មេធាវីរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងក្រសួងយុត្តិធម៌ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងកាលពីថ្ងៃអង្គារម្សិលមិញ នៅក្នុងបន្ទប់តុលាការរដ្ឋធានីវ៉ាស៊ីនតោន អំពីថាតើលោកមានអភ័យឯកសិទ្ធរួចពីការកាត់ទោសលើបទចោទប្រកាន់ថា លោកបានព្យាយាមដោយខុសច្បាប់ដើម្បីប្រែក្រឡាស់ការចាញ់ឆ្នោតរបស់លោក នៅឆ្នាំ ២០២០ ទោះបីលោកព្យាយាមឈរឈ្មោះបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ ២០២៤ ក៏ដោយ។
ចៅក្រមសាលាឧទ្ធរណ៍ ៣ នាក់របស់សហរដ្ឋអាមេរិក ដែលធ្វើសវនាការរឿងក្តីនេះមិនបានចេញការសម្រេចភ្លាមៗទេ។ ក៏ប៉ុន្តែ នៅពេលដែលលោក Trump បានមើលនៅក្នុងបន្ទប់តុលាការ ចៅក្រមបានបង្ហាញនូវការមន្ទិលសង្ស័យពីការអះអាងដោយលោក John Sauer ដែលជាមេធាវីរបស់លោកថា លោក Trump មិនអាចត្រូវកាត់ទោសផ្នែកព្រហ្មទណ្ឌទេ ប្រសិនបើលោកមិនត្រូវអាចប្តឹងចោទប្រកាន់ទម្លាក់ពីតំណែងមុនដំបូងដោយរដ្ឋសភា ហើយបន្ទាប់មកត្រូវបានចោទប្រកាន់ដោយព្រឹទ្ធសភានោះ។
ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីសវនាការនោះ លោក Trump បានព្រមានថានឹងមាន «ការច្របូកច្របល់» នៅក្នុងប្រទេស ប្រសិនបើលោកត្រូវបានកាត់ទោសនោះ។
មុនអាណត្តិប្រធានាធិបតីរបស់លោក Trump បានបញ្ចប់កាលពី ៣ ឆ្នាំមុន រដ្ឋសភាបានប្តឹងទម្លាក់លោកចេញពីតំណែងចំពោះការញុះញង់ឱ្យមានកុប្បកម្មរបស់ក្រុមអ្នកគាំទ្រលោក នៅឯវិមានសភាសហរដ្ឋអាមេរិក នៅពេលដែលសភាបានជួបប្រជុំនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ដើម្បីបញ្ជាក់ថា លោក Trump បានចាញ់ការបោះឆ្នោតរបស់លោកទៅលោក Biden ខាងគណបក្សប្រជាធិបតេយ្យ។
ក៏ប៉ុន្តែ ក្រោយពីលោក Trump បានចាកចេញពីតំណែង ព្រឹទ្ធសភាបានកាត់ឱ្យលោករួចខ្លួន ថ្វីបើព្រឹទ្ធសភាមួយចំនួនបាននិយាយថា ពួកគេបានបោះឆ្នោតប្រឆាំងនឹងការចោទប្រកាន់ ពីព្រោះតែអាណត្តិរបស់លោកបានចប់ហើយ។
មេធាវីរបស់ក្រសួងយុត្តិធម៌លោក James Pearce ដែលស្ថិតនៅក្នុងក្រុមរបស់ក្រុមប្រឹក្សាពិសេសរបស់លោក Jack Smith ដែលកំពុងកាត់ទោសលោក Trump បានប្រាប់ក្រុមតុលាការឧទ្ធរណ៍ថា «ប្រធានាធិបតីមិននៅលើច្បាប់ទេ។ អតីតប្រធានាធិបតីមិនមានអភ័យឯកសិទ្ធទេ»។
លោក Pearce បានចោទប្រកាន់លោក Trump ពី «ការប្រើប្រាស់អំណាច» ដើម្បីធ្វើឱ្យអន្តរាយដល់ការបោះឆ្នោតឆ្នាំ ២០២០៕