ទីក្រុងបេរូត៖ ប្រធានរដ្ឋអាជ្ញារបស់សាលាក្តីគាំទ្រដោយអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ដែលស៊ើបអង្កេតឃាតកម្មសម្លាប់លោក រ៉ាហ្វីគ ហារីរី (Rafig Hariri) នាយករដ្ឋមន្ត្រីលីបង់ និយាយកាលពីថ្ងៃអង្គារថា ពាក្យចោទប្រកាន់ដែលលោកបានដាក់ជូនតុលាការគឺជាជំហានទីមួយដើម្បីបញ្ចប់និទណ្ឌភាពក្នុងប្រទេសលីបង់។
លោករដ្ឋអាជ្ញា ដានីញែល ប៊ែឡឺមែរ(Daniel Bellemare) នៃសាលាក្តីពិសេសនៅប្រទេសលីបង់និយាយថាពាក្យចោទប្រកាន់ដែលដាក់ជូនតុលាការនៅថ្ងៃច័ន្ទនឹងមិនទាន់បើកបង្ហាញបានទេនៅពេលលោក ដានីញែល ហ្វានសេន (Daniel Fransen) ចៅក្រមបុរេជំនុំជម្រះពិនិត្យឯកសារជំនួយក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ សេចក្តីថ្លែងការណ៍ក្នុងវីដេអូផ្សាយតាមគេហទំព័ររបស់សាលាក្តីនេះ លោក ប៊ែឡឺមែរនិយាយថាការសម្ងាត់មានសារៈសំខាន់ណាស់ក្នុងតំណាក់កាលដំណើរការនីតិវិធីនេះ។ លោកនិយាយថាប្រសិនពាក្យចោទប្រកាន់ទាំងនេះមានសុពលភាពនោះខ្លឹមសារក្នុងពាក្យចោទប្រកាន់នេះនឹងត្រូវផ្សាយជាសាធារណៈ។
«សំណួររបស់លោកអ្នកនៅពេលនេះនឹងត្រូវឆ្លើយនៅពេលនោះ។ នៅពេលដំណើរការកាត់ទោសបង្ហាញដំណើររឿង លោកអ្នកនឹងមានឱកាសសប្បាយចិត្តចំពោះឥទ្ធិពលនៃភស្តុតាងដែលយើងបានប្រមូល។ ក្នុងពេលជាមួយគ្នានេះដែរ ការសន្និដ្ឋានផ្តេសផ្តាស់អំពីខ្លឹមសាររបស់ពាក្យចោទប្រកាន់នេះនឹងនាំឲ្យខូចប្រយោជន៍ផ្លូវច្បាប់ពីព្រោះចៅក្រមបុរេជំនុំជម្រះប្រហែលមិនយល់ស្របជាមួយខ្ញុំទេ»។ក្នុងប្រទេសលីបង់ ការធ្លាយព័ត៌មានពីសាលាក្តី និងសេចក្តីអត្ថាធិប្បាយរបស់ហះសានណាស្រាល់ឡះ (Hassan Nassrallah) ប្រធានក្រុមហិបូឡា(Hezbollah) បាននាំឲ្យមានការសន្និដ្ឋានជាច្រើនថា សមាជិករបស់ក្រុមជីវពលនិកាយស៊ីអ៊ីត(Shiit) អាចនឹងជាប់ចោទប្រកាន់ពីបទដាក់គ្រាប់បែកក្នុងឡានក្រុងនៅឆ្នាំ២០០៥ ដែលបានសម្លាប់លោក រ៉ាហ្វីគ ហារីរី នាយករដ្ឋមន្ត្រីលីបង់ប្រាំអាណត្តិ និងមនុស្ស២២នាក់ផ្សេងទៀតនៅតាមមាត់សមុទ្រក្រុងបេរូត(Beirut)៕
