្យល់លម្អិតអំពីសិទ្ធិមានមេធាវី ឬសិទ្ធិការពារខ្លួន និងសិទ្ធិមិនឆ្លើយ ជាដើម។
របាយការណ៍ «ការឃ្លាំមើលសវនាការ» កម្រាស់ ១១ ទំព័រ របស់សមាគមមួយនេះដែលចេញផ្សាយ កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ បានកត់ត្រាទាក់ទងការបំពេញការងារ មិនទាន់ត្រឹមត្រូវរបស់ចៅក្រម និងតំណាងអយ្យការចំនួន ១៦ ចំណុច។ របាយការណ៍មួយនេះត្រូវបានរៀបចំចងក្រងឡើង តាមរយៈការប្រមូលព័ត៌មាននៃការឃ្លាំមើលសវនាការជំនុំជម្រះដោយផ្ទាល់របស់បុគ្គលិកសមាគមអាដហុក នៅតាមបណ្តារាជធានី-ខេត្ត ចំនួន ២០ លើរឿងក្តីចំនួន ១៧៥ ករណី រួចធ្វើការវិភាគ និងសរសេរចេញជារបាយការណ៍មួយនេះ។
សមាគមបានឱ្យដឹងទៀតថា ការឃ្លាំមើលសវនាការជំនុំជម្រះចំនួន ១៧៥ ករណី ធ្វើឡើងចាប់ពីខែមករា ឆ្នាំ ២០២២ ដល់ខែកក្កដា ឆ្នាំ ២០២៣ ដែលពាក់ព័ន្ធនឹងផ្នែកសិទ្ធិមនុស្សចំនួន ៧៩ ករណី ផ្នែកសិទ្ធិស្ត្រីនិងកុមារចំនួន ៦៤ ករណី និងផ្នែកសិទ្ធិដីធ្លីចំនួន ៣២ ករណី ដែលភាគច្រើននៃករណីនេះ ពាក់ព័ន្ធនឹងសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងករណីរំលោភសិទ្ធិដីធ្លី។ ករណីទាំងនោះ មានមេធាវីតំណាងឱ្យសមាគម ដោយអាណត្តិផ្លូវច្បាប់ដល់ជនរងគ្រោះផ្ទាល់។ ក្នុងចំណោមករណីទាំងនោះ មានបទឧក្រិដ្ឋចំនួន ១៣៧ ករណី និងបទមជ្ឈឹម ចំនួន ៣៨ ករណី ដែលមានជនរងគ្រោះជាជនជាប់ចោទសរុបចំនួន ១.១៦៥ នាក់ និងដើមបណ្តឹងចំនួន ៤៥២ នាក់។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេថា គោលបំណងនៃការចងក្រងរបាយការណ៍នេះគឺដើម្បីរួមចំណែកលើកកម្ពស់សិទ្ធិស្វែងរកយុត្តិធម៌ ដោយតម្លាភាព និងបង្ហាញពីសកម្មភាពប្រតិបត្តិរបស់ចៅក្រម តំណាងអយ្យការ និងមេធាវីនៅក្នុងវិស័យយុត្តិធម៌ជាដើម។ លោកបន្តថា ក្រសួងយុត្តិធម៌គួរតែមានការកែប្រែ និងពិនិត្យមើលអ្វីដែលបានលើកឡើងនៅក្នុងរបាយការណ៍របស់សមាគមអាដហុក ដើម្បីពង្រឹងទៅលើការអនុវត្តប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
អ្នកនាំពាក្យរូបនេះបន្ថែមថា របាយការណ៍នេះ ក៏ជាទុនសម្រាប់ជួយដល់ការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។
