គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​​ការពារ​ថា ​ខ្លួន​មិន​ខុស​ច្បាប់​ ខណៈ​អាជ្ញាធរ​បញ្ជា​ឱ្យ​​រំសាយ​ការ​ជួបជុំ

​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ (LDP)។ (រូបថតពី Facebook/Khem Veasna)

ខណៈ​ដែល​អាជ្ញាធរ​ខេត្តសៀមរាប​បញ្ជា​ឱ្យ​រំសាយ​ការ​ជួប​ជុំ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​(LDP)​នៅ​ក្នុង​ខេត្ត​សៀមរាប ​បាន​ការពារ​ខ្លួន​ថា ​ការ​ជួប​ជុំ​នេះ​មិន​ខុស​ច្បាប់​ឡើយ។​

ប្រជា​ពល​រដ្ឋ​រាប់​ពាន់នាក់​បាន​ទៅ​ស្នាក់​នៅ ​បោះ​តង់នៅ​ដី​ចម្ការ​ម្រេច​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​គឺ​ លោក ខឹម វាសនា ​នៅ​ក្បែរ​ជើង​ភ្នំ​គូលែន ​ដោយ​សារ​ភ័យ​ខ្លា​ច​រឿង​ទឹក​ជំនន់​លិច​ពិភព​លោក ​តាម​ការ​ថ្លែង​របស់​លោក។ ​ការ​សម្រុក​ទៅ​ខេត្ត​សៀមរាប​នេះ​ក៏​នាំ​ឱ្យមាន​ការ​រិះគន់​ផង​ដែរ​ថា ​ហេតុ​អ្វី​បាន​ជា​ប្រជា​ពលរដ្ឋ​ជឿ​លើ​ពាក្យ​សម្តី​របស់​លោក​ ខឹម វាសនា។ ​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ប្រចាំ​ខេត្ត​សៀមរាប ​ចុះ​ថ្ងៃ​ទី​៣០​ ខែ​សីហា​ គណបក្ស​បាន​ការពា​រ​ខ្លួន​ថា ​កា​រជួប​ជុំ​នេះ​គឺ​មិន​ខុស​ច្បាប់​នោះ​ទេ ហើយ​គណបក្ស​បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ទៅអាជ្ញាធរ​ឃុំ​រួ​ច​ហើយ។​

ចាប់​តាំង​ពី​ថ្ងៃ​ទី២៦​ ខែ​សីហា ​ប្រជា​ពល​រដ្ឋ​ជាង​១​ម៉ឺន​៥​ពាន់​នាក់​បាន​នាំគ្នា​ជិះ​ឡាន ​ម៉ូតូយ៉ាង​ច្រើន​កុះ​ករ ​ដោ​យ​បាន​នាំ​យក​កូន​ចៅ ​និង​របស់​របរ​ប្រើ​ប្រាស់​មួយ​ចំនួន​ទៅ​ជា​មួយ​ ដូច​ជា​ចាន ​ឆ្នាំង​ជា​ដើម​ដើម្បី​ភៀស​ខ្លួន​ និង​ស្នាក់​នៅ​រួមគ្នា​ក្នុង​ចម្ការ​ម្រេច​មួយ​កន្លែង​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធប្រជា​ធិបតេយ្យ ​គឺ​លោក ខឹម វាសនា ​ដែល​ស្ថិត​នៅ​ខាង​ជើង​ភ្នំ​គូលែន ​ក្នុងឃុំត្បែង​ ស្រុក​បន្ទាយ​ស្រី ​ខេត្ត​សៀមរាប។ ​ការ​សម្រុក​ទៅ​នេះកើត​មាន​ឡើង​ក្រោយ​ការ​ថ្លែង​របស់​លោក ​ខឹម វាសនា ​ដែល​បាន​ទស្សន៍​ទាយ​ពី​ទឹកជំនន់​ជន់​លិច​ពិភព​លោក​ទាំង​មូល​ លើក​លែង​តែទឹក​ដីភ្នំ​គូលែន ក្នុងសៀមរាប​តែ​មួយ​គត់​ដែល​មិន​ជន់​លិច​នោះ។​

