ដំបូន្មាន​លោក​ ស្រី​ បណ្តូល​ បាន​ក្លាយ​ជា​ត្រី​វិស័យ​​និង​ពន្លឺ​ជីវិត​ដល់​កូនសិស្ស​សិល្បៈ​គំនូរ​កម្ពុជា

រូបឯកសារ៖ លោក​ ស្រី​ បណ្តូល គឺជាសហស្ថាបនិកមួយរូបនៃអង្គការហ្វារពន្លឺសិល្បៈ។ លោកគឺជា​សិល្បករ​តំឡើង​ និង​​គំនូរ​សហម័យ ​ និង​ជា​គ្រូបង្រៀន​សិល្បៈ​ដ​ល់សិស្ស​រាប់រយ​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជិត ៣០ ​ឆ្នាំ​។ (រូបថតផ្តល់ឲ្យដោយហ្វារពន្លឺសិល្បៈ)

ភ្នំពេញ — ​កាលពី​យប់ថ្ងៃពុធ ទី៤ ខែសីហា ​មរណ​ភាព​ភ្លាមៗ​ដោយសារ​ជំងឺ​កូវីដ​១៩ ​របស់​លោក ស្រី​ បណ្តូល បាន​ធ្វើ​ឲ្យ​មហាជន​ដែល​ស្គាល់រូប​លោក​ថា​ ជា​មនុស្ស​ដ៏ឆ្នើម​នៅក្នុងវិស័យ​សិល្បៈ រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ និង​ជា​ព័ត៌មាន​ដ៏​ក្រៀមក្រំ​ពីខេត្ត​បាត់​ដំបង​ នៅ​ក្នុង​សប្តាហ៍នេះ។ លោក​ បណ្តូល ​វ័យ​៤៩ ឆ្នាំ បាន​សម្រាក​ព្យាបាល​នៅ​ឯ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩ (កម្រិត​ធ្ងន់) ​ក្នុង​វិទ្យា​ល័យ​សម្តេច​ឪ មុន​ពេល​លោក​បាន​ទទួល​មរណភាព។

លោក ស្រី​ បណ្តូល​ ជា​សហស្ថាបនិក​នៃ​អង្គការ​ហ្វារ​ពន្លឺសិល្បៈ​ សិល្បករ​តំឡើង​និងគំនូរ​សហម័យ និង​ជា​គ្រូបង្រៀន​សិល្បៈ​ដ​ល់សិស្ស​រាប់រយ​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជិត ៣០ ​ឆ្នាំ​មក​នេះ។

មនុស្ស​ជាច្រើន​ ជាពិសេសមិត្ត​សិល្បករ​និង​សិស្ស​និស្សិត​របស់​លោក មិន​ត្រឹម​តែ​ស្គាល់​លោក បណ្តូល ក្នុង​នាម​ជា​សិល្បករ​ដ៏ល្បី​និង​មាន​ស្នាដៃ ​ឬ​មានតួនាទី​ជា​សហស្ថាបនិក​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ស្គាល់​លោក​ថា​ជា​ «គ្រូ​ល្អ​» «ពលរដ្ឋ​ល្អ​» និង «​ជាអ្នក​ផ្លាស់​ប្តូរ​ជីវិត​របស់​ពួកគេ​» ជាពិសេសស​យុវវ័យ។


ពីកុមារចូលចិត្តគូរគំនូរនៅជំរំ ឈានដល់ការបង្កើតសមាគមបង្រៀនសិល្បៈគំនូរ

លោក ស្រី បណ្តូល បាន​ចាប់ផ្តើម​កុមារភាព​របស់​ខ្លួន​ ក្រោយ​ការ​ដួល​រលំទៅ​នៃ​របប​ខ្មែរក្រហម ដោយ​ស្នាក់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ សាយធូ​ (Site Two) ស្ថិត​ក្នុង​តំបន់​ជួរភ្នំ​ដងរែក។

លោក បណ្តូល​ និងកុមារ​ដទៃ​ទៀត​បាន​ហាត់​រៀន​សិល្បគូរ​គំនូរ នៅ​អំឡុង​ឆ្នាំ​ ១៩៨៧​ ជាមួយ​អ្នក​គ្រូ​គំនូរ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ​ Véronique Decrop ។ កាល​នោះ​ លោក បណ្តូល​ មាន​អាយុ​ប្រមាណ​ ១៣ ​ឆ្នាំ ហើយបានអភិវឌ្ឍ​ជំនាញ​ពី​ការ​គំនូរ​សេរី​ មក​គូរ​គំនូរ​បែប​នេត្រាទស្សន៍​(Perspective) ដោយ​រៀន​ចេះ​ពីអ្នកគ្រូ​បារាំង​របស់ខ្លួន។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​បន្ទាប់​ពី​ជំរំ​សាយធូ​ត្រូវ​បាន​បិទ លោក​បណ្តូល​ ​និង​សិស្ស​ ៨ ​នាក់​ទៀត​ដែល​សុទ្ធតែ​ជា​អ្នក​ស្នេហា​វិស័យ​សិល្ប​គំនូរ រួម​នឹង​អ្នកគ្រូ Véronique Decrop ដែល​វិល​ត្រឡប់ពី​បារាំង​វិញ​ បាន​សម្រេច​ចិត្ត​បង្កើត​សាលារៀនគំនូរ​មួយ​នៅ​ក្នុង​ស្រុក​កំណើត​របស់​ពួកគេ​ នៅឯ​ខេត្ត​បាត់ដំបង​ ដើម្បី​ជួយ​បង្ហាត់​បង្រៀន​ចំណេះ​ដឹង និង​ជំនាញសិល្បៈដល់​យុវវ័យ ​ដែល​វិល​ត្រឡប់​ពីជំរំ​សាយធូរ​ចូល​មក​ស្រុក​កំណើត​វិញ។

