ឧត្តមសេនីយ៍ រ៉ាតកូ ម្លាឌីក (Ratko Mladic) អតីតមេដឹកនាំយោធាបូស្នៀស៊ែបស្ថិតនៅក្នុងមន្ទីរឃុំឃាំង បន្ទាប់ពីរត់គេចចេញពីការចាប់ខ្លួនអស់ជាច្រើនឆ្នាំលើបទចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាម។ ឧត្តមសេនីយ៍ ម្លាឌីក ដែលត្រូវបានចោទប្រកាន់ដោយតុលាការឧក្រិដ្ឋកម្មសង្គ្រាមរបស់អង្គការសហប្រជាជាតិពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម ដែលបង្កឡើងនៅក្នុងសង្គ្រាមនៅបូស្នៀ កាលពីឆ្នាំ១៩៩២ ដល់១៩៩៥។
ក្នុងឋានៈជាមេបញ្ជាការកងទ័ពបូស្នៀស៊ែប ក្នុងអំឡុងសង្គ្រាមស៊ីវិលនៅបូស្នៀរយៈពេលបីឆ្នាំ លោក រ៉ាតកូ ម្លាឌីក បានទទួលខុសត្រូវចំពោះអ្វីដែលត្រូវបានចាត់ទុកថាជាអំពើឃោរឃៅដ៏ធ្ងន់ធ្ងរបំផុតនៅទី្វបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ ដែលជាការសម្លាប់រង្គាលជនស៊ីវិលកាន់សាសនាមូស្លីម នៅក្នុងតំបន់ស្រេប្រ៊ីនីតសា (Srebrenica) ដែលទទួលការការពារពីអង្គការសហប្រជាជាតិ។
លោកក៏ទទួលខុសត្រូវចំពោះការបាញ់ផ្លោងរយៈពេល៤៣ខែ (ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៦) ទៅលើរដ្ឋធានីបូស្នៀ ឈ្មោះសារ៉ាជីវ៉ូ (Sarajevo) ដែលជាការឡោមព័ទ្ធមានរយៈពេលយូរបំផុតនៅក្នុងប្រវតិ្តសាស្ត្រសង្គ្រាមសម័យទំនើបនេះ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពលរដ្ឋនៅសារ៉ាជីវ៉ូ បានក្លាយជាគោលដៅរបស់កងទ័ពបូស្នៀស៊ែប ក្រោមការបញ្ជារបស់ ឧត្តមសេនីយ៍ម្លាឌីក។ ការផ្សព្វផ្សាយសេចក្តីរាយការណ៍ព័ត៌មាន នៅជុំវិញពិភពលោក បានបង្ហាញឲ្យឃើញពីការបំផ្លិចបំផ្លាញ ដែលបានប្រព្រឹត្តទៅលើពលរដ្ឋមូលដ្ឋាន។
លោក រ៉ាតកូ ម្លាឌីក កើតនៅបូស្នៀ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៤២ នៅក្នុងភូមិកាលីណូវីក (Kalinovik)។
លោក ត្រូវបានធំដឹងក្តីឡើងនៅប្រទេសយូហ្គោស្លាវី (Yugoslavia) សម័យលោកទីតូហើយត្រូវបានបណ្តុះបណ្តាលនៅឯសាលាបណ្ឌិតសភាយោធា នៃកងទ័ពប្រជាជនយូហ្គោស្លាវី (Yugoslav People's Army) ក្នុងទីក្រុងបេលហ្គ្រាដ (Belgrade)។ លោកបានឡើងឋានៈជាវរៈសេនីយឯក។
លោក ដានីញ៉េល សើវើ (Daniel Serwer) នៃវិទ្យាស្ថានសន្តិភាពរបស់សហរដ្ឋអាមេរិក ថ្លែងថា លោកម្លាឌីក ប្រើតួនាទីយោធាមិនត្រឹមត្រូវ។
«វាជាការលំបាកដែលខ្ញុំប្រកាសអំពីមុខតំណែងទាហានណាមួយ នៅពីមុខឈ្មោះរបស់គាត់ ដោយសារតែឥរិយាបថរបស់គាត់មិនគ្រាន់តែគ្មានលក្ខណៈអាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពឃោរឃៅបំផុតទៀតផង»។
ខណៈដែលប្រទេសយូហ្គោស្លាវី ចាប់ផ្តើមបែកបាក់នៅឆ្នាំ១៩៩១ លោកម្លាឌីក ត្រូវបានប្រគល់មុខងារប្រចាំនៅទីក្រុងនីន (Knin) ដែលជាទីតាំងបះបោររបស់ពួកក្រូអាតស៊ែប (Croatian-Serb) ប្រឆាំងនឹងការប្រកាសឯករាជ្យភាពរបស់ក្រូអាតពីយូហ្គោស្លាវី។