សមា​ជិកគណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ និង​អ្នក​គាំទ្រ​របស់​លោក​ ខឹម វាសនា ​បានស្នាក់នៅក្រោម​តង់​រួមគ្នា​យ៉ាង​កុះករ និង​ខ្លះ​ស្នាក់​នៅ​ក្នុងរោង​ឈើ​ជា​ដើម​ ដោយ​មាន​ទាំង​ក្មេង​ចាស់ ​ចម្រុះ​វ័យ​ ដែល​មក​ពី​គ្រប់​ខេត្ត។​ អាជ្ញាធរ​ខេត្ត​សៀមរាប​អះអាង​ថា ​ការណ៍​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិ​សុខ​សង្គម​ និង​សុវត្ថិភាព​ ព្រម​ទាំង​ប្រឈម​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩​ជាដើម។​

មិន​មែន​មាន​តែ​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ទេ ​ដែល​សម្រុក​នាំគ្នា​ទៅ​ចម្ការ​ម្រេចខាង​ជើង​ភ្នំ​គូលែន​នេះ។​ ​ពលរដ្ឋ​មួយ​ចំនួន​ដែល​កំពុង​ធ្វើការ​នៅ​កូរ៉េ​ខាង​ត្បូង​ក៏​បាន​នាំ​គ្នា​បោះ​បង់​ការ​ងារ​ និ​ង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ ដោយ​បាន​វិល​ត្រឡប់​មក​កម្ពុជា​យ៉ាង​តក់​ក្រហល់​ដោយ​ភ័យ​ខ្លាចនូវ​អ្វី​ដែល​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​បាន​លើក​ឡើង​អំពី ​Black Hole​ឬ​ហៅ​ថា ​រន្ធ​ខ្មៅ​ដែល​ថា ​នឹង​មាន​ទឹក​ជំនន់ជន់​លិច​ពិភព​លោក​ទាំង​មូល​នេះ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ណែ​នាំ​ចុះ​ថ្ងៃទី​២៦ ​ខែ​សីហា​របស់​ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណៈ​រដ្ឋ​កូរ៉េ។​ ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​អាច​បញ្ជាក់​នៅ​ឡើយ​ថា​ តើ​ពលរដ្ឋ​ខ្មែរ​ ប៉ុន្មាន​នាក់​ដែល​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ​ហើយ​ត្រឡប់​មក​កម្ពុជា​វិញ​នោះ​ទេ​ ក្រោយ​ពី​មាន​ជំនឿ​លើ​ការ​ថ្លែង​របស់​លោក ​ខឹម វាសនា។ ​

នៅ​ពេល​មាន​ការ​ជួប​ជុំ​យ៉ាង​ច្រើន​បែប​នេះ​ អាជ្ញា​ធរ​ខេត្ត​សៀមរាប​បាន​បញ្ជា​ឱ្យ​រំសាយ ​និង​បញ្ឈប់​សកម្ម​ភាព​ជួបជុំ​ទាំង​នោះ​ ត្រឹម​ម៉ោង​១២ ​យប់​ ថ្ងៃ​ទី៣០​ ខែ​សីហា​នេះ​ និងព្រមាន​ចាត់​វិធាន​ការ​ច្បាប់ បើ​នៅ​បន្ត​ជួបជុំ។ ​អាជ្ញាធរ​ខេត្ត​ចាត់​ទុក​សកម្ម​ភាព​នេះថា​ជា«​ការ​ឃោសនា​ប្រជាភិថុតិ​បែប​អបិយ​ជំនឿ» ​និង​ប្រាស​ចាក​ការណ៍​ពិត។ ​នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹ​ង​របស់​រដ្ឋ​បាល​ខេត្ត​សៀមរាប​ ចុះ​ថ្ងៃទី​២៩​ ខែ​សីហា។​