រូបថតឯកសាររបស់លោក ស្រី បណ្តូល ពេលថតជាមួយអ្នកគ្រូគំនូរ​ជនជាតិ​បារាំង​ Véronique Decrop និងមិត្តភក្តិដែលបានបង្កើតអង្គការហ្វារពន្លឺសិល្បៈ។ (រូបថតផ្តល់ឲ្យដោយហ្វារពន្លឺសិល្បៈ)

រូបថតឯកសាររបស់លោក ស្រី បណ្តូល ពេលថតជាមួយអ្នកគ្រូគំនូរ​ជនជាតិ​បារាំង​ Véronique Decrop និងមិត្តភក្តិ ក្រោយពេលពួកគេបានរួមគំនិតគ្នាបង្កើតអង្គការហ្វារពន្លឺសិល្បៈ។ (រូបថតផ្តល់ឲ្យដោយហ្វារពន្លឺសិល្បៈ)

លោក​ ឃួន​ ដេត​ ដែល​ជា​សហស្ថាបនិក​ហ្វារ បាន​ស្គាល់​លោក ស្រី​ បណ្តូល ​ជិត​ ៤០ ឆ្នាំ​មក​ហើយ។ ទំនាក់​ទំនង​ជិតស្និទ្ធ​រវាង​អ្នក​ទាំង​ពីរ​ដែល​លោក​ ឃួន​ ដេត ចាត់​ទុក​ថា​ដូច​ជា​ «បងប្អូន»​ នេះ​ ត្រូវ​បាន​កសាង​ឡើង នៅ​ពេល​អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​និង​ធ្លាប់​បាន​រៀន​ជាមួយ​ តាំង​តែ​ពី​មាន​អាយុ​ជាង​ ១០ ឆ្នាំ​មក​ម៉្លេះ។​

លោក ឃួន ដេត បាន​រៀបរាប់​ប្រាប់ VOA ពី​អារម្មណ៍​បាត់បង់​មិត្ត​និង​បងប្អូន​ដូចជា​លោក ស្រី បណ្តូល ថា៖ «ដោយសារ​ពួក​ខ្ញុំ​ជា​សហ​ស្ថាបនិក​ដូច​គ្នា​ ហើយ​នៅ​ជាមួយ​គ្នា​តាំង​ពីតូច​មក ​វា​មាន​អនុស្សាវរីយ៍​ច្រើន​ ច្រើន​ណាស់​មិន​អាច​កាត់​ថ្លៃ​បាន។ ​ខ្ញុំ​សឹង​តែ​មិន​ដឹង​និយាយ​ថា​ម៉េច ​វា​ថ្មី​ស្រឡាង​ លឿន។ គាត់​ទៅ​លឿន​ពេក​សឹង​តែ​មិន​ជឿ។ សឹង​តែ​ដូច​ជា​ការ​យល់​សប្តិពេលខ្លះ​ខ្លួន​ឯង​ ដូច​ភាំង ទទួល​យក​អត់​បាន​»។

​ហើយ​ស្នាម​ញញឹម​ស្នាដៃ​ ទង្វើ​ល្អ​ការ​ជួយ​បណ្តុះ​បណ្តាល ​និង​សាប​ព្រួស​ធនធាន​សិល្បៈ​របស់​លោក ស្រី​ បណ្តូល គឺ​ជា​អ្វី​ដែល​ដក់​ជាប់​ដិតដាម​ក្នុង​ចិត្ត​របស់​លោក ​ឃួន​ ដេត​ មិន​អាច​បំភ្លេច​បាន​នោះ​ទេ។