ប៊ែឡឺមែនិយាយថា គេមិនអាចបង្ខំរកយុត្តិធម៌ភ្លាមៗបានទេ។ លោកនិយាយថា គេត្រូវរកភស្តុតាងគួរទុកចិត្តបាននិងរឹងមាំ ហើយលោកនិយាយជាថ្មីអំពីឯករាជ្យភាពរបស់សាលាក្តីនេះ។ លោកបន្ថែមថា ជំហានដំបូងក្នុងដំណើរការនីតិវិធីក៏ជាជំហានឆ្ពោះទៅរកការបញ្ចប់និទណ្ឌភាពក្នុងប្រទេសលីបង់ដែរ។
លោករដ្ឋអាជ្ញានិយាយសង្កត់ធ្ងន់ថា អ្នកត្រូវចោទប្រកាន់នៅតែជាជនគ្មានទោសពៃរ៍រហូតដល់ពេលតុលាការសម្រេចថា មានទោស។
«វាមានន័យថា ក្រុមរដ្ឋអាជ្ញានឹងត្រូវបញ្ជាក់នៅក្នុងការជំនុំជម្រះនៅតុលាការថា គេមានទោសកំហុស ដោយគ្មានការសង្ស័យ។ បើមានការសង្ស័យ នោះជនជាប់ចោទនឹងត្រូវសម្រេចឲ្យរួចខ្លួន។ ជនជាប់ចោទមានសិទ្ធិការពារខ្លួនយ៉ាងខ្លាំងក្លាប្រឆាំងនឹងការចោទប្រកាន់ក្នុងពាក្យបណ្តឹង»។
សាលាក្តីឯករាជ្យនេះត្រូវបានបង្កើតឡើងតាមការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។ កាលពីថ្ងៃច័ន្ទ លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអ.ស.ប. និយាយនៅសន្និសីទមួយក្នុងទីក្រុង អាប៊ុយ ដាប៊ី (Abu Dhabi)ថាដំណើរការនីតិវិធីឯករាជ្យមិនគួរភ្ជាប់នឹងកិច្ចពិភាក្សានយោបាយទេ ហើយបានព្រមានប្រឆាំងនឹងបុរេវិនិច្ឆ័យអំពីលទ្ធផលនៃការស៊ើបអង្កេត។
ក្រុមហិបូឡាបានខឹងសម្បារនឹងការសន្និដ្ឋានជាមុនដែលថា តុលាការនឹងចោទសមាជិកខ្លះរបស់ខ្លួន បានដករដ្ឋមន្ត្រីរបស់គេចេញពីគណៈរដ្ឋមន្ត្រីកាលពីសប្តាហ៍មុន បង្ខំឲ្យរដ្ឋាភិបាលដួលរលំ និងធ្វើឲ្យប្រទេសនេះឆ្លាក់ចូលក្នុងភាពច្របូកច្របល់នយោបាយ។ ការពិភាក្សាអំពីរដ្ឋាភិបាលថ្មីបានលើកពេលរហូតដល់សប្តាហ៍ក្រោយ។ ក៏ប៉ុន្តែ សូម្បីនៅពេលនោះ គេរំពឹងថា ការចរចាអំពីនាយករដ្ឋមន្ត្រីថ្មីអាចធ្វើឡើងក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
នៅទីក្រុង បេរូតមិនមានប្រតិកម្មទាក់ទងនឹងការប្រគល់ពាក្យចោទប្រកាន់ទៅសាលាក្តីនេះទេ។ មេដឹកនាំនយោបាយមិនបានបញ្ចេញប្រតិកម្មភ្លាមៗទេហើយសាធារណមតិនៅតាមផ្លូវក៏ស្ងប់ស្ងាត់ដែរ។ កាលពីព្រឹកថ្ងៃអង្គារ កងទ័ពបានបំបែកការតវ៉ារបស់អ្នកគាំទ្រក្រុមប្រឆាំងនៅទីក្រុងបេរូតភាគខាងលិច៕
ប្រែសម្រួលដោយលោកពិន ស៊ីសុវណ្ណ