អ្នកសសេរជីវប្រវត្តិរបស់អតីតព្រះមហាក្សត្រព្រះនរោត្តមសីហនុបានបរិច្ចាគឯកសារផ្ទាល់ខ្លួនរបស់លោក ដែលលោកប្រមូលបានក្នុងរយៈពេលពី២៥ទៅ៣០ឆ្នាំក្នុងអំឡុងពេលលោកធ្វើការស្រាវជ្រាវលើប្រទេសកម្ពុជា និងនៅក្នុងប្រទេសផ្សេងទៀតដូចជាប្រទេសអូស្រ្តាលី បារាំង ប្រទេសស្វីស និងប្រទេសអង់គ្លេសទៅមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam ដើម្បីរក្សាទុកជាឯកសារជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងអ្នកស្រាវជ្រាវបរទេសដើម្បីអាន និងស្រាវជ្រាវ។
លោក JulioA Jeldress អ្នកសរសេរជីវប្រវត្តិរបស់អតីតព្រះមហាក្សត្រព្រះនរោត្តមសីហនុបានក្លាយជាមិត្ដសំឡាញ់ក្នុងការសរសេរឆ្លើយឆ្លងជាមួយអតីតព្រះមហាក្សត្រក្នុងឆ្នាំ១៩៦៧។ លោកបានជួបព្រះករុណាព្រះបាទនរោត្តមសីហនុជាលើកដំបូងនៅក្នុងប្រទេសកូរ៉េខាងជើងនៅឆ្នាំ១៩៨១។ មិនយូរប៉ុន្មានលោកក៏បានក្លាយជាលេខាផ្ទាល់ និងបានក្លាយជាប្រធានលេខាធិការដ្ឋានរបស់ព្រះមហាក្សត្រ ខណៈពេលដែលព្រះគង់និរទេសព្រះកាយនៅក្រៅប្រទេស។
ឯកសារដែលលោកបរិច្ចាគទៅឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam រួមមានវីដេអូ រូបភាព ឯកសារបទសម្ភាសន៍ កាសែត និងសៀវភៅនានា។
លោក JulioA Jeldress បានសរសេរតាមសារអេឡិចត្រូនិចថា ឯកសារទាំងនោះរួមមានឯកសារដែលលោកប្រមូលទុកក្នុងអំឡុងពេលដែលលោកបម្រើការងារជាលេខាធិការជាន់ខ្ពស់របស់អតីតព្រះមហាក្សត្រព្រះវរបិតា នៅពេលព្រះអង្គគង់នៅក្នុងប្រទេសចិន កូរ៉េខាងជើង និងប្រទេសថៃក្នុងរយៈពេល១២ឆ្នាំ។
លោកបាននិយាយថា ឯកសារមួយចំនួននៃឯកសារទាំងនេះបានដាក់ទៅក្នុងបណ្ណសារនៅប្រទេសបារាំង និងនៅសាកលវិទ្យាល័យ Monash នៅប្រទេសអូស្ត្រាលី លើកលែងតែកំណត់ហេតុប្រចាំថ្ងៃ និងកំណត់ត្រាផ្ទាល់ខ្លួនរបស់លោក។ ភាគច្រើននៃឯកសារក្នុងបណ្ណសាររបស់លោកត្រូវបានបើកចំហរ ដោយរដ្ឋាភិបាលដែលបានសរសេរ ឬផលិតឯកសារទាំងនេះ។ លោកបានបន្ថែមទៀតថា ឯកសារទាំងនេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតនោះទេ។
