ជំនួយ​ការ​ផ្ទាល់​របស់​អតីត​ព្រះ​មហាក្សត្រ​នរោត្តម​សីហនុ​បាន​បរិច្ចាគ​បណ្ណសារ​ផ្ទាល់​ខ្លួន​ឲ្យ​ទៅ​ DC​-Cam

លោក ឆាំង យុ ប្រធានមជ្ឈមណ្ដលឯកសារកម្ពុជាឈរនៅក្បែរឯកសារសម្ងាត់ដែលបរិច្ចាគដោយក្រសួងការបរទេសអូស្ត្រាលី នៅក្នុងការិយាល័យរបស់លោកកាលពីថ្ងៃទី ២២ខែកញ្ញាឆ្នាំ ២០១៥។ (នៅ វណ្ណារិន/VOA)

អ្នក​សសេរ​ជីវប្រវត្តិ​របស់​អតីត​ព្រះ​មហាវីរ​ក្សត្រ​ព្រះ​នរោត្តម​សីហនុ​ បាន​បរិច្ចាគ​ឯកសារ​ផ្ទាល់​ខ្លួន​របស់​លោក​​ទៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ DC-Cam​ ដើម្បី​រក្សាទុក​ជា​ឯកសារ​ ជា​ប្រយោជន៍​​សម្រាប់​ប្រជាជន​កម្ពុជា​និង​​អ្នក​ស្រាវជ្រាវ​បរទេស​ដើម្បី​អាន​ និង​ស្រាវជ្រាវ។​

អ្នក​សសេរ​ជីវប្រវត្តិ​របស់​អតីត​ព្រះ​មហាវីរ​ក្សត្រ​ព្រះ​នរោត្តម​សីហនុ​ បាន​បរិច្ចាគ​ឯកសារ​ផ្ទាល់​ខ្លួន​របស់​លោកទៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ DC-Cam​ ដើម្បី​រក្សាទុក​ជា​ឯកសារ​ ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​និងអ្នក​ស្រាវជ្រាវ​បរទេស​ដើម្បី​អាន​ និង​ស្រាវជ្រាវ។​ លោក​បាន​ប្រមូលឯកសារ​ផ្ទាល់​ខ្លួន​នេះរយៈ​ពេល​ពី​២៥​ទៅ​៣០​ឆ្នាំ​ ក្នុង​ពេល​លោក​ធ្វើ​ការ​ស្រាវជ្រាវ​អំពីប្រទេស​កម្ពុជា​ និង​នៅប្រទេស​ផ្សេង​ទៀត ​ដូច​ជាប្រទេស​អូស្រ្តាលី​ ប្រទេស​បារាំង​ ប្រទេស​ស្វីស ​និង​ប្រទេស​អង់គ្លេស។​

លោក​ Julio Jeldres​ អ្នក​សសេរ​ជីវប្រវត្តិ​របស់​អតីត​ព្រះ​មហា​វីរ​ក្សត្រ​ព្រះ​នរោត្តម​សីហនុបាន​ក្លាយ​ជា​មិត្ដ​សំឡាញ់​ក្នុង​ការ​សរសេរ​ឆ្លើយឆ្លង​ជាមួយ​អតីត​ព្រះ​មហា​វីរ​ក្សត្រ​ក្នុង​ឆ្នាំ​១៩៦៧។ ​នៅ​ពេល​ក្រោយ​មក ​លោក​បាន​ជួប​ព្រះ​ករុណា​ព្រះ​បាទ​នរោត្តម​សីហនុ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​នៅ​ឆ្នាំ​១៩៨១។ ​មិន​យូរ​ប៉ុន្មាន ​លោក​ក៏​បាន​ក្លាយ​ជា​លេខា​ផ្ទាល់​និង​បាន​ក្លាយ​ជា​ប្រធាន​លេខាធិការដ្ឋានរបស់​ព្រះ​មហាក្សត្រ​ នៅ​ខណៈ​ពេល​ដែល​ព្រះ​អង្គ​គង់​និរទេស​ព្រះកាយ​នៅក្រៅ​ប្រទេស។​

ឯកសារ​ដែល​លោកបរិច្ចាគ​ទៅឲ្យមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ DC-Cam នោះ​ ​រួម​មាន​វីដេអូ​ រូបភាព​ ឯកសារ​ បទ​សម្ភាសន៍ កាសែត​ និង​សៀវភៅ​នានា។​