លោក​បន្ថែម​ថា៖ «យើង​នៅ​ជាមួយ​គ្នា​យើង​បី​បាច់​គ្នា ថែរក្សា​គ្នា​ទៅវិញ​ទៅមក។ យើង​ផ្តល់​ដំបូន្មាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ ជា​ជីវិត​ឯកជន​ ទោះបីជា​យើង​ក្លាយ​ជា​មនុស្ស​ធំ ជា​គ្រូ​ មាន​គ្រួសារ​ មាន​កូន​ មាន​ចៅ ក៏​យើង​នៅ​តែ​ចែក​រំលែក​ការ​គិត​ ការ​វិវត្តន៍​គ្នា​ដដែល​ ព្រោះ​យើង​គិត​ថា​ យើង​ជា​បងប្អូន​គ្នា។ យើង​តែង​តែ​ជួប​គ្នា​និយាយ មិន​ថា ​ជីវិត​ផ្ទាល់​ខ្លួន ដំណើរ​ការ​អនាគត​របស់​ហ្វារ»។

នៅ​ឆ្នាំ​ ១៩៩៤ គ្រា​ដែលសហស្ថាបនិក​ទាំងអស់បាន​រួមគ្នា​បង្កើតអង្គការ​ហ្វារពន្លឺ​សិល្បៈ​លោក ស្រី​ បណ្តូល​ បាន​លើកឡើងថា​គ្រានោះ ​«ជាពេល​វេលា​ដ៏​វិសេស​និង​សំខាន់​បំផុត​សម្រាប់​កម្ពុជា ​ដើម្បី​ប្រើប្រាស់​សិល្បៈ​ក្នុង​ការ​តស៊ូមតិ​ការ​ព្យាលបាល​ផ្លូវចិត្ត​ និង​គំនិត​និង​ការ​កត់ត្រា​ប្រវត្តិ​សិល្បៈ​ផង»។

នេះ​ជា​ពាក្យពេចន៍​របស់​លោក​នៅ​ក្នុងអត្ថបទ​សម្ភាស​អំពី «ដំណើរ​រឿង​នៃហ្វារ​ពន្លឺ​សិល្បៈ»​ បោះពុម្ពផ្សាយ​ដោយទស្សនាវដ្តី​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ «ឧទ័យ»​ កាលពី​ឆ្នាំ​ ២០១៤។

លោក ស្រី បណ្តូល ធ្លាប់​ផ្តល់​បទ​សម្ភាស​ឲ្យ​វីអូអេ​កាល​ពី​ឆ្នាំ​ ២០១៩​ ថា​ លោក​និង​មិត្ត​ភក្តិ ប្រើ​ការ​គូរ​គំនូរ​ជា​ការ​ព្យាបាល​ផ្លូវ​ចិត្ត​ ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ការ​បែក​បាក់​ពី​ឪពុកម្តាយ​នា​សម័យ​ខ្មែរ​ក្រហម​ និង​ពី​បទពិសោធន៍មើល​ឃើញ​ការសម្លាប់​គ្នា​រវាង​ក្រុម​មិន​ចុះ​សម្រុង​ បន្ទាប់​ពី​របប​ខ្មែរក្រហម។

រូបថតឯកសារ៖ លោក ស្រី បណ្តូល ពេលថតជាមួយមិត្តភក្តិដែលបានរួមគំនិតគ្នាបង្កើតអង្គការហ្វារពន្លឺសិល្បៈ និងកូនសិស្សដំបូងរបស់អង្គការហ្វារ នៅខេត្តបាត់ដំបង កាលពីឆ្នាំ ១៩៩៩។ (រូបថតផ្តល់ឲ្យដោយហ្វារពន្លឺសិល្បៈ)

រូបឯកសារ៖ លោក​ ស្រី​ បណ្តូល ថត​រូបជាមួយសហស្ថាបនិកអង្គការហ្វារពន្លឺសិល្បៈដទៃទៀត។ (រូបថតផ្តល់ឲ្យដោយហ្វារពន្លឺសិល្បៈ)


ដំបូន្មានអាជីពនិងជីវិតមិនអាចកាត់ថ្លៃបាន

សាលា​សិល្បៈ​ដែល​លោក ស្រី​ បណ្តូល​ និង​មិត្ត​សិល្បករ​ឯទៀត​របស់​លោក​បាន​បង្កើត​ឥឡូវ​នេះ​មាន​អាយុ​កាល​ជាង ២៧ ​ឆ្នាំ​ ហើយ​បាន​ក្លាយ​ជា​សមាគម​សាប​ព្រួស​គ្រាប់​ពូជសិល្បៈ​ និង​បន្តក្លាយ​ជា​មណ្ឌល​បង្កើត​ការ​ច្នៃ​ប្រតិដ្ឋ ដោយ​សារ​ការ​បណ្តុះបណ្តាល​សិស្ស​សិល្បៈ​ជា​ច្រើន​ជំនាន់​ សរុប​រាប់ពាន់​នាក់។​

នៅក្នុង​សហគមន៍​សិល្បៈ​ក្រៅ​ពី​តួនាទី​ជា​គ្រូ​បង្រៀនលោក​ ស្រី​ បណ្តូល​ បាន​ចែករំលែក​សេចក្តី​ស្រឡាញ់​ចំពោះ​សិល្បៈ​ជាមួយ​កុមារ​រាប់រយ​នាក់​ ណែនាំ​និង​ផ្តល់​ប្រឹក្សា​យោបល់ដល់​សិល្បករ​ជា​ច្រើន​នាក់​ នៅកម្ពុជា​និង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

