អ្នកជំនាញច្បាប់លើកឡើងថា ការងារក្នុងស្ថាប័នរដ្ឋ ស្ថិតនៅក្នុងភាពងាយរងគ្រោះ ឬហានិភ័យ ដោយសារហេតុផលនយោបាយ ខណៈមិនមានច្បាប់ក៏ដូចជាយន្តការរឹងមាំដើម្បីការពារសុវត្ថិភាពការងារ និងអព្យាក្រឹតភាព ឬភាពជាអ្នកនៅកណ្តាលរបស់បុគ្គលិករដ្ឋ។
ការបកស្រាយយ៉ាងដូច្នេះ កើតឡើងដោយសារតែថ្មីៗនេះ មានការព្រមានពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងការដកតំណែងសាច់ញាតិរបស់លោកស៊ន តារា ដែលជាសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ និងជារឿយៗរិះគន់ ចំណុចខ្វះខាតនៃការដឹកនំាប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏បានបន្តវាយប្រហារដោយពាក្យសម្តីលើលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
មេធាវីជើងចាស់លោក សុក សំអឿន ដែលជាញឹកញាប់ការពារសំណុំរឿងសិទ្ធិមនុស្ស ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការព្រមានដកតំណែងឪពុកនិងប្អូនថ្លៃរបស់លោក ស៊ន តារា អាចធ្វើទៅរួចទៅតាមស្ថានការណ៍ជាក់ស្តែងណាមួយ ខណៈច្បាប់ការពារមន្ត្រីរាជការមិនទាន់មានភាពរឹងមាំនៅឡើយ។
លោកបញ្ជាក់ថា៖ «ចំពោះខ្ញុំៗយល់ថាការដកតំណែង ការដំឡើងបុណ្យសក្តិ ឬក៏ដាក់ពិន័យអីគួរតែសម្រេចដោយតុលាការរដ្ឋបាលមួយ អាចជាគណៈកម្មការវិន័យរបស់ក្រសួងឬក៏យើងបង្កើតតុលាការរដ្ឋបាល មិនមែនដោយសារតែអ្នកធំ នាយករដ្ឋមន្ត្រីចង់ឱ្យដកៗ មិនមែនអ៊ីចឹងទេ។ អាហ្នឹងជាទស្សនៈរបស់ខ្ញុំៗយល់អ៊ីចឹង អាហ្នឹងទើបមន្ត្រីរាជការមានឯករាជ្យភាព មានអព្យាក្រឹតភាពរឹងមាំបាន»។
បើតាមមេធាវីរូបនេះ បើសិនការដកតំណែងរបស់ឪពុក និងប្អូនថ្លៃរបស់សកម្មជននយោបាយលោកស៊ន តារា កើតឡើងដោយគ្រាន់តែភាពជាឪពុក ឬសាច់ញាតិរបស់សកម្មជននយោបាយដែលជំទាស់នឹងរដ្ឋាភិបាល នោះវានឹងក្លាយជារឿងអយុត្តិធម៌។ លោកបន្តថាការដកនោះអាចធ្វើទៅបាន ក្នុងករណីដែលរដ្ឋាភិបាលមានផលហេតុណាផ្សេងទៀតដែលសមស្របជាងនេះ។
មួយរយៈចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបន្តបន្ទាប់ព្រមានទៅលើលោក ស៊ន តារា ដែលកំពុងរស់នៅដោយនិរទេសខ្លួនឯងនៅប្រទេសបារំាង ហើយចុងក្រោយ នេះមានការគំរាមដកតំណែងឪពុក និងប្អូនថ្លៃស្រីរបស់សកម្មជនរូបនោះចេញពីក្របខ័ណ្ឌយោធា និងនគរបាល បើសិនជាពួកគេមិនអាចអប់រំ ឬប្រដៅលោកស៊ន តារា ឱ្យកែខ្លួនតាមអ្វីដែលលោកហ៊ុន សែនថាជាក្មេងពាល មកជាក្មេងត្រឹមត្រូវវិញ។
យ៉ាងក៏ដោយ ក្នុងពេលកំពុងរស់នៅប្រទេសបារាំង លោកស៊ន តារាតែងតែប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក រិះគន់ដោយមិនខ្លាចញញើតទៅលើចំណុចអវិជ្ជមាននានានៃការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
អ្នកវិភាគនយោបាយ លោក មាស នី លើកឡើងថា បើក្រឡេកទៅមើលទិដ្ឋភាពច្បាប់
វាគ្មានមូលដ្ឋានច្បាប់ណាមួយត្រឹមត្រូវឡើយសម្រាប់ការដកតំណែងបុគ្គលិករដ្ឋ ដោយសារតែការមានទំនាក់ទំនងជាមួយសកម្មជនដែលមាននិន្នាការនយោបាយផ្ទុយនឹងរដ្ឋាភិបាល ហើយថាបុគ្គលណាដែលជាអ្នកប្រព្រឹត្តខុសនឹងរដ្ឋាភិបាល បុគ្គល នោះគួរតែជាអ្នកទទួលខុសត្រូវ។
