អ្នក​ជំនាញ៖ ភាព​ដឹក​នាំ​ក្នុង​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​អាច​ជួយ​តួនាទី​​ស.រ.អា.​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

អ្នក​ជំនាញ​ខាង​អាកាស​ធាតុ​ពិភាក្សា​ពី​ភាព​ដឹក​នាំ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុនៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក និងផល​ប៉ះពាល់​នៃ​អាកាសធាតុ​លើ​សន្តិសុខ​សកល​លោក​ក្នុង​កម្ម​វិធី​ចេញ​ផ្សាយ​របាយការណ៍​នៅ​មជ្ឈមណ្ឌល Wilsonកាល​ពី​ថ្ងៃ​អង្គារ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (Wilson Center)

សហ​រដ្ឋ​អាមេរិក​កំពុង​តែ​នាំ​មុខ​គេ​ក្នុង​គម្រោង​យុទ្ធសាស្ត្រ​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​សកលលោក។ ​តួនាទី​នាំ​មុខ​នេះ​អាច​នឹង​បន្ត​ពង្រឹង​ឥទ្ធិពល​របស់​អាមេរិក​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ទាំង​ខាង​យោធា និង​ខាង​ការទូត។

សហរដ្ឋ​អាមេរិក​កំពុង​តែ​នាំ​មុខ​គេ​ក្នុង​គម្រោង​យុទ្ធសាស្ត្រ​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​សកលលោក។ ​តួនាទី​នាំ​មុខ​នេះ​អាច​នឹង​បន្ត​ពង្រឹង​ឥទ្ធិពល​របស់​អាមេរិក​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ទាំង​ខាង​យោធា និង​ខាង​ការទូត។ ​នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ខាង​អាកាសធាតុ ​ដែល​បាន​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​ចេញ​ផ្សាយ​របាយ​ការណ៍​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។​

មុន​នឹង​សន្និសីទស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ឆ្នាំ​២០១៥ ​នៅ​ទីក្រុង​ប៉ារីស​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥ ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ឈាន​មក​ដល់​នោះ​ ​មជ្ឈមណ្ឌល​ដើម្បី​អាកាសធាតុ ​និង​សន្តិសុខ (Center for Climate and Security) ​បាន​ចេញ​របាយ​ការណ៍​មួយ​ស្តី​ពី«ការ​បង្កើត​តុល្យភាព​ឡើង​វិញ​រវាង​សហ​រដ្ឋ​អាមេរិក​ និង​អាស៊ី​ប៉ាស៊ីហ្វិក ​ សន្តិសុខ​ជាតិ ​និង​ការ​ប្រែប្រួល​អាកាសធាតុ‍»។ ​របាយ​ការណ៍​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ ទី១៧ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ​បាន​ចាត់​ទុក​ការ​ប្រែប្រួល​អាកាសធាតុ​ជា​‍​«ម៉ាស៊ីន​ពង្រីក​ការ​គំរាម​កំហែង‍»ដល់​សន្តិសុខ​ជាតិ​ ភាព​រុងរឿង​ខាង​សេដ្ឋកិច្ច​ជាតិ ​និង​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​ទាំង​អស់​នៅ​ក្នុង​សកល​លោក។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺថា ​ប្រទេស​ទាំង​ឡាយ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ងាយ​នឹង​រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក។​ ចាប់​តាំង​ពី​ឆ្នាំ​១៩៧០​ រហូត​ដល់​ឆ្នាំ​២០១១​ ប្រជាជន​នៅ​ក្នុង​តំបន់​នេះ​ប្រមាណ​ជិត​២​លាន​នាក់​បាន​ស្លាប់ដោយ​សារ​តែ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ គឺ​ស្មើ​នឹង​៧៥​ភាគរយ​នៃ​ចំនួន​មនុស្សស្លាប់​នៅ​ទូទាំង​ពិភព​លោក​ដោយ​សារ​គ្រោះ​មហន្តរាយ​នេះ។​

រូបថត​កាល​ពី​ថ្ងៃទី​៣០ ខែ​តុលា បង្ហាញ​រូប​ស្លាក​នៃ​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​ស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​របស់​អង្គការ​សហប្រជាជាតិ​ (COP21) ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ប៉ារីស​ មុន​នឹង​ការ​ឈាន​មក​ដល់​នៃ​សន្និសីទ​ស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ។ (AFP/Dominique Faget)