វិចិត្រការិនី សៅ ស្រី​ម៉ៅ ជា​អតីត​សិស្ស​សិល្ប​គំនូរ​ដែល​ធ្លាប់​រៀន​ជាមួយ​លោក​ ស្រី​ បណ្តូល​ នៅ​អំឡុង​ឆ្នាំ​ ១៩៩៩​ បាន​និយាយថា «មាន​មេរៀន​ជីវិត និង​អនុស្សាវរីយ៍​ជាច្រើន» ​ដែល​លោកគ្រូ​បណ្តូល បាន​ផ្តល់​ឲ្យ​សិស្ស​ជាច្រើន​ជំនាន់។ ចំពោះ ​ស្រី​ម៉ៅ ផ្ទាល់​ «លោកគ្រូ​បណ្តូល» ជា​តួអង្គ​សំខាន់​ទាំង​ក្នុង​ការផ្លាស់ប្តូរជីវិត​ផ្ទាល់ខ្លួន​ និង​ក្នុង​ជីវិត​ការងារ​សិល្បៈរបស់​នាង។

វិចិត្រការិនី ស្រី​ម៉ៅ​ និយាយ​ដោយ​ក្តុកក្តួល​ក្នុង​ចិត្ត​ប្រាប់ VOA ថា៖​«បើសិន​ជា​គ្មាន​គាត់ ​អត់​មាន​បង​ថ្ងៃ​ហ្នឹង​ទេ»។

កញ្ញា ស្រី​ម៉ៅ​ បន្ត​ទៀតថា​ លោក​ បណ្តូល​ បាន​បណ្តុះ​គំនិត​សិល្បៈ​ដល់​សិស្ស​របស់​លោក ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រើប្រាស់​សិល្បៈដោះស្រាយ​បញ្ហា​ជីវិត។ កញ្ញា​បាន​រៀប​រាប់​ថា​ មាន​គ្រាមួយ​ដែល ស្រីម៉ៅ​ មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​ជីវិត​ ដោយ​សារ​ការ​បាត់​បង់​សមាជិក​គ្រួសារ​ ស្រប​ពេល​ដែល​ខ្លួន​បា​ត់​បង់​គោលដៅ​ជីវិត​ និង​ចង់បោះបង់ការសិក្សា។​ ពេល​នោះ​ហើយ​ ជា​ពេល​ដែល ​ស្រីម៉ៅ​ បាន​ជួប​ជាមួយ​ លោក ស្រី​ បណ្តូល ហើយ​លោក​បាន​ផ្លាស់ប្តូរ​ការ​គិត​របស់​នាង។​

កញ្ញា​ ស្រីម៉ៅ បាន​រៀបរាប់​ថា៖ «[មុន] ពេលបងជួប​គាត់​គិតមើល​ បងអត់​មាន​ដុង​[ខាង​សិល្បៈ] អត់​មាន​អី​ទេ គាត់​ប្រាប់បង​ឲ្យ ប្រឹង​រៀន។ មាន​រឿងរ៉ាវ​ជាច្រើន​កើត​ឡើង ​បង​ចំណាយ​ពេល​នៅ​សាលា​ជាមួយ​គាត់​រ ហូត​ទោះ​អត់ត្រូវ​គូររូប​ក៏​ដោយ។ ដើម្បី​ឲ្យ​ការគិត​របស់​បង​ប្រែប្រួល គាត់​ដេញ​បង​ទៅ​បណ្ណាល័យ ​អាន​សៀវភៅ គាត់​បង់​លុយ​ឲ្យប​ង​ចូលរៀន​អង់គ្លេស​ ពេលព្រឹក​ និង​ល្ងាច។ [...] និយាយ ទៅ​ពេល​ដែល​យើង​បាត់​ខ្លួន​ឯង ​យើង​អត់​ដឹង​ខ្លួនឯង​ធ្វើអី រហូត​ដល់​ពេល​មួួយ គាត់​ឲ្យ​បង​ទៅ​នៅ​ជាមួយ​គាត់ ដឹង​តែ​រៀន។ វា​សំខាន់​មែនទែន​នៅ​ក្នុង​ជីវិត។ បើ​សិន​បង​មិន​បាន​ជួប​គាត់​ ជីវិត​បង​ទៅ​ជា​ផ្សេង។ អញ្ចឹង​វាជា​ពេល​មួយ​សំខាន់​មែនទែន​ នៅ​ក្នុងការរីក​លូតលាស់​របស់​យើង»។

រូបឯកសារ៖ លោក​ ស្រី​ បណ្តូល នៅពេលសិស្សបានបញ្ចប់វគ្គសិក្សាសិល្បៈក្រោមការបង្រៀនរបស់លោក។ (រូបថតផ្តល់ឲ្យដោយហ្វារពន្លឺសិល្បៈ)

