លោក​ឡេង ណាវ៉ាត្រា​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​ លោក​លាង​លុយ​កខ្វក់

រូបថត​​​បង្ហាញ​សារ​សំឡេង​តាម​ទំព័រ​ហ្វេសប៊ុក​​អ្នក​ឧកញ៉ា ​ឡេង ណាវ៉ាត្រា ដែល​​ច្រាន​ចោល​ការ​​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​​ឌឹ ខេមបូឌា​ ដេលី។

អ្នក​ឧកញ៉ា ​ឡេង ណាវ៉ាត្រា​ បាន​ច្រាន​ចោល​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន​ដែល​ថា​ លោក​ជា​អ្នក​លាង​លុយ​ឱ្យ​គេ ​ដោយ​បញ្ជាក់​ថា ​មិន​មាន​អ្នក​ណា​ម្នាក់​នៅ​ពី​ក្រោយ​មុខ​ជំនួញ​របស់​លោក​ឡើយ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ អ្នកសារព័ត៌មាន ​ឌឹ ខេមបូឌា​ ដេលី ​លោក តាំង សារ៉ាដា ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ ក្រោម​ចំណង​ជើង​ថា​ តើ​អ្នក​ឧកញ៉ា​ ឡេង ណាវ៉ាត្រាជា​អ្នក​ណា?​ ដោយបាន​លើក​ឡើង​អំពី​មន្ទិល​សង្ស័យ​ថា​ ឧកញ៉ា​ឡេង ណាវ៉ាត្រា​កំពុង​ធ្វើ​សកម្ម​ភាព​លាង​លុយ​កខ្វក់​ឱ្យ​អ្នក​មាន​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជា​ពិសេស​ត្រកូល​ហ៊ុន។​

លោក ​ឡេង ណាវ៉ាត្រា​ បាន​ប្រតិកម្ម​ខ្លាំងៗ ​និងបានចាត់​ទុក​ថា​ ការ​ផ្សាយ​នោះ​មិន​ពិត​ ​និង​ការ​ពារ​ខ្លួន​ថា​ លោកមិន​បាន​លាង​លុយ​កខ្វក់អ្វីនោះ​ទេ។ នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ ​ដែល​លោក​ឡេង ណាវ៉ាត្រា​ចេញ​មក​ការពារ​ខ្លួន​ និង​ប្រតិកម្ម​តប​ទៅលើ​ការ​ចោទ​ប្រកាន់។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​ដាច់​ខាត ​អ្នក​ឯង​មក​ចោទ​ខ្ញុំ​ថា​ ខ្ញុំ​លាង​លុយ​គឺ​មិន​បាន​ ព្រោះ​ខ្ញុំ​អត់​បាន​ធ្វើ។​ ​បើ​និយាយ​ថា​ខ្ញុំ​ជំពាក់​គេ​គឺបាន ​កុំ​ឱ្យ​តែ​បោក​ប្រាស់​គេ។​ យើង​មិន​បាន​បោក​ប្រាស់​គេ​ទេ។​ ខ្ញុំ​មិន​បាន​បោក​ប្រាស់​បង​ប្អូន​ណា​ទេ»។​

លោក​ ឡេង ណាវ៉ាត្រា​ ចាត់​ទុក​ការ​ចុះ​ផ្សាយ​របស់​លោក ​តាំង​ សារ៉ាដា​ ជា​«ទង្វើ​ដែល​គ្មាន​គុធម៌»។​