មួយឆ្នាំក្រោយមក លោកម្លាឌីក ត្រូវបានតំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ឯក និងដឹកនាំបញ្ជាទាំងស្រុងលើកងកម្លាំងយោធាបូស្នៀស៊ែប ដែលចាប់ផ្តើមប្រយុទ្ធដើម្បីរដ្ឋស៊ែបដាច់ដោយឡែកមួយ ក្រោយពីបូស្នៀ ហេហ្សេហ្គោវីណា (Bosnia-Herzegovina) បានប្រកាសឯករាជ្យភាពពីយូហ្គោស្លាវី។
ក្រុមអ្នកវិភាគ និយាយថា ឧត្តមសេនីយ៍ ម្លាឌីក នឹងត្រូវបានចងចាំយ៉ាងច្បាស់បំផុតចំពោះការវាយប្រហារនៅបូស្នៀស៊ែបក្នុងឆ្នាំ១៩៩៥ ទៅលើតំបន់គ្រប់គ្រងរបស់ក្រុមមូស្លីមក្នុងទីក្រុងស្រេប៊្រីនីតសា។
លោក អេដវើត ចូសិប (Edward Joseph) អ្នកជំនាញខាងតំបន់បាល់កង់ (Balkan) មានប្រសាសន៍ថា មុនដំបូង កងកម្លាំងបូស្នៀស៊ែប ធ្វើការឡោមព័ទ្ធទីក្រុងស្រេប៊្រីនីតសា ដែលស្ថិតនៅបូស្នៀភាគខាងកើត ដែលជនស៊ីវិលរាប់ម៉ឺននាក់ បានជ្រកកោនដើម្បីគេចចេញពីការវាយលុករបស់បូស្នៀស៊ែបនៅតាមកន្លែងផ្សេងៗ។
«នៅទីក្រុងស្រេប្រ៊ីនីតសា ក្នុងខែកក្កដា ឆ្នាំ១៩៩៥ តំបន់ទាំងនោះត្រូវបានដណ្តើមកាន់កាប់ដោយកងកម្លាំងស៊ែប បើទោះជាថាតំបន់ទាំងនោះជាទីតាំងសុវត្ថិភាពរបស់អង្គការសហប្រជាជាតិ ដែលមានកងទ័ពហូឡង់នៅទីនោះនិងមានលទ្ធភាពក្នុងការអំពាវនាវឲ្យមានការវាយប្រហារពីលើអាកាសរបស់អង្គការណាតូ( NATO) ក៏ដោយ។ ប៉ុន្តែជាជំនួសវិញ វាគ្រាន់តែជាការវាយប្រហារពីលើអាកាសជានិមិត្តរូបតែប៉ុណ្ណោះ ហើយកងទ័ពហូឡង់ មិនបានការពារទីតាំងសុវត្ថិភាព និងពលរដ្ឋប្រកបដោយប្រសិទ្ធភាពនោះទេ។ ស្ត្រីភាគច្រើនត្រូវបានបំបែកចេញ ស្ត្រីនិងកុមារភាគច្រើនត្រូវបានបំបែកចេញ ហើយបុរសដោយរាប់បញ្ចូលទាំងក្មេងប្រុសៗ ត្រូវបានប្រមូលផ្តុំ និងសម្លាប់រង្គាលក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅទីនោះ។ ហើយបើយោងតាមអង្គការកាកបាទក្រហមអន្តរជាតិ (International Red Cross) មានមនុស្សយ៉ាងហោចណាស់ក៏៧.០០០នាក់ដែរ ដែលជាចំនួនមនុស្សបាត់ខ្លួន ហើយថានោះគឺជាការសម្លាប់រង្គាលតាមការប៉ាន់ស្មានក្នុងកម្រិតទាបបំផុតប៉ុណ្ណោះនៅស្រេប៊្រីនីតសា»។
លោកដុសស្កូ ដូដើ (Dusko Doder) អ្នកកាសែត បានស្ថិតនៅខាងក្រៅទីក្រុងស្រេប៊្រីនីតសា នៅពេលនោះ ហើយនៅចាំថាបានឮដំបូងបង្អស់ស្តីពីការសម្លាប់រង្គាលនេះ ពីស្ត្រីវ័យចំណាស់ម្នាក់ ដែលចេញមកពីទីក្រុងនោះ។
«ខ្ញុំបានបើកឡានជូនស្រ្តីនោះ ហើយលោកស្រីបានរៀបរាប់ប្រាប់យើងថា កងទ័ពបានសម្លាប់មនុស្សរាប់ពាន់នាក់ ហើយថាកងទ័ពបានប្រមូលផ្តុំមនុស្សនៅពហុកីឡាដ្ឋាន។ ហើយខ្ញុំមិនចង់ជឿរឿងនោះឡើយ។ ខ្ញុំបានគិតថា ស្ត្រីវ័យចំណាស់ម្នាក់នោះ បាននិយាយបំផ្លើស។ រឿងរ៉ាវដំបូង ដែលខ្ញុំបានសរសេរ ខ្ញុំនិយាយតែចំនួនរាប់រយនាក់ប៉ុណ្ណោះ ដោយសារខ្ញុំមិនជឿថារឿងរ៉ាវបែបនោះអាចកើតមានឡើងសោះ»។
