សមាគម​អាដហុក​ចាត់​ទុក​ការ​ដក​ស្លាក​ទាមទារ​ឱ្យ​​ដោះ​លែង​លោក កើត សារ៉ាយ ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព

លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ជាសកម្មជនម្នាក់ដែលតែងតែចេញមុខទាមទារយុត្តិធម៌សង្គម។ (ស៊ុន ណារិន/វីអូអេ)

មន្រ្តី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់ចាម​បាន​ចាត់​ទុក​ការ​ចុះ​រុះរើ​បដា​ទាមទារ​ឱ្យ​ដោះ​លែង​ លោក កើត សារ៉ាយ សកម្មជន​សង្គម​មួយ​រូប នៅ​ទីស្នាក់​ការ​របស់​ខ្លួន​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរី​ភាព​លើ​សង្គម​ស៊ីវិល និង​ស្នើ​សុំ​ឱ្យ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​មើល​ករណី​នេះ។

ការ​លើក​ឡើង​របស់​មន្រ្តី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក បន្ទាប់​ពី​អាជ្ញាធរ​ជាង​១០នាក់​ពាក់​ឯកសណ្ឋាន​ស៊ីវិល​បាន​ចុះ​រុះរើ​ដក​ស្លាក​នៅ​ទីស្នាក់​ការ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​ស្លាក​នោះ​ទាមទារ​ឱ្យ​ដោះ​លែង​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ។ អាជ្ញាធរ​បញ្ជាក់​ថា​ការ​ដក​ហូត​ស្លាក​នេះ ក្រោម​ហេតុ​ផល​ប៉ះ​ពាល់​នីតិវិធី​តុលាការ និង​សណ្ដាប់​ធ្នាប់​សាធារណៈ។ នេះ​បើ​តាម​មន្រ្តី​អាដហុក។

លោក យិន ម៉េងលី អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ដីធ្លី​របស់​សមាគម​អាដហុក​ស្នាក់​ការ​កណ្តាល​ភ្នំពេញ ថ្លែង​ថា៖ «នេះ​ជា​ករណី​រឹតត្បិត​សេរីភាព​មួយ​ទៀត​ដែល​កើត​ឡើង​មក​លើ​សង្គម​ស៊ីវិល។ ខ្ញុំ​ចង់​បង្ហាញ​ថា​បដា​ប្រវែង​១​ម៉ែត្រ​៤​ជ្រុង​ដែល​ ដែល​មាន​ខ្លឹម​សារ​ថាសូម​ដោះលែង​ លោក កើត សារ៉ាយ នេះ​ជា​សេរី​ភាព​ក្នុងការ​បញ្ចេញ​មតិ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​តស៊ូ​មតិ»។

លោក​បន្ថែម​ថា​ការ​លើក​បដា​នេះ​មិន​បាន​ប៉ះពាល់​ទៅ​ដល់​ដំណើរ​ការ​នីតិវិធី​របស់​តុលា​ការ ដូច​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ឡើយ។ លោក​ស្នើ​ឱ្យ​ក្រសួង​មហា​ផ្ទៃ​ពិនិត្យ​មើល​ករណី​នេះ ខណៈ​លោក​ថា​បណ្តា​ខេត្ត​ដទៃ​ទៀត​ដែល​មាន​ទីស្នាក់​ការ​របស់​សមាគម​អាដហុក​មិន​មាន​សកម្មភាព​ដក​ហូត​បដា​បែប​នេះ​ឡើយ។

លោក​បញ្ជាក់​ថា៖ «យើង​ចង់​ឱ្យ​ក្រសួង​មហាផ្ទៃ​ធ្វើ​ការ​ពិនិត្យ​ស្រាវជ្រាវ​ឡើង​វិញ​ ពាក់ព័ន្ធ​នឹង​ការ​កាត់​ស្លាក​របស់​សមាគម​អាដហុក របស់​អាជ្ញាធរ​ក្រុង​កំពង់ចាម។ ទីពីរ​យើង​ក៏​ទទូច​ឱ្យ​ក្រសួង​មហាផ្ទៃ​ធ្វើ​ការ​បក​ស្រាយ​ផង​ដែរ​ថា​ ការ​លើក​ស្លាក​សរសេរ​បដា​អ៊ីចឹង​! តើ​វា​ខុស​ឬ​ក៏​វា​យ៉ាង​ម៉េច? យើង​ខ្លាច​បញ្ហា​នេះ​វា​រាល​ដាល​ទៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ដោយ​យក​ហេតុ​ផល​អ៊ីចឹង​វា​ធ្វើ​ឱ្យ​លំហ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​សង្គម​ស៊ីវិល​កាន់​តែ​តូច​ទៅៗ»។

ការ​ចុះ​មក​រុះរើ​ស្លាក និង​បដា​ដែល​បង្ហាញ​សារ​ទាមទារ​ឱ្យដោះលែង​ លោក កើត សារ៉ាយ កើត​ឡើង​បន្ទាប់​ពី​រដ្ឋបាល​ក្រុង​កំពង់ចាម​បាន​ចេញ​លិខិត​ទៅប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៦ ខែកក្កដា ដោយ​បញ្ជាក់​ថា​ ការ​ដាក់​បដា ឬ​ខិត្តបណ្ណ​ទាមទារ​ឱ្យដោះ​លែង ​លោក កើត សារ៉ាយ «រំខាន​ដល់​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ »និង«បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់​ធ្នាប់»ក្នុង​ក្រុង​កំពង់ចាម។ អាជ្ញាធរ​ឱ្យ​រុះរើ​ចេញ​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី១៧ ខែ​កក្កដា។ នេះ​បើ​តាម​មន្រ្តី​អាដហុក។