លោកថ្លែងថា៖ «អ៊ីចឹងរបាយការណ៍នេះក៏ជាទុនមួយដែលសមាគមអាដហុករកឃើញនៅក្នុងអាណត្តិការងាររបស់ខ្លួនចំនួន ១៧៥ ករណី ដែលយើងបានឃ្លាំមើលហ្នឹង គឺជាផ្នែកមួយក្នុងការជួយដល់ខាងគណៈកម្មការកែទម្រង់ប្រព័ន្ធយុត្តិធម៌ហ្នឹង ដើម្បីពិនិត្យ ហើយធ្វើការកែលម្អស្ថាប័នឱ្យមានភាពល្អប្រសើរឡើងក្នុងន័យការពារ និងគោរពសិទ្ធិទទួលបានយុត្តិធម៌របស់គូភាគី»។
បើតាមលោក ស៊ឹង សែនកុរណា ការធ្វើសវនាការជាសាធារណៈ គឺជនគ្រប់រូបអាចមានសិទ្ធិក្នុងការចូលស្តាប់ការធ្វើជំនុំជម្រះបានដោយសេរី និងមិនចាំបាច់ថាជាប់ពាក់ព័ន្ធនឹងសំណុំរឿងក្តី។ លោកបញ្ជាក់ថា ការហាមឃាត់តាមរូបភាពផ្សេងៗដែលមិនឱ្យសាធារណជនចូលរួមស្តាប់ដើម្បីទទួលបានព័ត៌មាន នៅក្នុងសវនាការសាធារណៈនោះ ជារឿងមិនត្រឹមត្រូវ ហើយលើកលែងសវនាការដែលពាក់ព័ន្ធនឹងជំនុំជម្រះលើកុមារ ឬការរំលោភបំពានផ្សេងៗ ទើបជាសវនាការអសាធារណៈ។
លោកថ្លែងថា៖ «ប៉ុន្តែសវនាការសាធារណៈមិនត្រូវរារាំង ឬហាមឃាត់សាធារណជនទេ ហើយដោយមិនត្រូវមានការសួររកដីកា ឬក៏ដីកាចូលស្តាប់សវនាការហ្នឹងទេ។ នេះគឺជាអ្វីដែលធ្វើឡើងជាការរំលោភបំពានទៅលើគោលការណ៍សវនាការជាសាធារណៈហ្នឹងហើយ»។
ចំពោះចំណុចទាំង ១៦ ដែលមានក្នុងរបាយការណ៍ «ការឃ្លាំមើលសវនាការ» នោះ សមាគមអាដហុកបានកត់ត្រាថា តុលាការបានរារាំងមិនឱ្យចូលឬបណ្តេញចេញពីបន្ទប់សវនាការហើយចំពោះសាធារណជន មានចំនួន ១៤២ ករណី និងចំពោះអ្នកសារព័ត៌មានចំនួន ១១៦ ករណី ដោយមូលហេតុ បន្ទប់សវនាការតូចចង្អៀត គ្មានដីកាអញ្ជើញ ឬមិនបានចុះឈ្មោះជាមុន នគរបាលបិទទ្វាររបងមិនអនុញ្ញាតឱ្យចូលជាដើម។ តុលាការមិនបានពន្យល់លម្អិតអំពីសិទ្ធិមានមេធាវី ឬសិទ្ធិការពារខ្លួន ចំនួន ៦៩ ករណី និងមិនបានពន្យល់លម្អិតអំពីសិទ្ធិមិនឆ្លើយចំនួន៩៥ករណី។
ក្រៅពីនោះ អាដហុកថា តុលាការមិនបានពន្យល់លម្អិតអំពីសិទ្ធិមិនបង្ខំឱ្យសារភាពកំហុស ចំនួន ៩៤ ករណី តុលាការមិនបានពន្យល់លម្អិតអំពីសិទ្ធិការសន្មតទុកជាមុនថាគ្មានទោសចំនួន ៩៤ ករណី ជនជាប់ចោទពាក់ឯកសណ្ឋានពន្ធនាគារអំឡុងពេលសវនាការចំនួន ១៣២ ករណី ជនជាប់ចោទជាប់ខ្នោះដៃអំឡុងពេលសវនាការចំនួន៧២ករណី។