នៅឆ្នាំ១៩៩៥ តុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវី (The International Criminal Tribunal for the Former Yugoslavia) ដែលមានទីតាំងនៅក្នុងទីក្រុងឡាអេ បានចោទប្រកាន់ឧត្តមសេនីយ៍ម្លាឌីក និងមេដឹកនាំសម័យសង្គ្រាមបូស្នៀស៊ែប ឈ្មោះ រ៉ាដូវ៉ាន ការ៉ាហ្សីក (Radovan Karadzic) ពីបទឧក្រិដ្ឋកម្មសង្គ្រាម ប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ក្នុងអំឡុងសង្គ្រាមស៊ីវិលនៅបូស្នៀរយៈពេលបីឆ្នាំ (ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៥) ប្រជាពលរដ្ឋចំនួន១០០.០០០នាក់តាមការប៉ាន់ស្មាន ត្រូវបានសម្លាប់ ហើយប្រជាពលរដ្ឋជាងមួយលាននាក់ទៀត គ្មានផ្ទះសម្បែង។
ក្រោយពីសង្គ្រាមផុតរលត់ទៅ ឧត្តមសេនីយ៍ ម្លាឌីក បានវិលត្រឡប់ទៅទីក្រុងបេលហ្គ្រាដ ដែលក្រុមអ្នកជំនាញជឿជាក់ថា លោកត្រូវបានគាំទ្រ និងការពារដោយប្រធានាធិបតីស៊ែប គឺលោក ស្លូបូដាន មីឡូសេវិច (Slobodan Milosevic)។ ប៉ុន្តែបន្ទាប់ពីលោក មីឡូសេវិច ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការនៅទីក្រុងឡាអេ លោកម្លាឌីក បានលាក់ខ្លួន។
លោក អេដវើត ចូសិប (Edward Joseph) អ្នកជំនាញខាងតំបន់បាល់កង់ បានឲ្យដឹងថា ឧត្តមសេនីយ៍ ម្លាឌីក ប្រាកដជាទទួលការគាំទ្រយ៉ាងខ្លាំងក្នុងជួរយោធា និងសេវាកម្មស៊ើបការណ៍សម្ងាត់ស៊ែប ដើម្បីគេចចេញពីការចាប់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំបែបនេះ។
«វាច្បាស់ណាស់ថា អ្នកនឹងមិនអាចគេចខ្លួនរួច ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយបើអ្នកជាមនុស្សដ៏ឆ្នើម និងធ្លាប់បានចេញមុខមាត់បែបនេះ។ ហើយទីពីរទៀត យើងគួរបញ្ជាក់ដែរថា ក្នុងឋានៈជាមេបញ្ជាការយោធា ឧត្តមសេនីយ៍ ម្លាឌីក មានសម្ព័ន្ធមិត្តច្រើន និងការគាំទ្រយ៉ាងខ្លាំងក្លា ស៊ីជម្រៅ និងទូលំទូលាយទៀតផងក្នុងចំណោមប្រជាពលរដ្ឋ ដែលមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅជាងលោក រ៉ាដូវ៉ាន ការ៉ាហ្សីក»។
ក្រុមអ្នកជំនាញជាច្រើន ដូចជាលោកឆាល គុបឆាន (Charles Kupchan) នៃក្រុមប្រឹក្សាទំនាក់ទំនងបរទេស និយាយថា ការចាប់ខ្លួនឧក្រិដ្ឋជនសង្គ្រាមដែលត្រូវបានចោទប្រកាន់ គឺជាជំហានមួយនៅក្នុងដំណើរការផ្សះផ្សា និងព្យាបាល ក្នុងចំណោមក្រុមជនជាតិភាគតិចជាច្រើននៅក្នុងតំបន់។
«ប្រសិនបើអ្នកត្រូវការក្របខ័ណ្ឌពេលវេលាយូរជាងនេះបន្តិច ហើយអ្នកអាចនិយាយថាតើហេតុការណ៍បែបណាមានសារៈសំខាន់ដើម្បីការផ្សះផ្សាសហគមន៍ ការផ្សះផ្សាជាសមូហភាព ការចាប់ខ្លួនទាំងអស់នេះ ការកាត់សេចក្តីទាំងអស់នេះ ការចោទប្រកាន់ទាំងអស់នេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់បុគ្គលម្នាក់ៗ ដោយសារតែមានការគិតថា យុត្តិធម៌កំពុងត្រូវបានផ្តល់ជូន មានការគិតថាអ្នកដែលទទួលខុសត្រូវចំពោះបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ កំពុងត្រូវបានដាក់ឲ្យទទួលខុសត្រូវ»។
លោក គុបឆាន និងអ្នកដទៃទៀត ថ្លែងថា ដោយមានឧត្តមសេនីយ៍ ម្លាឌីកនៅក្នុងមន្ទីរឃុំឃាំង បន្ទាប់ពីការចាប់ខ្លួនលោកការ៉ាហ្សីក ឧបសគ្គយ៉ាងធំមួយ ត្រូវបានដោះស្រាយនៅក្នុងការស្វះស្វែងរបស់ស៊ែប ដើម្បីក្លាយខ្លួនទៅជាសមាជិកពេញសិទ្ធិរបស់សហភាពអឺរ៉ុប៕
ប្រែសម្រួល ដោយ លី សុខឃាង