លោក​ Julio Jeldres ​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិច​ប្រាប់វីអូអេថា ​ឯកសារ​ទាំងនោះ​រួមមាន​ឯកសារ​ដែល​លោក​ប្រមូល​ទុក​ក្នុង​អំឡុង​ពេល​ដែល​លោក​បម្រើ​ការងារ​ជា​លេខា​ជាន់ខ្ពស់​របស់​អតីត​ព្រះ​មហា​វីរ​ក្សត្រ​ព្រះ​វរបិតា​ពេល​ព្រះ​អង្គគង់នៅ​ក្នុង​ប្រទេស​ចិន​ កូរ៉េ​ខាង​ជើង​និង​ប្រទេស​ថៃ​ ​រយៈ​ពេល​១២​ឆ្នាំ។

ឯកសារ​សម្ងាត់​ដែល​បរិច្ចាគ​ដោយ​ក្រសួង​ការបរទេស​អូស្ត្រាលី នៅក្នុង​ការិយាល័យ​របស់​លោក ឆាំង យុ នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កាលពី​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៥។ (នៅ វណ្ណារិន/VOA)

លោក​បាន​និយាយ​ថា​ ឯកសារ​មួយ​ចំនួន​នៃ​ឯកសារ​ទាំង​នេះ​ បាន​ដាក់​ទៅ​ក្នុង​បណ្ណសារ​នៅ​ប្រទេស​បារាំង​ និង​នៅ​សាកល​វិទ្យាល័យ​ Monash​ ក្នុង​ប្រទេស​អូស្ត្រាលី​ លើក​លែង​តែ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ ​និង​កំណត់ត្រា​ផ្ទាល់​ខ្លួន​របស់​លោក។ ​ភាគ​ច្រើន​នៃ​ឯកសារ​ក្នុង​បណ្ណសារ​របស់​លោក​ត្រូវ​បាន​បើក​ចំហ​ដោយ​រដ្ឋាភិបាលដែល​បាន​សរសេរ​ ឬ​ផលិត​ឯកសារ​ទាំង​នេះ។ ​លោក​បាន​បន្ថែម​ទៀត​ថា ​ឯកសារ​ទាំង​នេះ​នឹង​មិន​ធ្វើ​ឲ្យប៉ះពាល់​ដល់​ទំនាក់​ទំនង​ការទូត​នោះ​ទេ។​

លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​អ៊ីម៉ែល​របស់​លោក​ថា​ លោក​បាន​សម្រេច​ចិត្ត​បរិច្ចាគ​បណ្ណសារ​ផ្ទាល់​ខ្លួន​របស់​លោក​ទៅ​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ DC-Cam ​ព្រោះ​លោក​ជឿ​ថា ​មជ្ឈមណ្ឌល​នេះ​ជា​ស្ថាប័ន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​មធ្យោបាយ ​និងមាន​បុគ្គលិក​ដែល​មាន​ការ​បណ្តុះ​បណ្តាល​ដើម្បី​ធ្វើ​ឲ្យសម្ភារៈ​ទាំង​នេះ​អាច​ជា​ប្រយជន៍​ដល់​ប្រជាជន​កម្ពុជាជំនាន់​ក្រោយ​ ​ហើយនិងដល់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បរទេស។​

លោក​ឆាំង​ យុ ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ​បាន​និយាយ​ថា ​មជ្ឈមណ្ឌល ​DC-Cam ​របស់​លោក​បាន​និង​កំពុង​បន្ត​ប្រមូល​ទុក​ឯកសារពី​ក្នុង​ និង​ក្រៅ​ប្រទេស​សម្រាប់​និស្សិត និង​ក្រុម​អ្នក​ស្រាវជ្រាវ​ ធ្វើ​ការ​ស្រាវជ្រាវ​របស់​ពួកគេ​អំពី​ប្រវត្តិ​សាស្ត្រ។

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ដល​ឯកសារ​កម្ពុជា​សើរើ​ឯកសារ​សម្ងាត់​ដែល​បរិច្ចាគ​ដោយ​ក្រសួង​ការបរទេស​អូស្ត្រាលី ​នៅក្នុង​ការិយាល័យ​របស់​លោក​កាលពី​ថ្ងៃទី ២២ខែ កញ្ញា ឆ្នាំ ២០១៥។ (នៅ វណ្ណារិន/VOA)

