រូបភាពកាន់តែច្បាស់នៃទីក្រុងបុរាណធំៗ និងទីប្រជុំជននានាក្នុងសម័យអង្គរ ត្រូវបានបង្ហាញកាន់តែច្បាស់ថែមទៀត តាមរយៈការថតកាំរស្មីឡេស៊ែរពីលើអាកាស ឬហៅថា Lidar (ឡៃដារ)។ តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកនាថ្ងៃច័ន្ទឲ្យដឹងថា របកគំហើញថ្មីៗនេះក៏ជួយបង្ហាញឲ្យកាន់តែច្បាស់ពីមូលហេតុនៃការរើរាជធានីរបស់ព្រះមហាក្សត្រខ្មែរនាសម័យអង្គរ។
ទីក្រុងបុរាណមួយដែលមានឈ្មោះថាមហិន្ទ្របព៌ត (មហេន្ទ្របវ៌្វត) ឬ Mahendraparvata ដែលអ្នកប្រវត្តិសាស្ត្រគិតថាជារាជធានីដំបូងនៃសម័យអង្គររបស់ព្រះបាទជ័យវរ្ម័នទី២ រួមទាំងរចនាសម្ពន័្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រនោះ ត្រូវបានរកឃើញស្ថិតនៅក្រោមស្លឹកឈើយ៉ាងក្រាស់លើភ្នំគូលែន ខេត្ដសៀមរាប តាមរយៈបច្ចេកវិទ្យាថ្មី ដោយការថតកាំរស្មីឡេស៊ែរពីលើអាកាសទ្រង់ទ្រាយធំមួយ។ ការថតកាំរស្មីឡេស៊ែរពីលើអាកាសទ្រង់ទ្រាយធំមួយនេះ ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ Cambodian Archaeological Lidar Initiative ចាប់តំាងពីឆ្នាំ២០១៥មកម្ល៉េះ។
លោកបូរាណវិទូ Damian Evans ដែលធ្វើការសិក្សាស្រាវជ្រាវនេះ បញ្ជាក់ប្រាប់សារព័ត៌មាន The Cambodia Daily ដែលចេញផ្សាយនាថ្ងៃច័ន្ទថា ក្រុងមហិន្ទ្របព៌ត ក៏ដូចជារាជធានីអង្គរ និងទីក្រុងធំៗសម័យអង្គរផ្សេងៗទៀតដែលទើបរកឃើញថ្មី ដូចក្រុងនៅព្រះខ័នកំពង់ស្វាយ ត្រូវបានព្រះមហាក្សត្រខ្មែរ បោះបង់ចោលនាចុងសទវត្សរ៍ទី១៥ ដោយសារតែ«កោលាហលផ្នែកនយោបាយ» នាពេលនោះ។
របកគំហើញថ្មីនេះ និងសេចក្តីសន្និដ្ឋានមួយរបស់បូរាណវិទូ Damian Evans ក៏ត្រូវបានគេចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្របូរាណវិទ្យា (Journal of Archaeological Science) ផងដែរនាថ្ងៃច័ន្ទនេះ៕