​ក្រៅ​ពី​សោក​សង្រែកកញ្ញា​ សៅ ស្រី​ម៉ៅ ​មាន​សំណួរ​ជាច្រើន​ដែលចង់ស្រាយចេញពី​ចិត្ត៖ «[តើ]​យើង​ធ្វើយ៉ាងម៉េច​ទៅ​ នៅ​ពេល​ដែល​យើង​បាត់​បង់​មនុស្ស​ម្នាក់​ដែល​យើង​ជឿ​ថា​ មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម? ហើយ​ជាពិសេស​នៅ​ក្នុង​អំឡុង​ពេល​នេះ?»

លោក​ ហោ សីហា​ វ័យ​ ៣០ ឆ្នាំ គឺ​ជា​វិចិត្រករ​គូររូប​អាជីព​នៅ​វិចិត្រ​សាល​រំចេក​៥​ (Romcheik 5 Artspace) ក្នុង​ខេត្ត​បាត់ដំបង និង​ជា​អតីត​សិស្ស​ផ្នែក​គំនូរ​របស់​លោក​ ស្រី បណ្តូល​ តាំង​ពី​ជា​ង​ ១៥ ​ឆ្នាំ​មុន។​ សីហា​ ប្រៀបធៀប​លោក​ ស្រី​ បណ្តូល​ ទៅ​ហ្នឹងឪពុក​របស់​ខ្លួន​ ដែល​តែង​តែ​លើក​ទឹកចិត្ត​និង​ផ្តល់ភាព​កក់ក្តៅ។

«គាត់​តែង​តែ​លើក​ទឹក​ចិត្ត​ខ្ញុំ។ អ្វី​ដែល​ខ្ញុំ​ចង​ចាំ​ទៀតហ្នឹង​ គឺ​ពេល​ខ្ញុំ​មាន​កំហុស ​ខ្ញុំ​តែង​តែ​ខ្លាច​គាត់​តែង​តែ​គិត​ថា​ គាត់​ស្តី​ឲ្យ​ខ្ញុំ​ចឹង។​ តែ​ធាតុ​ពិត​ ពេល​ខ្ញុំ​ជួប​គាត់គាត់ ​បែរ​ជា​ទះស្មា​និយាយ​ជាមួយ​ខ្ញុំ​ ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ លើក​ទឹក​ចិត្ត​ខ្ញុំ​វិញ»។​

អាជីព​ជា​ជាង​គំនូរ​របស់​លោក សីហា​ សព្វថ្ងៃ​នេះ​ក៏​ត្រូវ​បានបំផុស​គំនិត តម្រង់​ទិស​ ដោយ​លោក ស្រី​បណ្តូល​ ផងដែរ ដោយ​ផ្តើម​ចេញ​ពី​ការ​ផ្តល់​ឱកាស​ការងារ​ជា​អ្នក​គូរ​រូប​តាម​សាលា​រៀន​ក្នុង​ខេត្ត​សៀមរាប​ ដល់​រូប​លោក សីហា​ កាល​ពី​ ១ ៥ឆ្នាំ​មុន។​

លោក ហោ សីហា បាន​រៀបរាប់​ថា៖ «គាត់​ពន្យល់​ខ្ញុំ​អំពី​អត្ថប្រយោជន៍​នៃ​គំនូរ​ហ្នឹង។ គាត់​ពន្យល់​ថា​ ជាទូទៅ​នៅ​លើ​ពិភពលោក​ហ្នឹង ​វិស័យ​គំនូរ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ច្រើន។ អ្វីៗ​ដែល​យើង​មើលឃើញ​ដូច​ជា​ផ្ទះ ម៉ូត​ឡាន ​ឬ​អ្វីៗ​ទាំងអស់​ សុទ្ធ​តែ​ចេញ​ពី​គំនូរ។ ​មុន​ដំបូង​ គឺ​ផ្តើម​ឡើង​ពី​គំនូរ​ទាំងអស់។ បន្ទាប់​មក​ទៅ​ បាន​ខ្ញុំ​ចាប់​យក​ជំនាញ ចាប់​អាជីព​ជា​អ្នក​គំនូរហ្នឹង។ កាល​ពី​មុន​ខ្ញុំ​គ្រាន់​តែ​ចង់គូរ​គំនូរ​ធម្មតា​ទេ»។​

កញ្ញា​ ឡុង​ រតនាថង​ អាយុ​ ២៤ ឆ្នាំ​ ដែល​ជា​កូន​សិស្ស​មួយ​រូប​ទៀត​របស់​លោក ស្រី ​បណ្តូល​ កាល​ជំនាន់​ឆ្នាំ​ ២០១៤។ អ្នក​រចនា​ផលិតផល​សិល្បៈ​របស់​សិស្សនៅ​អង្គការ​ហ្វារ​រូប​នេះ​ គ្មាន​ពាក្យ​អ្វី​ក្រៅ​ពី​ថា៖ «ខ្ញុំ​ពិតជា​ដឹង​គុណគាត់ ​[លោកគ្រូ បណ្តូល] ខ្លាំង​មែន​ទែន»។