ព្រះរាជអាជ្ញាស្រែកសម្លុត នៅពេលជនជាប់ចោទមិនឆ្លើយចំនួន៧ករណី ចៅក្រមជំនុំជម្រះបានប្រាប់ឱ្យជនជាប់ចោទសុំទោសចំនួន ៨១ ករណី ចៅក្រមឬតំណាងអយ្យការសម្តែងអាកប្បកិរិយាសម្លុតគំរាមជនជាប់ចោទចំនួន ១៨ ករណី ចៅក្រមឬតំណាងអយ្យការចាកចេញពីបន្ទប់អំឡុងពេលសវនាការចំនួន ៨២ ករណី ចៅក្រមឬតំណាងអយ្យការប្រើប្រាស់ទូរស័ព្ទអំឡុងពេលសវនាការចំនួន ៣៣ ករណី តុលាការលើកពេលប្រកាសសាលក្រមចំនួន ១៧០ ករណី តុលាការលើកពេលប្រកាសសាលក្រមដោយមិនបញ្ជាក់កាលបរិច្ឆេទចំនួន ៩៤ ករណី ហើយតុលាការបានបន្ថែមបទល្មើសថ្មីនៅពេលប្រកាសសាលក្រម ចំនួន ១៣៧ ករណី។ នេះបើតាមការកត់ត្រាដោយសមាគមអាដហុក។
ករណីផ្សេងទៀតមានដូចជាជនជាប់ចោទត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើសរយៈពេល ៦ ខែ រហូតដល់ ២៤ ខែ បើគិតដល់ថ្ងៃបើកសវនាការជំនុំជម្រះ ដែលបញ្ហានេះមានចំនួន ១៤២ ករណី។
សមាគមអាដហុកបានផ្តល់អនុសាសន៍ចំនួន៩ចំណុចទៅក្រសួងយុត្តិធម៌ និងចៅក្រម ដោយក្នុងនោះស្នើក្រសួងយុត្តិធម៌ ពិនិត្យ ដាក់វិធានការច្បាស់លាស់ចំពោះការអនុវត្តរបស់ចៅក្រម និងតំណាងអយ្យការ ដែលអនុវត្តការងារមិនបានត្រឹមត្រូវ។ ចំពោះចៅក្រម និងតំណាងអយ្យការ សមាគមនេះ ស្នើឱ្យពិចារណាក្នុងការប្រើពាក្យ ឬនិយាយពីភាពមាន ឬគ្មានទោសដល់ជនជាប់ចោទ មុនពេលចេញសាលក្រម ជាពិសេសដូចជាប្រាប់ឱ្យជនជាប់ចោទសុំទោស និងពិនិត្យសិទ្ធិរបស់ជនជាប់ចោទ និងពន្យល់ជនជាប់ចោទ ឬជនរងគ្រោះឱ្យបានច្បាស់អំពីសិទ្ធិដែលត្រូវបានទទួល ដូចជាសិទ្ធិមានមេធាវី សិទ្ធិមិនឆ្លើយ សិទ្ធិមិនបង្ខំឱ្យសារភាពកំហុស និងសិទ្ធិសន្មតទុកជាមុនថាគ្មានកំហុសជាដើម។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល សុំមិនបញ្ជាក់អ្វីទេជុំវិញរបាយការណ៍ដែលចេញដោយសមាគមអាដហុក។ លោកប្រាប់វីអូអេជាអក្សរតាមតេឡេក្រាមថា៖ «ដោយសាររបាយការណ៍ខាងលើមិនដឹងថា គាត់ផ្អែកលើអ្វីដើម្បីមកវាយតម្លៃ ដូច្នេះខ្ញុំគ្មានយោបល់ទេ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេថា របាយការណ៍របស់អាដហុក «ពិបាកយកជាការណ៍បាន»។ លោកបញ្ជាក់ត្រង់ចំណុចនៃការឃុំខ្លួនបណ្តោះអាសន្នចំពោះបទឧក្រិដ្ឋថា នីតិវីធីច្បាប់គឺអនុញ្ញាតឱ្យពន្យារពេល ៦ ខែ ចំនួន ២លើក។