ក្នុង​ការ​បង្ហាញ​ពី​ភាព​ចាំបាច់​ដែល​តម្រូវ​ឲ្យ​សហ​រដ្ឋ​អាមេរិកបង្កើន​កិច្ច​ខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ឥទ្ធិពល​របស់​ខ្លួន​មាន​តុល្យភាព​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​ ​លោក ​Samuel J. Locklear III ​អតីត​មេ​បញ្ជាការ​យោធា​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បាន​សង្កត់​ធ្ងន់​នៅ​ក្នុង​របាយ​ការណ៍​នេះ​ថា៖​

«‍យើង​ត្រូវ​តែ​ដោះស្រាយ​ផល​ប៉ះពាល់​ជា​សក្តានុពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុមកលើ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​និង​ផល​ប៉ះពាល់​នេះ​មក​លើ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាមេរិក​នៅ​ក្នុង​តំបន់​នេះ»។​

និយាយ​ទៅ​កាន់​អ្នក​ស្តាប់​នៅ​ក្នុង​កម្ម​វិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​នេះ​ ​លោក​ស្រី Sherri Goodman ​ជា​ប្រធាន ​និង​ជានាយិកា​ប្រតិបត្តិ​នៃ​សហព័ន្ធ​ដើម្បី​ភាព​ដឹក​នាំ​ខាង​សមុទ្រ​ (Consortium for Ocean Leadership) បាន​និយាយ​ថា​ ​ទាក់ទិន​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​ ប្រទេស​នីមួយៗ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កំពុង​ជួប​ប្រទះ​នឹង​កត្តា​ប្រឈម​ជា​ច្រើន​ខុសៗ​គ្នា។​

‍«‍ប្រទេស​នីមួយៗ​ជួប​បញ្ហា​ខុសៗ​គ្នា ​ដែល​រួម​មាន​ការ​កើន​ឡើង​នៃ​កម្រិត​ទឹក​សមុទ្រ​ ព្រឹត្តិ​ការណ៍​អាកាសធាតុ​អាក្រក់ ​ការ​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ បញ្ហា​ថាមពល​ បញ្ហា​អាហារូបត្ថម្ភ ​និង​បញ្ហា​ទឹក​ និង​វិធីសាស្ត្រ​ក្នុង​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ទាំង​នេះ»។​

លោក​ស្រី​បាន​សង្កត់​ធ្ងន់​ថា ​សហ​រដ្ឋ​អាមេរិក​ត្រូវ​តែ​ស្វែងយល់​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្តល់​ការ​ឧបត្ថម្ភ​ទៅ​តាម​តម្រូវ​ការ​របស់​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ​ដើម្បី​ជួយ​ឲ្យ​ខ្លួន​អាច​បន្ត​ពង្រឹង​ឥទ្ធិពល​ និង​ពង្រឹង​ភាព​ជា​ដៃ​គូ​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ ​ដែល​រដ្ឋាភិបាល​អាមេរិក ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា ​បាន​ចាត់​ទុក​ថា​ ជា​យុទ្ធសាស្ត្រ​ដើម្បី​«‍តុល្យភាព​ឡើង​វិញ​រវាង​សហ​រដ្ឋ​អាមេរិក​ និង​អាស៊ី​ប៉ាស៊ីហ្វិក​ (U.S. Asia-Pacific Rebalance)»។​

«‍ខ្ញុំ​យល់​ថា ​យើង​ត្រូវ​តែ​យល់​ឲ្យ​ច្បាស់​ពី​តម្រូវការ​ទាំង​អស់​នោះ ​ហើយ​ត្រូវ​បង្កើត​ភាព​ជា​ដៃ​គូ​ក្នុង​រូបភាព​ដ៏​ត្រឹមត្រូវ​ ដែល​រួម​ទាំង​ភាព​ជា​ដៃគូ​ទ្វេ​ភាគី​រវាង​អាមេរិក​និង​ប្រទេស​នីមួយៗ​ក្នុង​តំបន់ ​និង​ភាព​ជា​ដៃគូ​រវាង​អាមេរិក ​និង​តំបន់​ទាំង​មូល​ ពីព្រោះ​ថា​ វា​មិន​អាច​មាន​ដំណោះ​ស្រាយ​តែ​មួយ​សម្រាប់​បញ្ហា​[ប្រែប្រួល​អាកាសធាតុ]​នៅ​គ្រប់​ទីកន្លែង​នោះ​ទេ»។​