លោក ​ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ប្រជា​ពល​រដ្ឋ​ដែលមក​ជួប​ជុំបោះ​តង់​ស្នាក់​នៅក្នុង​ព្រៃ​ជិត​ជើង​ភ្នំ​គូលែន​ គឺ​បាន​ចាប់​ផ្តើម​រុះរើ ​និ​ង​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​ហើយ​ តាំង​ពី​ថ្ងៃចន្ទ។ ​លោក​បន្ត​ថា​ ឱសាន​វាទ​គឺ​ត្រឹម​យប់ថ្ងៃ​ទី​៣០​ ខែ​សីហានេះ ​ដូច្នេះ​អាជ្ញាធរ​នឹង​ពិនិត្យ​តាម​ដាន​បន្ត​ទៀត​ថា​ តើ​នៅ​មាន​ពលរដ្ឋ​បន្ត​ជួប​ជុំ​ទៀត​នៅ​ក្នុង​ចម្ការ​ម្រេច​ ឬយ៉ាងណា។​ លោក​បញ្ជាក់​ថា ​ប្រសិនបើ​ការ​ជួបជុំ​នៅ​តែ​មាន ​នោះ​អាជ្ញាធរ​នឹង​ចាត់​វិធាន​ការ​តាមផ្លូវ​ច្បាប់។​

លោក​អភិបាល​ស្រុក​បន្ថែម​ថា ​សកម្ម​ភាព​ឃោសនា​ និង​កា​រជួប​ជុំ​ដែល​មិន​មាន​មូលដ្ឋា​ន​ច្បាស់​លាស់​បែប​នេះ​គឺ​មិន​បាន​ធ្វើឱ្យ​ល្អ​ប្រសើរ​ដល់​សង្គម​ជាតិ​ទេ ​ប៉ុន្តែ​លោក​ថា ​វា​បាន​បង្ក​ចលាចល​សង្គម ​និង​ធ្វើ​ឱ្យប្រជា​ពល​រដ្ឋ​ខាត​បង់​ទ្រព្យ​សម្បត្តិ ​និង​បោះ​បង់​ការងារ​ចោល​ជា​ដើម។ ​លោក​សង្ឃឹម​ថា ​ប្រជា​ពល​រដ្ឋ​នឹង​មាន​ការ​វិនិច្ឆ័យ​ច្បាស់​លាស់ ​ដោយ​ខ្លួន​ឯង​ថា​ អ្វី​ត្រឹម​ត្រូវ​ និង​អ្វី​មិន​ត្រឹម​ត្រូវនោះ។

​លោក​ថ្លែង​ថា៖​ «យើង​មិន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ជំនឿ​បែប​នេះ​ទេ។​ ឥឡូវ​ពេល​វេលា​កំណត់​ថា​ ថ្ងៃ​២៥ ​ក្រោយ​មក​ថ្ងៃ​២៩ ​ទឹក​នឹង​ជន់​លិច​ពិភព​លោក ​គឺ​បាន​ហួស​ផុត​ទៅ​ហើយ។ ​ហើយ​យើង​ក៏​ដឹង​ដែរ​ថា​ការ​លើក​ឡើង​បែប​នេះ​ជា​រឿង​មិន​ត្រឹម​ត្រូវ​នោះ​ទេ។​ ហើ​យ​អ្វី​ដែល​ជះ​ឥទ្ធិពល​ជា​អវិជ្ជ​មាន​ដល់​សង្គម​ វា​បង្ក​ឱ្យ​មាន​ភាព​ចលាចល ​មាន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​បាត់​បង់​ការ​ងារ​ធ្វើ ​បោះ​បង់​ចោល​ការងារ​ពី​ក្រៅ​ប្រទេស​ដើម្បី​មក​ចូលរួម​តាម​ការ​ផ្សព្វ​ផ្សាយ​អំពាវ​នាវ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​បែប​នេះ។​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ដែល​កំពុង​នៅ​ស្ទាក់​ស្ទើរ​ សង្ស័យ​ ធ្វើ​ការ​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​ អ្វី​ដែល​ត្រឹម​ត្រូវ ​និង​អ្វី​ដែល​ខុស»។​

លោក​បន្ថែម​ថា ​បើ​សិន​ជា​មាន​ការ​ស្នើ​សុំ​ការ​ជួប​ជុំ​ធ្វើវិបស្ស​នា​ធម្មតា​ ដោយ​អ្នក​រៀប​ចំ​កម្មវិធី​អាច​គ្រប់​គ្រង​បាន​ នោះ​អាជ្ញាធរ​នឹង​អនុញ្ញាត។ ប៉ុន្តែ​បើការ​ជួប​ជុំ​ក្នុង​ហេតុ​ផល​ជំនឿ​ដោយ​គ្មា​ន​ហេតុ​ផល​សមរម្យ​ គឺ​អាជ្ញាធរ​មិន​អនុញ្ញាត​ឡើយ។​