កញ្ញា​បាន​ប្រាប់ VOA ថា៖ «គាត់​មាន​គំនិត​ច្រើន​ ហើយអ្វី​ដែល​សំខាន់​នៅ​ពេល​ដែល​យើង​នៅ​ជិត​គាត់​ តាម​ខ្ញុំគិត​ មិនមែន​តែ​ខ្ញុំ​ទេ​សិស្ស​ផ្សេងទៀត​ ក៏​មាន​អារម្មណ៍​ដូច​ខ្ញុំ​ដែរ​ គាត់​មាន​ថាមពល​វិជ្ជមាន​ចេញ​ពី​ក្នុង​ខ្លួន​មក គាត់​តែង​ឲ្យ​យោបល់​ទូន្មាន​យើង។ ហើយខ្ញុំ​គិតថា​ ការ​ចាកចេញ​របស់​គាត់​ អ្នក​គ្រប់គ្នា​អាច​សោកស្តាយ​ តែ​អ្វី​ដែល​គាត់​បន្សល់ទុក​ឲ្យ​យើង​ច្រើន​មែនទែន​សម្រាប់​អ្នក​ជំនាន់​ក្រោយ។ ជា​សហស្ថាបនិកអង្គការ​ហ្វារអ្វី​គាត់​ដែល​គាត់ធ្វើ​ធំធេង​មែន​ទែន​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ ដែល​រៀន​ទាក់ទង​នឹង​សិល្បៈ»។

រូបឯកសារ៖ លោក​ ស្រី​ បណ្តូល ក្នុងពេលរៀបចំគូរគំនូរពណ៌លើផ្ទាំងជញ្ជែងអគារមួយ ក្នុងបរិវេណអង្គការហ្វារពន្លឺសិល្បៈ។ (រូបថតផ្តល់ឲ្យដោយហ្វារពន្លឺសិល្បៈ)

ភាពច្នៃ​ប្រតិដ្ឋ​ និង​ជា​ពន្លឺ​បំភ្លឺ​ជីវិតដល់អ្នកដទៃ

លោក ស្រី​ បណ្តូល​ គឺជា​វិចិត្រករ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ម្នាក់​ដែល​បាន​បោះពុម្ព​ស្នាដៃ​ខ្លួន​ជា​សៀវភៅ​ពីរក្បាល​គឺ​ «ក្រឡេកមើលអង្គរ» និង «ហ្មដំរី»។​ បន្ថែម​លើ​នេះ​ ស្នាដៃ​សិល្បៈ​របស់​លោក​ក៏​ត្រូវ​បាន​ដាក់តាំង​បង្ហាញ​នៅ​តាម​បណ្តា​ប្រទេស​នានា​ក្នុងពិភពលោក​ផងដែរ​ ក្នុង​នោះ​រួមទាំង​ប្រទេស​តួកគី ន័រវែស ចក្រភព​អង់គ្លេស ហ្វីលីពីន ថៃ​ មីយ៉ាន់ម៉ា សិង្ហបុរី អូស្ត្រាលី និង សហរដ្ឋ​អាមេរិក​ជាដើម។ នេះ​បើតាម​អង្គការ​ហ្វារពន្លឺ​សិល្បៈ។

នៅឆ្នាំ​ ២០២១​ នេះ​ ស្រប​ពេល​នៃវិបត្តិ​ជំងឺ​កូវីដ១៩ ​លោក បណ្តូល​ ក៏បាន​ធ្វើ​ការងារ​លើ​គម្រោងថ្មីមួយ​ដោយសហការ​ជា​មួយអតីត​សិស្ស​គំនូរ​របស់​លោក​តាំងពី ២០ ​ឆ្នាំ​មុន​ គឺលោក​ ទុំ​ វីរ៉ា​ ដែល​បច្ចុប្បន្ន​ជា​នាយកប្រតិបត្តិ​នៃ​អង្គការ​មនុស្ស​ចាស់​កម្ពុជា ​(Help Age Cambodia) ដែល​ជា​អង្គការ​មួយ​ប្រចាំ​ខេត្ត​បាត់ដំបង។​ អង្គការ​នេះ​ផ្តោត​សំខាន់​ទៅលើ​ការ​លើកកម្ពស់​សក្តានុពល ​និង​បញ្ឈប់​ការរើសអើង​ទៅលើមនុស្សចាស់។