​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ជា​ច្រើន​មក​លើ​បញ្ហា​សន្តិសុខ​ជាតិ ​បញ្ហា​កង្វះ​ខាត​ធនធាន ​ឬ​ក៏​ការ​ផ្លាស់ប្តូរ​ទី​លំនៅ​ដ៏​ច្រើន​នៅ​តាម​ប្រទេស​នីមួយៗ​ក្នុង​តំបន់​នេះ​។ យ៉ាងណាមិញ ​អ្នក​ជំនាញ​ខាង​អាកាសធាតុ​ម្នាក់​យល់​ថា ​ការ​ដោះស្រាយ​បញ្ហា​នេះ​ក៏​អាច​បង្កើត​ឱកាស​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​នីមួយៗ​ក្នុង​តំបន់ ​និង​រវាង​សហ​រដ្ឋ​អាមេរិក ​និង​តំបន់​នេះ​ផង​ដែរ។​

«‍បើ​ទោះ​បី​ជា​បញ្ហា​ការ​ផ្លាស់​ប្តូរ​ទី​លំនៅ ​និង​ការ​បាត់បង់​ប្រភព​ត្រី​អាច​បង្ក​ជា​ជម្លោះ​ក្តី​ ​ ក៏​បញ្ហា​ទាំង​នេះ​អាច​ផ្តល់​ជា​ឱកាស​ឲ្យ​ប្រទេស​នីមួយៗធ្វើការ​ជាមួយ​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន​ដោយ​សន្តិភាព»។​

លោក​ Marcus D. King ​ដែល​ជា​សាស្ត្រាចារ្យ​ខាង​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ George Washington University ​បាន​លើក​ឡើង​ដូច​នេះ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង ​VOA។ ​លោក King ជា​អ្នក​និពន្ធ​ម្នាក់​នៅ​ក្នុង​របាយ​ការណ៍​នេះ ​ដែល​លោក​បាន​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​មក​លើ​ប្រទេស​វៀតណាម។​

នៅ​ពេល​ដែល​សួរ​ថា​តើ ​លោក​បាន​ផ្តល់​ជា​វិធីសាស្ត្រ​អ្វី​ដើម្បី​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​នេះ​ ​លោក ​King ​បាន​ឲ្យ​ដឹង​ថា៖​

«‍វិធីសាស្ត្រ​ដែល​អាច​ធ្វើ​បាន​ដើម្បី​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាស​ធាតុ​នោះ​ ​ដូច​ដែល​យើង ​និង​អ្នក​ជំនាញ​បាន​ពិភាក្សា​គ្នា​ក្នុង​ថ្ងៃ​នេះ​គឺ កិច្ច​សហ​ប្រតិបត្តិ​ការ​ខាង​យោធា​រវាង​ប្រទេស​នីមួយៗ»។​

លោក​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​យោធា​របស់​អាមេរិក​មាន​សមាសធាតុ​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ក្នុង​សកល​លោក ​ដែល​អាច​អនុញ្ញាត​ឲ្យ​សហ​រដ្ឋ​អាមេរិក​ទៅ​ដល់​ និង​ជួយ​សម្រួល​រាល់​កិច្ច​សហ​ប្រតិបត្តិការ​នានា ​ដែល​អាច​កើត​មាន​ឡើង​គ្រប់​ទី​កន្លែង​ទាំង​អស់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​

ការ​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ​បាន​ក្លាយ​ជា​បញ្ហា​ដ៏​ចម្បង​មួយ ​ដែល​មេ​ដឹក​នាំ​ក្នុង​ពិភពលោក​បាន​ព្យាយាម​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះស្រាយ។ ក៏​ប៉ុន្តែ ​អ្វី​ដែល​អ្នក​ជំនាញ​ខាង​អាកាស​ធាតុ​ព្រួយ​បារម្ភ​នោះ​គឺ​កង្វះ​ថវិកា​ក្នុង​ការ​ស្រាវជ្រាវ ​ការ​ជួយ​សង្គ្រោះ​ជា​សកល ​និង​ក្នុង​ការ​កសាង​លទ្ធភាព​ឡើង​វិញ​របស់​ប្រទេស​នីមួយៗ​ក្រោយ​ពីមាន​គ្រោះ​ធម្មជាតិ៕​