លោក​បាន​និយាយ​ថា៖​ «​កាលណា​យើង​មិន​ស្គាល់​ប្រវត្តិសាស្ត្រ​យើង​ឲ្យបាន​ពិត​ប្រាកដ ​គឺ​យើង​អត់​ស្គាល់​ខ្លួន​ឯង​ទេ​ ហើយ​សង្គម​នឹង​ពើប​ប្រទះ​នឹង​មហន្តរាយ ​និង​វិបត្តិ​ ដូច​តែ​យើង​ធ្លាប់​ឆ្លងកាត់​តាំង​ពី​ដើម​មក។ ​ចង់​មិន​ចង់​នៅ​ក្នុង​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​គឺ​តម្រូវ​ឲ្យមាន​ការ​សិក្សា​ស្រាវជ្រាវ។​ អញ្ចឹង​គេ​ជៀស​មិន​ផុត​ពី​ការ​អាន​ឯកសារ​នេះ​ទេ​ ពីព្រោះ​ឯកសារ​នេះជា​ផ្នែក​មួយ​ក្នុង​ការ​វាយ​តម្លៃ​សភាពការណ៍ ឬបញ្ជាក់​អំពី​អតីត​កាល​ ហើយ​នឹង​បច្ចុប្បន្ន ​ហើយ​និង​ធ្វើ​ការ​វិភាគ​ទស្សន៍ទាយ​អំពី​សង្គម​របស់​យើង​ទៅ​ថ្ងៃ អនាគត»។

លោក​ឆាំង​ យុ​បាន​បន្ថែម​ថា៖​ «បទ​ឧក្រិដ្ឋ​កើត​រៀង​រាល់​ថ្ងៃ ​អញ្ចឹង​យើង​ត្រូវ​ប្រមូល​ឯកសារ​ដើម្បី​ជា​មេរៀន​ប្រវត្តិសាស្ត្រ។ ​ហើយ​ឯកសារ​នេះ​មក​ដល់​កន្លែង​យើង​ខុសៗ​គ្នា ​ព្រោះ​អ្នក​ដែល​មាន​ឯកសារ​គឺ​ជា​បុគ្គល​ ជាស្ថាប័ន​ ជារដ្ឋមាន​យន្តការ​ផ្តល់​ឯកសារ​ខុសៗ​គ្នា។​ ឯកសារ​នេះ​ យើង​បាន​ពី​លេខា​ផ្ទាល់​របស់​សម្តេច​ឪ​ដែល​បាន​សុគត​ទៅហើយ»។​

ឯកសារ​ទាំង​នេះ​មាន​និយាយ​អំពីគោល​នយោបាយ​ និង​ទំនាក់​ទំនង​ការ​បរទេស​រវាងប្រទេស​កម្ពុជា​ជាមួយ​អាមេរិក ​ថៃ​ វៀតណាម ​ទំនាក់​ទំនង​កម្ពុជា​ជាមួយវៀតកុង​ និង​ប្រទេស​ផ្សេងៗ​ទៀត។ ​ឯកសារអំពី​ការ​រំសាយ​តំបន់​អព្យាក្រឹត្យ​នៅ​ប្រទេស​ឡាវ​ និង​នៅកម្ពុជា​ ឯកសារអំពី​សន្និសីទហ្សឺណែវ​អំពី​ឥណ្ឌូចិន ​ឯកសារអំពី​សំណើអាមេរិក​សម្រាប់​សកម្មភាព​សហ​ប្រជា​ជាតិ​ឆ្នាំ​១៩៥៤​ ​ឯកសារអំពី​ការ​រំលោភ​ឈ្លានពាន​នៅ​ឥណ្ឌូចិន​ក្នុងឆ្នាំ​១៩៥៤ និង​ខ្សែ​ភាព​យន្ត​ដែល​ផលិត​ដោយ​អតីតព្រះ​ករុណា​ព្រះ​បាទ​នរោត្តម​សីហនុ​ក៏​នៅ​ក្នុង​ចំណោមឯកសារ​ទាំង​នោះ​ដែរ។​លោកឆាង យុ ​បាន​និយាយ​ថា ​ឯកសារ​ភាគ​ច្រើន​និយាយ​អំពីទំនាក់ទំនង​និង​ការ​ឆ្លើយតប​សម្ងាត់​របស់​មេ​ដឹក​នាំ​នានា។​

លោក​បាន​និយាយ​ថា៖​

«មាន​ឯកសារ​ជា​ច្រើន ​ហើយ​ជា​ឯកសារ​ប្រភេទ​ជាន់​ខ្ពស់។ ​មាន​ឯកសារ​ជា​ទំនាក់​ទំនង​រវាង​ទូរលេខ​សម្ងាត់​របស់​រដ្ឋ​ របស់​ថ្នាក់​ដឹក​នាំ​ខ្ពស់ៗ​នៅ​ជុំវិញ​ពិភព​លោក។ ​ឯកសារនេះ​មាន​តម្លៃ​ខ្ពស់​ណាស់​ ហើយ​គាត់​បាន​ផ្ញើ​មក​ជូន​យើង»។​

លោក​ឆាំង ​យុ​បាន​ថ្លែង​ថា ឯកសារ​ទាំង​នេះ​នឹង​ជួយ​សិស្ស ​និស្សិត ​និង​អ្នក​ស្រាវ​ជ្រាវ​ដើម្បី​សិក្សាដែល​អាច​ជួយ​ឲ្យ​គេ​អាច​ធ្វើការ​សម្រេច​ចិត្ត​បាន​ល្អ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត។

