ប្រជាពលរដ្ឋកម្ពុជាបានប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី ឈានដល់ថ្ងៃទី២ ហើយនៅថ្ងៃអង្គារនេះ។ លក្ខណៈពិសេសនៃពិធីចូលឆ្នាំថ្មីនៅថ្ងៃទី២នេះគឺមានពិធីស្រង់ព្រះនិងពិធីស្រោចទឹកជូនឪពុកម្តាយ។
លោកអ៊ឹម បុរិន្ទ អគ្គនាយករងនៃគណៈកម្មាធិការរៀបចំពិធីបុណ្យជាតិនិងអន្តរជាតិនិងជាអ្នករៀបរៀងសៀវភៅមហាសង្ក្រានមានប្រសាសន៍ក្នុងបទសម្ភាសន៍តាមទូរសព្ទថា ពិធីទាំងពីរនេះ ត្រូវបានរៀបចំឡើង «ដើម្បីសម្តែងកត្តញូ» ដល់ឪពុកម្តាយនិងដើម្បីជម្រះមន្ទិលនានាក្នុងខ្លួននិងដើម្បីទទួលផលកុសលតាមព្រះពុទ្ធសាសនា។
លោកអ៊ឹម បុរិន្ទ ប្រមើលមើលថា ឆ្នាំថ្មី ឆ្នាំ២០១៤ នេះនឹងមិនមានការប្រើប្រាស់កម្លាំងប្រដាប់អាវុធធ្ងន់ធ្ងរដោយសារវិបត្តិនយោបាយនោះទេ។ មូលហេតុដោយសារទេវតាដែលយាងចុះមកស្ថានកណ្តាលនៅឆ្នាំនេះទ្រង់ព្រះខន្ទនិងឈើច្រត់ «ដែលមិនមែនជាអាវុធសម្រាប់ធ្វើសឹកនោះទេ។»
មួយវិញទៀតបើតាមការព្យាករណ៍ ទឹកភ្លៀងនៅឆ្នាំនេះមានចំនួន៤០០មេ។ មានភ្លៀងធ្លាក់ច្រើននៅដើមឆ្នាំ ពាក់កណ្តាលឆ្នាំនិងភ្លៀងចុះខ្សោយនៅចុងឆ្នាំ។
ដោយឡែកភោគផលកសិកម្មនឹងជួបសត្វល្អិតបំផ្លាញផលដំណាំ។ ហើយផលស្រូវនៅតំបន់ទំនាបល្អជាងតំបន់ខ្ពង់រាប។ ដោយឡែកទឹកទន្លេអាចឡើងច្រើនជាងរាល់ឆ្នាំ។
លោកអ៊ឹម បុរិន្ទ ដែលជាគ្រូហោមួយរូបដែរនោះបានឲ្យដឹងថា មនុស្សកើតឆ្នាំ ជូត ឆ្លូវ មមី ថោះ និងឆ្នាំរការនឹងមានរាសីស្រុតចុះហើយ «គួរតែចៀសវាងធ្វើពីធីសំខាន់ៗដូចជាពិធីរៀបការ បុណ្យផ្ទាល់ខ្លួននិងមិនត្រូវចូលរួមពិធីអាពាហ៍ពិពាហ៍និងបុណ្យសពជាដើម»។ បុគ្គលដែលមានឆ្នាំខាងលើត្រូវធ្វើពិធីរំដោះគ្រោះឬកាត់ឆុងតាមក្បួនចិន។
ដោយឡែកសម្រាប់មនុស្សដែលកំណើតឆ្នាំច កុរ ខាល រោង ម្សាញ់ មមែ និងឆ្នាំវកគឺជាជំពូកមនុស្សដែលមានរាសីឡើងឬរាសីមធ្យមក្នុងឆ្នាំមមី ឆ្នាំ២០១៤នេះ។ នេះបើតាមលោកអ៊ឹម បុរិន្ទ៕