លោក​បញ្ជាក់​ថា៖ ​«អ៊ីចឹង​អ្នកឯង​ចង់​និយាយ​ផ្តួល​រលំ​ ឡេង ណាវ៉ាត្រា ​គឺ​មិន​អាច​ទៅ​រួច​ទេ ត្រូវ​ចាំឱ្យ​ច្បាស់។​ លោក​ តាំង​ សារ៉ាដា​ ត្រូវ​ចាំ​ឱ្យច្បាស់ ​ហើយ​និពន្ធ​សាច់​រឿង​ឱ្យ​បាន​ល្អ​ជាង​នេះ​មក។ ​និពន្ធ​បែប​នេះ ​វា​អត់​ត្រូវ​ទេ។ ​មក​ស៊ើប​អង្កេត​ខ្ញុំ​ត​ទៅ​ទៀ​ត​ទៅ!​ លោក​ឯង​អី​ក៏​អាក្រក់​ម៉្លេះ!​ លោក​ឯង​ទៅ​រស់​នៅ​សំងំ​សុខ​នៅ​ស្រុក​គេ ​លោក​ឯង ​លោក​ឯង​មិន​បាន​ជួយ​គេ​ទេ ​លោក​ឯង​បាន​ជា​មក​បំផ្លាញ​ក្មេង​ដូច​ជា​ខ្ញុំ​នេះ ​ដែល​ប្រឹង​ប្រែង​តស៊ូ​ជួយ​សង្គម​ជាតិ ​ដោយ​មិន​ខ្លាច​ស្លាប់​...​អត់​មាន​ឱ្យ​អ្នក​ឯង​មក​ធ្វើ​អី​តាម​អំពើ​ចិត្ត​ទេ»។​

​លោក ​ឡេង ណាវ៉ាត្រា អះអាង​ថា ​ការរក​ស៊ី​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​នេះ​គឺអតិថិ​ជន​ជំពាក់​លុយ​លោកជាង​៣០០​លាន​ដុល្លារ ដែល​រួម​មាន​គម្រោង​លក់​ផ្ទះ​លក់​រាប់​ម៉ឺន​ល្វែង។​

លោក​ តាំង​ សារ៉ាដា ​អ្នក​សារ​ព័ត៌​មាន​របស់​ឌឹ ខេមបូឌា ដេលី​ បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​អ្វី​នោះ​ទេ​ នៅ​ពេល​វីអូអេ​ទាក់ទង​ដើម្បី​សាក​សួរ។​

​សារ​ព័ត៌​មាន​ឌឹ ខេមបូឌា ដេលី ​កាលពី​ថ្ងៃទី​២១ ​ខែ​មករា ​បាន​ចេញផ្សាយ​វីដេអូ​សំឡេង​ ដែល​មាន​រយៈ​ពេល​ជាង​២៩​នាទី​ ក្រោម​ចំណង​ជើង​ថា​ «តើ​អ្នក​ឧកញ៉ា​ឡេង ណាវ៉ាត្រា​ជា​នរណា?​ ​សារព័ត៌មាន​នោះ​ ​បាន​រំលេច ​និង​រៀប​រាប់​អំពីទ្រព្យ​សម្បត្តិ​របស់​លោក​ ឡេង ណាវ៉ាត្រា ​ដោយ​ថា​ មាន​ការ​សង្ស័យ​ថា​ លោក​កំពុង​ឈរ​ឈ្មោះ​រក​ស៊ី​លាង​លុយ​កខ្វក់​ឱ្យ​អ្នក​មាន​អំណាច​កំពូល​នៅ​កម្ពុជា ​ជាពិសេស​ត្រកូល​ហ៊ុន។ ​សារ​ព័ត៌មាន​នោះ​ថា​ ការណ៍​នេះ​តម្រូវ​ឱ្យ​សមត្ថកិច្ច​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ដើម្បី​ទប់​ស្កាត់​ការ​លាង​លុយ​កខ្វក់​នេះ។​

​លោក​ តាំង សារ៉ាដា​ បាន​រៀប​រាប់​ក្នុង​វីដេអូ​សំឡេង​ថា៖​ «ដោយ​សារតែ​ទ្រព្យ​សម្បត្តិ​របស់​លោក​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​ បើ​ទោះ​បីជា​ក្រុមហ៊ុន​ជា​ច្រើន​ប្រឈម​មុខ​នឹង​ការ​ក្ស័យ​ធន ​ដោយសារ​បញ្ហា​រាល​ដាល​ជា​សាកល​ពី​ជំងឺ​កូវីដ១៩នោះ ​ទើប​មាន​មន្ទិល​សង្ស័យ​ថា​ ឧកញ៉ា​រូប​នេះ​កំពុង​ធ្វើ​សកម្ម​ភាព​លាង​លុយ​កខ្វក់​ឱ្យ​អ្នក​មាន​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​គឺ​ត្រកូល​ហ៊ុន​នេះ​តែ​ម្តង»។​

