អ្នកវិភាគ៖ ការផ្តន្ទាទោស​លើ​លោក សុន ឆ័យ អាច​ចោទ​សួរ​ពី​ភាពត្រឹមត្រូវ​នៃ​ការបោះឆ្នោត​ជាតិ​ឆ្នាំ ២០២៣

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាននៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ក្រោយ​និយាយ​រិះ​គន់​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ លោក​ សុន ឆ័យ អនុប្រធាន​ម្នាក់​នៃ​គណបក្សភ្លើងទៀន​បាន​ទទួល​រង​ការ​ប្តឹង​ផ្តល់​នៅ​សាលា​ដំបូងរាជធានី​ភ្នំពេញ។ កាល​ពី​ថ្ងៃ​ទី​ ៧ ខែ​តុលានេះ តុលាការ​ក៏​បាន​កាត់​ក្តី​ឱ្យ​អ្នក​នយោបាយជំទាស់​រូប​នោះ​ចាញ់​ភាគី​ដើមបណ្តឹង​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)។

ការ​សម្រេច​សេចក្តី​ចុងក្រោយ​របស់​តុលាការ​រាជធានី​ភ្នំពេញ​មក​លើ​លោក​ សុន ឆ័យ នាំ​ឱ្យ​អ្នក​វិភាគ​នៅក្នុង​ប្រទេសកម្ពុជា​យល់​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​តុលាការ​យ៉ាង​ដូច្នេះ​មក​លើ​លោក​ សុន ឆ័យ​ ឬ​សកម្មជន​គណបក្ស​ប្រឆាំង​ឯទៀត​ នឹងធ្វើ​ឱ្យ​មាន​ភាព​ល្អក់​កករនៅ​ក្នុងដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិ​នា​ឆ្នាំ​ ២០២៣​ ដោយ​សេរី និង​ត្រឹមត្រូវ។

អ្នក​វិភាគ​នយោបាយ​លោក​ មាស នី ប្រាប់វីអូអេ​កាល​ថ្ងៃចន្ទ​ថា ការ​ប្តឹង​ផ្តល់​របស់​ស្ថាប័ន​ គ.ជ.ប. ប្រឆាំង​នឹង​លោក សុន ឆ័យ បាន​បង្ក​ឱ្យ​មាន​រឿងចម្រូង​ចម្រាស​ ជុំវិញ​ការ​ប្រើប្រាស់​ច្បាប់​ និង​ការ​ប្រើសិទ្ធិ​បញ្ចេញ​មតិ នៅពេល​លោក​ សុន ឆ័យ​ ត្រូវ​បាន​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ ទាំង​ភស្តុតាង​មាន​ភាពស្រពេច​ស្រពិល។

អ្នក​វិភាគ​នយោបាយ​រូបនេះ​ បន្តថា​ តាំង​ពីដើម​មក​ គ្មាន​នរណា​រំពឹង​ថា​ លោក សុន ឆ័យ នឹង​ឈ្នះ​ក្តី​នេះឡើយ ដោយ​ហេតុថា​ អ្នក​ដែល​ប្តឹង​គឺ​ជា​គណបក្ស​កំពុង​កាន់​អំណាច​ ស្របពេល​ដែល​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ត្រូវ​បាន​គេ​រិះគន់ថា​ មិន​មាន​ឯករាជ្យ​ភាព​ពេញ​លេញ។

បើ​តាម​លោក​ មាស នី គណបក្ស​ភ្លើងទៀន ​នឹង​ប្រទះ​បញ្ហា​ប្រឈម​ជា​ច្រើន​ទៅ​ថ្ងៃ​ខាងមុខទៀត​ ដែល​ទាម​ទារ​ឱ្យមាន​យុទ្ធសាស្ត្រ​នយោបាយ​ថ្មីៗ ​ដើម្បី​ចៀស​ផុត​ពី​ហានិភ័យនៃ​ការ​ប្រឈម​មុខនឹង​ការ​ប្តឹងផ្តល់​ជាថ្មី​ទៀត។