លោកបានមានប្រសាសន៍នៅក្នុងអ៊ីម៉ែលរបស់លោកថា លោកបានសម្រេចចិត្តបរិច្ចាគបណ្ណសារផ្ទាល់ខ្លួនរបស់លោកទៅឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam ព្រោះលោកជឿថា ជ្ឈមណ្ឌលនេះជាស្ថាប័នមួយនៅក្នុងប្រទេសកម្ពុជាដែលមានមធ្យោបាយ និងបុគ្គលិកដែលមានការបណ្តុះបណ្តាលដើម្បីធ្វើឲ្យឯកសារទាំងនេះអាចជាប្រយោជន៍ទៅដល់ប្រជាជនកម្ពុជាជំនាន់ក្រោយ ហើយនិងដល់ក្រុមអ្នកស្រាវជ្រាវបរទេស។
លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បាននិយាយថា មជ្ឈមណ្ឌល DC-Cam របស់លោកបាន និងកំពុងបន្តប្រមូលទុកឯកសារមកពីក្នុង និងក្រៅប្រទេសសម្រាប់និស្សិត និងក្រុមអ្នកស្រាវជ្រាវធ្វើការស្រាវជ្រាវរបស់ពួកគេពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ។
លោកបាននិយាយថា៖« កាលណាយើងមិនស្គាល់ប្រវត្តិសាស្ត្រយើងឲ្យបានពិតប្រកដ គឺយើងអត់ស្គាល់ខ្លួនឯងទេ ហើយសង្គមនឹងពើបប្រទះនឹងហយន្តភាព និងវិបត្តដូចតែយើងធ្លាប់ឆ្លងកាត់តាំងពីដើមមក។ ចង់មិនចង់នៅក្នុងការសិក្សាឧត្តមសិក្សាគឺតម្រូវឲ្យមានការសិក្សាស្រាវជ្រាវ អញ្ជឹងជៀសមិនផុតពីការអានឯកសារទេ ពីព្រោះឯកសារជាផ្នែកមួយក្នុងការវាយតម្លៃសភាពការ ឬបញ្ជាក់អំពីអតីតកាលហើយនិងបច្ចុប្បន្ន ហើយនិងធ្វើការវិភាគទស្សន៍ទាយអំពីសង្គមរបស់យើងទៅថ្ងៃ អនាគត»។
លោក ឆាំង យុ បានបន្ថែមថា៖ «បទឧក្រិដ្ឋកើតរៀងរាល់ថ្ងៃ អញ្ជឹងយើងត្រូវប្រមូលឯកសារដើម្បីជាមេរៀនប្រវត្តិសាស្ត្រ។ ហើយឯកសារនេះមកដល់កន្លែងយើងខុសៗគ្នា ព្រោះអ្នកដែលមានឯកសារជាបុគ្គល ជាស្ថាប័ន ជារដ្ឋ មានយន្តការផ្តល់ឯកសារខុសៗគ្នា។ឯកសារនេះយើងបានពីលេខាផ្ទាល់របស់សម្តេចឪដែលបានសុគតទៅ»។
ឯកសារទាំងនេះមាននិយាយអំពីគោលនយោបាយ និងទំនាក់ទំនងការបរទេសរវាងប្រទេសកម្ពុជាជាមួយអាមេរិក ថៃ វៀតណាម ទំនាក់ទំនងកម្ពុជាជាមួយវៀតកុង និងប្រទេសផ្សេងៗទៀត។ ឯកសារអំពីការរំសាយតំបន់អព្យាក្រឹត្យនៅប្រទេសឡាវ និងនៅកម្ពុជា ឯកសារអំពីសន្និសីទ ហ្សឺណែវ នៃឥណ្ឌូចិន ឯកសារអំពីសំណើអាមេរិកសម្រាប់សកម្មភាពសហប្រជាជាតិឆ្នាំ១៩៥៤ ឯកសារអំពីការរំលោភឈ្លានពាននៅឥណ្ឌូចិនក្នុងឆ្នាំ១៩៥៤ និងខ្សែភាពយន្តដែលផលិតដោយអតីតព្រះករុណាព្រះបាទនរោត្តមសីហនុក៏នៅក្នុងចំណោមឯកសារទាំងនោះដែរ។