លោក ​តាំង ​សារ៉ាដា ​រៀបរាប់​បន្ត​ថា ​លោក ​ឡេង ណាវ៉ាត្រា ​ពុំ​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ពី​គម្រោង​វិនិយោគ​ទាំង​អស់របស់​ខ្លួន​នោះ​ទេ ​ ហើយអ្នក​ឧកញ៉ា​រូប​នោះ ​បច្ចុប្បន្ន​លេច​មុខ​មាត់​ក្នុង​សង្គម​តាម​រយៈ​ការ​ផ្ដល់​ថវិកា​២៣,៣​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​ឱ្យ​រដ្ឋា​ភិបាល ​កាកបាទ​ក្រហម​កម្ពុជា​ មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ជា​ដើម។​

លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​ប្រាប់​វីអូអេ​ថា​ នេះ​ជា​រឿង​បុគ្គល ​ដូច្នេះ​លោក​មិន​មាន​ការ​អត្ថាធិប្បាយ​អ្វី​ឡើយ។​

​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ឌឹ ខេមបូឌា ដេ​លី​អំពីលោក​ឡេង ណាវ៉ា​ត្រា ​ លោក ប៉ែន បូណា ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌​មាន ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា វិជ្ជា​ជីវៈ​សារ​ព័ត៌មាន​មិន​អនុញ្ញាត​ឱ្យ​យក​ការ​សង្ស័យ​មក​ធ្វើជា​កម្មវត្ថុ​ក្នុង​ការ​ចោទ​ប្រកាន់​បុគ្គល​ណា​ម្នាក់​ភ្ជាប់​ទៅ​នឹង​បទ​ល្មើស​អ្វីមួយ​ឡើយ។ ​លោក​បន្ត​ថា​ បើ​ចង់​ផ្សាយ​រឿង​ធំ​បែប​នេះ ​អ្នក​សារ​ព័ត៌មាន​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ស៊ីជម្រៅ​មួយ​ដើម្បី​ប្រមូល​ឯកសារ ​ភ័ស្តុតាង​ឱ្យ​បាន​គ្រប់​គ្រា​ន់​ និង​រឹង​មាំ​បំផុត​ជា​មុន​សិន។​

គួរ​បញ្ជាក់​ថា​ លោក​ឡេង ណាវ៉ាត្រា​ ជា​ឧកញ៉ា​ម្នាក់​ដែល​កំពុង​មាន​ភាព​ល្បី​ល្បាញ​ក្នុង​វិស័យ​អចលន​ទ្រព្យ​ ​ដីធ្លី ​និង​ផ្ទះ​ល្វែង​នៅ​កម្ពុជា។ ​លោក​តែង​តែ​បរិច្ចាគ​ថវិកា​ទៅ​រដ្ឋាភិបាល។ ​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០២១ ​លោក​បាន​បរិច្ចាគ​លុយ​ចំនួន​៣​លាន​ដុល្លារអាមេរិកទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ១៩។​

ក្រៅ​ពី​នេះ​លោក​ ឡេង ណាវ៉ាត្រា​ ក៏​បាន​បង្កើត«គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឡេង ណាវ៉ា​ត្រា ឃែភីថល​ម.ក»​ ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ស្រប​ច្បាប់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ​និង​ក្រសួង​ពាណិជ្ជ​កម្ម ​អំឡុង​ឆ្នាំ​២០២១​ ​ដែល​មាន​ទីស្នាក់​ការ​កណ្ដាលស្ថិតលើ​មហាវិថី​ OCIC ​ភូមិ​កៀនឃ្លាំង ​សង្កាត់​ជ្រោយ​ចង្វារ ​ខណ្ឌ​ជ្រោយ​ចង្វារ ​រាជធានី​ភ្នំពេញ៕​