លោក​ មាស នី​ ថ្លែង​ថា៖​ «បើ​សិន​ជា​គណបក្ស​ភ្លើងទៀន​មិនមាន​យុទ្ធសាស្ត្រ​អី​ច្បាស់លាស់​នៅ​ក្នុង​ឆ្នាំ ២០២៣​ ទេ វា​អាច​នឹង​គណបក្ស​ភ្លើងទៀន​ទទួល​រងនូវ​វាសនា​ប្រហែល​គ្នា​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ [២០១៧] ដែរ»។

កាល​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឱ្យ លោក​ សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ ចាញ់​ក្តី​ដើម​បណ្តឹង​ដែល​ជា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) ដោយ​តម្រូវ​ឱ្យ​បង់​សំណង​ជំងឺ​ចិត្ត​ដល់​គណបក្ស​កាន់​អំណាច​ជាទឹកប្រាក់​រហូត​ដល់​ប្រមាណ​ ៧៥​ ម៉ឺន​ដុល្លារ​អាមេរិក។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក សុន ឆ័យ ពី​បទបរិហាកេរ្តិ៍​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​រិះគន់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ តាម​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទាមទារ​ឱ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​បង់​សង​ជំងឺ​ចិត្ត​ចំនួន ​៤ ​ពាន់​លាន​រៀល គឺ​ប្រមាណ​ ១​ លាន​ដុល្លារ​អាមេរិក និង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ទាមទារ​ឱ្យ​លោក សុន ឆ័យ សុំទោស​ជា​សាធារណៈ។

អ្នក​វិភាគ​នយោបាយ លោក​ សេង សារី លើក​ឡើង​ថា​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​មេដឹកនាំ​និង​សកម្មជន​របស់គណបក្ស​ប្រឆាំង​នៅមូលដ្ឋាន​ មិនមែន​ជារឿង​ថ្មី​ទេ​ នៅ​ក្នុង​នយោបាយ​កម្ពុជា។

បើ​តាម​លោក​ សេង សារី​ ការ​បង្ក​បញ្ហា​ផ្លូវច្បាប់​ផ្សេងៗ​ដល់​លោក​ សុន ឆ័យ នោះ ជា​យុទ្ធសាស្ត្រនយោបាយ​របស់​គណបក្ស​ប្រជាជនកម្ពុជា​ ដើម្បី​ផាត់​អ្នក​នយោបាយ​ជើង​ចាស់​ដែល​មាននិន្នាការ​ជំទាស់​ចេញ​ពី​សង្វៀន រួច​បើក​ផ្លូវ​ឱ្យ​អ្នក​នយោបាយ​វ័យក្មេង​ពី​គណបក្ស​កាន់​អំណាច តួយ៉ាង​លោក ​ហ៊ុន ម៉ាណែត​ មាន​ឱកាស​ច្រើន​ ដើម្បី​កសាង​ប្រជាប្រិយភាព និង​សមត្ថភាព​នយោបាយ។

លោក សេង សារី ថ្លែង​ថា​៖ «កត្តាសំខាន់​នោះ​គឺ លោក ហ៊ុន ម៉ាណែត​ ដែល​ត្រូវ​ជាអ្នក​បន្តវេន​របស់​គណបក្ស​កាន់​អំណាច​នៅ​មាន​ភាព​វ័យ [ក្មេង]​ ខ្ចី ​នៅក្នុង​កិច្ចការងារ​នយោបាយ​ និង​កិច្ចការងារ​ដឹកនាំ​រដ្ឋ​ ជាពិសេស​កិច្ចការងារ​នយោបាយ​ដែល​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រឆាំង​បច្ចុប្បន្ន​ ដែល​មានអ្នក​គាំទ្រ​ជិត​កន្លះ​ប្រទេស។ អ៊ីចឹង​ខ្ញុំ​ឃើញ​ថា ​ករណី​របស់លោក សុន ឆ័យ​ ជាករណី​ដែល​គណបក្ស​កាន់​អំណាច​មិន​ចង់​ឱ្យ​មាន​វត្តមាន​របស់​របស់​អ្នក​នយោបាយ​ជំនាន់​មុន មាន​វត្តមាន​ក្នុង​សង្វៀន​នយោបាយ​របស់​មនុស្ស​ជំនាន់​ថ្មី»។

