លីបង់​ជំរុញ​អាមេរិក​និង​បារាំង​ឲ្យ​ជួយ​ពន្លឿន​ការ​ដក​ទ័ព​របស់​អ៊ីស្រាអែល

នាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati (ទី២រាប់ពីឆ្វេង) និង​មេបញ្ជាការកងទ័ពលីបង់ លោក​ឧត្តមសេនីយ Joseph Aoun (2nd-R) ធ្វើ​ទស្សនកិច្ចក្រុង Khiam ដែលនៅភាគខាងត្បូង​ប្រទេស​លីបង់ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់ពី​ការដក​កងកម្លាំងអ៊ីស្រាអែល​ចេញពីតំបន់នោះ។

នាយករដ្ឋមន្ត្រី​លីបង់​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​និង​បារាំង​ជួយ​ពន្លឿន​ការ​ដក​កងទ័ព​របស់​អ៊ីស្រាអែល​ចេញ​ពី​លីបង់ បន្ទាប់ពី​បទឈប់បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហេសបូឡា​បាន​ចូល​ជា​ធរមាន​ជិត​មួយ​ខែ​កន្លង​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

សហរដ្ឋ​អាមេរិក​និង​បារាំង​រួមជាមួយ​នឹង​លីបង់ អ៊ីស្រាអែល និង​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​គឺជា​សមាជិក​នៅក្នុង​គណៈកម្មាធិការ​ដែល​មាន​ភារកិច្ច​រក្សា​ការ​ទាក់ទង​រវាង​ភាគី​ទាំងអស់​និង​ធានា​មិន​ឲ្យ​មាន​ការ​រំលោភ​ណាមួយ​លើ​បទឈប់បាញ់។

នៅក្នុង​ផ្នែក​មួយ​នៃ​បទឈប់បាញ់​នេះ កងទ័ព​លីបង់​និង​កង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នឹង​ឈរជើង​នៅ​ក្នុង​ប្រទេស​ភាគ​ខាងត្បូង នៅ​ពេល​ដែល​កងទ័ព​អ៊ីស្រាអែល​ដក​ចេញ​ក្នុង​រយៈពេល ៦០ ថ្ងៃ។

នាយករដ្ឋមន្ត្រី​លីបង់​លោក Najib Mikati បាន​និយាយ​នៅក្នុង​ក្រុង Khiam ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ភាគ​ខាងត្បូង​នៃ​ប្រទេស​លីបង់​ថា៖ «ដើម្បី​ឲ្យ​កងទ័ព​អាច​សម្រេច​បាន​ទាំងស្រុង​នូវ​បេសកកម្ម​របស់​ខ្លួន គណៈកម្មាធិការ​នេះ​ត្រូវតែ...ដាក់​សម្ពាធ​លើ​អ៊ីស្រាអែល​ដែល​ជា​សត្រូវ​បញ្ឈប់​រាល់​ការ​រំលោភ​បំពាន​ទាំងអស់​លើ​បទឈប់បាញ់​នេះ»។

លោក​បាន​បន្ថែម​ថា៖ «វា​ជា​ការ​ចាំបាច់​ដែល​ត្រូវ​ដាក់​សម្ពាធ​លើ​ភាគី​នៃ​បទឈប់បាញ់​នេះ ដែល​នោះ​គឺ​បារាំង​និង​អាមេរិក ឲ្យ​ពន្លឿន​ដំណើរការ​នេះ​មុន​ពេល​ដែល​រយៈពេល ៦០ ថ្ងៃ​នៃ​បទឈប់បាញ់​នេះ​ឈាន​ដល់​ទីបញ្ចប់»។

បទឈប់បាញ់​នៅ​ភាគ​ខាងត្បូង​លីបង់​នេះ​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា បន្ទាប់ពី​មាន​អរិភាព​ឆ្លង​ព្រំដែន​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហេសបូឡា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក ដែល​អរិភាព​នេះ​បាន​ចាប់ផ្ដើម​នៅ​ពេល​ដែល​សង្គ្រាម​នៅ​ក្នុង​តំបន់​ហ្កាហ្សា​បាន​ផ្ទុះឡើង៕