លោកថ្លែងថា៖ «របាយការណ៍នេះ វាពិបាកយកជាការណ៍បាន ដោយសារបញ្ហា៣។ ទី ១ លើគុណភាពនៃការបញ្ចេញរបាយការណ៍ គុណភាពនៃការអង្កេត។ ទី ២ គឺចំណេះដឹងនៃការអង្កេតហ្នឹង ដែលមិនមានការយល់ដឹងច្បាស់លាស់ពីដំណើរការនិតីវិធីតុលាការ និងបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ និងក្រមនិតីវិធីព្រហ្មទណ្ឌ។ ហើយបញ្ហាទី ៣ អត់មានការចូលរួម។ គាត់មើលតែឯង ហើយសន្និដ្ឋានតែឯង ទាំងយល់ខុសក៏ចេះតែទៅដែរ អត់មានការចូលរួមពិគ្រោះយោបល់ជាមួយនឹងអ្នកដែលពាក់ព័ន្ធ និងអ្នកអនុវត្តផ្ទាល់»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះស្នើសមាគមអាដហុកផ្តល់ភស្តុតាងនិងមូលដ្ឋានច្បាស់លាស់ដល់ក្រសួងយុត្តិធម៌ថា តើចៅក្រម ឬក្រឡាបញ្ជី និងតំណាងអយ្យការរូបណាខ្លះ ដែលបានប្រព្រឹត្តខុសនីតិវិធី និងខុសក្រមវិជ្ជាជីវៈដើម្បីក្រសួងពិនិត្យ មានវិធានការ និងអាចធ្វើអធិការកិច្ចបន្ថែម។
លោក ថុន រដ្ឋា សកម្មជនមួយរូបនៃក្រុមយុវជនចលនាមាតាធម្មជាតិ និងធ្លាប់ជាប់ពន្ធនាគារអស់រយៈពេលជាង ១ ឆ្នាំ ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលអំឡុងឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ប្រាប់វីអូអេថា លោកធ្លាប់រងនូវពាក្យសម្តីធ្ងន់ៗពីព្រះរាជអាជ្ញានៅក្នុងសវនាការ។ លោកថា ទាំងក្នុងដំណាក់កាលស៊ើបសួរដោយនគរបាលយុត្តិធម៌ និងតុលាការក្តីមិនបានបញ្ជាក់លម្អិតអំពីសិទ្ធិដល់រូបលោកទេ។
លោកប្រាប់វីអូអេថា៖ «ខ្ញុំក៏ធ្លាប់ប៉ះពាក្យសម្តីជាមួយព្រះរាជអាជ្ញា មិនថានៅសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជានៅសាលាឧទ្ធរណ៍ទេ គឺប៉ះពាក្យសម្តីទាំង ២ លើក ជាមួយព្រះរាជអាជ្ញាទាំង ២ កន្លែងហ្នឹង។ ហើយដោយគាត់ប្រើពាក្យសម្តីបែបចោទប្រកាន់ធ្ងន់ៗមកកាន់ពួកយើងផង ប្រើសំឡេងបែបគំហកផង ជាពិសេសហ្នឹងគឺហាក់បីដូចជាមិនចាត់ទុកពួកយើងហ្នឹងគឺជាមនុស្សទេ ចាត់ទុកពួកយើងដូចជាឧក្រិដ្ឋជន ដូចជាគេហៅថា មិនមែនជាមនុស្សដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ សម្លុតជាដើម»។
ក្រៅពីនេះ លោក ថុន រដ្ឋា សង្កេតឃើញថា ជនជាប់ចោទដែលជាអ្នកប្រព្រឹត្តបទល្មើស ដូចជាលួច ឆក់ ប្លន់ ជាដើម ក៏រងសម្តីមិនសមរម្យ និងរងការសម្លុតពីព្រះរាជអាជ្ញាផងដែរ ដែលធ្វើឱ្យជនទាំងនោះមិនហ៊ានឆ្លើយ ឬតវ៉ាអ្វីឡើយ ព្រោះបារម្ភខ្លាចជាប់ពន្ធនាគាររយៈពេលយូរ៕