លោក ​នី ចាន់​ពិនិត្យ ​សមាជិក​គាំទ្រ​គណ​បក្ស​សម្ព័ន្ធ​ប្រជា​ធិបតេយ្យ​ ដែល​បាន​ចុះហត្ថ​លេខា​លើ​លិខិត​របស់​រដ្ឋបាល​ខេត្ត​ដែល​ស្នើ​សុំ​ឱ្យ​បញ្ឈប់​សកម្ម​ភាព​ជួប​ជុំ​នោះ​ ប្រាប់​វីអូអេ​ថា​ គណ​បក្សមិន​បាន​ប្រកាស​ឱ្យ​ប្រជា​ពល​រដ្ឋ​ដែល​គាំទ្រមក​ជួប​ជុំ​នោះ​ទេ។​ លោក​បន្ថែម​ថា​ តាំង​ពីថ្ងៃ​២៦​ ខែ​សីហា ​នៅ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ចុះ​មក​ជួប​ជាមួយ​ប្រធាន​គណ​បក្ស​ គឺ​ពល​រដ្ឋបានចាប់​ផ្តើម​រំសាយ​ទៅ​ផ្ទះ​បណ្តើរៗ ​ហើយ​មក​ដល់ថ្ងៃ​អង្គារ​នេះ​ គឺ​នៅ​សល់​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖ ​«កាល​ពី​ថ្ងៃ​ទី​២៦ [ខែសីហា ] ​អភិបាល​ខេត្ត ​និង​ឯក​ឧត្តម ហ៊ុន ម៉ានិត ​ គាត់​បាន​មក​[ជួប] ​ពួក​យើង ​បាន​បញ្ឈប់សកម្ម​ភាព​របស់​យើង ​ គឺ​យើង​មិន​បាន​ផ្សាយ​ផ្ទាល់​អី​បន្ថែម​ទៀត​ទេ។​ សកម្ម​ភាព​របស់​យើង​បាន​បញ្ឈប់​តាំង​ពី​ថ្ងៃ​នោះ។ ​ចំពោះ​ការ​ រំសាយ​វិញ ​បង​ប្អូន​ដែល​គាត់​បាន​មក​ចូល​រួម​ស្តាប់​ ​គាត់​ក៏​បាន​ត្រឡប់​ទៅ​វិញ​អស់​មួយ​ចំនួន​ដែរ​ហើយ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពីលោក​ ខឹម វាសនា​ ប្រធាន​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិ​តេយ្យ បាន​នៅ​ឡើយ​ទេ។ ​

លោក​ ខឹម វាសនា​ បាន​បង្ហោះសារ​នៅ​លើ​គណនី​ហ្វេសប៊ុករបស់​លោក ​នៅ​ថ្ងៃ​ទី២៥ ​ខែ​សីហា​ ថា​«បាង​កក​រលំ ​ភ្នំពេញ​រលាយ ​ព្រៃ​នគរ​ខ្ចាត់​ខ្ចាយ ​សប្បាយ​អង្គ​រវត្ត» ​និង​បាន​ចាត់​ទុក​ថា ​លោក​ជា​ «ព្រហ្ម​រក្សា​លោក»​ ដែលមើល​ឃើញ​ពី​បាតុ​ភូត ​Black Hole ​និង​បាន​និយាយ​ថា​ នឹង​មាន​ទឹក​ជំនន់​ជន់​លិច​ពិភព​លោក​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។​

គណបក្ស​សម្ព័ន្ធ​ប្រជា​ធិបតេយ្យ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ ​ដោយ​បាន​បញ្ជាក់​ថា​ ការ​ជួបជុំ​នេះ ​គឺគណបក្ស​បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​រដ្ឋបាល​ឃុំ​ត្បែង​រួច​ហើយ​ កាល​ពី​ថ្ងៃ​ទី ២៧​ ខែ​សីហា​ ឆ្នាំ​២០២២ ​ហើយ​ការ​ជួប​ជុំ​នឹង​ត្រូវ​បញ្ចប់​នៅ​ដំណាច់​ខែ​កញ្ញា។​