លោក​ កន សាវាង្ស ​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុម​ហ្វ្រែល ប្រាប់វីអូអេ​ថា ការ​កាត់ក្តី​របស់តុលាការដែល​តម្រូវ​ឱ្យ​លោក សុន ឆ័យ សង​ជំងឺ​ចិត្ត​ដ៏​ច្រើន​បែប​នេះ​ទៅ​គណបក្ស​កាន់​អំណាច ជា​ករណី​កម្រ​កើតមាន​ពីមុនមក ទាក់​ទង​នឹង​កា​របញ្ចេញមតិ​ជុំវិញ​ការបោះឆ្នោត។

អ្នក​ឃ្លាំ​មើលរូប​នេះ​អះអាង​ថា ការ​បន្ត​មានការ​ចោទប្រកាន់​ផ្សេងៗ​ពីបទឧក្រិដ្ឋ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង ឬ​សកម្មជន​នោះ​ ប្រាកដ​ណាស់ ​នឹង​នាំឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ឆ្នាំ​ខាង​មុខ។

លោក​ កន សាវាង្ស ថ្លែង​ថា៖ «សម្រាប់ខ្ញុំ​នៅតែ​យល់​ឃើញ​ថា​ ការ​ប្រើ​ប្រាស់​នូវ​ការ​ពិន័យ​នេះ​គឺ​ធំៗ​មែន​ទែន ធំ​ណាស់​សម្រាប់​កិច្ចការ​ហ្នឹង។ ហើយ​រឿង​ថា​ប៉ះ​ពាល់ ​ឬ​មិន​ប៉ះ​ពាល់​នោះ​ សម្រាប់​ខ្ញុំ​យល់​ឃើញ​ថា ​ចង់​មិន​ចង់​ វា​ប៉ះ​ពាល់​ហើយ»។

ទោះជាយ៉ាងណា​ លោក កន សាវាង្ស​ យល់ថា ការ​ប្តឹងផ្តល់​ផ្សេងៗ​មិន​មែន​ជម្រើសនៅក្នុង​ការ​ដោះស្រា​យបញ្ហា​ឡើយ​ ខណៈ​លោក​ជំរុញ​ឱ្យមាន​ការ​ជជែក​ពិភាក្សា​គ្នា​ឱ្យ​បាន​កាន់តែ​ច្រើន​ ដែល​ជា​វិថី​នៃ​ការ​ដោះស្រាយ​បញ្ហា។

ក្រៅពី​សំណុំរឿង​លោក ​សុន ឆ័យ​ គិត​ត្រឹម​ដើម​ខែ​តុលា នៅ​ក្នុងឆ្នាំ ២០២២ មាន​ករណីចាប់​ឃុំ​ខ្លួន នឹង​ចោទ​ប្រកាន់​លើ​សកម្មជន​និង​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ចំនួន ១២ ករណី ក្នុង​នោះ​ភាគ​ច្រើន​ពាក់ព័ន្ធ​ជាមួយ​បទ​ញុះញង់ និង​បរិហាកេរ្តិ៍​ជាសាធារណៈ។ នេះបើតាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ។​

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ លោក សុខ ឥសាន លើកឡើង​ថា​ ការ​ចាញ់ក្តី​របស់លោក សុន ឆ័យ នៅ​តុលាការ​ នឹង​មិន​មាន​ការ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ឆ្នាំ ២០២៣ ខាងមុខឡើយ​ ដោយ​លើក​ហេតុផល​ថា ការ​សម្រេច​របស់​តុលាការ​លើ​លោក​ សុន ឆ័យ​ ធ្វើ​ឡើង​តាមអង្គហេតុ​និង​ច្បាប់ ។