អ្នកវិភាគរូបនេះបានប្រដូចស្ថានភាពនៃការព្រមានរបស់រដ្ឋាភិបាលដកការងាររដ្ឋពីប្រជាជននាពេលបច្ចុប្បន្ននេះទៅនឹងសម័យខ្មែរក្រហម ដែលនៅពេលនោះ បើបុគ្គលណាម្នាក់នៅក្នុងគ្រួសារធ្វើខុសអ្វីមួយប្រឆាំងនឹងអង្គការ អ្នកពាក់ព័ន្ធផ្សេងទៀតនឹងត្រូវទទួលកំហុសដែរ។
នៅពេលសួរថាតើការប្រើយុទ្ធសាស្ត្រនយោបាយបែបនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វានឹងជះផលបែបណាលោកមាស នី បញ្ជាក់ថា៖ «អ៊ីចឹង បើនិយាយពីឥទ្ធិពលនៃការខ្លាចរអា បើក្រុមគ្រួសារលោក ស៊ន តារា មិនខ្លាច ក៏អាចនឹងអ្នកដទៃទៀតមានស្ថានភាពបែបនេះ ក៏ត្រូវទទួលរងការខ្លាច ការព្រួយបារម្ភចំពោះសុវត្ថិភាពខ្លួនឯង និងអនាគតខ្លួនឯង ជាពិសេសអ្នកដែលមានតួនាទីធំៗនឹងកាន់តែប្រយ័ត្នខ្លួនទៀត»។
បើតាមលោក មាស នី ការបន្តរិះគន់ឬក៏ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា គឺអាស្រ័យលើលោក ស៊ន តារា ខ្លួនឯងថាតើអាចទ្រាំទ្រជាមួយសម្ពាធមួយនេះបានកម្រិតណា។
អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ប្រាប់វីអូអេនៅថ្ងៃពុធនេះថាការព្រមានដកតំណែងមន្ត្រីរាជការក្រុមគ្រួសាររបស់លោកស៊ន តារាជាការខុសច្បាប់ និងថាការដកតំណែងមន្ត្រីរាជការដែលមាននិន្នាការប្រឆាំងកន្លងទៅ ធ្វើឡើងក្រោមឥទ្ធិពលនយោបាយ និងតាមអារម្មណ៍របស់បុគ្គល។
លោកថ្លែងថា៖ «ហើយយើងឃើញថាហើយការលុបឈ្មោះមន្ត្រីផ្សេងៗពីស្ថាប័នអប់រំដូចគ្នា ដែលមិនបានយកច្បាប់ទម្លាប់ទៅធ្វើការវិនិច្ឆ័យ ដកទៅតាមអារម្មណ៍ ហើយនឹងដកទៅតាមឥទ្ធិពលនយោបាយ»។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន យល់ថា ការអត្ថាធិប្បាយខាងលើរបស់អ្នកជំនាញច្បាប់មិនអាចទទួលយកបានឡើយ ហើយលោកបានពន្យល់ថា បើមន្ត្រីរូបណាធ្វើខុសនឹងវិន័យរដ្ឋបាល ពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងគណៈកម្មការវិន័យសម្រាប់ណែនាំ និងអប់រំជាមុន មុនពេលមានការបញ្ចប់មុខតំណែង។
លោកបញ្ជាក់ថា៖ «យើងមានក្រុមវិន័យក្នុងការចាត់ចែងដើម្បីព្រមាន ដើម្បីហ្វឹកហ្វឺន ដើម្បីសម្របសម្រួល។ អាហ្នឹងបើវាជាកំហុសរដ្ឋបាល»។
បើតាមអ្នកនាំពាក្យរូបនេះ បុគ្គលណាដែលពាក់ព័ន្ធជាមួយក្រុមឧទ្ទាម ឬក៏ឧក្រិដ្ឋជន បុគ្គលនោះនឹងមានបញ្ហាផ្លូវច្បាប់ ដែលតម្រូវឱ្យដកចេញពីក្របខ័ណ្ឌមន្ត្រីរាជការ។
កាលពីថ្ងៃអង្គារ ក្រោយការព្រមានរបស់លោក ហ៊ុន សែន លោក ស៊ន តារា បានចេញមុខប្រកាសកាត់កាលឪពុកម្តាយរបស់លោកចោលតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក និងថាលោកមិនអាចបម្រើមនុស្ស«អគុណធម៌»ដូចជាលោកនាយករដ្ឋមន្ត្រីឡើយ។
គួររំឭកថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានលើកឡើងថាគណបក្សកាន់អំណាចមិនមានវប្បធម៌លាបពណ៌ក៏ដូចជាប្រឆាំងទៅនឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋឡើយ។ ប៉ុន្តែអ្នកវិភាគមើលឃើញថាសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែការរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគេ៕