ខណៈកុមារដែលរស់នៅក្នុងមណ្ឌលកែប្រែ ឬពន្ធនាគារជាមួយម្តាយ ជួបប្រទះនូវបញ្ហាការលូតលាស់ផ្នែករាងកាយ និងស្មារតី ដោយសារកង្វះអាហារូបត្ថម្ភ អង្គការសិទ្ធិមនុស្សលីកាដូបានប្រកាសស្វែងរកការបរិច្ចាគពីសាធារណជនដើម្បីជួយដល់កុមារទាំងនោះ។
កាលពីពេលថ្មីៗនេះ អង្គការលីកាដូបានស្វែងរកជំនួយក្នុងការបរិច្ចាគសម្ភារៈប្រើប្រាស់សម្រាប់កុមារ និងទារកដែលរស់នៅជាមួយម្តាយនៅតាមពន្ធនាគាររាជធានី-ខេត្តចំនួន ១៩ ទីតាំងទូទាំងប្រទេស។ ការស្វែងរកជំនួយក្នុងការបរិច្ចាគសម្ភារៈនេះស្ថិតក្រោមគម្រោង «កុមាររស់នៅតាមម្តាយក្នុងពន្ធនាគារ» ដើម្បីបង្កើតឱ្យមានការជួយទំនុកបម្រុងដល់ទារក និងកុមារដែលរស់នៅតាមបណ្តាពន្ធនាគាររាជធានី ខេត្ត ទាំង ១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការលីកាដូ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ ប្រាប់វីអូអេថា គម្រោង «កុមាររស់នៅតាមម្តាយក្នុងពន្ធនាគារ» ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់កុមារ និងអនីតិជនដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារ។ លោកបន្ថែមថា ក្នុងឱកាសទិវាសិទ្ធិកុមារថ្ងៃ ១ ខែមិថុនាខាងមុខនេះ អង្គការនឹងយកសម្ភារៈដែលទទួលបានពីសប្បុរសជនទៅចែកជូនកុមារ និងទារកនៅពន្ធនាគារទាំង ១៩ នៅទូទាំងប្រទេស។
លោក អំ សំអាតថ្លែងថា៖ «ដើម្បីជាការលើកកម្ពស់ដល់សិទ្ធិកុមារ ដូចជាអនីតិជន អង្គការលីកាដូរៀបចំឱ្យមានការចែកជាសម្ភារៈ ឬក៏អាហារូបត្ថម្ភមួយចំនួនសម្រាប់កុមារដែលនៅតាមម្តាយ អនីតិជនមួយចំនួនដើម្បីឱ្យគាត់ទទួលបានការដឹងឮនៃទិវាសិទ្ធិកុមារអន្តរជាតិផងដែរ»។
លោក អំ សំអាត ឱ្យដឹងថា ពន្ធនាគារ ឬមណ្ឌលកែប្រែមិនមែនជាកន្លែងសម្រាប់កុមារនិងអនីតិជនរស់នៅនោះទេ ព្រោះថា កុមារដែលរស់នៅក្នុងពន្ធនាគារមិនមានឱកាសដូចកុមារផ្សេងទៀតឡើយ ហើយពួកគេច្រើនទទួលរងនូវការប៉ះពាល់ផ្នែករាងកាយ ស្មារតី និងកង្វះអាហារូបត្ថម្ភដែលប៉ះពាល់ការលូតលាស់របស់ពួកគេ។
លោក នុត សវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ប្រាប់វីអូអេថា កន្លងទៅ ពន្ធនាគារបានយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ និងទារកដែលរស់នៅក្នុងពន្ធនាគារជាមួយម្តាយ រួមមានការផ្គត់ផ្គង់តាមតម្រូវការរបស់កុមារ និងស្រ្តីមានផ្ទៃពោះ។
លោកបន្ថែមថា បច្ចុប្បន្នកុមារ និងទារកដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារមានសរុបចំនួន ១១២ នាក់ ទូទាំងប្រទេស។ លោកបន្តថា កន្លងមកអង្គការលីកាដូបានជួយទំនុកបម្រុងដល់កុមារតូច និងទារកដែលទើបនឹងកើតនៅក្នុងពន្ធនាគារ ដោយផ្គត់ផ្គង់ជាម្សៅបំប៉នសុខភាព ម្សៅទឹកដោះគោ សាប៊ូ និងសេវាថែទាំសុខភាពជាដើម។
លោក នុត សវនា ថ្លែងថា៖ «ជាទូទៅយើងតែងសង្កេតឃើញថា កុមារនៅក្នុងពន្ធនាគារ បញ្ហាតែមួយទេ ដែលគាត់ប្រឈមនោះគឺការលូតលាស់ផ្នែកសតិបញ្ញាដែលខុសប្លែកពីក្មេងនៅខាងក្រៅ។ គាត់កើតឬធំនៅក្នុងនោះ គាត់បានទទួលតែការអប់រំមួយចំនួនទៅតាមកម្មវិធីទេហើយការលេងកម្សាន្តក៏មិនសូវបានទូលំទូលាយដូចក្មេងខាងក្រៅដែរ»។
លោក នុត សវនា បញ្ជាក់ថា ក្មេងនៅក្នុងពន្ធនាគារដែលមានអាយុចាប់ពី ៣ ឆ្នាំឡើងទៅ នឹងត្រូវបញ្ជូនទៅរស់នៅជាមួយក្រុមគ្រួសារដែលនៅក្រៅ ឬអង្គការក្រៅរដ្ឋាភិបាល ដើម្បីទទួលយកទៅចិញ្ចឹមបន្ត។
តំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជាលោក Will Parks ប្រាប់វីអូអេតាមសារអ៊ីម៉ែលថា កុមារទាំងអស់សុទ្ធតែមានសិទ្ធិក្នុងការរស់នៅដូចគ្នា ទោះបីជាពួកគេរស់ជាមួយម្តាយក្នុងពន្ធនាគារក៏ដោយ។ លោកបន្ថែមថា ពួកគេគួរតែទទួលបានសិទ្ធិថែទាំពីរដ្ឋាភិបាល ដូចក្មេងដទៃទៀត ដូចជាការថែទាំសុខភាព និងសេវាកម្មផ្សេងៗទៀត។
លោក Will Parks បញ្ជាក់ថា៖ «កុមារដែលរស់នៅក្នុងពន្ធនាគារបាត់បង់សិទ្ធិសិទ្ធិសេរីភាពក្នុងការទទួលសេវាកម្មថែទាំសុខភាព ការអប់រំ ការអភិវឌ្ឍ និងរងការគំរាមកំហែង»។
លោកបន្ថែមថា អង្គការ UNICEF ក៏បានធ្វើការតស៊ូមតិជាមួយរដ្ឋាភិបាលក្នុងការអនុគ្រោះមិនឃុំខ្លួនឪពុកម្តាយដែលមានកូនតូចនៅជាមួយខ្លួននៅក្នុងបន្ទុក ព្រមទាំងលើកទឹកចិត្តដល់អាជ្ញាធរពិគ្រោះឡើងវិញអំពីការដាក់ទោសដល់បុគ្គលណាមួយដែលមានកូនតូចក្នុងបន្ទុក ដោយគិតពីផលលំបាកដែលពួកគេជួបប្រទះ៕