ឯកសារ​ទាំងអស់​នេះ​អាច​បង្ហាញ​ពី​ការណ៍​ពិតនៃព្រឹត្តិ​ការណ៍​ដែល​បាន​កើត​ឡើង​ ហើយ​ដែល​ប្រជាជន​មិន​បាន​ដឹង​ថា ​តើ​ថ្នាក់​ដឹក​នាំ​បាន​និយាយអ្វី​កាល​ពី​៣០​ឆ្នាំ​មុន។​

លោក​និយាយ​ថា៖​ «ដូចជា​ឯកសារអំពី​ទំនាក់​ទំនង​ជាមួយ​ចិន​នៅ​ក្នុង​ឆ្នាំ​១៩៧៨។​ ​ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា​ ប្រទេស​ចិន​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​សម័យ​ខ្មែរក្រហម។​ អញ្ចឹង​ឯកសារ​នេះ​គឺ​ជា​ឯកសារ​ឆ្នាំ​១៩៧៨ ​ដែល​សម្ងាត់​ហើយ​ទើប​តែ​បើក​ទូលាយ​នៅ​ក្នុង​ឆ្នាំ​២០១១។​ អញ្ចឹង​បាន​ន័យ​ថា​ មនុស្ស​ជា​ច្រើន​អត់ទាន់​បាន​ឃើញ​ឯកសារ​នេះ​នៅ​ឡើយ​ទេ។ ​ឯកសារ​នេះ​ទើប​បើក​ចំហ​កាលពីបួន​ឆ្នាំ​មុន​ទេ។ ​ក្នុងរយៈ​ពេល​បួន​ឆ្នាំ​នេះ​គឺ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​អាន​ឯកសារនេះ​ ហើយ​ឯកសារនេះ​និយាយ​អំពី​ទំនាក់​ទំនង​ចិន​ និង​ស្រុកខ្មែរ​យើង​ក្នុង​សម័យ​ខ្មែរក្រហម​ ក្នុង​ឆ្នាំ​១៩៧៨​ ដែល​ជា​ឆ្នាំ​ដែល​មាន​របត់​ខ្លាំង​អំពី​ការ​ធ្លាក់​ចុះ​របស់​ខ្មែរ​ក្រហម ​និង​ការចូល​របស់​វៀតណាម​មក​ក្នុង​ប្រទេស​កម្ពុជា»។

លោក​បាន​និយាយ​អំពី​ឯកសារ​មួយ​ផ្សេង​ទៀត​ថា៖​

«ឯកសារ​មួយ​នេះនិយាយ​អំពី​គម្រោង​ការ​ប្រាំឆ្នាំ​របស់​វៀតណាម ​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី​បាន​ធ្វើការ​ឆ្លើយ​ឆ្លង​នៅ​ក្នុង​ខែ​មករា​ថ្ងៃ​ទី១១​ឆ្នាំ​១៩៧៨​ គឺ​រយៈ​ពេល​១១​ខែ​មុន​ពេល​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា។ ​អានេះ​និយាយ​អំពី​គម្រោង​ការ​៥​ឆ្នាំ​របស់​វៀតណាម​ ហើយ​បាន​ថត​ចម្លង​ទៅ​ប៉េកាំង។ អញ្ចឹង​បាន​ន័យ​ថា​ ប្រទេស​មួយ​បាន​ឆ្លើយឆ្លង​ទៅ​ប្រទេស​មួយ​ទៀត​ ​និយាយ​អំពី​ប្រទេស​មួយ​ទៀត​ ហើយ​ឯកសារ​នេះ​ជា​ឯកសារ​ដែល​គេ​ដាក់​ថា​ classified បាន​ន័យ​ថា ​ជា​ឯកសារ​សម្ងាត់ ​confidential»។​

លោក​ឆាំង ​យុ​បាន​មាន​ប្រសាសន៍​ថា​ និស្សិត​ និង​អ្នក​ស្រាវជ្រាវ​ជាតិ​ និង​អន្តរជាតិ​អាច​ទាញ​យក​ប្រយោជន៍​ពី​ឯកសារ​ទាំង​នេះ​សម្រាប់​ការ​ស្រាវជ្រាវ​របស់ពួក​គេ។ ឯកសារ​ទាំង​នេះ​នឹង​ត្រូវ​ដាក់​ឲ្យប្រើ​ជា​សាធារណៈ​បន្ទាប់​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ DC-Cam ​ថត​ចម្លង​ និង​ទុក​ដាក់ឯកសារ​ទាំងនេះ​បាន​ត្រឹមត្រូវ៕