លោក ​ហ៊ាប ថា​ មេឃុំ​ត្បែង ​ក្នុង​ស្រុក​បន្ទាយស្រី ​ខេត្តសៀមរាប ​បាន​ឱ្យ​ដឹងថា​ ការ​ដាក់​លិខិត​ស្នើ​ជួប​ជុំរបស់​គណបក្ស​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ គឺមួយ​ថ្ងៃ​ក្រោយ​ពីអភិបាល​ខេត្តចុះ​ជួប​ជាមួយ​ប្រធាន​គណ​បក្ស​រួច​រាល់​។ ​លោក​ថា​ ប៉ុន្មាន​ថ្ងៃ​នេះ​ ការ​ងារ​ឃុំមមា​ញឹក ​ហើយឃុំ​ទើប​មា​ន​ពេល​វេលាឆ្លើយ​តប​ទៅ​គណបក្ស​វិញនៅ​ថ្ងៃ​នេះ ​ដោយ​ឱ្យ​មាន​ការ​រំសាយ ​ដូច​អ្វី​ដែល​រដ្ឋបាល​ខេត្ត​បាន​សម្រេច។​

លោក​បញ្ជាក់​ថា៖ ​«លិខិ​តជូន​ដំណឹង​របស់​ឃុំ ​គឺ​ថា​ មិន​អាច​នៅ​ធ្វើ​ពិធី ​ឬការ​ជួបជុំ​អ្វី​បន្ត​ទៀត​បាន​ទេ​ ដោយ​សារ​ការងារ​ដែល​ត្រូវ​ជួប​ជុំ​ច្រើន​ណាស់​ ហើយ​ប្រជា​ពលរដ្ឋ​ដែល​មក​នោះ​មាន​ចាស់​ មាន​ក្មេង​ ហើយ​នៅ​តាមផ្លូវ​ តាម​ព្រៃ​ តាម​តង់​អី​ [ដូច្នេះ]​សុវត្ថិ​ភាព ​ឈឺ​ថ្កាត់ផ្សេងៗ ​យើង​បារម្ភ​សុខ​ភាព​របស់​បង​ប្អូន​ដែរ»។​

លោក​ យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិ​ភាព​ បាន​ចាត់​ទុក​ថា​នេះ​ជា​«ការ​ឃោសនា​បែប​អបិយ​ជំនឿ» ​ដែល​ការណ៍​នេះប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច ​និង​ជីវភាព​របស់ប្រជា​ពលរដ្ឋ​ទាំង​នោះ។​

លោក​ថ្លែង​ថា៖ ​«នៅ​ក្នុង​ការ​ដែល​ភូត​កុហក​ ទៅ​បំបះ​បំបោរ​គាត់​ ធ្វើ​ឱ្យ​គាត់​បាត់​បង់​ទាំង​ទ្រព្យ​សម្បត្តិ បាត់​បង់​ទាំង​ឱកាស​ការងារ។ អាហ្នឹង​គឺ​មែន​ទែន​ បើ​សិន​ជា​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ អាហ្នឹង​គាត់​ត្រូវ​តែ​មាន​ការ​ប្រឈម​ចំពោះ​មុខ​ច្បាប់។ អាហ្នឹង​គាត់​អំពាវនាវ។ ​បើសិនគាត់​គ្រាន់​តែ​លើក​ឡើង​និយាយ​ថា ​អាហ្នឹង​វា​អាច​មាន​អ៊ីចឹង​ ជា​លក្ខណៈ​ទស្សន៍​ទាយ ​វា​មិន​អី​ទេ។​ ប៉ុន្តែ​គាត់​ទស្សន៍​ទាយ​ គាត់​អំពាវនាវ​ឱ្យ​គេ​ចូលរួម ​អាហ្នឹង​វា​ជា​រឿង​ខុស​ធំ​ណាស់»។

លោក​បន្ត​ថា​ ប្រជាពលរដ្ឋ​គួរ​តែ​ពិចារណា​ មុនជឿ​លើ​អ្វី​មួយ ​ពីព្រោះ​ដូច​ករណី​នេះ​ អ្នក​ដែល​ខាត់​បង់​គឺ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង ​ជាពិសេស​ពល​រដ្ឋ​ក្រីក្រ​ដែល​អាច​ធ្លាក់​ចូល​ក្នុង​បញ្ហា​សេដ្ឋ​កិច្ច ​និង​បំណុល​មួយ​កម្រិត​ទៀត៕