លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានទទួលស្គាល់ថា ចំនួនមនុស្សដែលមកទស្សនាព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះមានការថយចុះ បើទោះបីពិធីនេះបានអាក់ខានអស់រយៈពេលបីឆ្នាំ ដោយសារតែព្រឹត្តិការណ៍រត់ជាន់គ្នានៅលើកោះពេជ្រក្តី។
លោកមានប្រសាសន៍ថា មូលហេតុនៃការថយចុះចំនួនមនុស្សមកទស្សនាបុណ្យអុំទូកដោយសារតែឆ្នាំនេះចំនួនទូកបានថយចុះជាងពាក់បណ្តាលដោយសារតែកីឡាករអុំទូកភាគច្រើនពួកគេបានចេញទៅធ្វើចម្ការនិងចាកចេញទៅលក់កម្លាំងពលកម្មនៅក្រៅប្រទេស ដូចជាប្រទេសថៃជាដើម។
លោកមានប្រសាសន៍ថា កាលកំឡុងបុណ្យអុំទូកលើកមុនៗ ចំនួនភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេសដែលមកទស្សនាពិធីបុណ្យអុំទូកត្រូវបានប៉ាន់ប្រមាណថា មានចំនួនជិត២លាននាក់។ ក៏ប៉ុន្តែសម្រាប់ឆ្នាំនេះតាមការប៉ាន់ប្រមាណរបស់លោកឲ្យដឹងថា មានចំនួនតែជាង៥០ម៉ឺននាក់តែប៉ុណ្ណោះគឺបានថយចុះជាងពាក់កណ្តាល បើប្រៀបធៀបទៅនឹងពិធីបុណ្យដូចគ្នានេះកាលពីបណ្តាឆ្នាំមុនៗ។
លោកនិយាយថា៖ «ការថយហ្នឹងដោយសារតែបងប្អូនអ្នកអុំទូកដែលជាអ្នកចេះអុំទូកហ្នឹងអត់មាននៅក្នុងភូមិ ហើយក្មេងៗក្រោយហ្នឹងគាត់មិនទាន់បានបង្ហាត់។ ទូកហ្នឹងមិនមែនចេះតែអុំទេ ត្រូវហាត់ តាំងពីពេលធ្លាក់ទឹកត្រូវធ្វើយ៉ាងម៉េច? ពីព្រោះទន្លេយើងទឹកហូរខ្លាំង»។
ចំនួនទូកទាំងផ្នែកបុរសនិងស្រ្តីដែលបានមកចូលរួមប្រកួតប្រជែងឆ្នាំនេះមានចំនួនតែជាង២០០ទូកតែប៉ុណ្ណោះ។ ចំនួននេះបានថយចុះជាងពាក់កណ្តាល បើប្រៀបធៀបមុនព្រឹត្តិការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។
លោកហូ វ៉ាន់ឌី សហប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា អារម្មណ៍ភ័យខ្លាចរបស់ប្រជាពលរដ្ឋនៃព្រឹត្តិការណ៍រត់ជាន់គ្នាកាលពីឆ្នាំ២០១០នៅតែមានដែលជាហេតុធ្វើឲ្យមនុស្សមិនហ៊ានមកទស្សនាបុណ្យអុំទូកក្នុងឆ្នាំនេះ។
លោកមានប្រសាសន៍ថាម្ស៉ាងវិញទៀតនយោបាយផ្ទៃក្នុងរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិទើបតែបញ្ចប់ ការរកប្រាក់ចំណូលក្នុងក្រុមគ្រួសារនៅមានកំរិត និង គ្រោះថ្នាក់នៃការបាញ់កាំជ្រួចក្នុងព្រះរាជពិធីឡើងគ្រងរាជសម្បត្តិព្រះមហាក្សត្រគំរប់ខួប១០ឆ្នាំកាលពីសប្តាហ៏មុន។
លោកនិយាយថា៖« បាទធ្វើការបាញ់កាំជ្រួចទៅវាប៉ះពាល់ដល់អាយុជីវិតនិងរបួសស្នាមដល់បងប្អូនប្រជាពលរដ្ឋហ្នឹង។អានេះគឺជា អាចថាហាមប្រាមរបស់ឪពុកម្តាយឬក៏អាណាព្យាបាលពួកគាត់ផងដែរ»។
នៅថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក។គឺក្នុងរយះពេលតែមួយថ្ងៃប៉ុណ្ណោះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៣៥លើកដែលបានបណ្តាលឲ្យមានមនុស្ស១៤នាក់បានស្លាប់បាត់បង់ជីវិតនិងរងរបួសប្រមាណ៦៦នាក់ និងបានខូចខាតយាន្តយន្តសរុបចំនួន៦០គ្រឿង។នេះបើតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
កាលពីម្សិលម៉ិញនៅថ្ងៃទីតំបូងនៃព្រះរាជពិធីបុណ្យអំទូកមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១៤លើកនិងបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន១១នាក់រងរបួស១១នាក់។
រយៈពេលពីរនៃព្រះរាជពិធីបុណ្យអុំទូកកន្លងទៅនេះមិនមានកីឡាករអុំទូកណាម្នាក់បានស្លាប់បាត់បង់ជីវិតទេ៕