លីបង់​ប្រកាស​ស្ថានភាព​គ្រា​អាសន្ន​រយៈពេលពីរសប្តាហ៍

អគារដែលរងការបាក់បែកដោយការផ្ទុះដ៏ធំមួយនៅក្រុងបេរូត កាលពីថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។

ពួក​អ្នក​ជួយ​សង្រ្គោះ​ក្នុង​ទីក្រុងបេរូត​បាន​ស្វែងរក​មនុស្ស​បាត់​ខ្លួន​នៅ​ថ្ងៃព្រហស្បតិ៍នេះខណៈ​ដែល​ប្រទេស​បាន​កាន់ទុក្ខ​អ្នក​ដែលបាន​ត្រូវ​សម្លាប់​នៅក្នុង​ការផ្ទុះ​ដ៏ខ្លាំង​មួយ​កាលពី​ថ្ងៃ​អង្គារ​នៅឯ​កំពង់ផែ​របស់​រដ្ឋធានី។

ក្រសួង​សុខាភិបាល​បាន​ប្រាប់​ឲ្យ​ដឹងថា ចំនួន​មនុស្ស​ស្លាប់​បាន​ឡើង​ដល់​១៣៧នាក់​ រួមជាមួយ​មនុស្ស​រង​របួស​ជាង​៥ពាន់​នាក់​នៅក្នុង​ការផ្ទុះ​នោះ។ ពួក​មន្រ្តី​រំពឹង​ថា ចំនួន​ស្លាប់​នឹង​កើន​ឡើង។

គណៈរដ្ឋមន្ត្រី​របស់​លីបង់​បាន​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​រយៈពេល​២​សប្តាហ៍​ ហើយ​បាន​បញ្ជា​ឲ្យ​យោធា​ឃុំឃាំង​មនុស្ស​នៅក្នុង​ផ្ទះ​ដែល​បាន​ទាក់ទិនក្នុង​ការស្តុកទុក​ឧបករណ៍​គ្រឿងផ្ទុះ​ដែល​បាន​ផ្ទុះ​នៅ​កំពង់ផែ​នោះ។

ពួកអាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​ពីមូលហេតុ​អ្វីដែល​បាន​នាំឲ្យមាន​ការផ្ទុះ​នេះ ហើយ​ពួក​មេដឹកនាំ​បាន​ផ្តោត​លើ​អ្វីដែល​ពួកគេ​បាន​និយាយ​ថា​ជា​សារធាតុ​អាម៉ូនីញ៉ូមនីត្រាត​រាប់​តោន​ដែល​ត្រូវ​បាន​ស្តុកទុក​នៅឯឃ្លាំង​កំពង់ផែ​៦ឆ្នាំមក​ហើយ។

លោក Michel Aoun នាយក​រដ្ឋមន្ត្រី​លីបង់ បាន​សន្យា​ថា អ្នក​ទទួល​ខុសត្រូវ​ទាំង​នោះ នឹង​ប្រឈម​ការដាក់​ទណ្ឌកម្ម​ដ៏ខ្លាំង​បំផុត។

ការផ្ទុះ​នោះបាន​បំផ្លាញ​តំបន់​កំពង់ផែ​ដ៏សំខាន់​មួយ​ហើយ​បានធ្វើ​ឲ្យ​បែកបាក់​ទ្វារ​និង​បង្អួច​ផ្ទះដែល​នៅឆ្ងាយពី​កំពង់​ផែ​និង​ធ្វើ​ឲ្យ​ខូចខាត​អាគារ​មួយ​ចំនួន។

លោក Marwan Abboud អភិបាល​ក្រុង​បេរូតបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ស្ថនភាព​មហា​វិនាស​នេះបាន​ធ្វើ​ឲ្យ​មនុស្ស​ប្រហែល​៣សែន​នាក់​គ្មាន​ទីលំនៅ​រស់​នៅ។

មន្ទីរពេទ្យ​ពោរពេញ​ទៅដោយ​មនុស្ស​ដែល​ស្វះស្វែង​រក​ការព្យាបាល។ ពួក​អ្នក​នៅរស់ រាន​មាន​ជីវិត​ដែលមុខ​និងខោអាវ​របស់​ពួកគេ​ប្រឡាក់​ទៅដោយ​ឈាម​បាន​ដើរ​កាត់​តាមផ្លូវ​នានា។

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃពុធថា មន្ទីរពេទ្យ៣​ក្នុងទីក្រុង​ បេរូតបាន​រងការ​ខូចខាត​យ៉ាង​ខ្លាំង​នៅក្នុងការផ្ទុះ​នោះ ហើយ​នៅពេល​បច្ចុប្បន្ន​នេះ មិនអាច​ដំណើរការ​បាន​ទេ។ អង្គការ​សុខភាព​ពិភពលោក​ និយាយ​ទៀត​ថា មន្ទីរពេទ្យផ្សេងទៀតបាន​ប្រតិបត្តិការ​មួយ​ផ្នែក​តែ​ប៉ុណ្ណោះ៕