លោក ឆាំង យុ បាននិយាយថា ឯកសារភាគច្រើននិយាយអំពីទំនាក់ទំនង និងការឆ្លើយតបសម្ងាត់របស់មេដឹកនាំនានា។
លោកបាននិយាយថា៖«មានឯកសារជាច្រើនហើយជាឯកសារប្រភេទជាន់ខ្ពស់។ ឯកសារជាទំនាក់ទំនងរវាងទូរលេខសម្ងាត់របស់រដ្ឋ របស់ថ្នាក់ដឹកនាំខ្ពស់ៗនៅជុំវិញពិភពលោក។ ឯកសារនេះមានតម្លៃខ្ពស់ណាស់ ហើយគាត់បានផ្ញើមកជូនយើង»។
លោក ឆាំង យុ បានថ្លែងថា ឯកសារទាំងនេះនឹងជួយសិស្ស និស្សិត និងអ្នកស្រាវជ្រាវដើម្បីសិក្សាដែលអាចនាំដល់ការសម្រេចចិត្តនៅក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
ឯកសារទាំងអស់នេះអាចបង្ហាញពីការណ៍ពិតនៃព្រឹត្តិការណ៍ដែលបានកើតឡើង ហើយដែលប្រជាជនមិនបានដឹងថា តើថ្នាក់ដឹកនាំបាននិយាយអ្វីកាលពី៣០ឆ្នាំមុន។
លោកនិយាយថា៖«ដូចជាឯកសារអំពីទំនាក់ទំនងជាមួយចិននៅក្នុងឆ្នាំ១៩៧៨ ដូចដែលយើងបានដឹងហើយថា ប្រទេសចិនគឺជាប្រទេសមួយដែលមានឥទ្ធិពលខ្លាំងក្នុងសម័យខ្មែរក្រហម។អញ្ចឹងឯកសារនេះគឺជាឯកសារឆ្នាំ១៩៧៨ ដែលសម្ងាត់ហើយទើបតែបើកទូលាយនៅក្នុងឆ្នាំ២០១១។ អញ្ចឹងបានន័យថា មនុស្សជាច្រើនអត់ទាន់បានឃើញឯកសារនេះនៅឡើយទេ។ ឯកសារនេះទើបបើកចំហរកាលពីបួនឆ្នាំមុនទេ។ ក្នុងរយៈពេលបួនឆ្នាំនេះគឺមនុស្សតិចណាស់ដែលបានអានឯកសារនេះ ហើយឯកសារនេះនិយាយអំពីទំនាក់ទំនងចិន និងស្រុកខ្មែរយើងក្នុងសម័យខ្មែរក្រហមក្នុងឆ្នាំ ១៩៧៨ ដែលជាឆ្នាំដែលមានរបត់ខ្លាំងមួយអំពីការធ្លាក់ចុះរបស់ខ្មែរក្រហម និងការឈានចូលរបស់វៀតណាមមកក្នុងប្រទេសកម្ពុជា»។
លោកបានលើកអំពីឯកសារមួយផ្សេងទៀតក្នុងចំណោមឯកសារទាំងនោះថាវាជាឯកសារនិយាយអំពីគម្រោងការប្រាំឆ្នាំរបស់វៀតណាម ដែលរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីបានឆ្លើយឆ្លងនៅក្នុងខែមករាថ្ងៃទី១១ ឆ្នាំ១៩៧៨ គឺរយៈពេល១១ខែ មុនពេលវៀតណាមចូលមកឈ្លានពានប្រទេសកម្ពុជា។
លោក ឆាំង យុ បានមានប្រសាសន៍ថា និស្សិត និងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិអាចទាញយកប្រយោជន៍ពីឯកសារទាំងនេះសម្រាប់ការស្រាវជ្រាវរបស់ពួកគេ។
ឯកសារទាំងនេះនឹងត្រូវដាក់ឲ្យប្រើជាសាធារណៈ បន្ទាប់ពីមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam ថតចម្លង និងទុកដាក់ឯកសារទាំងនេះបានត្រឹមត្រូវ៕