លោក សុខ ឥសាន បាន​ថ្លែង​ថា៖ «ហើយ​ការ​ដែល​មានមតិ​ថា វាប៉ះ​ពាល់​ដល់​ការ​បោះឆ្នោត​ខាង​មុខ។ អាហ្នឹង​គណបក្ស​ប្រជាជន​មិនមែន​ជាអ្នក​ទទួល​ខុស​ត្រូវ​ទេ។ អាហ្នឹង​សាមី​ជន​ដែល​ជាអ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់ ដែល​រំលោភ​បំពាន​ច្បាប់​ ហើយ​នឹង​ប៉ះពាល់​ដល់​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង គ.ជ.ប. អាហ្នឹង​ជាអ្នក​ទទួល​ខុស​ត្រូវ​ទេ»។

ចំណែក អ្នក​នាំ​ពាក្យ​គណៈកម្មធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត លោក សោម សូរីដា ប្រាប់​វីអូ​អេ​ថា​ បណ្តឹង​របស់ គ.ជ.ប. ទៅ​លើ​អនុប្រធាន​គណបក្ស​ប្រឆាំង​លោក​ សុន ឆ័យ​ នោះ ជាបណ្តឹងពាក់ព័ន្ធ​នឹង​ការ​បរិហារ​កេរ្តិ៍​ស្ថាប័ន​ ពោល​គឺ​មិនមែន​ជា​បណ្តឹង​នយោបាយ​ឡើយ។

អ្នក​នាំពាក្យ​រូបនេះ​អះអាង​ថា​ ស្ថាប័ន​ គ.ជ.ប. បាន​រៀបចំការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដោយ​រលូន​និងគោរព​ទៅ​តាម​ច្បាប់ ​ដែលមាន​ជាធរមាន​ និង​គោលការណ៍​ដែល​មាន​ស្រាប់។

លោកនិយាយ​ថា៖ «ចំណុច​នេះ​ ប្រសិន​បើ គ.ជ.ប. គ្មាន​ប្រតិកម្ម​ និង​គ្មាន​ដំណោះ​ស្រាយ​ ដើម្បី​ការ​ពារ​ខ្លួន​នោះ​ទេ​ គឺវា​ធ្វើ​ឱ្យ​ការបោះឆ្នោត​ឆ្នាំ ២០២៣ វាកើត​ឡើង​នូវ​ភាព​មិនប្រក្រតី​ទៅ​វិញ​ទេ។ យើង​អាច​និយាយ​ថា ប្រជាពលរដ្ឋ​បាត់​ទំនុក​ចិត្ត​ទៅ​ស្ថាប័ន​មួយ​នេះ​ ដែល​ត្រូវគេ​ចោទប្រកាន់​ថា លួច​សន្លឹក​ឆ្នោត ហើយ​អត់មាន​ប្រតិកម្មឆ្លើយ​តប នោះ គ.ជ.ប. ទទួល​ស្គាល់​ថា ខ្លួន​ឯង​លួច​សន្លឹក​ឆ្នោត​មែន»។

យ៉ាង​ណា​ក៏ដោយ​ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ លោក សុន ឆ័យ​ ប្រាប់​វីអូអេ​តាម​រយៈ​ប្រព័ន្ធ​តេឡេក្រាម កាល​ពីថ្ងៃ​ចន្ទថា លោក​នឹង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ជំទាស់​នឹង​ការ​សម្រេ​ចរបស់​សាលាដំបូង​រាជធានីភ្នំពេញ។ លោក​ក៏​បញ្ជាក់​ថា លោកនៅ​តែ​បន្ត​សកម្មភាព​នយោបាយ​របស់​លោក​ដូច​ដើម​ និង​មិនមាន​ការ​រារែក​នោះ​ឡើយ៕