លោក ទុំ​ វីរ៉ា​ ប្រាប់​វីអូអេ​ថា​លោក ស្រី​ ​បណ្តូល​ បាន​បង្វឹក​សិស្សផ្នែក​សិល្បៈ​តាម​រូបភាព (Visual Art) ឲ្យ​ចេះផ្សារភ្ជាប់​សិល្បៈ​ច្នៃ​ប្រតិដ្ឋ​ផ្សេង​ៗ​ ជាមួយ​នឹង​មនុស្ស​ចាស់។ ដូច្នេះ​ពួកគេ​អាច​បង្រៀន​សិល្បៈ​ដល់​មនុស្ស​ចាស់​បាន។ លោក​ បណ្តូល ​ជាអ្នក​ផ្តល់​ការ​ប្រឹក្សា ដាក់​ពិន្ទុ​ឲ្យ​តម្លៃ​ដល់ស្នាដៃ​សិល្បៈ​របស់​មនុស្សចាស់​ ដែល​បច្ចុប្បន្ន​ស្នាដៃ​សិល្បៈ​ទាំងនោះកំពុង​តែ​ត្រូវ​បាន​ដាក់​ពិពណ៌ឲ្យ​ចូល​ទស្សនា​តាម​អ៊ីនធឺណេត

លោក​ ទុំ វីរ៉ា ជា​អតីត​សិស្ស​ហើយ​ក្រោយមក​ជា​សហការី​របស់​លោក​ បណ្តូល​ ប្រាប់​វីអូអេ​ថា៖ «រឿង​រ៉ាវជីវិត​របស់​គាត់​គួរឲ្យ​ស្ញប់ស្ញែង​ និង​ឲ្យ​រៀនសូត្រ។ គាត់​ជា​គ្រូ​ដ៏ល្អ​ មិនមែន​បង្រៀនតែ​បច្ចេកទេស​គូររូប​ទេ។ តែ​គាត់​ណែនាំ​អំពី​ជីវិត​អំពី​ការងារ​ និង​ការ​រស់នៅ​ក្នុង​សង្គម​ និង​បទ​ពិសោធន៍​យ៉ាង​ច្រើន»។

លោក​បន្ថែម​ថា៖ «គាត់​បាន​ផ្សារ​ភ្ជាប់​ការងារ​សិល្បៈ​មក​កាន់​សហគមន៍​ខាងខ្ញុំ​ខាង​មនុស្ស​ចាស់។ គាត់​បង្ហាញ​សមត្ថភាព​ពិត​របស់​គាត់​ឲ្យ​ចេញ​ទៅ​តាម​សិល្បៈ​ហ្នឹង។​ ការបាត់​បង់​គាត់​ គឺ​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់ មិនមែន​តែ​ជា​មនុស្ស​ល្អ​សម្រាប់​អង្គការ​ហ្វារ​ទេ តែជា​ការ​បាត់​បង់​ធនធាន​មួយ​របស់​សង្គម​ជាតិ ជាពិសេស​វិស័យ​សិល្បៈ​តែម្តង»។

រូបឯកសារ៖ លោក​ ស្រី​ បណ្តូល គឺជាសហស្ថាបនិកមួយរូបនៃអង្គការហ្វារពន្លឺសិល្បៈ។ លោកគឺជា​សិល្បករ​តំឡើង​ និងគំនូរ​សហម័យ ​ និង​ជា​គ្រូបង្រៀន​សិល្បៈ​ដ​ល់សិស្ស​រាប់រយ​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជិត ៣០ ​ឆ្នាំ​។ (រូបថតផ្តល់ឲ្យដោយហ្វារពន្លឺសិល្បៈ)

លោក​ ស្រី​ បណ្តូល និងភរិយា​អ្នកស្រី​ អួន​ ចាប់សោភ័ណ្ឌ​ មាន​កូនស្រី​ពីរ​នាក់​ គឺ ស្រី​ ធីតាភេត្រា​ អាយុ​ ១៥ ឆ្នាំ និង ស្រី​ ភុជង្គ​ អាយុ ២ ឆ្នាំ​។ ​

នៅ​ពេល​វីអូអេហៅ​ទូរស័ព្ទ​ទៅកាន់​ម្តាយឪពុក​របស់​លោក​ ស្រី​ បណ្តូល​ គឺ​អ្នកស្រី​ សើន សារឿន​ វ័យ​ ៧០ ឆ្នាំ​ និង​លោក​ ស្រី សុភាព​ វ័យ​ ៧៤ ឆ្នាំ អ្នក​ទាំងពីរ​ពុំអាច​និយាយ​អ្វី​ចេញ​នោះ​ទេ​ ក្រៅ​តែ​អំពី​ពាក្យ​ថា​ពួកគេ «មានមោទនភាព​ចំពោះ​កូន»រ បស់ខ្លួន​យ៉ាង​ខ្លាំង។ អ្នក​ទាំងពីរ​និយាយ​បែប​នេះ​ ដោយ​ខ្សឹកខ្សួល​ពីផ្ទះ​នៅ​ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង។​