ការ​ចុះ​រុះ​រើ​បដា​នេះ​កើត​ឡើង​ជា​លើក​ទី​ពីរ​ហើយ​នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាហុក ប្រចាំ​នៅ​ទីស្នាក់​ការ​ខេត្ត​កំពង់ចាម។ កាល​ពី​កន្លង​ទៅ នគរបាល​ខេត្ត​កំពង់ចាម​ក៏​ធ្លាប់​បាន​ប្រាប់​ឱ្យ​បុគ្គលិក​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ដក​បដា​ទាមទារ​ឱ្យ​ដោះ​លែង លោក កើត​ សារ៉ាយ ​ចេញ​ពី​មុខ​សមាគមផងដែរ។ នេះ​បើ​តាម​មន្រ្តី​របស់​អាដហុក។

លោក ឃន ប្រុស នាយក​រដ្ឋបាល​ខេត្ត​កំពង់​ចាម ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​បញ្ជា​ឱ្យ​រុះ​រើ​បដា​នេះ គឺ​ដើម្បី​កុំ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ដំណើរ​ការ​នីតិវិធី​តុលាការ ដោយ​លើក​ថា​ សំណុំ​រឿង​នេះ​ស្ថិត​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ​នៅ​ឡើយ។

លោក​ថ្លែង​ថា៖ «រឿង​ហ្នឹង​កំពុង​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ​ហើយ​តើ​! ចាំបាច់​មក​ចង​បដា​ស្រែក​កកោក​កកាក​អី​នៅ​ហ្នឹង។ អាហ្នឹង​យើង​និយាយ​ឱ្យ​ការ​ពិត​ដូច​គ្នា! មិន​ទៅ​ប្តឹង​ផ្តល់​រក​មេធាវី រក​អី​ធ្វើ​តាម​នីតិវីធី​តុលាការ​ទៅ​! ចាំ​បាច់​មក​ចង​បដា​អី? ផ្សព្វផ្សាយ​អី»។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វីអូអេ​ថា​ បើ​ទោះ​បី​អង្គការ​លីកាដូ​មិន​ទាន់​មាន​ករណី​ចុះ​រុះរើ​ស្លាក​បដា​ពី​សំណាក់​អាជ្ញាធរ​ ដូច​សមាគម​អាដហុក​ក៏​ដោយ តែ​លោក​យល់​ថា​ការ​លើក​បដា​នេះ​គ្រាន់​តែ​ជា​សេរី​ភាព​បញ្ចេញ​មតិ​ មិនមែន​ជា​បទ​ល្មើស​ដាក់​គំនាប​ដល់​ប្រព័ន្ធ​តុលាការ​ទេ។

លោក​ថ្លែង​ថា​៖«បើ​សិន​ជា​យើង​មើល​ទៅ​លើ​ការ​លើក​បដា​ នៅ​មុខ​ការិយាល័យ​ វា​គ្រាន់​តែ​ជាសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ​ទេ! មិន​មាន​បទ​ល្មើស​ឬ​ក៏​ជា​ការ​ដាក់​គំនាប​ឬ​ការ​គំរាម​កំហែង​ណា​មួយ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ឬ​ក៏​ទៅ​លើ​អី​ទេ ព្រោះ​តុលាការ​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការសម្រេច​សេចក្តី ប្រព័ន្ធ​មួយ​សម្រេច​ដោយ​ឆន្ទានុសិទ្ធិ​របស់​តុលាការ»។

គួរ​បញ្ជាក់​ថា​ លោក កើត សារ៉ាយ ត្រូវ​បាន​អាជ្ញាធរ​ចាប់ និង​ឃុំ​ខ្លួន​បន្ទាប់​ពី​លោក​បាន​ផ្សព្វ​ផ្សាយ ​និង​ផ្តល់​បទ​សម្ភាសន៍​ទៅ​អ្នកសារ​ព័ត៌​មាន​អំពី​វិវាទ​ដីធ្លី​ដ៏​រសើប​នៅ​ឃុំ​ស្រយង់ និង​ឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ ​កាល​ពី​ថ្ងៃទី៥ ​ខែ​មេសា ឆ្នាំ​ ២០២៤។ ក្រោយ​ការ​ចាប់​ខ្លួន​ ក្រុម​សង្គម​ស៊ីវិល​ដែល​រួម​មានសមាគមការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​លីកាដូ បាន​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​ លោក កើត សារ៉ាយ តាម​រយៈ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍និង​ការ​ចង​បដា​ដែល​មាន​សារ​«ដោះ​លែង​លោក កើត សារ៉ាយ»តាម​ទីស្នាក់​ការ​របស់​ខ្លួន​ជា​ដើម។

លោក សំ ទិត្យសីហា មេធាវី​ការពារ​ក្តី​លោក កើត សារ៉ាយ ប្រាប់​វីអូអេ​ថា ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បិទ​ការ​ស៊ើប​សួរ​ក្នុង​សំណុំ​រឿង​របស់​លោក កើត សារ៉ាយ ហើយ​គ្រោង​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ៕