ក្រុមមេធាវីបានប្តឹងទាស់សាលក្រមរបស់តុលាការសាលាដំបូងខេត្តកណ្តាលនៅថ្ងៃច័ន្ទនេះ។ តុលាការសាលាដំបូងខេត្តកណ្តាល ដែលបានផ្តន្ទាទោសដោយកំបាំងមុខលោកចាន់ ចេង អ្នកតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិ និងលោកមេធាវីជួង ជួងីឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ៣លានរៀលពីបទ «ផ្តល់មធ្យោបាយឲ្យជនជាប់ចោទឈ្មោះមាស ប៉េងរត់ចេញពីពន្ធនាគារ»។
តុលាការក៏បានសម្រេចផ្តន្ទាទោសលោក មាស ប៉េង អតីតជំទប់ទី២ ឃុំបន្ទាយដែក ខាងគណបក្សសម រង្ស៊ី បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាស្រុកកៀនស្វាយខាងគណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគារចំនួន១៨ខែពីបទរត់ចេញពីមន្ទីរឃុំឃាំង។
ការផ្តន្ទាទោសទាំងនេះធ្វើឡើងក្រោយពីតុលាការសាលាដំបូងខេត្តកណ្តាលបើកសវនាការដោយកំបាំងមុខជនជាប់ចោទកាលពីខែកក្កដាឆ្នាំ២០១៤។
លោក សំ សុខគង់ មេធាវីរបស់លោកចាន់ ចេងបានយកបណ្តឹងទាស់ទៅដាក់ជូនតុលាការសាលាឧទ្ធរណ៍នៅរសៀលថ្ងៃនេះ ដោយសារអ្វី ដែលលោកអះអាងថា ការកាត់ក្តីកូនក្តីរបស់លោកដោយកំបាំងមុខ និងដោយមិនមានយុត្តិធម៌។
«ក្រុមមេធាវីយល់ឃើញថា ការកាត់ក្តីកាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៤មិនមានវត្តមានជនជាប់ចោទ ដូចជាកូនក្តីខ្ញុំ អ្នកតំណាងរាស្ដ្រឯកឧត្តមចាន់ ចេង ចូលរួមសវនាការទេ។ ហើយនៅពេលដែលប្រកាសសាលក្រមថ្ងៃទី១៣ខែមិនាឆ្នាំ២០១៥ កូនក្តីខ្ញុំយល់ថា មិនអាចទទួលយកបាន ហើយមិនបានផ្តល់ភាពយុត្តិធម៌ចំពោះគាត់»។
ដោយឡែក លោកមេធាវីជួង ជូងីបញ្ជាក់ថា លោកបានប្រាប់ឲ្យមេធាវីរបស់លោកប្តឹងទាស់ដូចគ្នាដែរ។
លោកមាស ប៉េង សមាជិកក្រុមប្រឹក្សាស្រុកកៀនស្វាយខាងគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ការប្តឹងទាស់របស់លោកធ្វើឡើងដោយសារការដាក់ទោសមកលើរូបលោកមិនត្រឹមត្រូវ ដោយសារលោកមិនបានរត់គេចពីពន្ធនាគារនោះឡើយ។
«ខ្ញុំមើលឃើញថា ការសម្រេចទោសនេះមិនត្រឹមត្រូវតាមគតិយុត្តិធម៌ទេ»។
សំណុំរឿងលោកមាស ប៉េងបានកើតឡើងតាំងពីឆ្នាំ២០១១មកម្ល៉េះ។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សាប្រឆាំងទៅនឹងអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិតនៅក្នុងរឿងទំនាស់ដីធ្លីមួយជាមួយនឹងលោកប្រាក់ សាវុធ សមាជិកក្រុមប្រឹក្សាខេត្តក្រចេះខាងគណបក្សប្រជាជនកម្ពុជា។
លោកត្រូវឃុំឃាំងបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល។ នៅក្នុងអំឡុងពេលនោះ លោកជួង ជូងី មេធាវីការពារក្តី បានរកឃើញថា ការឃុំខ្លួនកូនក្តីរបស់លោកធ្វើឡើងដោយមិនមានដីការឃុំខ្លួនទេ។ ហើយលោកជួ ជូងីក៏បានស្នើឲ្យលោកចាន់ ចេង តំណាងរាស្ដ្រ ដឹកលោកមាស ប៉េងចេញពីពន្ធនាគារទៅកាន់លំនៅដ្ឋានវិញ។
នៅក្នុងពេលនេះ លោកចាន់ ចែងនៅជាប់អភ័យឯកសិទ្ធិតំណាងរាស្ដ្រដែលតាមច្បាប់គាត់មិនអាចប្រឈមមុខនឹងការចាប់ខ្លួន ឬចោទប្រកាន់ណាមួយនោះទេ។
វីអូអេបានព្យាយាមទាក់ទងសុំការបកស្រាយពីលោកឈាង វុន តំណាងរាស្ដ្រខាងគណបក្សប្រជាជន និងជាអ្នកនាំពាក្យរដ្ឋសភា តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ៕