អ្នកទាំងពីរ​ក៏​បាន​រៀបរាប់​ឲ្យដឹង​ថា​ កាលពី​នៅ​ឯ​ជំរំសាយធូ នៅពេល​ដែល​អ្នកស្រី​ សារឿន​ ធ្វើជា​អ្នក​ថត​រូប​បិទកាត​ដល់​សិស្ស​នៅ​ជំរំ និង​លោក សុភាព​ ធ្វើជា​ទាហាន​ លោក​ បណ្តូល ​ដែលជា​កូន​ច្បង​ជា​អ្នក​រកប្រាក់​បន្ថែម​មក​ចិញ្ចឹម​ប្អូនៗ​ស្រី​ ៥ នាក់​ និង​ប្រុស ២ នាក់​ តាម​រយៈ​ការ​បង្ហាញថ្វី​ដៃ​គំនូរអមដោយ​ការនិទាន​រឿងទៅដល់​ទស្សនិកជន​ នៅ​ក្នុងជំរំ​នៃ​ជួរភ្នំ​ដករែក​មួយ​នេះ។​

បន្ថែម​លើ​ការ​ជួយ​បំភ្លឺជីវិត​និង​ការព្យាបាល​អ្នក​ដែល​រង​របួស​ផ្លូវ​ចិត្ត​ ដោយសារ​សង្គ្រាម​ដោយ​ការ​ប្រើប្រាស់​សិល្បៈ​ លោកស្រី​ បណ្តូល​ បានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​ស្តារ​សិល្បៈ​ទស្សនីយភាព​របស់​កម្ពុជា​ឡើងវិញ​ បន្ទាប់​ពី​ការ​ខូចខាត​និង​ការ​បាត់បង់​ ក្រោយ​សោកនាដកម្ម​របប​ខ្មែរ​ក្រហម។

ហើយ​សម្រាប់​លោក ឃួន ដេត មរណភាព​របស់​លោក​ស្រី​ បណ្តូល ​គឺ​ជា​ការ​បាត់​បង់​ដ៏ធំធេង​របស់​ហ្វារ​និង​សហគមន៍​សិល្បៈ​ ក៏​ប៉ុន្តែ​កេរតំណែល​និង​ចក្ខុវិស័យ​របស់​លោក​នឹងនៅ​ឋិតឋេរ​ ហើយ​ហ្វារ​នៅតែបន្ត​បេសកកម្ម​ក្នុង​ការ​ប្រើប្រាស់​សិល្បៈ ដើម្បី​ព្យាបាល​ផ្លូវ​ចិត្ត​និង​ជួយ​បំភ្លឺ​ជីវិត។

​លោក ឃួន ដេត បានថ្លែងថា៖ «ផ្នែក​សិល្បៈនេះ​បាន​ជួយ​ព្យាបាល​ពួក​យើង​ ហើយ​យើង​ចង់​ចែក​រំលែក​ដល់​អ្នក​ជំនាន់ក្រោយ ជួយ​ផ្លាស់​ប្តូរ​ជីវិត​ពួកគាត់។ ហើយ​ទ្រឹស្តី​គ្រូ បណ្តូល ​ទ្រឹស្តី​ពួកខ្ញុំ​អី​ គឺ​ហ្វារ​ហ្នឹង​ គឺជា​ពន្លឺ​ ចឹង​ហ្វារ​ពន្លឺ​សិល្បៈហ្នឹង ​គឺ​ជួយ​បំភ្លឺជីវិត​»។

ការផ្លាស់​ប្តូរវិជ្ជមាន​ទៅ​លើ​ជីវិត​មនុស្ស​ជាច្រើន​នាក់​តាម​គំនិត​សិល្បៈ និង​ភាព​ច្នៃប្រតិដ្ឋ​ទាំងអស់​នេះ​ ទំនឹង​ជា​អ្វី​ដែលលោក​ ស្រី​ បណ្តូល ​កំណត់​គោល​ដៅ​ជីវិត​របស់​លោក នៅ​ពេល​លោក​មាន​ជីវិត។ ​

លោក ស្រី​ បណ្តូល បាន​ធ្លាប់​និយាយ​ថា​ បើ​ទោះបី​ជា​លោក «គ្មាន​សេរី​ភាព​ក្នុងការ​បញ្ចេញ​អារម្មណ៍​ពិត​ តាមរយៈ​ស្នាដៃ​សិល្បៈ​ដែល​បង្ហាញ​ក្នុងទីសារធារណៈ»ក្តី​ ក៏​អ្វី​ដែល​ផ្តល់​នូវ​ភាព​រីករាយ​ដល់​ជីវិត​លោក​នោះ ​គឺការ​ឃើញ​ភាព​រីកលូតលាស់​របស់​សហគមន៍សិល្បៈ​នៃ​ខេត្តបាត់ដំបង និង​ការ​ចែក​រំលែក​ចំណេះ​ដឹង​សិល្បៈ​និង​បទពិសោធន៍​របស់ខ្លួន​ ជា​មួយ​នឹង​សហគមន៍សិល្បៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជុំវិញ​ពិភពលោក៕​