លោក​ លី​ ក្វាន់យូ​ បិតា​ស្ថាបនិក​សិង្ហបុរី​ស្លាប់​នៅ​អាយុ​៩១​ឆ្នាំ

រូបភាព​ឯកសារ​៖​ អតីត​នាយករដ្ឋ​មន្រ្តី​សិង្ហបុរី​ លី​ ក្វាន់​យូ​ ញញឹម​ខណៈ​លោក​ចូល​រួម​ពិធី​បុណ្យ​រំលឹក​ខួប​៧​ឆ្នាំ​របស់​សកលវិទ្យាល័យ​គោល​នយោបាយ​សាធារណៈ​ លី​ ក្វាន់យូ​ ក្នុង​កម្មវិធី​ពិភាក្សា​មួយ​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១១​ ប្រទេស​សិង្ហបុរី។

លោក​លី ​ក្វាន់យូ ​ស្ថាបនិក​ប្រទេស​សិង្ហ​បុរី​ទំនើប​ និង​ជា​ស្ថាបត្យករ​នៃ​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​សិង្ហបុរី​ងើប​ឡើងនៅ​ក្នុង​សេដ្ឋ​កិច្ច​សកលលោក ​បាន​ទទួល​មរណភាព​ក្នុង​អាយុ​៩១​ឆ្នាំ។

លោក​លី​បាន​ចូល​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ General ​សិង្ហបុរី​នៅ​ដើម​ខែ​កុម្ភៈ​ ដោយ​សារ​រោគ​រលាក​សួត​ ​ហើយ​ក្រោយ​មក​ត្រូវ​បានបំពាក់​ឧបករណ៍​ដើម្បី​ទ្រទ្រង់​ជីវិត។

ការិយាល័យ​របស់​នាយករដ្ឋ​មន្រ្តីសិង្ហបុរី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​លី​ដែល​បាន​ដឹកនាំ​ប្រទេស​ជា​កោះ​នេះ​ចាប់​តាំងពី​ឆ្នាំ​១៩៥៩​ដល់​ឆ្នាំ​១៩៩០ ​បានទទួល​មរណភាព​ទៅ​កាន់​សុគតិភព​នៅ​ព្រឹកថ្ងៃ​ច័ន្ទ​នេះ។

​រដ្ឋាភិបាល​សិង្ហបុរី​បាន​ប្រកាស​ការ​កាន់​ទុក្ខ​ផ្លូវ​រដ្ឋ​សម្រាប់​សិង្ហបុរី​រហូត​ដល់​ពិធី​បុណ្យ​សព​របស់​លោក​លី​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ក្រោយ។​ ពីធី​បុណ្យ​សព​លក្ខណៈ​គ្រួសារ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​នេះនិង​ថ្ងៃ​អង្គារ​ស្អែក។ បន្ទាប់​មក​សព​អតីត​នាយករដ្ឋ​មន្រ្តី​នឹង​តម្កល់​ធ្វើ​ពិធីបុណ្យ​តាម​ផ្លូវ​រដ្ឋ។

កូន​ប្រុស​របស់​លោក​គឺ​លោក Lee Hsien Loong នាយក​រដ្ឋ​មន្រ្តី​នៅ​ពេល​បច្ចុប្បន្ន​នេះ ​បាន​ខិត​ខំ​ទប់​ទឹក​ភ្នែក​នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ទៅ​កាន់​ប្រទេស​ជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដោយ​និយាយ​ថា ​ឪពុក​របស់​លោក​បាន​ជំរុញ​លើក​ទឹក​ចិត្តយើង ​បាន​ផ្តល់​សេចក្តី​អង់​អាច​ក្លា​ហាន​ដល់​យើង ​ហើយ​បាន​នាំ​យើង​មក​កាន់​ទី​នេះ។ ចំពោះ​មនុស្ស​ជា​ច្រើន​លោក លី ក្វាន់យូ ​ជា​ប្រទេស​សិង្ហបុរី។

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​សិង្ហបុរី​ ​លោក​នាយករដ្ឋ​មន្រ្តី Hajib Razak ​បាន​សរសើរ​ការ​តាំង​ចិត្តរបស់​លោក​លី​នៅ​ក្នុង​ការអភិវឌ្ឍ​ប្រទេស​សិង្ហបុរី​ ពី​ប្រទេស​ថ្មី​មួយ​ទៅ​ជា​ទីក្រុង​ទំនើប​និង​ប្រកប​ដោយ​សន្ទុះ​ខ្លាំងក្លា​ដែល​យើង​ឃើញ​សព្វថ្ងៃ​នេះ។

​លោក​លី ​បាន​ក្លាយ​ជា​នាយករដ្ឋ​មន្រ្តី​ប្រទេស​សិង្ហបុរី​លើក​ដំបូង​ នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ដ៏ពេញ​លេញពី​ការ​ត្រួតត្រា​អាណា​និគម​អង់គ្លេស​។​ លោក​នៅ​តែ​ជា​កម្លាំង​ជំរុញ​មួយ​បន្ទាប់​ពី​ការ​ចូល​និវត្តន៍​របស់​លោក​៣​ទសវត្សរ៍​ក្រោយ​មក។

បន្ទាប់​ពី​ជំនួប​លោក​លី​នៅ​ឯ​សេតវិមាននៅ​ឆ្នាំ​២០០៩ ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​បារ៉ាក់ ​អូបាម៉ា ​បាន​ហៅ​អតីត​នាយករដ្ឋ​មន្រ្តី​ថា ​ជា​ឥស្សជន​ដ៏​អស្ចារ្យ​ម្នាក់​របស់​ទ្វីប​អាស៊ី​នៅ​ក្នុង​សតវត្សរ៍​ទី​២០​និង​សតវត្សរ៍​២១​៕