ការធ្លាក់ចុះនៃតម្លៃប្រេង បានវាយប្រហារសេដ្ឋកិច្ចរបស់ប្រទេសនីហ្សេរីយ៉ា ព្រមទាំងបន្ថយការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយចំណូលរបស់រដ្ឋាភិបាល។ តាមរយៈការចុះទស្សកិច្ចទៅតំបន់មជ្ឈិមបូព៌ា លោកប្រធានាធិបតី Muhammadu Buhari បានស្នើឲ្យមានវិធានការថែរក្សាតម្លៃឲ្យនៅថេរ។ ប៉ុន្តែអ្នកវិភាគយល់ថា សមត្ថភាពរបស់ប្រទេសនីហ្សេរីយ៉ានៅមានកម្រិតនៅឡើយ ក្នុងការបញ្ចុះបញ្ចូលប្រទេសដូចជាអារ៉ាប៊ីសាអូឌីត ឲ្យកាត់បន្ថយផលិតកម្ម។
លោក Buhari បានគិតពីបញ្ហាប្រេង នៅពេលលោកធ្វើទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ាកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ។
ក្នុងកិច្ចប្រជុំជាមួយមេដឹកនាំរបស់កាតានៅថ្ងៃទី២៧ ខែកុម្ភៈ លោកបានហៅតម្លៃរបស់ប្រេងថា«មិនអាចទទួលយកបានទាល់តែសោះ»។ លោកនិយាយថា សមាជិកនៃអង្គការ OPEC ត្រូវតែធ្វើការរួមគ្នា រក្សាតម្លៃប្រេងឲ្យនៅថេរ។
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះតាំងពីឆ្នាំ២០១៤។ តម្លៃក្នុងមួយធុងគឺប្រមាណ៣៥ដុល្លារ ដែលកាលពីពីរឆ្នាំមុនមានតម្លៃលើសពី១០០ដុល្លារ។ មធ្យោបាយមួយដើម្បីតម្លើងតម្លៃប្រេងគឺកាត់បន្ថយការផលិត ប៉ុន្តែផលិតករប្រេងធំៗ គ្មានឆន្ទៈក្នុងការសហការនឹងធ្វើដូច្នេះនោះទេ។
អ្នកវិភាគផ្នែកថាមពលដែលមានទីតាំងនៅទីក្រុងឡុងដ៍ លោក Rhidoy Rashid និយាយថាប្រទេសអារ៉ាប៊ីសាអូឌីតត្រូវតែដឹកនាំប្រតិបត្តិការកាត់បន្ថយផលិតកម្ម OPEC មុនគេ។
«ប្រទេសអារ៉ាប៊ីសាអូឌីត មិនព្រមកាត់បន្ថយផលិតកម្មដើម្បីទ្រទ្រង់ទីផ្សារ ហើយមានការសង្ស័យលើប្រទេសផ្សេងៗ រួមទាំងប្រទេសនីហ្សេរីយ៉ា ថាពួកគេនឹងកាត់បន្ថយផលិកម្មដូចដែលបានសន្យាឬទេ»។
ប្រទេសអារ៉ាប៊ីសាអូឌីត ក៏ស្ថិតក្នុងគម្រោងធ្វើដំណើររបស់លោក Buhari ដែរ។ នៅទីនោះ លោក Buhari និយាយថា ប្រទេសនីហ្សេរីយ៉ាកំពុង «ទទួលផលប៉ះពាល់» ពីការបរាជ័យក្នុងការបែងចែកចំណូលបានពីប្រេងកាត ហើយបានស្នើឲ្យមានការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យបន្ទាប់បន្សំផ្សេងទៀត។
ក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់លោក Buhari និយាយថា លោក និងថ្នាក់ដឹកនាំប្រទេសអារ៉ាប៊ីសាអូឌីតបានប្តេជ្ញាចិត្ត «ធ្វើអ្វីៗគ្រប់យ៉ាង» ដែលអាចធ្វើបានដើម្បី «តម្លើងតម្លៃប្រេងវិញ»។
ប៉ុន្តែ អ្នកវិភាគ Hannes Loacker នៃធនាគារអន្តរជាតិ Raiffeisen ដែលមានទីតាំងនៅទីក្រុងវីយែននិយាយថា ប្រទេសនីហ្សេរីយ៉ាគ្មានចំណាប់អារម្មណ៏ក្នុងការកាត់បន្ថយផលិតកម្មប្រេងទេ ដោយសារទទួលរងការគំរាមពីយោធា និងចោរប្រេង។
«ខ្ញុំមិនគិតថាពួកគេនឹងធ្វើដូចនេះទេ។ ពួកគេមានបញ្ហាជាច្រើនជាមួយនឹងការវាយប្រហារទៅលើបំពង់នាំប្រេងក្នុងប្រទេស»។
សមាជិក OPEC នឹងចូលរួមកិច្ចប្រជុំនៅក្នុងខែនេះ ដែលគេរំពឹងថា ពួកគេនឹងយល់ព្រមកាត់បន្ថយផលិតកម្មប្រេង។ ប៉ុន្តែ លោក Loacker និយាយថា វាអាចនឹងមានប្រសិទ្ធិភាព លុះត្រាតែប្រទេសទាំងអស់គាំទ្រ។ រដ្ឋាភិបាលប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា ពួកគេនឹងមិនគាំទ្រទេ។
ប្រសិនបើតម្លៃប្រេងមានការកើនឡើង លោក Loacker និយាយថាវានឹងនាំឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងទីផ្សារដូចជាប្រទេសចិន ដែលថ្មីៗនេះប្រឈមមុខនឹងអាត្រាកំណើនយឺត និងការប្រែប្រួលក្នុងទីផ្សារភាគហ៊ុន៕
ប្រែសម្រួលដោយ វិញ សុជាតា